ការវិនិយោគជប៉ុន​ក្នុងប្រទេស​វៀតណាម

ប្រមុខរដ្ឋាភិបាលវៀតណាម ប្រកាសស្វាគមន៍មហិច្ឆតាវិនិយោគរបស់ជប៉ុន


នាយករដ្ឋមន្រ្តីវៀតណាម បានប្រកាសស្វាគមន៍ចំពោះ មហិច្ឆតាវិនិយោគរបស់ វិនិយោគិនជប៉ុន ចូលមកកាន់ប្រទេសរបស់ខ្លួន ដោយលោកបានអះអាងថា ទីផ្សារវៀតណាម គឺធំគ្រប់គ្រាន់ សម្រាប់ក្រុមហ៊ុនជប៉ុន ដែលមានបំណងផ្លាស់ប្តូរខ្សែចង្វាក់ផ្គត់ផ្គង់ផលិតកម្ម និងអនុវត្ត គម្រោងវិនិយោគយក្សៗនៅទីនេះ។ នេះបើយោងតាមការចុះផ្សាយនៅថ្ងៃនេះដោយសារព័ត៌មានក្នុងស្រុករបស់ ប្រទេសវៀតណាម។
ប្រមុខរដ្ឋាភិបាលវៀតណាម ប្រកាសស្វាគមន៍មហិច្ឆតាវិនិយោគរបស់ជប៉ុន (រូបភាព៖https://thegeopolitics.com)
ដោយ

លោក ង្វៀន សួនហ្វ៊ក នាយករដ្ឋមន្រ្តី​វៀតណាម បានគូសបញ្ជាក់ថា តាមរយៈ​ប្រទេស​វៀតណាម ក្រុមហ៊ុន​ជប៉ុន អាចឈាន​ជើង​ចូលទីផ្សារ​អាស៊ាន ដែលមាន​ប្រជាជន​ជាង ៦៥០លាននាក់ ហើយលោក​ក៏ស្វាគមន៍ ក្រុមហ៊ុន​ជប៉ុនទាំង ១៥ដំបូង ក្នុងចំណោម​៨៧ក្រុមហ៊ុន ដែលរដ្ឋាភិបាល​ជប៉ុន ជំរុញឲ្យ​ពួកគេផ្លាស់ប្តូរ​ខ្សែចង្វាក់​ផ្គត់ផ្គង់​ចេញពី​ប្រទេស​ចិន​មកកាន់​វៀតណាមវិញ។

លោក យ៉ាម៉ាដា ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅប្រទេស​វៀតណាម ក៏បានបញ្ជាក់​ដែរថា វិនិយោគិន​ជប៉ុន​ជាច្រើន​ចាប់អារម្មណ៍​ប្រទេស​វៀតណាម​ជាគោលដៅ​វិនិយោគថ្មី​ក្នុងអំឡុង​ពេល​នៃ​វិបត្តិកូវីដ-១៩នេះ។

លោក យ៉ាម៉ាដា ក៏បានស្នើឲ្យ​វៀតណាម បើកដំណើរការ​ជើងហោះហើរ​រវាង​ប្រទេស​ទាំងពីរ​ឡើងវិញ និងខិតខំ​ពង្រឹង​ការចំណាយ​មូលនិធិ​សាធារណៈ ទៅលើគម្រោង​អភិវឌ្ឍន៍​សំខាន់ៗ ដើម្បីទាក់ទាញ​វិនិយោគិន​បរទេស​បន្ថែមទៀត។

តំណាងមកពី​សភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ក៏បាន​ស្នើដល់​វៀតណាម ឲ្យបង្កើត​វិធានការ​លើកទឹកចិត្ត​ចំពោះ​សំណង់​ហេដ្ឋារចនាសម្ព័ន្ធ ដែលប្រើគំរូ​ភាពជាដៃគូ​រដ្ឋ និងឯកជន និងអនុញ្ញាតឲ្យ ​ក្រុមហ៊ុន​ជប៉ុនបង្កើន​ភាគហ៊ុន នៅក្នុង​សាជីវកម្ម​ដែលគ្រប់គ្រង​ដោយរដ្ឋ។

ទាក់ទិននឹងកង្វល់នេះ នាយករដ្ឋមន្រ្តី​វៀតណាម បានឆ្លើយតប​ភ្លាមៗ​វិញថា លោក​នឹងចាត់រដ្ឋមន្រ្តី និងភ្នាក់ងារ​ពាក់ព័ន្ធ​ទាំងអស់ ឲ្យសម្រួល​ដល់បញ្ហានេះ​ និងធានាថា​វៀតណាម នឹងបង្កើត​បរិយាកាស​វិនិយោគ​ដ៏ល្អបំផុត សម្រាប់​វិនិយោគិនជប៉ុន។

នៅក្នុងរយៈពេល ៨ខែដើមឆ្នាំ ២០២០នេះ ប្រទេសជប៉ុន ជាវិនិយោគិន​ធំជាងគេ​លំដាប់​ទី ៤ នៅក្នុងប្រទេស​វៀតណាម ដែលមានទុន​ចុះបញ្ជី​ជាង ១,៦ពាន់​លាន​ដុល្លារអាមេរិក។

សូមបញ្ជាក់ដែរថា វៀតណាម បានកំណត់​គោលដៅ​ទាក់ទាញ​ការវិនិយោគ​ពីក្រៅប្រទេស​ប្រមាណ ៣៧ពាន់លាន​ដុល្លារអាមេរិក ក្នុងឆ្នាំ ២០២០ ដែល​វាទាបជាង​លទ្ធផល​សម្រេចបាន កាលពីឆ្នាំ ២០១៩​កន្លងទៅ សរុបប្រមាណ ៣៨ពាន់លាន​ដុល្លារ​អាមេរិក ក៏ប៉ុន្តែវាត្រូវបាន​អ្នកជំនាញ​ចាត់ទុកថា ជា លទ្ធផល​ដ៏ល្អបំផុត ដែលអាចធ្វើបាន​អំឡុង​ពេល​កូវីដ-១៩នេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជា ជាប្រទេស«តែមួយគត់នៅអាស៊ី» ដែលបានព្យាបាលអ្នកជំងឺកូវីដ-១៩ ជាសះស្បើយគ្មានសល់ គិតត្រឹមថ្ងៃទី ១១ កញ្ញា ឆ្នាំ២០២០នេះ!

ព័ត៌មាន
របាយការណ៍ របស់ក្រសួងសុខាភិបាលកម្ពុជា បានឲ្យដឹងនៅថ្ងៃទី ១១ ខែកញ្ញានេះថា កម្ពុជាបានព្យបាលជាសះស្បើយអ្នកជំងឺកូវីដ-១៩ អស់ហើយ គិតត្រឹមម៉ោង៧ព្…

ថៃ ចេញប្រកាសហាមឃាត់ការលក់គ្រឿងស្រវឹងតាមប្រព័ន្ធអនឡាញ

ព័ត៌មាន
ប្រទេសថៃ ប្រកាសហាមឃាត់ការលក់ ភេសជ្ជៈដែលមានជាតិអាល់កុល ឬគ្រឿងស្រវឹង នៅតាមប្រព័ន្ធអនឡាញនានាទាំងអស់ ដែលសេចក្តីប្រកាសនេះ ត្រូវបានចុះហត្ថលេខ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ