ប្រទេសវៀតណាម

វិស័យអចលនទ្រព្យ និងសំណង់របស់វៀតណាម រង្គោះរង្គើដោយសារតែការបង្ក្រាបអំពើពុករលួយក្នុងជួររដ្ឋាភិបាល


ឧស្សាហកម្មដែកក្នុងប្រទេសវៀតណាមកំពុងឆ្លងកាត់ដំណាក់កាលដ៏លំបាកមួយ ស្របពេលដែល វិធានការបង្ក្រាបអំពើពុករលួយទាក់ទងនឹងវិស័យអចលនទ្រព្យដាក់ចេញដោយបក្សកុម្មុយនិស្តវៀតណាម បានធ្វើឱ្យសកម្មភាពសំណង់នៅទ្រឹង និងដែលបានជំរុញឱ្យតម្រូវការដែកស្រុតចុះ សម្រាប់ការសាងសង់អគារថ្មីៗថែមទៀតផង។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei។
តម្រូវការដែកនៅវៀតណាមស្រុតចុះខ្លាំង!

ក្រុមហ៊ុន Hoa Phat Group ដែលជាក្រុមហ៊ុនអ្នកផលិតដែកធំជាងគេមួយនៅអាស៊ីអាគ្នេយ៍ បានផ្អាកដំណើរការឡស្លរដែក​ចំនួន៤ទីតាំងក្នុង​ប្រទេស​វៀតណាម ចន្លោះពីខែកញ្ញាដល់ខែវិច្ឆិកា​ឆ្នាំ២០២២។ ក្រៅពីនោះ មានក្រុមហ៊ុនផ្សេងទៀត ដែលផលិតដែក ដោយប្រើឡអគ្គិសនីក៏បានបង្ខំចិត្ត ផ្អាកដំណើរការផលិតជាច្រើនផងដែរ។

គណៈគ្រប់គ្រងក្រុមហ៊ុន​ផលិតដែកឈានមុខគេមួយ​នៅវៀតណាម​បង្ហាញ​ក្តីព្រួយ​បារម្ភ​ពីវិស័យ​ដែកនៅវៀតណាម​ក្នុងឆ្នាំ២០២៣នេះ​​ថានឹង មានស្ថានភាព​អាក្រក់បំផុត ពិបាកនឹង​មើលឃើញ​ភាពរីកចម្រើនឡើងវិញ​ណាស់។ លោកបានអះអាងថា ពេលនេះវិស័យដែកបានធ្លាក់ដល់​បាតហើយ ហើយស្ថិតក្នុងស្ថានភាពអាក្រក់ណាស់ ដែលមើលទៅឧស្សាហកម្ម​ដែកវៀតណាម ទំនងជាមិនអាចមើលពីភាពរីកចម្រើនឡើយ យ៉ាងហោចណាស់ក៏ដល់ពាក់កណ្តាលឆ្នាំ២០២៣ដែរ។

គួរជម្រាបថា អត្រាប្រតិបត្តិការនៅក្រុមហ៊ុនផលិតដែកដែលប្រើឡអគ្គិសនី ស្ថិតនៅភាគខាងត្បូងប្រទេសវៀតណាមបានចាប់ផ្តើមធ្លាក់ចុះពីខែកញ្ញា​ឆ្នាំ​២០២២មក។ រោងចក្រជាច្រើនត្រូវបានគេជឿថាកំពុងដំណើរការផលិតក្នុងអត្រាតិចជាង៥០% នៃសមត្ថភាពផលិតទូទៅ ហើយមួយចំនួនបានចាប់ផ្តើមបញ្ឈប់និងកាត់បន្ថយបុគ្គលិកថែមទៀត។ លើសពីនេះបើគេមើលលើតួលេខនៃការលក់ដែករបស់ក្រុមហ៊ុនធំៗចំនួន៣​នៅវៀតណាម មានដូចជាក្រុមហ៊ុនហោ ផាត់ ក្រុមហ៊ុនហោ សិន និងក្រុងហ៊ុន ណាម គីម សុទ្ធតែបានបង្ហាញពីការលក់ធ្លាក់ចុះប្មរាណ ២៥% ក្នុងខែកក្កដាដល់ខែកញ្ញាឆ្នាំ២០២២។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកក៏បានរាយការណ៍ពីតម្លៃដែកធ្លាក់ចុះផងដែរនៅមួយរយៈចុងក្រោយ។

មានកត្តាអ្វីខ្លះជំរុញឱ្យទីផ្សារដែកក្នុងប្រទេសវៀតណាមជួបស្ថានការបែបនេះ?

កត្តាមួយក្នុងចំណោមកត្តាផ្សេងទៀតដែលធ្វើឱ្យទីផ្សារដែកវៀតណាមត្រូវប៉ះពាល់ គឺដោយសារសង្គ្រាមនៅអ៊ុយក្រែន ដែលជំរុញឱ្យតម្រូវការបញ្ជាទិញពីក្រៅប្រទេសមានតិច។ កត្តាសំខាន់មួយទៀត​ គឺក្នុងពេលដែលបក្សកុម្មុយនិស្តក្រោមការដឹកនាំរបស់លោក ង្វៀន ហ្វូជុង បាននិងកំពុងដឹកនាំយុទ្ធសាស្ត្របង្ក្រាបលើអំពើពុករលួយយ៉ាងសកម្ម។ នៅមួយរយៈចុងក្រោយបក្សកុម្មុយនិស្ត​វៀតណាម ផ្តោតខ្លាំងលើកិច្ចព្រមព្រៀង​ខុសច្បាប់​នៅក្នុង​ទីផ្សារហិរញ្ញវត្ថុ និងមូលធន​ដែលជាប់ទាក់ទិនទៅនឹង​ឧស្សាហកម្មអចលនទ្រព្យ។

ជាក់ស្តែងនៅដើមឆ្នាំ ២០២២ លោក ទ្រិញ វ៉ាន់ខ្វៀត(Trinh Van Quyet) ប្រធានក្រុមហ៊ុនអចលនទ្រព្យ និងលំហែកាយ FLC Group ត្រូវបានចាប់ខ្លួន ដោយសង្ស័យថា បានក្លែងបន្លំ​ទីផ្សារ​ភាគហ៊ុន។ បន្តបន្ទាប់ លោក ដូ អាន់ដុង(Do Anh Dung) ប្រធានក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ Tan Hoang Minh Group ត្រូវបានចាប់ខ្លួនដោយចោទប្រកាន់ពីបទក្លែងបន្លំទ្រព្យសម្បត្តិដែលទាក់ទងនឹងទឹកប្រាក់ចំនួន១០ទ្រីលានដុងនៅក្នុងមូលបត្របំណុលនៅក្រុមហ៊ុនចំនួនបី នៃក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់លោក។ គួរកត់សម្គាល់ថា នៅមានករណីឃាត់ខ្លួនថៅកែអចលនទ្រព្យ​វៀតណាមធំៗច្រើនទៀត បានកើតឡើងជាហូរហែក្នុងឆ្នាំ២០២២កន្លងទៅ ដែលសុទ្ធសឹងពាក់ព័ន្ធនឹង​សំណុំរឿងពុករលួយ។ វិធានការបង្ក្រាបអំពើពុករលួយទាំងនេះហើយ ដែលជំរុញឱ្យសកម្មភាពសំណង់ និងទីផ្សារអចលនទ្រព្យនៅ​វៀតណាមស្រុតចុះ។

ក្រៅពីនេះ ទីផ្សារអចលនទ្រព្យដែលកំពុងទន់ខ្សោយ​ក្នុងប្រទេសចិនក៏ជាដើមចមមួយប៉ះពាល់ដល់វិស័យដែកក្នុងប្រទេសវៀតណាមផងដែរ ដោយហេតុថាចិនជាប្រទេសមានតម្រូវការដែកច្រើន ដល់ទៅ៦០%ឯណោះនៃ ផលិតកម្មសកល។ អំឡុងពេលដែល អចលនទ្រព្យចិនជួបបញ្ហា ដែកក្នុងស្រុករបស់ចិនក៏មិនមានទីផ្សារដែរ ហេតុនេះវាមិនចម្លែកឡើយដែលទីផ្សារក្រៅប្រទេស​ត្រូវជួបនឹងការស្រុតចុះការបញ្ជាទិញដែរនោះ។

សូមជម្រាបថា វៀតណាមជាប្រទេសផលិតដែកធំជាងគេបង្អស់ធៀបនឹងប្រទេស៩ផ្សេងទៀតនៅអាស៊ីអាគ្នេយ៍។ ប៉ុន្តែនៅចុងឆ្នាំ២០២២កន្លងទៅ តម្លៃដែកវៀតណាមបានធ្លាក់ចុះខ្លាំង ក្នុងនោះដែករមូរ ដែលប្រើក្នុងឧស្សាហកម្មយាន្តយន្ត និងគ្រឿងអគ្គិសនី មានតម្លៃប្រហែល៦០០ ដុល្លារក្នុងមួយតោន ធ្លាក់ចុះពីប្រហែល៩៥០ដុល្លារកាលពីដើមឆ្នាំ២០២២៕




អត្ថបទបន្ទាប់


ទីក្រុងវ៉ាស៊ិនតោនតឹងសរសៃកជាមួយប៉េកាំងជាថ្មី ក្រោយរកឃើញថា ក្រុមហ៊ុនចិនកាន់តែច្រើនជ្រោមជ្រែងរុស្ស៊ីក្នុងសង្គ្រាមនៅអ៊ុយក្រែន

ព័ត៌មាន
បើយោងតាមប្រភពពីមន្ត្រីអាមេរិកដែលជិតស្និទនឹងបញ្ហាឱ្យដឹងថា រដ្ឋបាលលោកចូ បៃដិន បានចេញមុខរករឿងរដ្ឋាភិបាលទីក្រុងប៉េកាំងសាជាថ្មី ដោយសម្អាងលើភ…

ចិនកំពុងក្លាយជាអ្នកទិញឧស្ម័នធម្មជាតិរាវដ៏ធំរបស់ពិភពលោក ដោយក្ដោបចំណែកទីផ្សារដល់ទៅ ៤០%

ព័ត៌មាន
មហាយក្សចិនកំពុងក្លាយជាអ្នកនាំមុខគេនៅក្នុងពិភពលោក លើការបញ្ជាទិញឧស្ម័នធម្មជាតិរាវ LNG ពោលគឺមានប្រហែល ៤០% នៃការចុះកុងត្រាទិញឧស្ម័ន LNG ក្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ