វៀតណាម-សុខភាព

នាយករដ្ឋមន្ត្រីវៀតណាម​ប្រាប់​យុវជន​ឲ្យ​បរិភោគ​បន្លែ និង​ហាត់​ប្រាណ​ឲ្យបាន​ច្រើន


យុវជន​ក្មេងៗ​ត្រូវ​ទទួល​ទាន​បន្លែ​ឲ្យ​បាន​ច្រើន និង​ដើរ​ឲ្យ​បាន​ ១ម៉ឺន​ជំហាន​ ជារៀងរាល់ថ្ងៃ។ នេះ​ជាការណែនាំរបស់​នាយករដ្ឋមន្ត្រី​វៀតណាម​ចំពោះ​យុវជន​វៀតណាម។
នាយករដ្ឋមន្ត្រីវៀតណាម​ប្រាប់​យុវជន​ឲ្យ​បរិភោគ​បន្លែ និង​ហាត់​ប្រាណ​ឲ្យបាន​ច្រើន។ រូបភាព VN Express
ដោយ

សារព័ត៌មានក្នុង​ស្រុក​វៀតណាម ផ្សាយថា នៅក្នុងកិច្ច​ប្រជុំ​មួយ​ក្នុងទីក្រុង​ហាណូយ នាយក​រដ្ឋមន្ត្រី​វៀតណាម លោក Nguyen Xuan Phuc បាន​ណែនាំ​ថា «ឃុំសង្កាត់​នីមួយៗ គួរតែមាន​តារាង​បាល់ កីឡដ្ឋាន​សម្រាប់​យុវជន ... ដើម្បី​ឲ្យ​ពួកគេ​​ហាត់ប្រាណ ឬ​លេង​បាល់ទាត់ បាល់ទះ ឲ្យ​បាន​ទៀងទាត់»។ 

ការណែនាំ​របស់​នាយករដ្ឋមន្ត្រី​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រសួង​ស្ថាប័ន​ជាច្រើន បាន​អំពាវនាវ​ឲ្យ​បុគ្គលិក​របស់​ខ្លួន ព្រមទាំង​សាធារណជន​ ឲ្យ​បង្កើន​ការហាត់ប្រាណ និង​ដើរ​ឲ្យ​បានច្រើន។ 

ក្រសួងវប្បធម៌វៀតណាម បាន​ស្នើ​ឲ្យ​មន្ត្រី​រាជការនៃក្រសួង​របស់ខ្លួន​ហាត់ប្រាណ​មួយថ្ងៃពីរដង ហើយ​ថែមទាំង​បាន​ផ្សព្វផ្សាយ​វីដេអូ​បង្រៀន​ពីការហាត់ប្រាណ និង​អនុញ្ញាត​ឲ្យ​មន្ត្រី​ជ្រើសរើស​របៀប​ហាត់ប្រាណ​ដែល​សមស្រប​នឹងខ្លួន សម្រាប់​លំហាត់ប្រាណ​ប្រចាំ​ថ្ងៃ​ ទៀតផង។ 

ក្រសួង​សុខាភិបាល​វៀតណាម ក៏គ្រោង​នឹង​បើក​យុទ្ធនាការ​សុខភាព​មួយផងដែរ ដើម្បី​លើកទឹកចិត្ត​ឲ្យ​ប្រជាជន​ហាត់​ប្រាណ​ ដើម្បី​សុខភាព​និង​ទប់ស្កាត់​ជំងឺ​ផ្សេងៗ។ 

ពលរដ្ឋ​វៀតណាម​ទទួល​ទាន​បន្លែ​ជាមធ្យម ២០០ក្រាម (២ខាំ) ក្នុងម្នាក់ ក្នុង​មួយថ្ងៃ ដែល​តិច​ជាង​ពាក់កណ្ដាល​នៃ​បរិមាណ​បន្លែ​ដែល​អង្គការ​សុខភាពពិភពលោក​ណែនាំ​ឲ្យ​មនុស្ស​ទទួលទាន​ដើម្បី​សុខភាពល្អ។ 

ការសិក្សា​ស្រាវជ្រាវ​នា​ឆ្នាំ​២០១៧ ដោយ​សាកលវិទ្យាល័យ Stanford បាន​បង្ហាញថា ពលរដ្ឋ​វៀតណាម​មិនសូវ​ដើរ​ទេ ដោយ​គេរក​ឃើញថា ក្នុង​មួយថ្ងៃ ពលរដ្ឋ​វៀតណាម​ដើរ​ប្រហែល ៣ពាន់​ ៦០០ជំហាន ខណៈ​ដែល​អង្គការ​សុខភាពពិភព​លោក ណែនាំ​ឲ្យ​ដើរ​ឲ្យ​បាន ១ម៉ឺន​ជំហាន​រាល់ថ្ងៃ៕




អត្ថបទបន្ទាប់


​នាយករដ្ឋមន្រ្តី​"អញ្ជើញ"​បរទេស ​​​ឲ្យ​បន្ត​ផ្តល់​ប្រាក់​កម្ចី​ដល់​កម្ពុជាថែមទៀត

ព័ត៌មាន
សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​សុក្រ​នេះ បាន​អំពាវនាវ​ដល់​បណ្តា​ប្រទេស​បរទេស​នានា ឲ្យ​បន្ត​ផ្តល់​ប្រាក់​កម្ចី​ដល់​កម្ពុជាបន្ថែមទៀត…

វៀតណាម នាំចេញទៅឡាវ ក្នុងតម្លៃជាទឹកប្រាក់ ជិត១០០ លានដុល្លារ

ព័ត៌មាន
វៀតណាម បាននាំចេញក្នុងតម្លៃជាទឹកប្រាក់ ប្រមាណជិត ១០០ លានដុល្លារអាមេរិក ទៅកាន់ប្រទេសឡាវ ក្នុងរយៈពេល ២ខែដំបូង នៃឆ្នាំ២០១៩នេះ ដែលមានកំណើ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ