តើ​ចៅក្រម និង​ព្រះរាជអាជ្ញា​នៅកម្ពុជា មានប្រាក់ខែ​ប៉ុន្មាន?

រដ្ឋាភិបាល​ដំឡើង​ប្រាក់​បំណាច់​សម្រាប់​ចៅក្រម​និង​ព្រះរាជអាជ្ញា​នៅ​ទូទាំង​ប្រទេស


រដ្ឋាភិបាល​កម្ពុជា​កាលពីថ្ងៃទី​២៤ ខែ​ឧសភា កន្លង​ទៅ​​នេះ បាន​​ចេញ​អនុក្រឹត្យ​ថ្មី​មួយ​ ដំឡើង​ប្រាក់​បំណាច់​សម្រាប់​ចៅក្រម​និង​ព្រះរាជអាជ្ញា​នៅ​ទួទាំង​ប្រទេស ខណៈ​ដែល​អង្គការ​សិទ្ធិ​មនុស្ស​យល់​ថា ការ​ដំឡើង​នេះ​មិនមែន​ធ្វើ​ឲ្យ​កំណែ​ទម្រង់​ច្បាប់​​មាន​ភាព​ល្អ​ប្រសើរ​នោះ​ទេ។
រដ្ឋាភិបាល​ដំឡើង​ប្រាក់​បំណាច់​សម្រាប់​ចៅក្រម​និង​ព្រះរាជអាជ្ញា​នៅ​ទូទាំង​ប្រទេស។ រូបភាព​ឯកសារ៖ ហេង ភារម្យរ
ដោយ

យោងតាម​អនុក្រឹត្យ​ដែល​ចុះ​ហត្ថលេខា​ដោយ​សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ប្រាក់​បំណាច់​សម្រាប់​ប្រធាន​តុលាការ​កំពូល និង​អគ្គព្រះរាជ​អាជ្ញា នឹង​ឡើង​ដល់ ១០​លាន​រៀល ឬ​ប្រហាក់​ប្រហែល​នឹង ២៥០០​ដុល្លារ​អាមេរិក។

អនុក្រឹត្យ​ដដែល​បាន​បង្ហាញ​ផង​ដែរ​ថា អនុប្រធាន​តុលាការ​កំពូល ប្រធាន​សភា​នៃ​តុលាការ​កំពូល អគ្គ​ព្រះរាជ​អាជ្ញារង​តុលាការ​កំពូល ប្រធាន​សាលាឧទ្ធរណ៍ នឹង​ទទួល​បាន​ ៤​លាន ៨​សែន​រៀល ឬ​ប្រហាក់​ប្រហែល​នឹង ១២០០ ដុល្លារ​អាមេរិក។

សម្រាប់​ចៅក្រមតុលាការ​កំពូល ព្រះរាជ​អាជ្ញា​តុលាការ​កំពូល អនុប្រធាន​សលាឧទ្ធរណ៍ ប្រធាន​សភា​សាលា​ឧទ្ធរណ៍ និង​អគ្គព្រះរាជ​អាជ្ញារង​​សាលាឧទ្ធរណ៍ ប្រាក់​បំណាច់​នឹង​ទទួល​បាន​ចំនួន ៤​លាន​ ៣សែន​រៀល ឬ​ប្រហាក់​ប្រហែល​នឹង ១​ពាន់​ដុល្លារ។

សម្រាប់​ចៅក្រម​សាលាឧទ្ធរណ៍ ប្រធានសាលាដំបូង ព្រះរាជអាជ្ញាអម​សាលាឧទ្ធរណ៍ ព្រះរាជអាជ្ញាអម​សាលាដំបូង និង​ព្រះរាជ​អាជ្ញា​បម្រើ​ការងារ​នៅ​ក្រសួង​យុត្តិធម៌ នឹង​ទទួល​បាន​ប្រាក់​បំណាច់ ៣លាន ៨សែន​រៀល ឬ​ប្រហាក់​ប្រហែល​នឹង ៩៥០​ដុល្លារ​អាមេរិក។ 

អនុប្រធាន​សាលាដំបូង ប្រធាន​តុលាការ​ជំនាញ​នៃ​សាលាដំបូង និង​ព្រះរាជអាជ្ញា​អម​សាលាដំបូង នឹងទទួលបាន​ប្រាក់​បំណាច់ ៣លាន ៥សែនរៀល ឬ​ប្រហាក់​ប្រហែល​នឹង ៨៧៥​ដុល្លារ​អាមេរិក ចំណែក​ឯ​ចៅក្រម​សាលាដំបូង ប្រាក់​បំណាច់​នឹង​ទទួលបាន ៣លាន ៣សែន​រៀល ឬ​ស្មើ​នឹង ៨២៥​ដុល្លារអាមេរិក។

អនុក្រឹត្យ​ដដែល​នេះ មិន​បាន​បង្ហាញ​ថា ចៅក្រម ព្រះរាជអាជ្ញា​ទទួល​បាន​ប្រាក់​បំណាច់​ប៉ុន្មាន​នោះ​ទេ កាល​ពីមុន។

មន្ត្រីជាន់​ខ្ពស់​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា នៅថ្ងៃ​អង្គារ​នេះ បាន​កត់​សម្គាល់​ថា ទោះបី​ជា​រដ្ឋាភិបាល​ធ្លាប់​បាន​ដំឡើង​ប្រាក់​ខែ​ដល់​មន្រ្តី​តុលាការ​ទាំង​អស់​លើក​មុនៗ​ ជាផ្នែក​នៃ​កំណែ​ទម្រង់​ជា​ទូទៅ​ក៏ដោយ  វាហាក់​ដូច​ជា​មិន​មាន​អ្វី​ប្រែប្រួល​ទេ នៅ​ក្នុង​ប្រព័ន្ធ​តុលាការ។

ក៏ប៉ុន្តែ លោក ស៊ឹង សែនករុណា យល់​ថា ការ​ដំឡើង​លើក​នេះ​ជា​ការ​ល្អ​សម្រាប់​មន្រ្តី​តុលាការ ពីព្រោះ​គេយល់​ថា ដោយសារ​អតិផរណា​មាន​ការ​កើន​ឡើង ក៏​ប៉ុន្តែ​ការដំឡើង​នេះ​មិនមែន​ធ្វើ​ឲ្យ​កំណែ​ទម្រង់​ច្បាប់​នៅ​កម្ពុជា មាន​ភាព​ល្អ​ប្រសើរ​នោះទេ។

លោក ស៊ឹង សែន​ករុណា បាន​និយាយ​បន្ត​ថា ចំណុច​គួរ​គិតគូរ​ដើម្បី​ធ្វើការ​កែ​ទម្រង់​ គឺ​គួរតែ​មាន​គោលការណ៍​វាយ​តម្លៃ​ច្បាស់លាស់​ទៅ​លើ​សមត្ថភាព​និង​តួនាទី​របស់​អ្នក​ទាំង​អស់​ហ្នឹង ដូចជា​បំពេញ​ការងារ​បាន​ល្អ ជាជាង​ធ្វើការ​ដំឡើង​ប្រាក់​ជាទូទៅ​បែប​នេះ ដែល​អាច​ធ្វើ​ឲ្យ​មាន​ភាព​ថ្នាំងថ្នាក់​ផងដែរ។

លោក ស៊ឹង សែន​ករុណា បាន​និយាយ​ដូច្នេះ​ថា ៖ «អ្នកខ្លះ​ក៏​អាច​មើល​ឃើញ​ថា មិន​បាន​ប្រឹងប្រែង​អី​ផង ឲ្យ​តែ​មាន​តួនាទី​ហ្នឹង ឋានៈ​ហ្នឹង ទទួល​បាន​ដូចគ្នា​អ៊ីចឹង។»

លោក ស៊ឹង សែន​ករុណា បាន​បន្ត​ថា ៖ «គួរតែ​មាន​សុក្រឹត​ភាព​បែប​​នេះ មាន​ន័យ​ថា វាយ​តម្លៃ​ដោយ​មាន​គោល​នយោបាយ​ច្បាស់​លាស់ ដោយ​វាស់​វែង​ទៅ​លើ​សកម្មភាព​របស់​អ្នក​ទាំង​អស់​ហ្នឹង តាំង​ពី​ដើម​ឆ្នាំ​មក​ថា មក​ដាច់​ឆ្នាំ​ថា គាត់​បាន​ធ្វើ​អ្វីខ្លះ តើ​កិច្ច​ការងារ​ហ្នឹង​បាន​ហុច​លទ្ធផល​អ្វី​ខ្លះដល់​សង្គម​ជាតិ​យើង​ហ្នឹង»៕




អត្ថបទបន្ទាប់


អ្នកជំនាញ៖ វិស័យធនាគារ និងហិរញ្ញវត្ថុមានកំណើនល្អ តែស្ថានភាពទីផ្សារចង្អៀតបន្តិច

ព័ត៌មាន
ភាពរឹងមាំ នៃវិស័យធនាគារ និងហរញ្ញវត្ថុ គឺជាកត្តាស្នូលដ៏សំខាន់មួយ ក្នុងការគាំទ្រដល់ដំណើរនៃនាវាសេដ្ឋកិច្ចរបស់កម្ពុជា អស់រយៈពេលជាច្រើនឆ្នាំ…

កម្ពុជា​នឹង​កសាង​ឧទ្យានសូឡា​តម្លៃជិត ៨លានដុល្លារ នៅកំពង់ឆ្នាំង

ព័ត៌មាន
ប្រទេសកម្ពុជាទើបតែទទួលបាន​ហិរញ្ញប្បទាន ដើម្បីកែលម្អ​វិស័យថាមពលរបស់ខ្លួន ជាផ្នែក​នៃ​កិច្ច​ប្រឹងប្រែង​លើកកម្ពស់​ការផ្គត់ផ្គង់​ថាមពល​អគ្គិសនី​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ