ទំនាក់ទំនងរវាងចិននិងអាមេរិក

ទីក្រុងវ៉ាស៊ិនតោនតឹងសរសៃកជាមួយប៉េកាំងជាថ្មី ក្រោយរកឃើញថា ក្រុមហ៊ុនចិនកាន់តែច្រើនជ្រោមជ្រែងរុស្ស៊ីក្នុងសង្គ្រាមនៅអ៊ុយក្រែន


បើយោងតាមប្រភពពីមន្ត្រីអាមេរិកដែលជិតស្និទនឹងបញ្ហាឱ្យដឹងថា រដ្ឋបាលលោកចូ បៃដិន បានចេញមុខរករឿងរដ្ឋាភិបាលទីក្រុងប៉េកាំងសាជាថ្មី ដោយសម្អាងលើភស្តុតាងរបស់ខ្លួន ដែលរកឃើញថា ក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋចិនមួយចំនួនធំ នៅតែបន្តផ្តល់ជំនួយផ្សេងៗទៅឱ្យរុស្ស៊ីក្នុងការធ្វើសង្គ្រាមនៅអ៊ុយក្រែន។ ការចោទប្រកាន់ធ្វើឡើងស្របពេលដែលទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តលោកខាងលិចពិសេសសហភាពអឺរ៉ុបបាននិងកំពុងព្យាយាមទម្លាក់ទណ្ឌកម្មថ្មីលើវិមានក្រឹមឡាំង។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Bloomberg។
តើទំនាក់ទំនងរវាងចិន និងអាមេរិកអាចនឹងវិវត្តទៅរកភាពប្រេះឆាកាន់ខ្លាំងដែរឬទេ?

មន្ត្រីអាមេរិកដដែលសុំមិនបញ្ចេញ​អត្តសញ្ញាណបានគូសបញ្ជក់ទៀតថា គេមិនអាចធ្វើការលម្អិតអំពីជំនួយដែលទីក្រុងប៉េកាំង​កំពុងផ្តល់ឱ្យម៉ូស្គូនោះទេ តែគ្រាន់តែដឹងថា វាជាជំនួយផ្នែកយោធា និងសេដ្ឋកិច្ចតែមិនមាន​អ្វីធំដុំឡើយ គ្រាន់តែជាការជួយ​សម្រាលបន្ទុក ទណ្ឌកម្ម​ដែលបានដាក់ដោយអាមេរិក និងសម្ព័ន្ធ កុំឱ្យរុស្ស៊ីជួបការលំបាកពេក។

មន្ត្រីអាមេរិករូបនោះដដែលបាននិយាយថា និន្នាការថ្មីនេះវាអាចនឹងគ្រប់គ្រាន់ហើយ សម្រាប់ធ្វើឱ្យរដ្ឋអំណាចលោកចូ បៃដិន ភ្ញាក់ផ្អើលពីទង្វើរបស់ចិន ដែលនៅបន្តជួយរុស្ស៊ីនេះ ហើយទីក្រុងវ៉ាស៊ីនតោនគួរលើកយក​បញ្ហានេះ​ទៅជជែក​ជាមួយសមភាគីក្រុងប៉េកាំង។

គួរជម្រាបឡើងវិញបន្តិចថា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ធ្លាប់បានលើកឡើងម្តង​ហើយម្តងទៀតថា ចិនមានជំហរអព្យាក្រឹត្យ ក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែន ហើយតែងស្នើឱ្យមានកិច្ចចរចាសន្តិភាពរវាងប្រទេសទាំងពីរ។ ចិនតែងប្រឆាំងដាច់ខាតក្នុងការប្រើប្រាស់​អាវុធនុយក្លេអ៊ែរ នៅក្នុងជម្លោះ។ ទោះយ៉ាងណាគេ អាចកត់សម្គាល់បានថា ប៉េកាំងមិនធ្លាប់បាន ថ្កោលទោសទីក្រុងម៉ូស្គូម្តងឡើយ ចំពោះទង្វើឈ្លានពានលើអ៊ុយក្រែន​ ហើយសូម្បីតែពេលខ្លះ រុស្ស៊ីបានគំរាមប្រើនុយក្លេអ៊ែរថែមទៀត។

យ៉ាងណាក៏ដោយ សារព័ត៌មាន Bloomberg មិនអាចសុំការស្រាយបំភ្លឺជុំវិញរបាយការណ៍ក្រុមហ៊ុនចិនជួយរុស្ស៊ីនេះ​ពីសំណាក់​អ្នក​នាំ​ពាក្យ​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ និងទីភ្នាក់ងារ​ស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិកបានទេ។ ខណៈស្ថានទូត​ចិន​ប្រចាំ​ទីក្រុង​វ៉ាស៊ីនតោនវិញ ក៏​មិន​បាន​ឆ្លើយតប​​ទៅនឹងសំណើរសុំការអត្ថាធិប្បាយពីអ្នកសារព័ត៌មានដែរ។

ទន្ទឹមគ្នានេះ មន្ត្រីនៅក្នុងរដ្ឋបាលលោក បៃឌិន ផ្សេងទៀត ក៏និយាយស្រដៀងគ្នានេះដែរថា ក្រុមហ៊ុនគ្រាក់ៗមួយចំនួនគ្រប់គ្រងដោយរដ្ឋចិន​ពិតជាកំពុងជួយរុស្ស៊ី​ដោយចេតនាក្នុងការបន្តធ្វើសង្គ្រាមនៅអ៊ុយក្រែនមែន ទោះពួកគេ​មិនបានបញ្ជាក់លម្អិត​អំពីហេតុភេទ និងភស្តុតាងជាក់លាក់ណាមួយ ដើម្បីអះអាងការលើកឡើងរបស់ខ្លួនក្តី។

ជាមួយគ្នានេះ រដ្ឋបាលអាមរិកក៏កំពុងពិនិត្យមើលភស្តុតាងដែលរកឃើញទាំងនេះ​ឱ្យបានច្បាស់លាស់ផងដែរ មុននឹងដាក់ចេញ​ចំណាត់ការណាមួយ។ ក៏ប៉ុន្តែបើនៅទីបំផុត​ការពិតបែបនេះមែន នោះគេអាចសន្មតបាន​ទំនាក់ទំនងអាមេរិក-ចិនអាចនឹងស្គាល់នូវភាពរង្គោះរង្គើកាន់តែខ្លាំងជាថ្មីទៀត ហើយនឹង​ប៉ះ​ពាល់​ដល់​គោល​នយោបាយ​របស់​អាមេរិក​ចំពោះ​រុស្ស៊ី​និង​ចិនតែម្តង។

មែនទែនទៅ យុទ្ធសាស្ត្ររបស់អាមេរិក​លើអ៊ុយក្រែន គឺដើម្បីធ្វើឱ្យរដ្ឋ​អំណាច​របស់លោក ពូទីន ឯកោ និងការប្រើគ្រប់មធ្យាបាយ​ទាំងអស់ក្នុងការបិទសេដ្ឋកិច្ចរុស្ស៊ី ដែលជាដង្ហើមក្នុងការបន្តធ្វើសង្គ្រាមនៅអ៊ុយក្រែន។ ទោះយ៉ាងណា ការកើនឡើងនៃការគាំទ្រពីសំណាក់ប្រទេសចិន ដែលជាមហា​អំណាចសេដ្ឋកិច្ចទីពីរ​របស់​ពិភពលោកនេះ បាននិងកំពុងបន្សាបយុទ្ធសាស្ត្រនេះ​យ៉ាងខ្លាំង។

ជាក់ស្តែងចិនច្រានចោលទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តថា ជាការរំលោភលើអធិបតេយ្យភាពនៃប្រទេសដទៃ។ ក្នុងនោះ ការនាំចូលរបស់ចិនពីប្រទេសរុស្ស៊ីបាន​កើនឡើងជិត ៥០% ខណៈដែលការនាំចេញទៅកាន់រុស្ស៊ីវិញ​ក៏មានការកើនឡើង១៣% កាលពីឆ្នាំ២០២២។

បន្ថែមពីនេះ នៅប្រទេសចិនមានសហគ្រាសរដ្ឋរាប់ពាន់ ដែលខ្លះគ្រប់គ្រងដោយផ្ទាល់ពីរដ្ឋ​អំណាចប៉េកាំងមាននាយកប្រតិបត្តិមានឋានៈស្មើរដ្ឋមន្ត្រី និងខ្លះទៀតគឺស្ថិតនៅក្រោមការត្រួតពិនិត្យតិចតួចពីរដ្ឋាភិបាលក្រុងប៉េកាំង។ តែយ៉ាងណា ពួកគេទាំងអស់សុទ្ធតែស្ថិតនៅក្រោមឥទ្ធិពលរបស់បក្សកុម្មុយនិស្តចិន ទោះបីជាព័ត៌មានលម្អិតនៃប្រតិបត្តិការរបស់ក្រុមហ៊ុនទាំងអស់នោះ មិនមែនតែងតែត្រូវបានត្រួតពិនិត្យដោយរដ្ឋអំណាចក៏ដោយ៕




អត្ថបទបន្ទាប់


មន្ត្រីជំនាញជឿជាក់ថា អំបិលកម្ពុជានឹងមានទីផ្សារកាន់តែល្អ បើសិនបានចុះបញ្ជីជាទំនិញសម្គាល់ភូមិសាស្ត្រ

ព័ត៌មាន
ក្រសួងពាណិជ្ជកម្មកម្ពុជាកំពុងរៀបចំនីតិវិធី ដើម្បីចុះបញ្ជីអំបិលកំពត និងកែប និងផ្កាអំបិល ជាផលិតផលសម្គាល់ភូមិសាស្ត្រ(GI) ដើម្បីអភិរក្ស និងល…

វិស័យអចលនទ្រព្យ និងសំណង់របស់វៀតណាម រង្គោះរង្គើដោយសារតែការបង្ក្រាបអំពើពុករលួយក្នុងជួររដ្ឋាភិបាល

ព័ត៌មាន
ឧស្សាហកម្មដែកក្នុងប្រទេសវៀតណាមកំពុងឆ្លងកាត់ដំណាក់កាលដ៏លំបាកមួយ ស្របពេលដែល វិធានការបង្ក្រាបអំពើពុករលួយទាក់ទងនឹងវិស័យអចលនទ្រព្យដាក់ចេញដោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ