ថ្នាក់ដឹកនាំរដ្ឋាករទឹកស្វយ័តប្រាប់ពីមូលហេតុនៃកង្វះទឹកប្រើប្រាស់តាមតំបន់មួយចំនួននៅភ្នំពេញ

ថ្នាក់ដឹកនាំរដ្ឋាករទឹកស្វយ័តប្រាប់ពីមូលហេតុ នៃកង្វះទឹកប្រើប្រាស់តាមតំបន់មួយចំនួននៅភ្នំពេញ


ប្រជាពលរដ្ឋរស់នៅតាមតំបន់មួយចំនួន ពិសេសនៅជាយរាជធានីភ្នំពេញនៅតែបន្ដ នាំគ្នារអ៊ូរទាំរឿងបញ្ហា រអាក់រអួល និងកង្វះទឹកសម្រាប់ប្រើប្រាស់ ពិសេស អ្នករស់នៅតាមបុរីលំនៅដ្ឋានមួយចំនួន។ ពាក់ព័ន្ធបញ្ហានេះ ថ្នាក់ដឹកនាំរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានអះអាងថា កត្តាដែលធ្វើឲ្យការផ្គត់ផ្គង់ទឹកនៅតាមតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញជួបបញ្ហាខ្វះខាត គឺដោយសារផលិតកម្មផលិតទឹកស្អាតមានទំហំតូចជាងតម្រូវការ។
រដ្ឋាករទឹកស្វយ័តប្រាប់ពីមូលហេតុ នៃកង្វះទឹកប្រើប្រាស់តាមតំបន់មួយចំនួននៅភ្នំពេញ
ដោយ

បើតាម​មន្ត្រីជាន់ខ្ពស់​រដ្ឋាករទឹក​បានវាយតម្លៃថា នឹងអាចដោះស្រាយបានទាំងស្រុងនៅត្រឹមឆ្នាំ២០២៣ ខណៈបច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងសាងសង់អាងប្រព្រឹត្តកម្មទឹកស្អាតបន្ថែម។ ចំនួនអ្នកប្រើប្រាស់ទឹកស្អាតទូទាំងប្រទេសនៅឆ្នាំ២០២១ មានការកើនឡើងជាង ១០% បើធៀបនឹងឆ្នាំ២០២០។

ឯកឧត្តម ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបញ្ជាក់ប្រាប់ខេមបូណូមីសថា ការខ្វះទឹកប្រើប្រាស់នៅតាមតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ គឺដោយសារតម្រូវទឹកប្រើប្រាស់របស់ប្រជាពលរដ្ឋមានទំហំធំជាងផលិតកម្មផ្គត់ផ្គង់ដែលកំពុងមាននាពេលបច្ចុប្បន្ន។ ឯកឧត្តម បានអះអាងថា បច្ចុប្បន្នប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ មានតម្រូវការទឹកប្រើប្រាស់ប្រចាំថ្ងៃប្រមាណ៧០ម៉ឺនម៉ែត្រគូប ខណៈការផ្គត់ផ្គង់មានប្រមាណ ៦០ម៉ឺនម៉ែត្រគូបតែប៉ុណ្ណោះ។  

ការកើនឡើងតម្រូវទឹកប្រើប្រាស់នៅរាជធានីភ្នំពេញនេះ ត្រូវបានឯកឧត្តម ឡុង ណារ៉ូ គូសបញ្ជាក់ថា គឺដោយសារចំនួនប្រជាជនរស់នៅរាជធានីភ្នំពេញមានការកើនឡើង គួបផ្សំអគារពាណិជ្ជកម្ម ផ្សារទំនើប និងអគារខុនដូខ្ពស់ៗនៅរាជធានីភ្នំពេញមានការរីកចម្រើនខ្លាំង។ ការរៀបចំផែនការមេនៃការវាយតម្លៃកំណើនប្រជាជនខុស និងការពង្រីកទំហំក្រុងភ្នំពេញ ក៏ជាមូលហេតុមួយផងដែរ។

អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ អះអាងថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា កំពុងខិតខំរៀបចំហេដ្ឋារចនាសម្ព័ន្ធ ដើម្បីដោះស្រាយលើបញ្ហាកង្វះខាតទឹកស្អាតសម្រាប់ប្រើប្រាស់នេះ។ ឯកឧត្តមជឿជាក់ថា បញ្ហាខ្វះទឹកប្រើប្រាស់នៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ នឹងត្រូវបានដោះស្រាយទាំងស្រុងនៅអំឡុងខែមិថុនា ឆ្នាំ២០២៣ ខាងមុនេះ។ ពោលគឺក្រោយអាងប្រព្រឹត្តកម្មទឹកស្អាតបាក់ខែក្នុងខេត្តកណ្តាលបញ្ចប់ការសាងសង់ជាស្ថាពរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧហ្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានកត់សម្គាល់ឃើញថា ការផ្គត់ផ្គង់ទឹកស្អាតទូទាំងប្រទេសបានកើនឡើងគួរឱ្យកត់សម្គាល់ ដោយគិតត្រឹមឆ្នាំ២០២១ គ្រួសារដែលទទួលបានទឹកស្អាតប្រើប្រាស់មានជាង១លានគ្រួសារ កើនឡើងជិត១២%បើធៀបនឹងឆ្នាំ២០២០ ដែលមានប្រមាណតែ៩៧ម៉ឺនគ្រួសារ។ កំណើននេះធ្វើការឲ្យការផ្គត់ផ្គង់ទឹកស្អាតកើនឡើងដល់ជាង៣៨៣លានម៉ែត្រគូបកើនឡើងជាង៥លានម៉ែត្រគូបបើធៀបឆ្នាំ២០២០។

គួរបញ្ជាក់ថា កម្ពុជាបានដាក់គោលដៅពង្រីកវិសាលភាពនៃការផ្គត់ផ្គង់ទឹកស្អាតនៅទីក្រុង និងទីប្រជុំជនឱ្យបាន៩០% ត្រឹមឆ្នាំ២០២៣ និង១០០% ត្រឹមឆ្នាំ២០២៥ សម្រាប់បម្រើតម្រូវការចាំបាច់របស់ប្រជាជន ក៏ដូចជាសម្រាប់ផលិតកម្ម និងសេវាកម្មនានា តាមរយៈការអភិវឌ្ឍពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ទាំងផ្នែកសាធារណៈ និងផ្នែកឯកជន ដោយឈរលើលក្ខខណ្ឌបួនយ៉ាងគឺ “ទឹកត្រូវមានគុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ»៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញសេដ្ឋកិច្ចចាត់ទុកការលើកលែងពន្ធលើមុខទំនិញមួយចំនួនពីរដ្ឋជាការរួមចំណែកជួយរក្សាតម្លៃទំនិញលើទីផ្សារ

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចលើកលែងអាករលើតម្លៃបន្ថែមលើមុខទំនិញ ដែលជាអាហារចាំបាច់មួយចំនួន ដើម្បីជួយសម្រួលជីវភាពរបស់ប្រជាពលរដ្ឋក្នុងអំឡុ…

ការនាំចេញ-ចូលទំនិញនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុកើនដល់ជាង២ពាន់លានដុល្លារនៅឆ្នាំ២០២១

ព័ត៌មាន
ទោះបីជា កន្លងមក ប្រទេសកម្ពុជា បានជួបប្រទះនូវវិបត្តិកូវីដ១៩ ក៏ពិតមែន តែសកម្មភាពនៃការនាំចេញ-ចូលទំទិញ រវាងកម្ពុជាជាមួយប្រទេសជាដៃគូ ហាក់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ