មីយ៉ាន់ម៉ា

តើរបបសឹកមីយ៉ាន់ម៉ាឆ្លៀតឱកាសពិភពលោកប្រេះឆា បានទាញប្រយោជន៍សេដ្ឋកិច្ចនិងពង្រឹងទំនាក់ទំនងអ្វីខ្លះ?


ជិតពីរឆ្នាំនៃការចូលកាន់តំណែងដោយរដ្ឋប្រហាររបស់ខ្លួន របបយោធាមីយ៉ាន់ម៉ាអាចរក្សាបាននូវស្ថិរភាពផ្នែកសេដ្ឋកិច្ច ទោះមិនមានកំណើនល្អ ក៏ដូចជាបន្តស្វែងរកមុខមាត់នៅលើឆាកអន្តរជាតិ ពិសេសជាមួយប្រទេសដែលស្និតនឹងខ្លួនមួយចំនួនដូចជារុស្ស៊ី និងចិនជាដើម បើទោះបីជាកំពុងប្រឈមមុខនឹងទណ្ឌកម្មពីលោកខាងលិចក៏ដោ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei។
ក្រោយរដ្ឋប្រហារជិត២ឆ្នាំ តើរបបយោធាភូមាពិតជាបានធានាបាននូវស្ថិរភាព និងការអភិវឌ្ឍន៍សេដ្ឋកិច្ចមែនឬទេ?

កន្លងមក​អាមេរិក និង​អឺរ៉ុប​សង្ឃឹម​ថា ​សម្ពាធ​សេដ្ឋកិច្ច ការទូត ​នឹងអាច​បង្ខំឱ្យរបបសឹក​មីយ៉ាន់ម៉ាចុះចេញពីតំណែង និងប្រគល់អំណាចទៅឱ្យរដ្ឋាភិបាលស៊ីវិល។ ផ្ទុយទៅវិញ មេដឹកនាំរបបសឹកដឹងយ៉ាងច្បាស់ថា ភាពវឹងវរ និងរង្គោះរង្គើរបស់ពិភពលោកដែលបង្កមកពីសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន អាចជាផ្លូវមួយសម្រាប់ពួកគេ​ក្នុងការបន្តក្តោបក្តាប់អំណាច និងគ្រប់គ្រង់ប្រទេស​តទៅមុខទៀត។

បស្ចិមលោក​​បាន​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​នៃរបប​យោធា​មីយ៉ាន់ម៉ា និង​ក្រុមហ៊ុន​ពាក់ព័ន្ធ​​នឹង​យោធា​​បន្ទាប់​ ពីរដ្ឋប្រហារកាលពីខែកុម្ភៈឆ្នាំ២០២១ ហើយទ្រព្យ​សម្បត្តិ​របស់មន្ត្រីគ្រាក់ៗនៃរបបយោធា រួមទាំងទ្រព្យរបស់​​កូន​ៗ​របស់​លោក Min Aung Hlaingផងនោះ ក៏ត្រូវ​បាន​បង្កក​​នៅ​សហរដ្ឋ​អាមេរិកទាំងអស់ដែរ។ ជាមួយគ្នានេះ ប្រទេសជាច្រើនបានទម្លាក់​កម្រិតទំនាក់ទំនងការទូត​ជាមួយ​មីយ៉ាន់ម៉ាដូចគ្នា។ បើតាមបណ្ឌិត្យសភាការពារជាតិនៃប្រទេសជប៉ុនមួយរូប​បានឱ្យដឹងថា​ ខ្លួននឹងបញ្ឈប់ការទទួល​យកសិក្ខាមមន្ត្រីយោធាពីប្រទេសមីយ៉ាន់ម៉ា​តទៅទៀតហើយ​គិតក្នុងឆ្នាំសារពើពន្ធ២០២៣នេះ។

យ៉ាងណាមិញ យោធាមីយ៉ាន់ម៉ា​បានរិះគន់ទង្វើទាំងនេះថា ជាការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួន។ មែនទែនទៅ គំនាបទាំងអស់នេះ ហាក់មានឥទ្ធិពលតិចតួចណាស់លើប្រទេសគ្រប់គ្រង់​ដោយរបបយោធានេះ ស្របពេលទំនាក់ទំនង​សេដ្ឋកិច្ចរបស់មីយ៉ាន់ម៉ា​ជាមួយប្រទេសចិន និងរុស្ស៊ី​កំពុងមានភាព​រឹងមាំ​ជាងពេលណាៗទាំងអស់ ហើយបុគ្គលដែលមានទំនាក់ទំនងនឹងរបបយោធាភាគច្រើន ដូចជាកូនរបស់មេដឹកនាំរបបសឹកលោក Min Aung Hlaing ក៏ត្រូវបានគេជឿជាក់ថា បាននិងកំពុងកាន់កាប់ទ្រព្យសម្បត្តិ និងអាជីវកម្មរបស់ពួកគេនៅក្នុងប្រទេសទាំងនោះ​ផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ មីយ៉ាន់ម៉ានៅតែបន្ត​ធ្វើពាណិជ្ជកម្មជាមួយប្រទេសជិតខាងមួយ​ចំនួន។ ជាក់ស្តែងប្រទេស​ចិន ឥណ្ឌា និង​ថៃ​​រួម​គ្នា​ទៅ មាន​ចំនួន​ជាង​ពាក់​កណ្តាល​នៃ​ពាណិជ្ជកម្ម​​សរុប​របស់​មីយ៉ាន់ម៉ា។ ផ្ទុយទៅវិញ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប មានត្រឹមតែ ១៤% ប៉ុណ្ណោះ។

គេអាចនិយាយបានថា សេដ្ឋកិច្ចមីយ៉ាន់ម៉ា​នាពេលបច្ចុប្បន្ននេះ គឺមានស្ថិរភាព តែមិនប្រាកដថា នឹងមានភាពល្អប្រសើរ​នាពេល​អនាគត​នោះទេ។ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ​រំពឹងថា ផលិតផលក្នុងស្រុកសរុប​ពិតប្រាកដ​របស់ប្រទេស​មីយ៉ាន់ម៉ា នឹងកើនឡើងជាង ៣% នៅក្នុងសារពើពន្ធឆ្នាំ ២០២៣ ដោយបានងើបឡើងវិញពី​ការធ្លាក់ចុះ -១៨% កាលសារពើពន្ធឆ្នាំ២០២១។

ស្ថិរភាពសេដ្ឋកិច្ចនេះហើយ​បានអនុញ្ញាតឱ្យរបបយោធាចាប់ផ្តើមរៀបចំ​សម្រាប់ការបោះឆ្នោតសកលនៅដើមខែសីហាខាងមុខនេះ ដែលរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានហៅការបោះឆ្នោតនេះថា ជាការបោកប្រាស់ដែលមិនអាចទៅធ្វើទៅរួចឡើយក្នុងន័យសេរី និងយុត្តិធម៌នោះ។

ទោះ​ជា​យ៉ាង​ណា របបយោធាមីយ៉ាន់ម៉ា​កំពុងរីកចម្រើនជាលំដាប់មិនថាតែផ្នែកសេដ្ឋកិច្ចនោះទេ។ ដោយកាលពីដើមខែមករាកន្លងទៅ មេដឹកនាំរបបយោធាបានធ្វើការសម្រុះសម្រួលជាមួយក្រុមតស៊ូ​ប្រដាប់​អាវុធ​មួយ​ចំនួន​នៅក្នុងប្រទេស ដើម្បីបើកផ្លូវក្នុង​ការ​រៀបចំ​ការ​បោះ​ឆ្នោត​ទូទាំង​ប្រទេសផងដែរ។

ទន្ទឹមនឹងគ្នានេះ មីយ៉ាន់ម៉ាក៏កំពុងពង្រឹងទំនាក់ទំនងជាមួយរុស្ស៊ី និងចិន ខណៈទីក្រុងម៉ូស្គូកំពុងមានជម្លោះជាមួយប្រទេសលោកខាងលិចជុំវិញការឈ្លានពានទៅលើប្រទេសអ៊ុយក្រែន។ រីឯសម្រាប់ប្រទេសចិន មីយ៉ាន់ម៉ាគឺជាច្រកសេដ្ឋកិច្ចមួយដ៏ធំ និងមិនខ្វះបានឡើយ។​ សម្រាប់​យោធា​មីយ៉ាន់ម៉ា អត្ថប្រយោជន៍​មួយជាគន្លឹះ​នៃ​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី និង​ចិន គឺ​ពួកគេ​មិន​ខ្វល់ខ្វាយ​ពី​បញ្ហា​សិទ្ធិ​មនុស្ស​ដូច​ប្រទេស​ផ្សេងទៀត ដូចជា​អាមេរិក​នោះទេ៕




អត្ថបទបន្ទាប់


ធនាគារកូរ៉េខាងត្បូង Woori រងការពិន័យច្រើនជាងគេបង្អស់សម្រាប់ប្រតិបត្តិការសាខានៅក្រៅប្រទេស

ព័ត៌មាន
សាខារបស់ធនាគារកូរ៉េ Woori នៅក្រៅប្រទេស បានរងការពិន័យច្រើនជាងគេបំផុតកាលពីឆ្នាំមុន ក្នុងចំណោមធនាគារពាណិជ្ជ៤ធំៗរបស់កូរ៉េខាងត្បូង។ សាខា…

ហេតុអ្វីប្រធានក្រុមហ៊ុនយក្ស Toyota សុខចិត្តលាលែងពីតំណែង?

ព័ត៌មាន
ប្រធានក្រុមហ៊ុន Toyota ដែលបានកាន់តំណែងរយៈពេល ១៤ឆ្នាំមកហើយនោះ បានប្រកាសចុះចេញពីតំណែងហើយ ដើម្បីផ្តល់ឱកាសដល់អ្នកជំនាន់ក្រោយ បញ្ចេញស្នាដៃន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ