អាល្លឺម៉ង់ - ចិន - រុស្ស៊ី

តើអាល្លឺម៉ង់ព្រមានចិនអ្វីខ្លះ ប្រសិនបើចិនហ៊ានផ្តល់ជំនួយយោធាឱ្យរុស្ស៊ី?


អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បាននិយាយប្រាប់ CNN ឱ្យដឹងកាលពីថ្ងៃទី ៥ មីនា ពីថ្ងៃក្រោយជួបលោក ចូ បៃដិន ប្រធានាធិបតីអាមេរិកនៅទីក្រុងវ៉ាស៊ីនតោនថា ចិននឹងមានផលវិបាក ប្រសិនបើរកឃើញថា ទីក្រុងប៉េកាំងផ្តល់សព្វាវុធឱ្យរុស្ស៊ីមែននោះ។
តើចិនកំពុងពិចារណាផ្តល់ជំនួយយោធាឱ្យសម្ព័ន្ធរុស្ស៊ីមែនឬ? រូបភាព PBS

ទោះយ៉ាងណា លោក Scholz មានសុទិដ្ឋិនិយមថា រដ្ឋអំណាចប៉េកាំងនឹងមិនធ្វើវានោះទេ ខណៈដែលសមាជិកសភាអាមេរិកម្នាក់បានលើកឡើងថា បើវាពិតជាកើតឡើងមែន នោះបរិបទនៃសង្គ្រាមនឹងមានការផ្លាស់ប្តូរ ហើយជំនួយរបស់ចិននឹងក្លាយជា «ជំនួយដែលមិនចេះអស់ និងមហាសាល»។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។

ត្រូវបានចោទសួរនៅក្នុងបទសម្ភាសន៍មួយ ដោយអ្នកកាសែត CNN ថា «តើអាល្លឺម៉ង់នឹងដាក់ទណ្ឌកម្មចិនដូចទៅនឹងការដាក់លើរុស្ស៊ីទេ ប្រសិនបើទីក្រុងប៉េកាំងពិតជាផ្តល់ជំនួយយោធាឱ្យទីក្រុងម៉ូស្គូមែន លោក អូឡាហ្វ ស៊្គូល អធិការបតីអាល្លឺម៉ង់បានឆ្លើយយ៉ាងខ្លីខ្លឹមថា «ប្រទេសចិននឹងមានផលវិបាក ព្រោះយើងត្រូវអះអាងឱ្យប្រាកដលើរឿងនេះ តែយើងជឿជាក់ថា ទីក្រុងប៉េកាំងនឹងមិនដើរលើច្រកមួយនេះនោះទេ»។

យ៉ាងណាក៏ដោយ មន្ត្រីអាមេរិកធ្លាប់បានព្រមានជាច្រើនដងរួចមកហើយថា មហាយក្សចិនដែលជាសម្ព័ន្ធមិត្តស្និទ្ធស្នាលតែមួយគត់របស់រុស្ស៊ី អាចឈានជើងជួយវិមានក្រឹមឡាំងបានគ្រប់ពេលវេលាទាំងអស់ ឱ្យតែខ្លួនចង់ មិនថាសព្វាវុធ ឬគ្រប់រំសេវនោះទេ។ ហើយគួរជម្រាបថា កាលពីដំណើរទស្សនកិច្ចរបស់លោក ស៊្គូល កាលពីចុងឆ្នាំមុន ប្រមុខមេដឹកនាំប្រទេសយក្សសេដ្ឋកិច្ចនៅអឺរ៉ុបរូបនេះក៏បានជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដោយស្នើឱ្យប៉េកាំងរក្សាឱ្យបានជំហរជាកណ្តាលក្នុងជម្លោះនៅអ៊ុយក្រែន និងប្រើឥទ្ធិពលរបស់ខ្លួនដាក់សម្ពាធឱ្យវិមានក្រឹមឡាំងឲ្យដកទ័ពចេញពីប្រទេសអ៊ុយក្រែនទាំងអស់។

ទោះបីជាយ៉ាងណា ក្រោយមកប្រទេសអាល្លឺម៉ង់កាលពីថ្ងៃអាទិត្យ ទី ៥ មីនា បន្ទាប់ពីជួបជាមួយប្រធានគណកម្មាធិការអឺរ៉ុបលោកស្រី វ៉ុនដ័រ លីយេន លោក ស៊្គូល ត្រូវបានចោទសួរបញ្ជាក់ម្តងទៀតដោយគណៈរដ្ឋមន្ត្រីរបស់លោកថា គាត់ពិតជាមានភស្តុតាងជាក់លាក់ពីសហរដ្ឋអាមេរិកថា ចិនកំពុងមានគម្រោងជួយរុស្ស៊ីមែនឬយ៉ាងណា? លោកក៏បានឆ្លើយថា «យើងទាំងអស់គ្នាបានយល់ស្របដោយគ្មានការសង្ស័យថា នៅពេលនេះទីក្រុងប៉េកាំងមិនទាន់ផ្តល់ជំនួយជាអាវុធយោធាសូម្បីតែមួយឱ្យរុស្ស៊ីនៅឡើយទេ តែយើងនឹងចាំឃ្លាំមើលលើរឿងនេះឱ្យមែនទែន»។

ទន្ទឹមនឹងគ្នានេះ លោក Mike Turner តំណាងរាស្ត្រនៃរដ្ឋ Ohio របស់សហរដ្ឋអាមេរិកបានលើកឡើងកាលពីថ្ងៃអាទិត្យទី៥មីនាដែរថា វានឹងក្លាយជាជំនួយដែល «មិនចេះអស់ និងធំមហាសាល» បើសិនចិនសម្រេចផ្តល់វាឱ្យរុស្ស៊ីក្នុងសង្គ្រាមនៅអ៊ុយក្រែនមែន។ លោកបានសង្កត់ធ្ងន់ថា យើងទាំងអស់គ្នាជាមួយសម្ព័ន្ធអឺរ៉ុបអាចធ្វើឱ្យអ៊ុយក្រែនទប់ទល់នឹងរុស្ស៊ីបាន តែអ្វីៗនឹងប្រែប្រួលទាំងស្រុងបើប្រទេសចិនបើកភ្លើងខៀវបញ្ជូនសព្វាវុធឱ្យទីក្រុងម៉ស្គូ។

មែនទែនទៅ សហរដ្ឋអាមេរិកដែលកំពុងដុតដៃដុតជើងផ្តល់ជំនួយឱ្យអ៊ុយក្រែន បានធ្វើការព្រមានចិនចំៗជាច្រើនដងរួចមកហើយអំពីផលវិបាក បើសិនប៉េកាំងសម្រេចផ្តល់ជំនួយធុនធ្ងន់ទៅឱ្យរុស្ស៊ីក្នុងជម្លោះនៅអ៊ុយក្រែន ហើយប្រាកដណាស់ទណ្ឌកម្មនឹងសាចទៅលើចិន ដើម្បីជាការឆ្លើយតប។ ទោះយ៉ាងណា ចិនមិនចាំយូរនោះទេ គឺតែងតែធ្វើការវាយបកដោយពាក្យពេចន៍ការទូតធ្ងន់ៗដាក់អាមេរិកវិញលើការចោទប្រកាន់ទាំងអស់នោះ ដោយថាខ្លួនឈរនៅខាងការរកដំណោះស្រាយដើម្បីកិច្ចសន្ទនាបញ្ចប់សង្គ្រាមតែប៉ុណ្ណោះ៕




អត្ថបទបន្ទាប់


សភាពាណិជ្ជកម្មវៀតណាមស្នើរដ្ឋបន្តការពន្យារពេលបង់ពន្ធលើការប្រើប្រាស់ និងជួលដី ៦ខែទៀត

ព័ត៌មាន
សភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម (VCCI) បានស្នើឲ្យរដ្ឋាភិបាលពន្យាពេលបង់ ពន្ធអាករអាជីវកម្ម ដោយរួមទាំងពន្ធលើការប្រើប្រាស់និងជួលដីរយៈពេល ៦…

ឥណ្ឌូនេស៊ីដាក់មហិច្ឆតាជំរុញគម្រោងរដ្ឋធានីថ្មីឲ្យក្លាយជាមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុនៅអាស៊ី

ព័ត៌មាន
ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo កំពុងខំប្រឹងយ៉ាងខ្លាំងក្នុងការជំរុញការវិនិយោគនៅក្នុងគម្រោងដ៏លេចធ្លោរបស់លោក គឺការផ្លាស់ប្តូរទីតាំ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ