តើសេដ្ឋកិច្ចកម្ពុជាប្រឈមផលប៉ះពាល់អ្វីខ្លះ?

តើសេដ្ឋកិច្ចកម្ពុជាប្រឈមផលប៉ះពាល់អ្វីខ្លះ ប្រសិនបើអាមេរិកមិនបន្ដផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធ GSP?


អស់រយៈពេលជាងមួយឆ្នាំមកហើយ ដែលប្រព័ន្ធអនុគ្រោះពន្ធទូទៅ(GSP) របស់អាមេរិកផ្ដល់មកឲ្យកម្ពុជា ត្រូវបានអស់សុពលភាព ហើយបានធ្វើឲ្យផលិតផលសម្រាប់ធ្វើដំណើរទាំងអស់របស់កម្ពុជា ដែលនាំចេញទៅអាមេរិកត្រូវជាប់ពន្ធ។ ប៉ុន្ដែ ថ្មីៗនេះ នាឱកាសជួបពិភាក្សារវាងរដ្ឋមន្ត្រីការបរទេសកម្ពុជា និងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ភាគីកម្ពុជាបានបង្ហាញនូវក្ដីសង្ឃឹមខ្ពស់ថា រដ្ឋាភិបាលអាមេរិកនឹងបន្ដប្រព័ន្ធអនុគ្រោះពន្ធមកឲ្យកម្ពុជានាពេលឆាប់ៗនេះ។
ទង់ជាតិកម្ពុជា និងសហរដ្ឋអាមេរិក

ដើម្បីគាំទ្របន្ថែមទៀត ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកម្មករកម្ពុជា នៅក្នុងវិស័យកាត់ដេរ សម្លៀកបំពាក់ និងស្បែកជើង ដែលមានភាគច្រើនជាស្ត្រី។

ក៏ប៉ុន្ដែ សំនួរសួរថា ចុះបើអាមេរិក មិនព្រមបន្ដផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធ GSP មកឲ្យកម្ពុជាវិញ តើវានឹងប៉ះពាល់ដល់សេដ្ឋកិច្ចរបស់កម្ពុជាកម្រិតណា?

នៅអំឡុងនៃកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក កាលពីពេលថ្មីៗនេះ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ លោក អេនតូនី ប្លីងខេន រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក នាទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ នៅចំពោះមុខរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ឯកឧត្តម ប្រាក់ សុខុន បានលើកឡើងអំពី ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិក ពិសេសទាក់ទងទៅនឹងប្រព័ន្ធអនុគ្រោះពន្ធ(GSP) ពីអាមេរិក ដែលត្រូវហួសសុពលភាព កាលពីចុងឆ្នាំ២០២០ នាពេលកន្លងទៅ។ ឯកឧត្តម ប្រាក់ សុខុន បានគូសបញ្ជាក់ដូច្នេះ កម្ពុជា សង្ឃឹមថា ប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) សម្រាប់កម្ពុជានឹងត្រូវបានបន្តសុពលភាពជាថ្មីឡើងវិញ ដើម្បីគាំទ្របន្ថែមទៀត ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកម្មករកម្ពុជា នៅក្នុងវិស័យកាត់ដេរ សម្លៀកបំពាក់ និងស្បែកជើង ដែលមានភាគច្រើនជាស្ត្រី។

ជុំវិញនឹងបញ្ហាប្រព័ន្ធអនុគ្រោះពន្ធ GSP នេះដែរ ក្រុមអ្នកជំនាញផ្នែកសេដ្ឋកិច្ច បានយល់ឃើញថា ការហួសសុពលភាពនូវប្រព័ន្ធអនុគ្រោះពន្ធ(GSP) ពិតជាបានជះឥទ្ធិពលដល់សេដ្ឋកិច្ចកម្ពុជា ព្រោះប្រព័ន្ធGSPនេះ មានសារៈសំខាន់ណាស់សម្រាប់កម្ពុជា ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ពិសេសបានបង្កើតឱកាសការងារយ៉ាងច្រើនដល់ប្រជាជនកម្ពុជា។ ជាមួយគ្នានោះ ក្រុមអ្នកជំនាញក៏បានបន្តថា សហរដ្ឋអាមេរិក គួរតែពិចារណាផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធ(GSP) ជាថ្មីម្ដងទៀតសម្រាប់កម្ពុជា ដើម្បីឲ្យកម្ពុជា មានលទ្ធភាពបន្ថែមទៀតក្នុងការឆ្លើយតបនឹងតម្រូវការរបស់សហរដ្ឋអាមេរិក។ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ បានគូសបញ្ជាក់ថា ក្នុងក្របខ័ណ្ឌសេដ្ឋកិច្ច ការទទួលបានប្រព័ន្ធអនុគ្រោះពន្ធ(GSP) ពីសហរដ្ឋអាមេរិក ពិតជាផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់កម្ពុជា ដូច្នេះ លោកសង្ឃឹមថា សហរដ្ឋអាមេរិក នឹងបន្តផ្ដល់ប្រព័ន្ធអនុគ្រោះGSP ដល់កម្ពុជាម្ដងទៀត ដើម្បីឲ្យកម្ពុជា មានលទ្ធភាពក្នុងការផ្គត់ផ្គង់តម្រូវការទីផ្សាររបស់អាមេរិក នាពេលបច្ចុប្បន្ន។

ជាមួយគ្នានោះ លោកបណ្ឌិត គី សិរីវឌ្ឍន៍ ក៏បានយល់ឃើញដែរថា ការហួសសុពលភាពនូវប្រព័ន្ធអនុគ្រោះពន្ធ(GSP) ពីសហរដ្ឋអាមេរិក នឹងធ្វើឲ្យការនាំចេញទំនិញរបស់កម្ពុជា ទៅសហរដ្ឋអាមេរិក ត្រូវជាប់ពន្ធចន្លោះពី៥%ទៅ១៥%។ បើតាមបណ្ឌិត គី សរីវឌ្ឍន៍ ប្រព័ន្ធអនុគ្រោះពន្ធ GSP បានផ្ដល់អត្ថប្រយោជន៍សម្រាប់កម្ពុជា នូវឧត្តមភាពក្នុងការប្រកួតប្រជែង ដែលជាឱកាសសម្រាប់ក្រុមអ្នកវិនិយោគសម្លឹងឃើញថា ទំនិញដែលកម្ពុជា បាននាំចេញទៅកាន់អាម៉េរិក មានតម្លៃទាបជាងបណ្ដាប្រទេសដទៃ។ ដូច្នេះ ក្នុងករណីដែលកម្ពុជា មិនទទួលបានការអនុគ្រោះពន្ធ GSP ពីអាមេរិក ឡើងវិញ នោះកម្ពុជា ក៏អាចប្រឈមនូវការបាត់បង់ឱកាសពីក្រុមវិនិយោគ ផងដែរ។

ឆ្លើយតបទៅនឹងបញ្ហាខាងលើ លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរកម្ពុជា បានគូសបញ្ជាក់ថា ប្រព័ន្ធអនុគ្រោះពន្ធ(GSP) ពីសហរដ្ឋអាមេរិក បានហួសសុពលភាពក៏ពិតមែន តែកម្ពុជា ក៏នៅមានប្រព័ន្ធ GSP ដែលផ្ដល់ដោយអង់គ្លេស កាណាដា និងជប៉ុន ពិសេសកម្ពុជា នៅតែរក្សាបាននូវ GSP និង EBA ពីសហភាពអឺរ៉ុបនៅឡើយ។ បើតាមលោក កាំង ម៉ូនីកា ចាប់ពីប្រព័ន្ធអនុគ្រោះពន្ធGSP ពីអាម៉េរិក ត្រូវហួសសុពលភាព មិនបានធ្វើឲ្យប៉ះពាល់ខ្លាំងដល់វិស័យកាត់ដែរនោះទេ ព្រោះទំនិញកម្ពុជាដែលបាននាំចេញទៅសហរដ្ឋអាមេរិក កន្លងមក មានតែសម្ភារៈធ្វើដំណើរ និងកាបូប ប៉ុណ្ណោះ។ សម្រាប់លោក កាំង ម៉ូនីកា យល់ថា កម្ពុជា មិនខាតបង់ខ្លាំងនោះទេជុំវិញបញ្ហានេះ តែសហរដ្ឋអាមេរិកឯណោះទេ ដែលត្រូវជួបនូវបញ្ហាប្រឈម ព្រោះតម្រូវការទីផ្សារកាន់តែកើនឡើង ខណៈតម្លៃទំនិញនាំចូលក៏មានការកើនឡើង ដូចគ្នា ដែលធ្វើឲ្យជះឥទ្ធិពលដល់ក្រុមអ្នកវិនិយោគ។

បើទោះជាបែបនេះក្ដី លោក កាំង ម៉ូនីកា ក៏បានទទួលស្គាល់ដែរថា ការផុតសុពលភាពប្រព័ន្ធអនុគ្រោះពន្ធ GSP ពីសហរដ្ឋអាមេរិក កន្លងមកក៏បានជះឥទ្ធិពលមួយចំនួនសម្រាប់ការនាំចេញទំនិញកម្ពុជាដែរ ដូចជា តម្លៃទំនិញនាំចេញទៅអាមេរិកត្រូវកើនឡើង។ ក៏ប៉ុន្តែ សម្រាប់លក្ខខណ្ឌនៃ ប្រព័ន្ធអនុគ្រោះពន្ធ GSP របស់សហរដ្ឋអាមេរិក អ្នកនាំចូលទំនិញទៅកាន់អាមេរិក នឹងទទួលបានប្រាក់ពន្ធដែលខ្លួនបង់ (អំឡុងពេលប្រព័ន្ធអនុគ្រោះពន្ធ GSP ផុតសុពលភាព) ត្រឡប់មកវិញ នៅពេលដែលការផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធ GSP នឹងត្រូវបន្តឡើងវិញ។ នេះបើតាមការបញ្ជាក់បន្ថែមពីលោក កាំង ម៉ូនីកា ដោយលោកបានបន្តថា វិស័យកាត់ដេរកម្ពុជា នៅតែមានភាពរឹងមាំ បើទោះជាគ្មានប្រពន្ធអនុគ្រោះពន្ធពីអាម៉េរិក ក៏ដោយ ខណៈក្នុងត្រីមាសទី១ ឆ្នាំ២០២២នេះ ការនាំចេញផលិតផលកាត់ដេរ នៅតែបន្តកើនឡើងគួរឲ្យកត់សម្គាល់។

សូមបញ្ជាក់ថា របាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបង្ហាញថា នៅ៤ខែដំបូងឆ្នាំ២០២២ កម្ពុជាមានការនាំចេញទំនិញទៅកាន់ទីផ្សារអាមេរិកក្នុងតម្លៃសរុបជិត៣ពាន់លានដុល្លារ កើនឡើងជិត៥៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច៖ រាជរដ្ឋាភិបាលនឹងបោះផ្សាយបណ្ណបំណុលតម្លៃ៣០០លានដុល្លារ ដើម្បីកៀរគរទុននៅឆ្នាំនេះ

ព័ត៌មាន
ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងបោះផ្សាយលក់មូលបត្ររដ្ឋ ដែលមានតម្លៃប្រមាណ៣០០លានដុល្លារអាមេរិកនៅឆ្…

តើមានកត្តាអ្វីខ្លះ ធ្វើឲ្យក្រុមហ៊ុនធំៗនៅមានការស្ទាក់ស្ទើរក្នុងការចុះបញ្ជីនៅផ្សារភាគហ៊ុនកម្ពុជា?

ព័ត៌មាន
ក្នុងប្រតិបត្តិការ១០ឆ្នាំកន្លងមកនេះរបស់ទីផ្សារមូលបត្រកម្ពុជា បានទាក់ទាញក្រុមហ៊ុនឲ្យមកចុះបញ្ជីបោះផ្សាយលក់ភាគហ៊ុន និងសញ្ញាបណ្ណ ឬបណ្ណបំណុលបានច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ