ប្រាក់ចំណេញសុទ្ធធនាគារអេស៊ីលីដា

តើកត្តាអ្វីខ្លះធ្វើឲ្យប្រាក់ចំណេញសុទ្ធធនាគារអេស៊ីលីដា ថយចុះជិត២០%នៅត្រីមាសទី១ឆ្នាំនេះ?


នៅត្រីមាសទី១ ឆ្នាំ២០២២ ធនាគារអេស៊ីលីដា សម្រេចបានលទ្ធផលវិជ្ជមានគួរឲ្យកត់សម្គាល់ជាមួយការកើនឡើងប្រាក់ចំណូលជិត១២% និងទ្រព្យសកម្មសរុបកើនជិត ៤%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប៉ុន្តែបើយើងក្រឡេកទៅមើលប្រាក់ចំណេញសុទ្ធរបស់ធនាគារអេស៊ីលីដាវិញ ឃើញថា នៅត្រីមាសទី១ គឺមានការថយចុះជាង ៧លានដុល្លារអាមេរិក ឬមានអត្រាថយចុះជិត ២០% បើធៀបនឹងប្រាក់ចំណេញកាលពីត្រីមាសទី១ ឆ្នាំ២០២១។
ទីស្នាក់ការកណ្ដាលធនាគារអេស៊ីលីដា

តើមានកត្តាអ្វីខ្លះធ្វើឲ្យប្រាក់ចំណូល និងចំណេញរបស់ធនាគារ អេស៊ីលីដា ខុសគ្នាបែបនេះ?

លោកស្រី ម៉ារ អមរ៉ា អនុប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា បានគូសបញ្ជាក់ថា ធនាគារ អេស៊ីលីដា រកចំណូលបានសរុបជាង ១៧៧លានដុល្លារអាមេរិកនៅត្រីមាសទី១ឆ្នាំនេះ មានការកើនឡើងជិត១២% បើធៀបនឹងត្រីមាសទី១កាលពីឆ្នាំ២០២១ ដែលមានត្រឹមតែជិត ១៥៩លានដុល្លារអាមេរិក។ ជាមួយគ្នានេះ ទ្រព្យសកម្មសរុបរបស់ធនាគារខ្មែរពាណិជ្ជដ៏ធំមួយនេះ បានកើនឡើងជាង ៣០០លានដុល្លារ ឬជិត៤% បើធៀបនឹងដំណាច់ឆ្នាំ២០២១។

ថ្នាក់ដឹកនាំជាន់ខ្ពស់ធនាគារអេស៊ីលីដារូបនេះបានគូសបញ្ជាក់ថា ការកើនឡើងទំហំប្រាក់ចំណូល និង ទំហំទ្រព្យសកម្មនេះ គឺត្រូវបានជំរុញភាគច្រើនដោយសារការកើនឡើងនៃប្រាក់បញ្ញើ ដែលមានទំហំជិត ១៨៤លានដុល្លារអាមេរិក និងប្រាក់កម្ចីជិត ៩៣លានដុល្លារអាមេរិក។ ប្រភពទុនទាំងនេះ បានជួយគាំទ្រដល់ប្រតិបត្តិការផ្តល់ឥណទានជូនអតិថិជនសរុបមានរហូតដល់ជិត ៥ពាន់៨រយលានដុល្លារអាមេរិក កើនឡើងជាង ៣៦៣លានដុល្លារអាមេរិក ឬកើនឡើងជិត៧% បើធៀបនឹងដំណាច់ឆ្នាំ២០២១។

ទោះយ៉ាងណា បើតាមការគូសបញ្ជាក់របស់លោកស្រី ម៉ារ អមរ៉ា ប្រាក់ចំណេញសរុបនៅក្នុងត្រីមាសទី១ ឆ្នាំ២០២២ របស់ធនាគារអេស៊ីលីដា សម្រេចបានជិត ៣៧លានដុល្លារអាមេរិកប៉ុណ្ណោះ ថយចុះជាង៧លានដុល្លារអាមេរិក ឬជិត២០% បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២១ ដែលមានរហូតដល់ជិត៤៥លានដុល្លារអាមេរិក។

តាមការអះអាងរបស់លោក ស្រី ម៉ារ អមរ៉ា កត្តាដែលធ្វើឲ្យប្រាក់ចំណេញរបស់ អេស៊ីលីដា ថយចុះ គឺដោយសារការកើនឡើងនូវចំណាយសុទ្ធពីការខាតបង់ឱនភាព ដែលមានតម្លៃជិត១៣លានដុល្លារអាមេរិក ដោយសារការអនុវត្តតាមបទប្បញ្ញត្តិទាក់ទងនឹងការធ្វើចំណាត់ថ្នាក់ឥណទាន និងដើម្បីរក្សាភាពរឹងមាំ និងការទប់ទល់រាល់ហានិភ័យ ដែលអាចជះឥទ្ធិពលដល់ឥណទាន និងបុរេប្រទានដល់អតិថិជន ជាពិសេសហានិភ័យ ដែលអាចកើតចេញពីកូវីដ-១៩។ ទោះយ៉ាងណាលោកស្រី ម៉ារ អមរ៉ា រំពឹងថា ប្រាក់ចំណេញរបស់ធនាគារ អេស៊ីលីដា នឹងមានកំណើនឡើងវិញនៅត្រីមាសទី២២ក្នុងឆ្នាំ ២០២២។

បើតាមការគូសបញ្ជាក់របស់ថ្នាក់ដឹកនាំរូបនេះ ធនាគារអេស៊ីលីដា បាននិងកំពុងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធចម្រុះឲ្យកាន់តែទូលំទូលាយសម្រាប់ជាជម្រើសដ៏សម្បូរបែបជាមួយនឹងការិយាល័យទាំង ៣១៩ តាមរយៈការផ្លាស់ប្ដូរបន្តិចម្ដងៗទៅជាមជ្ឈមណ្ឌល ដែលអាចធ្វើស្វ័យប្រតិបត្តិការ ដែលមានទីតាំងធនាគារស្វ័យប្រវត្តិចំនួន៩៣ ព្រមទាំងមានម៉ាស៊ីនអេធីអឹមជាង១ពាន់គ្រឿង រួមជាមួយម៉ាស៊ីនមានមុខងារសំខាន់ៗជាច្រើនផ្សេងទៀត។

អ្វីដែលជាទីមោទនភាពរបស់ ធនាគារអេស៊ីលីដា គឺមកទល់ពេលនេះ អេស៊ីលីដា បានបោះពុម្ពប័ណ្ណ អេធីអឹម ជូនអតិថិជនបានជាង ១លាន៦៥ម៉ឺនបណ្ណ ខណៈ អេស៊ីលីដាម៉ូបាល មានអ្នកចុះឈ្មោះប្រើប្រាស់ច្រើនជាង ២លាន៤សែននាក់ នៅដំណាច់ខែមីនា ឆ្នាំ២០២២ នេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល៖ កម្ពុជាត្រៀមខ្លួនរួចហើយ ទោះបីប្រព័ន្ធអនុគ្រោះពន្ធ EBA ត្រូវព្យួរទាំងស្រុងក្ដី

ព័ត៌មាន
សភាអឺរ៉ុបកាលពីថ្ងៃទី៥ ខែឧសភា បានអនុម័តលើញត្តិមួយស្តីពីដំណោះស្រាយនៅកម្ពុជា ហើយក្នុងញត្តិនោះក៏បាននិយាយពាក់ព័ន្ធការព្យួរប្រព័ន្ធអនុគ្រោះពន្ធ…

ប្រធានាធិបតីកូរ៉េខាងត្បូងថ្មីស្បថចូលកាន់តំណែងជាផ្លូវការ និងបានបង្ហើបពីដំណោះស្រាយសម្រាប់វិបត្តិនុយក្លេអ៊ែរកូរ៉េខាងជើង

ព័ត៌មាន
លោក យ៉ូន ស៊ុកយូល ប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូង ដែលបានឈ្នះឆ្នោតកាលពីខែមិនា នៅព្រឹកថ្ងៃទី១០ឧសភា បានស្បថចូលកាន់តំណែងជាផ្លូវការហើយ ដែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ