តម្លៃមាសនៅកម្ពុជាធ្លាក់ចុះខ្លាំង?

កត្តាអ្វីខ្លះ ជំរុញឲ្យតម្លៃមាសនៅកម្ពុជាធ្លាក់ចុះខ្លាំងនៅសប្ដាហ៍នេះ?


ហាងឆេងតម្លៃមាសនៅកម្ពុជាបានធ្លាក់ចុះមកវិញបណ្តើរៗហើយ ក្រោយមានការកើនឡើងជាបន្ដបន្ទាប់ ចាប់ទាំងពីរុស្ស៊ីវាយចូលឈ្លានពានអ៊ុយក្រែនមក។ បើតាមការអះអាងរបស់ក្រុមអាជីវករលក់មាស គិត្រឹមថ្ងៃទី ៧ ខែកក្កដា មាស១តម្លឹងលក់ចេញក្នុងតម្លៃជាង ២ពាន់១រយដុល្លារ ពោលគឺធ្លាក់ចុះតម្លៃជិត១០០ដុល្លារក្នុងមួយតម្លឹង បើធៀបនឹងតម្លៃលក់ចេញកាលពីសប្តាហ៍មុន។
តម្លៃមាសនៅកម្ពុជាធ្លាក់ចុះខ្លាំង

ការធ្លាក់ចុះនេះត្រូវបានក្រុមអាជីវករវាយតម្លៃថា ទំនងអាចមកពីមានការបញ្ចេញមាសច្រើនពីប្រទេសផ្សេងៗ ជាពិសេសរុស្ស៊ីតែម្តង។ ដោយឡែក អ្នកជំនាញអះអាងថា ការធ្លាក់ចុះតម្លៃមាសនៅមួយរយៈចុងក្រោយនេះ គឺបណ្តាលមកពីតម្លៃលុយដុល្លារឡើងថ្លៃ ក្រោយធនាគារកណ្តាលរបស់អាមេរិក ដំឡើងអត្រាការប្រាក់ ដើម្បីទប់ទល់នឹងការកើនឡើងអតិផរណា។

ម្ចាស់ហាងមាសពេជ្រ ទីមង្គលនៅរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា តម្លៃមាសនៅហាងរបស់លោកបានធ្លាក់ចុះជិត១០០ដុល្លារក្នុង១តម្លឹង ដោយនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ មាសនៅហាងរបស់លោកចេញក្នុងតម្លៃ២ពាន់១២០ដុល្លារក្នុង១តម្លឹង ខណៈកាលពីប៉ុន្មានថ្ងៃមុន មាស១តម្លឹងលក់ចេញ២ពាន់២០០ដុល្លារអាមេរិក។ ទោះបីមិនដឹងពីមូលហេតុច្បាស់លាស់ តែម្ចាស់ហាងរូបនេះវាយតម្លៃថា ការធ្លាក់ចុះនេះទំនងអាចបណ្តាលមកពីប្រទេសមួយចំនួនពិសេសរុស្ស៊ីបានបញ្ចេញមាសលក់ច្រើននៅមួយរយៈចុងក្រោយនេះ។

ពាក់ព័ន្ធស្ថានភាពនៃការទិញលក់មាសនាពេលបច្ចុប្បន្ន ម្ចាស់ហាងមាសពេជ្រ ទីមង្គល រូបនេះបានគូសបញ្ជាក់ថា ការធ្លាក់ថ្លៃតម្លៃមាសយ៉ាងគំហុកនៅប៉ុន្មានថ្ងៃកន្លងមកនេះ បានធ្វើឲ្យការទិញលក់មាសនៅហាងរបស់លោកមានការលំបាកខ្លះដែរ ពោលគឺការទិញលក់ហាក់ស្ងាត់ជាងមុន ព្រោះវាធ្វើឲ្យអតិថិជនមានចិត្តរារែកក្នុងការសម្រេចថាតើគួរទិញ ឬលក់ឬអត់ក្នុងកាលៈទេសៈ ដែលមាសកំពុងធ្លាក់ថ្លៃនេះ។ ទោះយ៉ាងណាម្ចាស់ហាងរូបនេះមិនហ៊ានវាយតម្លៃទេថា តើមាសនឹងបន្តធ្លាក់ទៀតឬយ៉ាងណានោះទេ។

ពាក់ព័ន្ធការធ្លាក់ចុះតម្លៃមាសនេះដែរ លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ នៃក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីងឃែភីថលបានអះអាងថា ការធ្លាក់ចុះតម្លៃមាសនៅកម្ពុជាក៏ដូចជាលើពិភពលោកនេះ គឺបណ្តាលមកពីតម្លៃលុយដុល្លាររបស់អាមេរិកឡើងថ្លៃ គួបផ្សំការរំពឹងកើនឡើង នៃសេដ្ឋកិច្ចសកលនាពេលខាងមុខ ក្រោយភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយសកលបច្ចុប្បន្នស្ថិតក្នុងភាពគ្រប់គ្រងបាន។ កត្តាដែលធ្វើតម្លៃលុយដុល្លារអាមេរិកមានការឡើងថ្លៃគឺបន្ទាប់ពីធនាគារកណ្តាលអាមេរិកបានដំឡើងអត្រាការប្រាក់ដើម្បីរក្សាតម្លៃលុយរបស់ខ្លួន និងទប់ស្កាត់អតិផរណាក្នុងប្រទេស ដែលកំពុងមានការកើនឡើង។ អ្នកជំនាញរូបនេះជឿជាក់ថា តម្លៃមាសនៅលើទីផ្សារសកលនឹងបន្តធ្លាក់ចុះបន្ថែមមួយកម្រិតទៀត ដរាបណាធនាគារកណ្តាលរបស់អាមេរិកនៅតែបន្តដំឡើងអត្រាការប្រាក់ ដើម្បីរក្សាលំនឹងសេដ្ឋកិច្ចពីការកើនឡើងអតិផរណា។

តើមានមូលហេតុអ្វីខ្លះ ដែលជំរុញឲ្យការកើនឡើងតម្លៃលុយដុល្លារធ្វើឲ្យតម្លៃមាសមានការធ្លាក់ចុះ? ឆ្លើយតបនឹងសំណួរនេះលោកបណ្ឌិត ឡុង សំណាង បានពន្យល់ថា នៅលើពិភពលោកគេតែងតែយកតម្លៃមាសមកផ្គូរផ្គងនឹងតម្លៃលុយដុល្លារ ពោលគឺគេចាត់ទុកតម្លៃមាសជាតម្លៃគោល ខណៈលុយដុល្លារជាតម្លៃប្រឈម។

បើតាមទីផ្សារមាសអន្តរជាតិ ដែលត្រូវបានជួញដូរលើផ្លេតហ្វមឧបករណ៍និស្សន្ទមាស១ឱន ដែលស្មើនឹងជាង៨ជីមាស មានតម្លៃ១ពាន់៧៤៥ដុល្លារ ឬស្មើនឹងជាង២ពាន់១០២ដុល្លារក្នុង១តម្លឹង។ គួររំលឹកថា ក្រោយរុស្ស៊ីបើកប្រតិបត្តិការវាយចូលឈ្លានពានអ៊ុយក្រែនបានប៉ុន្មានថ្ងៃបានជំរុញឲ្យមាសនៅកម្ពុជាហក់ឡើងរហូតដល់២ពាន់៥រយដុល្លារក្នុង១តម្លឹង ក្រោយមកក៏ធ្លាក់ចុះជាបន្តបន្ទាប់មកនៅត្រឹមជាង១ពាន់២រយដុល្លារក្នុង១តម្លឹង៕




អត្ថបទបន្ទាប់


ការប្រមូលចំណូលពន្ធគយសម្រេចបានជិត ១,៣ពាន់លានដុល្លារ នៅឆមាសទី១ឆ្នាំ២០២២

ព័ត៌មាន
នៅក្នុងត្រីឆមាសទី១ ឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ កម្ពុជា បានទទួលបានចំណូលពន្ធអាករសរុបជិត១ពាន់៣រយលានដុល្លារអាមេរិក ដែលស្នើនឹង …

រុស្ស៊ីព្រមានថា «មនុស្សជាតិនឹងជួបហានិភ័យ» បើសិនជាប្រទេសលោកខាងលិចនៅតែបន្តដាក់ទណ្ឌកម្ម

ព័ត៌មាន
អតីតប្រធានាធិបតីរុស្ស៊ី និងបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ី លោក ឌីមីទ្រី មេដវេដេវ (Dmitry Medvedev) បានព្រមានជាថ្មីម្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ