ជំនួបកំពូលមេដឹកនាំអាមេរិកនិងជប៉ុន

តើជំនួបកំពូលមេដឹកនាំអាមេរិក និងជប៉ុននៅសប្ដាហ៍ក្រោយនឹងលើកយកបញ្ហាក្ដៅៗអ្វីខ្លះ មកដាក់លើតុពិភាក្សា?


ប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន និងនាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីហ្ស៊ីដា (Fumio Kishida) ត្រូវបានគេរំពឹងថា នឹងជួបគ្នាទល់មុខនៅទីក្រុងវ៉ាស៊ីនតោន ទឹកដីសហរដ្ឋអាមេរិកនៅថ្ងៃទី១៣ ខែមករាឆ្នាំ២០២៣។ ជំនួបនេះគ្រោងពិភាក្សាជុំវិញបញ្ហាក្តៅគកុកជាច្រើនដែលបាននិងកំពុងកើតមានឡើងក្នុងតំបន់និងពិភពលោក ក៏ដូចជាការគាំទ្ររបស់អាមេរិកលើយុទ្ធសាស្ត្រការពារជាតិថ្មីរបស់ទីក្រុងតូក្យូផងដែរ។ នេះបើយោងតាមប្រភព ដែលស្និទ្ធនឹងបញ្ហានេះប្រាប់សារព័ត៌មានរ៉យទ័រ។
តើហេតុអ្វីបានជានាយករដ្ឋមន្ត្រីជប៉ុនត្រៀមទៅជួបលោក បៃដិន ដល់វ៉ាស៊ីនតោន?

ជំនួបរវាងរដ្ឋបាលទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តអាស៊ីដ៏សំខាន់ គឺប្រទេសជប៉ុននេះមិនមែនជារឿងចៃដន្យនោះទេ។ មិនមែនជារឿងចៃដន្យ ដ្បិតថា វាកើតមានឡើងនៅចំពោះមុខការកើនឡើងឥទ្ធិពលរបស់ប្រទេសចិននៅក្នុងតំបន់ និងការសាកល្បងមីស៊ីលជាហូរហែ គួបផ្សំនៅប៉ុន្មានថ្ងៃចុងក្រោយ មានការអំពាវនាវឱ្យពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងផងនោះ។ ហេតុនេះហើយទីក្រុងតូក្យូ ត្រូវចាំបាច់ពួតដៃគ្នាជាមួយបងធំអាមេរិកក្នុងការធានាសន្តិសុខ និងស្ថិរភាពក្នុងតំបន់ ពិសេសតំបន់អាស៊ីបូព៌ា។

បើតាមកាសែតក្នុងស្រុកជប៉ុនបានរាយការណ៍កាលពីសប្តាហ៍មុន ដោយដកស្រង់ប្រភពរដ្ឋាភិបាលជប៉ុនបានឱ្យដឹងថា លោក ហ្វូមីអូ គីស៊ីដា នាយករដ្ឋមន្ត្រីជប៉ុន គ្រោងនឹងពិភាក្សាអំពីគោលនយោបាយសន្តិសុខថ្មីរបស់ខ្លួន ជាមួយនឹងសហរដ្ឋអាមេរិក ដែលរដ្ឋបាលក្រុងតូក្យូបានដាក់ចេញកាលពីខែធ្នូកន្លងទៅ រួមមានការពង្រីកសមត្ថភាពយោធាដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រជប៉ុន រាប់ចាប់តាំងពីក្រោយសង្គ្រាមលោកលើកទី២មក។

យ៉ាងណាមិញ សេតវិមានអាមេរិក បានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែម អំពីជំនួបរវាងថ្នាក់ដឹកនាំទាំងពីរឡើយ។ ដោយឡែក ស្ថានទូតជប៉ុនប្រចាំនៅសហរដ្ឋអាមេរិក ក៏បានបដិសេធមិនបញ្ជាក់ឱ្យបានច្បាស់ពីកាលបរិច្ឆេទនៃកិច្ចប្រជុំផងដែរ។

មែនទែនទៅ ផែនការការពារជាតិថ្មីរបស់ជប៉ុនក្នុងទំហំទឹកប្រាក់ចំនួន ៣២០ពាន់លានដុល្លារ គឺរួមមានការបញ្ជាទិញមីស៊ីល ដែលមានសមត្ថភាពវាយប្រហារដល់ទឹកដីចិន និងពង្រឹងសមត្ថភាព ត្រៀមប្រយុទ្ធក្នុងករណីមានជម្លោះនៅពេលអនាគត។ នេះក៏ដោយសារតែជប៉ុនមើលឃើញ និងកើតក្តីបារម្ភក្រោយ ការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន អាចជាគំរូឱ្យប្រទេសចិនធ្វើដូចគ្នានេះទៅលើកោះតៃវ៉ាន់ ដែលជាដែនកោះ ជាប់កៀកនឹងប្រទេសជប៉ុនដែរ។

គួរជម្រាបដែរថា ប្រទេសជប៉ុននឹងត្រូវធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំក្រុមប្រទេសរីកចម្រើនទាំង៧ ឬហៅកាត់ថាG7 នៅឆ្នាំ២០២៣នេះ ដែលគ្រោងធ្វើឡើងក្នុងខែឧសភា នាទីក្រុងហ៊ីរ៉ូស៊ីម៉ា។ G7 នៅឆ្នាំនេះផ្តោតសំខាន់លើកិច្ចខិតខំប្រឹងប្រែងរបស់លោក ចូ បៃដិន ក្នុងការធ្វើឱ្យសម្ព័ន្ធភាពរបស់សហរដ្ឋអាមេរិកមានភាពរស់រវើកឡើងវិញ ប្រឆាំងនឹងការគំរាមកំហែងពីប្រទេសចិននិងរុស្ស៊ី និងការគម្រាមកំហែងផ្សេងទៀតនាពេលអនាគាត។ តាមការអះអាងរបស់ថ្នាក់ដឹកនាំជប៉ុនកន្លងមក ទីក្រុងតូក្យូនឹងប្រើប្រាស់តួនាទីរបស់ខ្លួនក្នុងការដឹកនាំG7នៅឆ្នាំនេះ ក៏ដូចជាចូលរួមជាមួយអង្គការសហប្រជាជាតិ ដើម្បីដាក់សម្ពាធលើរុស្ស៊ី ឱ្យបញ្ឈប់សង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន។

សម្រាប់អ្នកជំនាញ និងអ្នកតាមដានព្រឹត្តិការណ៍ពិភពលោក និយាយថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីជប៉ុនលើកនេះ នឹងពង្រឹងជំហរក្នុងនាមជាសម្ព័ន្ធមិត្តដ៏សំខាន់បំផុតរបស់អាមេរិកនៅឥណ្ឌូប៉ាស៊ីហ្វិក ហើយលោក គីស៊ីដា នឹងស្វែងរកការយល់ព្រមពីលោក ចូ បៃឌិនផងដែរ លើយុទ្ធសាស្ត្រសន្តិសុខនិងការពារជាតិថ្មីរបស់ជប៉ុន ជាពិសេសការគាំទ្រពីសំណាក់អាមេរិកក្នុងការទទួលបានសមត្ថភាព ការហ្វឹកហ្វឺន ពិសេសគឺសម្ភារៈយោធាសម្រាប់កងទ័ពរបស់ខ្លួន៕




អត្ថបទបន្ទាប់


របបយោធាមីយ៉ាន់ម៉ាប្រារព្ធទិវាឯករាជ្យ ដោយបានបង្ហាញពីអានុភាពកម្លាំងរបស់ខ្លួននៅក្នុងរដ្ឋធានីនៅប្រទេសមីយ៉ាន់ម៉ា

ព័ត៌មាន
កងទាហាន និងសព្វាវុធរបស់ប្រទេសមីយ៉ាន់ម៉ាបានដង្ហែឆ្លងកាត់រដ្ឋធានីណៃពិដោ ដែលបង្កើតឡើងដោយយោធា ដើម្បីប្រារព្ធទិវាឯករាជ្យជាតិរបស់ប្រទេសនេះនៅថ្…

ហេតុអ្វីតម្លៃរបស់ក្រុមហ៊ុនយក្ស Apple ធ្លាក់ចុះខ្លាំងជាលើកដំបូង ក្នុងរយៈពេលជិត២ឆ្នាំមកនេះ?

ព័ត៌មាន
តម្លៃរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple ដែលជាក្រុមហ៊ុនមានតម្លៃបំផុតលើពិភពលោកនោះ បានរអិលធ្លាក់ចុះយ៉ាងខ្លាំង ដោយភាគហ៊ុនរបស់ក្រុមហ៊ុនអាម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ