តើហេតុអ្វីបានជាឥណ្ឌាបន្តជំហរអព្យាក្រឹតក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែន?

តើអ្វីនៅពីក្រោយយុទ្ធសាស្ត្រអព្យាក្រឹតរបស់ឥណ្ឌា លើជម្លោះនៃការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន?


ជាងមួយឆ្នាំនៃសង្គ្រាមឈ្លានពានរបស់រុស្ស៊ីនៅប្រទេសក្បែរខាងអ៊ុយក្រែន ប្រទេសមួយចំនួននៅទ្វីបអាហ្រ្វិក អាស៊ី និងមជ្ឈិមបូព៌ាបានជៀសវាងក្នុងការចូលគាំទ្រម្ខាង និងប្រឆាំងម្ខាងក្នុងជម្លោះនៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ប៉ុន្តែក្នុងនោះគេឃើញមានប្រទេសមួយ គឺឥណ្ឌាដែលឥទ្ធិពល និងអំណាចក្នុងការរក្សាជំហរអព្យាក្រឹតរបស់ខ្លួន ទោះត្រូវរងសម្ពាធជាច្រើនក្ដី។ តើមានអ្វីដែលជាកត្តាជំរុញនៅពីក្រោយយុទ្ធសាស្ត្រអព្យាក្រឹតរបស់ទីក្រុងញូដេលីនេះ?
តើអ្វីនៅពីក្រោយយុទ្ធសាស្ត្រអព្យាក្រឹតរបស់ឥណ្ឌា លើជម្លោះនៃការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន?

យោងតាមអ្នកជំនាញភូមិសាស្រ្តនយោបាយអន្តរជាតិធំមានការយល់ឃើញស្រដៀងគ្នាថា ប្រទេសឥណ្ឌាដែលមានប្រជាជនច្រើនជាងគេបំផុតទីពីររបស់ពិភពលោក និងសេដ្ឋកិច្ចធំជាងគេទីប្រាំមួយនោះ បាននិងកំពុងបន្តរក្សាទំនាក់ទំនងរវាងរុស្ស៊ី និងលោកខាងលិចជាមួយនឹងជំហរនៃ «យុទ្ធសាស្ត្រពណ៌ប្រផេះ» ដើម្បីទប់ទល់នឹងការដាក់សម្ពាធរបស់សហរដ្ឋអាមេរិក ដើម្បីឲ្យប្រឆាំងនឹងទីក្រុងមូស្គូដោយផ្ទាល់ ខណៈញូដេលីកំពុងអំពាវនាវឱ្យមានសន្តិភាព និងកិច្ចសហប្រតិបត្តិការដើម្បីប្រយោជន៍រួម។

យោងតាមលោក Sahar Khan អ្នកស្រាវជ្រាវនៅនាយកដ្ឋានការពារ និងគោលនយោបាយបរទេសនៃវិទ្យាស្ថាន Cato សេរីនិយមមានការយល់ឃើញថា មេដឹកនាំប្រទេសបស្ចិមលោកមានការខកចិត្តមិនតិចឡើយ ចំពោះជំហរស្ទាក់ស្ទើររបស់ឥណ្ឌាក្នុងការថ្កោលទោសការឈ្លានពានរបស់រុស្ស៊ី ប៉ុន្តែពួកគេក៏ដឹងដែរថា ការពឹងផ្អែករបស់ឥណ្ឌាលើថាមពល និងសព្វាវុធរុស្ស៊ី គួបផ្សំនឹងបញ្ហាអតីតកាលជាមួយសហរដ្ឋអាមេរិក ដូចនេះចង់ ឬមិនចង់ទីក្រុងញូដេលីត្រូវតែប្រកាន់យកជំហរអព្យាក្រឹតឲ្យបានម៉ឺងម៉ាត់បំផុត។

ទោះយ៉ាងណា លោក Rick Russow ទីប្រឹក្សាជាន់ខ្ពស់ និងជាប្រធាននៃការសិក្សាគោលនយោបាយអាមេរិក-ឥណ្ឌា នៅមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ មានទស្សនៈលើកឡើងថា ឥណ្ឌាគឺជាប្រទេសតែមួយដែលអាចលើក «លើកទូរស័ព្ទ» និយាយផ្ទាល់មាត់ជាមួយថ្នាក់ដឹកនាំទាំងនៅអាមេរិក និងរុស្ស៊ីក្នុងថ្ងៃតែមួយបាន» ចំពេលមានសង្រ្គាមនៅអ៊ុយក្រែនកំពុងឆាបឆេះនោះ។

បច្ចុប្បន្ន ប្រទេសឥណ្ឌាកំពុងតែធ្វើជាប្រធានប្តូរវេននៃកិច្ចប្រជុំកំពូលនៃក្រុមប្រទេស G20 ដែលទីក្រុងញូដេលីនឹងត្រូវចាត់ចែង និងផ្តោតលើបញ្ហាសេដ្ឋកិច្ច និងទំនាក់ទំនងអន្តរជាតិ ដោយសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការ។ ជាថ្មីម្តងទៀត កិច្ចប្រជុំនេះដែលមានប្រទេសលោកខាងលិចជាពិសេសអាមេរិក និងរុស្ស៊ីជាសមាជិកដែរនោះ ត្រូវបានរំពឹងថា នឹងមានការដាក់សម្ពាធជាថ្មីលើឥណ្ឌា ដើម្បីធ្វើយ៉ាងណាឱ្យប្រទេសអាស៊ីខាងត្បូងមួយនេះធ្វើការថ្កោលទោសរុស្ស៊ីឱ្យទាល់តែបាន បើទោះបីជា មានសង្ឃឹមតិចក៏ដោយ។

បើតាមលោក Harsh Pant អនុប្រធានផ្នែកសិក្សា និងគោលនយោបាយការបរទេសនៅវិទ្យាស្ថានអ្នកតាមដានការស្រាវជ្រាវរបស់ឥណ្ឌាបានឱ្យដឹងដែរថា ស្របពេលដែលឥណ្ឌាហាក់មិនបានបង្ហាញពីភាពលម្អៀងក្នុងជម្លោះនៅអ៊ុយក្រែន ជាពិសេសនៅក្នុងការថ្កោលទោសលោកពូ ទីននោះ ទីក្រុងញូដេលីកំពុងធ្វើសកម្មភាពផ្អែកលើប្រវត្តិសាស្ត្រនៃការពឹងផ្អែកលើរុស្ស៊ី និងបែរខ្នងដាក់លោកខាងលិច។

ហេតុអ្វី? គួររំលេចបន្តិចថា កាលពីឆ្នាំ១៩៩៨ ក្រោយការរលត់រលាយទៅនៃសង្គ្រាមត្រជាក់ ដែលកាលនោះក្រោយពីឥណ្ឌាបានធ្វើតេស្តនុយក្លេអ៊ែរក្បែរព្រំប្រទល់ប្រទេសប៉ាគីស្ថាន ទីក្រុងញូដេលីត្រូវបានប្រទេសលោកខាងលិចពិសេសអាមេរិកដាក់ទណ្ឌកម្មស្ទើររើខ្លួនពុំរួចឡើយ រាប់ចាប់តាំងពីពាណិជ្ជកម្មលើបច្ចេកវិទ្យាទំនើបៗដូចជានាវាផ្ទុកយន្តហោះ នាវាមុជទឹកនុយក្លេអ៊ែរជាដើម។ យ៉ាងណា គោលដៅនៃការធ្វើតេស្តនុយក្លេអ៊ែរនោះ គឺដើម្បីការពារខ្លួនពីការគំរាមកំហែងនុយក្លេអ៊ែររបស់ប៉ាគីស្ថានប៉ុណ្ណោះ។ ក្នុងពេលនោះហើយទើបឥណ្ឌាដឹងខ្លួនថា គ្មានប្រទេសក្រៅតែពីរុស្ស៊ី ដែលមានឆន្ទៈក្នុងការជួយឥណ្ឌាពីការចែករំលែកបច្ចេកវិទ្យាយោធា និងសម្ភារៈការពារជាតិដទៃទៀត។

លោក ហាស៍ ផេនថ៍ បានចង្អុលបង្ហាញថា រុស្ស៊ីនៅតែជាអ្នកដែលផ្គត់ផ្គង់សព្វាវុធ និងសម្ភារៈយោធាសំខាន់ៗផ្សេងទៀតសម្រាប់ឥណ្ឌា។ ការណ៍នេះហើយបានធ្វើឱ្យឥណ្ឌាត្រូវពឹងផ្អែករុស្ស៊ី ដែលមិនអាចខ្វះបាននៃសម្ភារៈការពារជាតិ ហើយវាគឺជាមុខព្រួញយុទ្ធសាស្រ្តមួយដ៏សំខាន់សម្រាប់ទប់ទល់នឹងចិន ដែលកំពុងមានការប៉ះទង្គិចគ្នាមិនចេះចប់នៅព្រំប្រទល់នៃប្រទេសទាំងពីរ។

យ៉ាងណាក៏ដោយចុះ អ្នកជំនាញយុទ្ធសាស្ត្រឥណ្ឌារូបនេះបានលើកឡើងដោយយោងតាមទិន្នន័យស្រាវជ្រាវរបស់ខ្លួនថា ពេលថ្មីៗនេះទីក្រុងញូដេលីកំពុងប៉ុនប៉ងធ្វើពិពិធកម្មការផ្គត់ផ្គង់អាវុធពីទីក្រុងម៉ូស្គូ ដោយងាកមកអភិវឌ្ឍឧស្សាហកម្មការពារជាតិក្នុងប្រទេសខ្លួនឯងវិញ។ លោក ផេនថ៍ បានឱ្យដឹងថា កាលពីមុន ឥណ្ឌាបានទិញសព្វាវុធប្រហែល ៨០% ពីរុស្ស៊ី តែចំនួននេះបានធ្លាក់ចុះមកនៅត្រឹម ៥៥%ប៉ុណ្ណោះ។ បើទោះបីជាយ៉ាងណាក៏ដោយ អ្វីៗគឺមិនមានភាពស្ថិតស្ថិរនោះទេ ភាពតានតឹងមិនថាតែនៅតាមព្រំដែន រវាងចិន និងឥណ្ឌា និងជំហររវាងរុស្ស៊ី និងមហាអំណាចទើបរះចិនកំពុងធ្វើឱ្យទីក្រុងម៉ូស្គូពិបាកក្នុងការរក្សាទំនាក់ទំនងជាមួយទីក្រុងញូដេលីដូចគ្នា។ វានឹងក្លាយជាបញ្ហាធំមួយសម្រាប់ប្រទេសឥណ្ឌា ដោយសារទំនាក់ទំនងផ្នែកការពារជាតិ នឹងផ្តល់បរិយាកាសសន្តិសុខ និងភាពមិនស៊ីសង្វាក់គ្នារវាងសមត្ថភាពយោធារបស់ឥណ្ឌា និងចិន។




អត្ថបទបន្ទាប់


ក្រុមហ៊ុនហាងទំនិញលក់រាយធំៗចំនួន២ នៅអាមេរិកនឹងបិទហាង ៨០០កន្លែង ក្រោយទប់នឹងការខាតលែងជាប់

ព័ត៌មាន
ក្រោយពេលដែលសហរដ្ឋអាមេរិកមានវិបត្តិនៃការដូលរលំធនាគារ ហើយវិបត្តិអតិផរណានៅតែខ្ពស់ ទោះបីជាមានការកែលំអរបន្តិចក៏ដោយក៏នៅចុងខែមីនា ឆ្នាំ២០២…

តើជំនួបតាមទូរសព្ទរវាងមេដឹកនាំកំពូលរបស់អាមេរិក និងវៀតណាមបានពិភាក្សាយល់ព្រមគ្នាអ្វីខ្លះ?

ព័ត៌មាន
អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាមលោក ង្វៀន ភូជុង និងប្រធានាធិបតីអាមេរិកលោក ចូ បៃដិន កាលពីថ្ងៃពុធ ទី ៣០ មីនា បានពិភាក្សាដោយស្ងាត់ៗតា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ