រដ្ឋមន្ត្រីការពារជាតិអាស៊ាននិងអាស៊ានបូកចេញសេចក្តីប្រកាសរួម!

សេចក្ដីប្រកាសព័ត៌មានរួមគ្នានៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងអាស៊ានបូកបានបញ្ជាក់គោលជំហរអ្វីខ្លះ?


ប្រមុខការពារជាតិមកពីតំបន់អាស៊ីអាគ្នេយ៍ឬអាស៊ាន និងដៃគូពាក់ព័ន្ធផ្សេងទៀតរួមមានអាមេរិក និងចិនដែរនោះ នៅថ្ងៃពុធទី២៣វិច្ឆិកាឆ្នាំ២០២២ បានអំពាវនាវឱ្យមានការគោរពច្បាប់អន្តរជាតិ ដើម្បីទប់ស្កាត់ និងបញ្ចៀសការប៉ះទង្គិចគ្នាលើដែនសមុទ្រ។ នេះបើតាមសេចក្តីប្រកាសរួមគ្នាមួយ ដែលបានចេញផ្សាយ ក្រោយការបិទបញ្ចប់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងអាស៊ានបូកដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
សេចក្ដីប្រកាសព័ត៌មានរួមគ្នានៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងអាស៊ានបូកបានបញ្ជាក់គោលជំហរអ្វីខ្លះ?

កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបានបិទបញ្ចប់ទៅហើយកា​លពីថ្ងៃពុធទី២៣វិច្ឆិកា។ អំឡុងពេលថ្លែងសន្ទរកថាគន្លឹះ សម្តេចតេជោហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃកម្ពុជា គូសបញ្ជាក់អំពី​បច្ចុប្បន្នភាព​នៃការប្រជែង​​គ្នា​ខាង​ភូមិសាស្ត្រ​នយោបាយ​​ដែល​កំពុង​កើន​ឡើង និង​​ភាព​​តានតឹងដាក់គ្នា។ សម្តេចអះអាងថា ការគោរពគ្នាទៅវិញទៅមក និងការសន្ទនាដោយស្មោះត្រង់ ជារឿងដែលមាន​សារៈសំខាន់បំផុត។

ដោយឡែក នៅចុងបញ្ចប់នៃកិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិ​អាស៊ាន និងអាស៊ានបូក ​បានចេញសេចក្តីប្រកាសរួមគ្នាមួយកត់សម្គាល់ពីបញ្ហាជាច្រើនដែលបាននិងកំពុងកើតឡើង។ ក្នុងនោះសេចក្តីប្រកាសរួម បានបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់ នៃសេរីភាពនៃការធ្វើនាវាចរណ៍ និងជើងហោះហើរ​លើច្រកសមុទ្រតៃវ៉ាន់ និងនៅសមុទ្រចិន​ខាងត្បូង ដែលជាដែនទឹកកំពុងមានជម្លោះដ៏ស្មុគស្មាញ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei។

សេចក្តីប្រកាសដដែលក៏បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់​ការចែករំលែកព័ត៌មាន និងអនុវត្ត​តាមក្រមប្រតិបត្តិ​សម្រាប់ការប្រឈមមុខដាក់គ្នាដែលមិនបានគ្រោងទុកនៅលើសមុទ្រ ដើម្បី​កាត់បន្ថយហានិភ័យ​នៃឧប្បត្តិហេតុនានា។

សេចក្តីប្រកាសដដែលនេះ ក៏បានជំរុញឱ្យប្រទេសជាសមាជិកកិច្ចប្រជុំ​រដ្ឋមន្ត្រីការពារជាតិអាស៊ានបូក ជៀសវាង ពីព័ត៌មានមិនពិត និងឥទ្ធិពលហេតុផលនយោបាយ ហើយគូសបញ្ជាក់ម្តងហើយម្តងទៀតអំពីសារៈសំខាន់នៃការជឿទុកចិត្តគ្នា​ទៅវិញទៅមក។

ការសរសេររៀបរាប់បែបនេះធ្វើឡើង បន្ទាប់ពីសហរដ្ឋអាមេរិក និងចិនកំពុងស្ថិតក្នុងសមរភូមិដណ្តើមឥទ្ធិពលដ៏ខ្លាំងក្លានៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ ជាមួយនឹងការប្រឈមមុខដាក់គ្នា នៅតែអាចកើតមាន ដូចជាការប៉ះទង្គិចគ្នាដោយចៃដន្យ​នៅច្រកសមុទ្រតៃវ៉ាន់ ឬសមុទ្រចិនខាងត្បូង ប្រទេសក្នុងតំបន់​អាស៊ីអាគ្នេយ៍ បានអំពាវនាវឱ្យប្រទេសជម្លោះ​មានវិធានការបង្ការ និងបញ្ចៀសការប៉ះទង្គិច។

សូមជម្រាបថា កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ​អាស៊ានបូក (ADMM-Plus) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅខេត្តសៀមរាប ជាធម្មតាមានតំណាង​មកពី ១៨ ប្រទេសក្នុងនោះ​មាន សមាជិកទាំង ១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ បូកនឹងដៃគូសន្ទនាចំនួន៨ រួមមានសហរដ្ឋអាមេរិក ចិន ​កូរ៉េ​ខាង​ត្បូង​ ជប៉ុន ​ឥណ្ឌា ​រុស្ស៊ី ​អូស្ត្រាលី និង​ណូវែលសេឡង់។ ប៉ុន្តែ​រដ្ឋមន្ត្រី​ការពារជាតិ​មី​យ៉ាន់​ម៉ា ត្រូវបានផាត់ចេញសម្រាប់កិច្ចប្រជុំលើកនេះ។

គួរបញ្ជាក់ដែរថា ប្រទេសចិន​បាន​និង​កំពុងបង្កើនវត្តមានយោធារបស់ខ្លួនគួរកត់សម្គាល់​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ដែលកំពុងមានជម្លោះជាមួយប្រទេសសមាជិកអាស៊ានមួយចំនួនដូចជា ​វៀតណាម ​ហ្វីលីពីន​ ម៉ាឡេស៊ី ​និង​ព្រុយ​ណេ។ ជាមួយគ្នានេះ មានការលើកឡើងមួយចំនួន ពិសេសសហរដ្ឋអាមេរិក ដែលបង្ហាញក្តីបារម្ភថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានារបស់កម្ពុជា ក្នុងមូលដ្ឋានទ័ពរាម គឺសំដៅបម្រើផលប្រយោជន៍ដល់កងទ័ពចិននៅក្នុងតំបន់ស​ម្រាប់ថ្ងៃអនាគត។

ជុំវិញបញ្ហានេះភាគីចិនអំឡុងសន្និសីទសារព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រកាសច្បាស់ៗថា ចិនទទួលស្គាល់ពីការជួយកម្ពុជាក្នុងការធ្វើឱ្យប្រសើរឡើងនូវមូលដ្ឋានទ័ពជើងទឹករាម។ ប៉ុន្ដែ ចិនសង្កត់ធ្ងន់ថា ការបន្តពង្រឹងហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋានទ័ពជើងទឹកដោយមានជំនួយពីចិននេះ នឹងជួយឱ្យកងទ័ពជើងទឹកកម្ពុជា ការពារផលប្រយោជន៍ដែនសមុទ្រជាតិ​កម្ពុជាខ្លួនឯង​តែប៉ុណ្ណោះ។ គម្រោង​នេះ គឺស្របទៅតាម​ច្បាប់​ក្នុងស្រុក​នៃ​ប្រទេស​ទាំង​ពីរ និង​ជាមួយ​​ច្បាប់​អន្តរជាតិផងដែរ។ ជាងនេះទៅទៀតភាគី​ចិន​បានគូសបញ្ជាក់ថា ការអភិវឌ្ឍនៅរាម មិនមានគោលដៅប្រឆាំងនឹងប្រទេសណាមួយឡើយ។ នេះបើតាមការចុះផ្សាយដោយកាសែត Hindustan Times របស់ឥណ្ឌាជាភាសាអង់គ្លេស៕




អត្ថបទបន្ទាប់


មន្ត្រីជាន់ខ្ពស់ធនាគារជាតិផ្តល់ធាតុចូលចំនួន៣ ដើម្បីជជែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជាយល់ឃើញថា ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញប្រកបដោយចីរភាព និងបរិយាបន្នកម្ពុជាមិនត្រឹមតែត្រូវដោះស្រាយបញ្ហា ដែលនៅ…

រដ្ឋចំនួន៦ស្នើឲ្យតុលាការកំពូលអាមេរិកបន្ដរាំងខ្ទប់គម្រោងលើកលែងបំណុលសិក្សារបស់និស្សិតរបស់លោកចូ បៃឌិន

ព័ត៌មាន
រដ្ឋចំនួន ៦ នៅសហរដ្ឋអាមេរិកកាលពីថ្ងៃទី ២៣ វិច្ឆិកា បានស្នើឱ្យតុលាការកំពូលរបស់អាមេរិកច្រានចោលការខិតខំប្រឹងប្រែងរបស់លោកប្រធានាធិបតីអាមេរ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ