ការបញ្ជាទិញផលិតផលកាត់ដេរពីកម្ពុជាធ្លាក់ចុះនៅឆមាសទី២ !

តើមានមូលហេតុអ្វីខ្លះ អាចជំរុញឲ្យការបញ្ជាទិញផលិតផលកាត់ដេរពីកម្ពុជាធ្លាក់ចុះនៅឆមាសទី២?


ក្រុមអ្នកជំនាញបានបង្ហាញពីការព្រួយបារម្ភចំពោះស្ថានភាពមិនច្បាស់លាស់របស់ពិភពលោក នាពេលបច្ចុប្បន្ន ហើយបញ្ហានេះអាចនឹងប៉ះពាល់ដល់ការបញ្ជាទិញផលិតផលកាត់ដេរ សម្រាប់ ឆមាសទី២ ឆ្នាំ២០២២ របស់កម្ពុជា។ ទាំងអ្នកជំនាញក្នុងវិស័យកាត់ដេរ វិស័យដឹកជញ្ជូន និងអ្នកជំនាញសេដ្ឋកិច្ច សុទ្ធតែបាន អះអាងថា នៅឆមាសទី២ ឆ្នាំ២០២២ ចន្តរនៃការនាំចេញផលិតផលកាត់ដេរកម្ពុជា ទៅកាន់ទីផ្សារគោលដៅ អាចនឹងជួបបញ្ហាប្រឈម ដោយសារតែស្ថានការណ៍របស់ពិភពលោកមិនទាន់មានស្ថិរភាពនៅឡើយ ព្រោះបណ្ដាលមកពីសង្រ្គាមរវាងរុស្សី-អ៊ុយក្រែន និងបញ្ហាដែលកើតមានជាបន្តបន្ទាប់។
តើមានមូលអ្វីខ្លះ អាចជំរុញឲ្យការបញ្ជាទិញផលិតផលកាត់ដេរពីកម្ពុជាធ្លាក់ចុះនៅឆមាសទី២?

ដ្បិតថា ស្ថានភាពជំងឺឆ្លងសាកលកូវីដ១៩ លើពិភពលោកចាប់ផ្ដើម​អន់ថយ ជាបណ្ដើរៗ ក៏ពិតមែន តែការងើបឡើងវិញ​នៃសេដ្ឋកិច្ចពិភពលោក និងកម្ពុជា ក៏នៅជួបប្រឈម​នឹងហានិភ័យជាច្រើន​ ដែលអាចប៉ះពាល់ដល់ចរន្តនៃការនាំចេញទំនិញកម្ពុជា ទៅកាន់ទីផ្សារគោលដៅ ពិសេសអាចជិះឥទ្ធិពលអវិជ្ជមានដល់ការនាំចេញផលិតផលកាត់ដេរ កម្ពុជា នៅឆមាសទី២ ឆ្នាំ២០២២។ ជុំវិញ ស្ថានភាពវិស័យកាត់ដេរនេះដែរ លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរកម្ពុជា បានបង្ហាញការព្រួយបារម្ភចំពោះស្ថានភាពនៃការនាំចេញផលិតផលកាត់ដេរនៅឆមាសទី២ ដោយសារស្ថានភាពពិភពលោក​មិនស្ថិតស្ថិរ គួបផ្សំនឹងលទ្ធភាពនៃការធ្លាក់ចុះនៃសេដ្ឋកិច្ច នៅក្នុងទីផ្សារប្រទេសលោកខាងលិច ដែលជាទីផ្សារបញ្ជាទិញដ៏ធំជាងគេបំផុតសម្រាប់​ផលិតផលកាត់ដេរ​ និងវាយនភណ្ឌរបស់​កម្ពុជា។

បើទោះជាបែបនេះក្ដី លោក កាំង ម៉ូនីកា នៅតែមើលឃើញថា វិស័យកាត់ដេរ នៅតែមានភាពវិជ្ជមានដដែល ដោយលោកអះអាងថា ដំណើរការនាំចេញផលិតផលកាត់ដេរ ទៅកាន់ទីផ្សារគោលដៅ ពិសេស តំបន់អឺរ៉ុប និងប្រទេសអង់គ្លេស នៅតែមានដំណើរការល្អ ជាធម្មតា។ លោកបន្ថែមថា សហរដ្ឋអាមេរិក ក៏នៅតែជាទីផ្សារធំជាងគេ ក្នុងការនាំចេញផលិតផលកាត់ដេរកម្ពុជា ខណៈសហគមន៍អឺរ៉ុប ជាទីផ្សារធំទី២ និងជប៉ុន ជាគោលដៅទី៣។

ជុំវិញស្ថានភាពពាណិជ្ជកម្ម​របស់​កម្ពុជានេះដែរ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកវិភាគសេដ្ឋកិច្ចនៃរាជ្យបណ្ឌិតសភាកម្ពុជា បានកត់សម្គាល់ដែរថា បើទោះជា សកម្មភាព​នៃការផ្លាស់ប្ដូរទំនិញចេញ-ចូលរបស់កម្ពុជា មានកំណើន​ជាធម្មតាក៏ដោយ ប៉ុន្តែ ដោយសារតែវិបត្តិសង្រ្គាម​របស់រុស្សី និងអ៊ុយក្រែន ជាហេតុជំរុញឲ្យមានការធ្លាក់ចុះនូវប្រាក់ចំណូលក្នុងតំបន់អឺរ៉ុប គួបផ្សំនឹង​ការកើនឡើង​តម្លៃប្រេង និងអតិផរណាជាដើម ក៏អាចនឹងធ្វើប៉ះពាល់ដល់វិស័យកាត់ដេរកម្ពុជាផងដែរ។ អ្នកជំនាញសេដ្ឋកិច្ចរូបនេះ ក៏បានបង្ហាញ​ការបារម្ភទៀតថា បញ្ហាមិនច្បាស់លាស់នៃស្ថានភាពពិភពលោក នឹងអាចប៉ះពាល់ការបញ្ជាទិញក្នុងវិស័យកាត់ដេរ និងអាចឲ្យវិស័យនេះជួបបញ្ហាប្រឈមមួយចំនួន​នាពេលខាងមុខនេះ។

ស្រដៀងគ្នានេះ លោក លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា បានកត់សម្គាល់ឃើញថា សម្រាប់វិស័យដឹកជញ្ជូនរបស់​កម្ពុជា នៅឆមាសទី២ ក៏អាច​អាចប្រឈមនឹងការធ្លាក់ចុះដែរ ក្រោយការបញ្ជាទិញផលិតផល​ក្នុងវិស័យកាត់ដេរ និងស្បែងជើងមានទំនោរធ្លាក់ចុះនៅមួយរយៈចុងក្រោយ។ ទោះយ៉ាងណា ប្រធានសមាគមរូបនេះបន្តថា ដ្បិតការបញ្ជាទិញផលិតផល​កាត់ដេរថយចុះក៏ពិតមែន ប៉ុន្ដែ​វា​មិនបានធ្វើឲ្យប៉ះពាល់ខ្លាំងដល់វិស័យដឹកជញ្ជូនកម្ពុជានោះទេ ប្រសិនបើការនាំចេញផលិតផលកសិកម្មកម្ពុជា នៅបន្ដមានកំណើនខ្ពស់។

ប្រទេសកម្ពុជាបាននាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅក្នុងឆមាសទីមួយនៃឆ្នាំនេះ មានតម្លៃសរុបប្រមាណ ៦ពាន់៦រយលានដុល្លារ កើនឡើង៤០% ធៀប​នឹងរយៈពេលដូចគ្នាកាលឆ្នាំមុន។ នេះបើយោងតាមទិន្នន័យពី​អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕




អត្ថបទបន្ទាប់


ខ្លាសេដ្ឋកិច្ចនៅអាស៊ី «សិង្ហបុរី» បន្ទាបការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួនឆ្នាំនេះទាបជាងមុន ខណៈសេដ្ឋកិច្ចសកលមិនច្បាស់លាស់

ព័ត៌មាន
ខ្លាសេដ្ឋកិច្ចនៅអាស៊ី «សិង្ហបុរី» បានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់ឆ្នាំនេះ ខណៈដែលបរិយាកាសសេដ្ឋកិច្ចពិភពលោកកំពុងស្ថិតក្នុងស្…

ក្រុមហ៊ុនឥណ្ឌាយកប្រាក់ដុល្លារអាមេរិកប្ដូរជារូបិយបណ្ណរបស់ប្រទេសអាស៊ីមួយចំនួន ដើម្បីទិញធ្យូងថ្មពីរុស្ស៊ី

ព័ត៌មាន
ក្រុមហ៊ុនឥណ្ឌាមួយចំនួនកំពុងប្រើប្រាស់រូបិយបណ្ណអាស៊ីកាន់តែញឹកញាប់ថែមទៀត ដើម្បីចំណាយសម្រាប់ការទិញធ្យូងថ្មពីរុស្ស៊ី ដោយចៀសវាងការប្រើប្រាក់ដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ