វិបត្តិមេរោគសកលកូវីដ-១៩

អ្នកជំនាញ WHO ពន្យល់ពីមេរៀនដែលពិភពលោកបានរៀនពីវិបត្តិកូវីដ-១៩ជាង១ឆ្នាំមកនេះ


នៅរយៈពេលជាងមួយឆ្នាំមកនេះ មេរោគរាតត្បាតជាសកលកូវីដ-១៩ បានឆក់យកជីវិតមនុស្សអស់ជាង ៣លាននាក់ហើយ និង បានចម្លងដល់មនុស្សជាង ១៦០លាននាក់នៅទូទាំងពិភពលោក។ មិនត្រឹមតែបានផ្ដាច់យកជីវិតមនុស្ស និង បង្កផលរំខានដល់សុខភាពមនុស្សប៉ុណ្ណោះទេ គេសង្កេតឃើញថា មេរោគឆ្លងរាតត្បាតជាសកលដ៏សាហាវមួយនេះ ក៏បានធ្វើឲ្យសុខភាពសេដ្ឋកិច្ចពិភពលោកជួបបញ្ហាយ៉ាងខ្លាំងផងដែរ។
អ្នកជំនាញ WHO ពន្យល់ពីមេរៀនដែលពិភពលោកបានរៀនពីវិបត្តិកូវីដ-១៩ជាង១ឆ្នាំមកនេះ (រូបភាព៖ CNBC)
ដោយ

ជាក់ស្ដែងបើតាមការប៉ាន់ស្មានរបស់ស្ថាប័នរូបិយវត្ថុអន្តរជាតិ IMF នៅឆ្នាំ២០២០ សេដ្ឋកិច្ច ពិភពលោកបានដាំក្បាលចុះដល់ទៅជាង-៣% ឯណោះ ប៉ុន្តែរំពឹងថាឆ្នាំ២០២១នេះ អាចនឹងស្ទុះងើបឡើងវិញ ជាមួយនឹងកំណើន៦%។ តើរយៈពេលជាង១ឆ្នាំកន្លងមកនេះ វិបត្តិមេរោគកូវីដ-១៩ បានបង្រៀនអ្វីខ្លះដល់ពិភពលោក?

អ្នកជំនាញឯករាជ្យនៃអង្គការសុខភាពពិភពលោកបានអះអាងថា មែនទែនទៅពិភពលោកគួរតែអាចទប់ស្កាត់ការរីករាតត្បាតជំងឺកូវីដ-១៩ បានល្អជាងនេះ ព្រមទាំងអាចរារាំងជំងឹឆ្លងជាសកលមួយនេះ បានតាំងពីដំបូងទី មិនឲ្យមានឥទ្ធិពលខ្លាំងក្លាដូចបច្ចុប្បន្នដល់ថ្នាក់នេះនោះទេ។ តើហេតុអ្វីបានជាអ្នកជំនាញឯករាជ្យអង្គការសុខភាពិភពលោកលើកឡើងដូចចេ្នះ?

ការសម្រេចចិត្តមិនត្រឹមត្រូវ ការឆ្លើយតបយឺតយ៉ាវមិនទាន់ពេលវេលា ខ្វះឆន្ទៈ និង គ្មានប្រព័ន្ធសម្របសម្រួលការងារជារួម សុទ្ធតែជាដើមហេតុចម្បង និង ធាតុផ្សំដែលនាំឲ្យបរាជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព។ ទាំងអស់នេះ ជាមូលហេតុដែលក្រុមអ្នកជំនាញឯករាជ្យ WHO យកមកធ្វើការអំណះអំណាងដាក់បន្ទុកថា ជាការបរាជ័យយ៉ាងដូច្នេះ។ 

ក្រុមអ្នកជំនាញឯករាជ្យ WHO បានសិក្សាឃើញថា នៅគ្រាដែលកូវីដ១៩ ផ្តើមផ្ទុះឡើងជាលើកដំបូងនៅដើមឆ្នាំ២០២០ ពិភពលោកហាក់មានការឆ្លើយតបយឺតយ៉ាវមែនទែន ទៅនឹងរោគរាតត្បាតមួយនេះ។ ជាក់ស្តែង គេសង្កេតឃើញ មានការពន្យារពេលប្រកាសអាសន្ន ជារឿយៗពីអង្គការសុខាភាពពិភពលោកផ្ទាល់តែម្តង។ ក្រៅពីនោះ ប្រទេសនានាក្នុងពិភពលោក បានបរាជ័យក្នុងការរិតត្បិតការធ្វើដំណើរ ជាពិសេសរឹតត្បិតជើងហោះហើរតែម្តង។

មែនទែនទៅ អង្គការសុខភាពពិភពលោក មិនបានប្រកាសដាក់កូវីដ-១៩ ដែលកាលអំឡុងពេលនោះ ត្រូវបានគេហៅថាវីរុសកូរ៉ូណា ជារោគរាតត្បាតជាសកលភ្លាមៗនៅឡើយទេ ដោយគេបានត្រឹមតែធ្វើការព្រមាន ពីគ្រោះថ្នាក់តែប៉ុណ្ណោះ។ ប្រការនេះហើយបាន ធ្វើឲ្យប្រទេសទាំងអស់ហាក់មានការធ្វេសប្រហែស ដែលបានអនុញ្ញាតឲ្យមេរោគចម្លងទៅពាសពេញពិភពលោកយ៉ាងលឿនរហ័សដូចសព្វថ្ងៃនេះ។ 

សហប្រធានក្រុមអ្នកជំនាញ លោកស្រី Helen Clark និង ជាអតីតនាយករដ្ឋមន្ត្រីប្រទេសញូសេឡែន មានការសោកស្តាយមែនទែនចំពោះជម្រើសរបស់អង្គការសុខភាពពិភពលោក ដែលយឺតយ៉ាវក្នុងការប្រកាសអាសន្នអំពីជំងឺរាតត្បាតជាសកល និង មិនផ្តល់អនុសាសន៍ច្បាស់លាស់ និងដាច់ខាត ទាក់ទងនឹងការធ្វើដំណើរ ឬ ការពាក់ម៉ាសជាដើម។

ក្រុមអ្នកជំនាញបានសង្កត់ធ្ងន់ទៀតថា  ស្ថានភាពបច្ចុប្បន្ននេះគួរតែអាចបញ្ចៀសការឆ្លងកូវីដ១៩បានហើយ ក៏ប៉ុន្តែមិនមែនជាកំហុសរបស់បុគ្គលណាតែម្នាក់ ឬ ប្រទេសជាតិណាមួយនោះទេ គ្រប់ភាគីទាំងអស់សុទ្ធតែមានចំណែកខុសដូចៗគ្នា។ សម្រាប់ប្រទេសចិន កាលគ្រានោះ ត្រូវបានគេចោទប្រកាន់ថា ចង់លាក់ព័ត៌មាន យឺតយ៉ាវក្នុងការជូនដំណឹង រីឯប្រទេសដទៃទៀត ពេលបានទទួលដឹងហើយ បែរជាយឺតយ៉ាវក្នុងការបញ្ចេញសកម្មភាពទប់ស្កាត់។ ក្រុមអ្នកជំនាញបានសន្និដ្ឋានថា ភាពយឺតយ៉ាវ និង ស្ទើរស្ទាក់ បានបណ្តោយខាតពេលអស់១ខែ បណ្ដាលឱ្យជំងឺកូវីដ១៩ មានឱកាសរីករាលដាលសាយភាយកាន់តែខ្លាំងឡើង។

តើពិភពលោករៀនបានអ្វីខ្លះពីជំងឺកូវីដ១៩ នេះ? គឺរៀនបានមេរៀន ដើម្បីបញ្ជៀសមហន្តរាយដែលអាចកើតមានលើកក្រោយៗទៀត។ 

និយាយរួម បរាជ័យ និង ភាពខ្វះខាតទាំងអស់នេះ អាចយកធ្វើជាមេរៀនសម្រាប់ពិភពលោក។ និយាយដោយឡែកសម្រាប់អង្គការសុខភាពពិភពលោកគឺដើម្បីទុកមេរៀនអាចដោះស្រាយដោយជោគជ័យ នូវរោគរាតត្បាតជាសកល ដែលអាចនឹងកើតមាននៅថ្ងៃអនាគត។

ពិសេសជាងនេះទៅទៀតសម្រាប់ភាគីរដ្ឋាភិបាលក្នុងប្រទេសរៀងៗខ្លួន បូករួមនឹងស្ថាប័នអន្តរជាតិទាំងអស់ ត្រូវតែធ្វើកំណែទម្រង់ស៊ីជម្រៅ ប្រព័ន្ធសុខាភិបាលពិភពលោក ឱ្យមានលក្ខណៈគ្រប់គ្រាន់ដែលអាចត្រៀមទុកមុនជាស្រេច ហើយអាចបញ្ចេញសកម្មភាពតបទៅនឹងជំងឺរាតត្បាតកាចសាហាវបានភ្លាមៗ បើមិនចង់ជួបវិបត្តិដូច កូវីដ១៩ម្តងទៀត។

សូមបញ្ជាក់ថា ឥស្សរជន ក្រុមអ្នកជំនាញ និង រដ្ឋមន្ត្រីសុខាភិបាល នឹងមកជួបប្រជុំគ្នានៅថ្ងៃទី២៤ខែឧសភាខាងមុខនេះ ក្នុងមហាសន្និបាតរបស់អង្គការសុខភាពពិភពលោក។ ពេលនោះហើយដែលគេនឹងអាចដឹងបានថា តើប្រព័ន្ធសុខាភិបាលពិភពលោក នឹងត្រូវបានគេផ្តល់អនុសាសន៍ ឲ្យធ្វើការកែទម្រង់បែបណាខ្លះ? ហើយយើងនឹងរង់ចាំតាមដានបន្ដទៀតទាក់ទងនឹងរឿងនេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនKrisEnergy ស្នើសុំនាំចេញប្រេងជាលើកដំបូងពីកម្ពុជាទៅលក់លើទីផ្សារអន្តរជាតិ

ព័ត៌មាន
ស្របពេលដែលក្រុមហ៊ុនសិង្ហបុរី KrisEnergy ដែលបាននឹងកំពុងរុករក និងបូមប្រេងនៅកម្ពុជា កំពុងប្រឈមនឹងបញ្ហាបំណុលមិនទាន់ដោះស្រាយចប់នៅឡើយផងនោះ…

ការធ្វើដំណើរពីឥណ្ឌាចូលទៅអឺរ៉ុបត្រូវបានផ្អាក ដោយសារបារម្ភពីការចម្លងកូវីដ-១៩

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុបនៅសប្ដាហ៍នេះ បានអំពាវនាវដល់ប្រទេសក្នុងតំបន់អឺរ៉ុបទាំងអស់ ឲ្យផ្អាកការធ្វើដំណើរពីប្រទេសឥណ្ឌាចូលតំបន់អឺរ៉ុបជាបណ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ