លោក Elon Musk ចោទថា Apple បានគំរាមដក Twitter ចេញពី App Store

តើជោគវាសនា Twitter របស់Elon Musk នឹងទៅជាយ៉ាងណាទៀត បើAppleដកចេញពី App Store?


មហាសេដ្ឋីលោក Elon Musk បានសម្តែងការអាក់អន់ចិត្ត និងបានចោទប្រកាន់ក្រុមហ៊ុន Apple ថាបានគំរាមដកកម្មវិធីបណ្ដាញសង្គម Twitter របស់លោកចេញពី App Store របស់ Apple។ ប្រសិនបើការលើកឡើងរបស់លោក Elon Musk នេះជាការពិត នោះក្រុមហ៊ុនបណ្តាញសង្គមយក្សមួយនេះ នឹងកាន់តែទ្រុឌទ្រោមថែមទៀត ដោយបាត់បង់ច្រកផ្សព្វផ្សាយដ៏ធំ ខណៈដែល Twitter ក៏កំពុងប្រឈមមុខនឹងវិបត្តិធ្លាក់ចុះប្រាក់ចំណូលយ៉ាងខ្លាំងស្រាប់ទៅហើយនោះ។ ដោយឡែក ជុំវិញបញ្ហានេះ ខាងក្រុមហ៊ុន Apple នៅមិនទាន់ចេញមុខមកបញ្ជាក់អ្វីនៅឡើយទេ។
តើជោគវាសនា Twitter របស់Elon Musk នឹងទៅជាយ៉ាងណាទៀត បើAppleដកចេញពី App Store?

លោក Elon Musk បានបង្ហោះនៅលើបណ្តាញសង្គម Twitter របស់លោកកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ថា ក្រុមហ៊ុន Apple កំពុងគំរាម និងដាក់សម្ពាធ Twitter ដោយទាមទារឱ្យរឹត្បិតលើមាតិកាណាដែលបំពានច្បាប់ ឬបង្កការប៉ះពាល់អវិជ្ជមានជាដើម បន្ទាប់ពី Apple បានបញ្ឈប់ការផ្សព្វផ្សាយលើបណ្តាញសង្គមយក្សមួយនេះផងដែរ។

យ៉ាងណាក៏ដោយ ចំពោះការចោទប្រកាន់នេះ មិនទាន់ត្រូវបានបញ្ជាក់ដោយ Apple នៅឡើយទេ ខណៈក្រុមហ៊ុនយក្សអាមេរិកនេះ ធ្លាប់បានដក App មួយចំនួនចេញពីកម្មវិធី App Store របស់ខ្លួន ដូចជា Gab និង Parler ជាដើម ។ Parler ដែលជា App ពេញនិយមខ្លាំងជាមួយនឹងក្រុមអភិរក្សនិយមអាមេរិក ត្រូវបាន Apple អនុញ្ញាតឱ្យដាក់ក្នុង App Store ឡើងវិញក្នុងឆ្នាំ២០២១ បន្ទាប់ពី App នេះបានធ្វើកំណែប្រែអនុវត្តត្រឹមត្រូវនូវការចេញមាតិការបស់ខ្លួន។

App Store របស់ Apple គឺជាច្រកផ្លូវតែមួយគត់ក្នុងការបែងចែកកម្មវិធី Software ទៅកាន់តែ iPhone និង iPad។ ប្រសិនបើកម្មវិធី Twitter ត្រូវបានដកចេញនោះ បណ្តាញសង្គមមួយនេះ នឹងបាត់បង់កន្លែងចែកចាយកម្មវិធីរបស់ខ្លួនសម្រាប់អ្នកប្រើប្រាស់។ ទន្ទឹមនឹងនេះ Apple បានតម្រូវឱ្យអ្នកបង្កើត App សម្រាប់ iPhone ទាំងឡាយត្រូវចំណាយចន្លោះពី ១៥% ទៅ ៣០% នៃទំនិញឌីជីថលណាមួយដែលលក់បានតាមរយៈ App Store គឺត្រូវចែកទៅឲ្យក្រុមហ៊ុន Apple។

សូមជម្រាបថា ក្រោយលោក Elon Musk ចូលកាន់កាប់ក្រុមហ៊ុន Twitter គឺលោកកាត់បន្ថយការចំណាយជាច្រើន ក្នុងនោះការចំណាយលើការផ្សព្វផ្សាយរបស់ក្រុមហ៊ុននេះនៅចន្លោះថ្ងៃទី ១០ ដល់ ១៦ វិច្ឆិកា ២០២២ មានចំនួនប្រហែលជាង ១៣ម៉ឺនដុល្លារ ពោលគឺធ្លាក់ចុះពីចំនួន ២២ម៉ឺនដុល្លារ ក្នុងចន្លោះពីថ្ងៃទី១៦ ដល់ ២២ តុលា គឺជារយៈពេល១សប្តាហ៍មុនការចូលមកដល់របស់មហាសេដ្ឋីពិភពលោករូបនេះ។ នេះបើយោងតាមក្រុមហ៊ុនវាស់វែងការផ្សព្វផ្សាយ Pathmatics។

គួររំលឹកដែរថា នៅត្រីមាសទី១នៃឆ្នាំ២០២២ ក្រុមហ៊ុន Apple គឺជាអ្នកផ្សព្វផ្សាយច្រើនជាងគេមួយ នៅលើ Twitter ដោយចំណាយប្រមាណ ៤៨លានដុល្លារ ឬប្រហែលជាង ៤% នៃចំណូលសរុបរបស់ Twitter៕

អត្ថបទ៖ នៅ សំភី




អត្ថបទបន្ទាប់


អារ៉ាប់រួម គ្រោងវិនិយោគបន្ថែម ១៥០ពាន់លានដុល្លារ ដើម្បីបង្កើនការផលិតប្រេង និងឧស្ម័ន ចំពេលការផ្គត់ផ្គង់សកលខ្វះខាត

ព័ត៌មាន
ក្រុមហ៊ុនថាមពលដ៏ធំមួយរបស់អារ៉ាប់រួម គ្រោងបន្ថែមការវិនិយោគដល់ ១៥០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ឆ្នាំក្រោយ ដើម្បីបង្កើនសមត្ថភាពផលិតប្រេង និ…

ចំណាយកាន់តែតិច៖ ការធ្វើដំណើរទៅមកភ្នំពេញ-វៀតណាមត្រឹមតែ ៥៥ ដុល្លារ ជាមួយវិរៈប៊ុនថាំ

ព័ត៌មាន
ការធ្វើដំណើរទៅមកភ្នំពេញ-ហូជីមិញ ចំណាយកាន់តែតិចជាងមុន ត្រឹមតែ ៥៥ ដុល្លារប៉ុណ្ណោះ ជាមួយនឹងក្រុមហ៊ុន វិរៈប៊ុនថំាំ ដែលជាក្រុមហ៊ុនផ្ដល់សេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ