ឈ្វេងយល់អំពីមេរោគបំប្លែងថ្មីអូមីក្រុង

រឿងរ៉ាវសំខាន់ៗ ដែលអ្នកគួរដឹងពីការរីករាលដាលនៃមេរោគបំប្លែងថ្មី អូមីក្រុង


បន្ទាប់ពីមានការរកឃើញនូវមេរោគកូវីដ១៩បំប្លែងថ្មី អូមីក្រុងរួចមក ពិភពលោកហាក់មានព្រួយបារម្ភខ្លាំង និងបានចាត់វិធានការបន្ទាន់ភ្លាមៗ ដើម្បីទប់ស្កាត់ការឆ្លងរីករាលមេរោគបំប្លែងថ្មីនេះ ព្រោះបារម្ភខ្លាចត្រូវជាន់ដានចាស់ ជួបគ្រោះមហន្ដរាយធ្ងន់ធ្ងរដូចពេលកន្លងមក។
អ្នកគួរដឹងពីការរីករាលដាលនៃមេរោគបំប្លែងថ្មី អូមីក្រុង

ទោះយ៉ាងណា​ ក៏មានប្រទេសខ្លះ នៅតែប្រកាន់ជំហរឹងមាំ​ចំពោះ​ការបើក​ប្រទេសឡើងវិញ តួយ៉ាង​ដូចជាអាមេរិក​ជាដើម ប្រធានាធិបតីអាមេរិក​ បាន​អះអាងច្បាស់ៗថា អាមេរិក​នឹង​ប្រយុទ្ធទប់ទល់នឹងមេរោគបំប្លែងថ្មីនេះ ហើយអាមេរិក​នឹងមិនដើរថយក្រោយ បិទខ្ទប់ប្រទេសជាថ្មីទៀតនោះទេ​។ មេដឹកនាំអាមេរិក លោក ចូ បៃឌិន ក៏បានប្រាប់​ទៅកាន់ពលរដ្ឋរបស់ខ្លួន ក៏ដូចជា​ពិភពលោក​ថា ​កុំឲ្យមានការស្លន់ស្លោរ​ចំពោះ​មេរោគបំប្លែងថ្មីអូមីក្រុងនេះ ប៉ុន្ដែ ត្រូវបង្កើនការចាក់វ៉ាក់សាំងដូសជំរុញ។ តើមកទល់ពេលនេះ អង្គការសុខភាពពិភពលោក បាន​បញ្ជាក់ចុងក្រោយ​អ្វីខ្លះដែរ ជុំវិញនឹងការផ្ទុះឡើងនៃមេរោគបំប្លែថ្មីអូមីក្រុងនេះ ហើយ​វាកំពុង​អុកឡុក​ពិភពលោក​យ៉ាងដូចម្ដេចខ្លះ?

Story: យើងផ្ដើមនិយាយពី ការកកើតដំបូងនៃមេរោគបំប្លែងថ្មី អូមីក្រុងនេះជាមុនសិន។ មែនទែនទៅ មេរោគបំប្លែងថ្មីនេះ ត្រូវបានគេរកឃើញដំបូង​នៅអាហ្វ្រិកខាងត្បូង នៅថ្ងៃទី​២៤ ខែវិច្ឆិកាឆ្នាំ២០២១ ដោយដំបូងគេហៅវា B.1.1.529 បន្ទាប់មក​វាក៏ត្រូវបាន​អង្គការសុខភាពពិភពលោក​ដាក់ឈ្មោះឲ្យថ្មីថា អូមីក្រុង។

អង្គការសុខភាពពិភពលោក នៅថ្ងៃចន្ទសប្ដាហ៍នេះ បាន​អះអាងថា វានៅតែមាន​ ភាពមិនទាន់​ប្រាកដប្រជានៅឡើយទេ អំពី​មេរោគបំប្លែងថ្មី អូមីក្រុងនេះ។ ទោះយ៉ាងណា អង្គការសុខភាពពិភលោក បាន​កត់សម្គាល់ឃើញថា មេរោគបំប្លែងថ្មី អូមីក្រុងនេះ មានបំប្លែងខ្លួន​ឆាប់រហ័ស ហើយអាច​នឹង​ទប់ទល់​ប្រព័ន្ធភាពស៊ាំ​នៅក្នុងរាងកាយមនុស្ស និង​មានលទ្ធភាពចម្លងខ្ពស់។ ក៏ប៉ុន្ដែ អង្គការសុខភាពពិភពលោក គូសបញ្ជាក់ថា គេនៅមិនទាន់​ដឹងប្រាកដនៅឡើយថា មេរោគបំប្លែងថ្មី អូមីក្រុងនេះ វាពិតជាឆ្លងលឿនជាង​​មេរោគ​បំប្លែងថ្មីផ្សេងៗទៀត ឬក៏យ៉ាងណា? ហើយអង្គការសុខភាពពិភពលោក ក៏មិនទាន់ដឹងច្បាស់ដែរថា តើប្រសិទ្ធភាព​វ៉ាក់សាំង​បច្ចុប្បន្ននេះ អាចប្រឆាំងទប់ទល់​នឹងមេរោគបំប្លែងថ្មីនេះ បានឬក៏មិនបាននោះទេ។  អ្វីដែលអង្គការសុខភាពពិភពលោក​បញ្ជាក់បាន​នាពេលនេះ គឺគ្រាន់តែដឹងថា អូមីក្រុង គឺស្ថិតក្នុងចំណោម​មេរោគរោគ​បំប្លែងថ្មី ដែលមានហានិភ័យ​ខ្ពស់ណាស់។ ហើយបច្ចុប្បន្ន អង្គការនេះ កំពុងតែបន្ដធ្វើការតាមដានស្រាវជ្រាវ​បន្ថែមទៀត។

តើប្រទេសប៉ុន្មានហើយដែលរកឃើញករណីមេរោគកូវីដ១៩បំប្លែងថ្មី អូមីក្រុង?

ក្រោយពីកំណត់​អត្តសញ្ញាណបាន​នៅអាហ្វ្រិកខាងត្បូងរួចមក គិតមកទល់ថ្ងៃអង្គារសប្ដាហ៍នេះ មេរោគបំប្លែងខ្លួនថ្មី អូមីក្រុង បាននិងកំពុង​បន្ដ​ឆ្លងរាលដាល​ទៅដល់​ប្រទេស​ជាង១០ហើយ ក្នុងនោះ ប្រទេសប៊ែលហ្សិក គឺជាប្រទេសដំបូងគេបង្អស់​នៅអឺរ៉ុប ដែល​រកឃើញករណីឆ្លងមេរោគបំប្លែងថ្មី អូមីក្រុង លើអ្នកដំណើរ​មិនបាន​ចាក់វ៉ាក់សាំងម្នាក់ ដែលទើបធ្វើដំណើរមកពីប្រទេស​អេស៊ីប។ ក្រោយមកទៀត ក៏ត្រូវបាន​រកឃើញជាបន្ដបន្ទាប់​នៅប្រទេស​ ព័រទុយហ្គាល់, ណូវេសេឡង់, បូស្វាណា, ទីក្រុងហុងកុង, អ៊ីស្រាអែល, អូស្ត្រាលី, ជប៉ុន, កាណាដា, អាល្លឺម៉ង់, អង់គ្លេស, បារាំង និង ដាណឺម៉ាក ជាដើម។

ក្រោយរកឃើញករណីឆ្លងមេរោគបំប្លែងថ្មីនេះ គិតមកទល់ពេលនេះ មាន​ប្រទេស និងដែនដីប្រមាណ​៧០ ហើយដែលបាន​ដាក់វិធានការរឹតត្បិតការធ្វើដំណើរពីប្រទេស​តំបន់អាហ្វ្រិក និងបណ្ដាប្រទេសមានហានិភ័យឆ្លងមេរោគបំប្លែងថ្មី អូមីក្រុង។ ក្នុងនោះ កម្ពុជាយើង​ក៏បាន​ដាក់ការរឹតត្បិតលើការធ្វើដំណើរនេះដូចគ្នាដែរ។ ការបិទការធ្វើដំណើរ​ពីតំបន់អាហ្វ្រិកនេះ ក៏ត្រូវបាន​រដ្ឋាភិបាល​អាហ្វ្រិកខាងត្បូង រិះគន់ខ្លាំងទៅកាន់ពិភពលោក​ផងដែរ និងអំពាវនាវ​ឲ្យ​ប្រទេស​នានា បន្ដបើកឲ្យមានការធ្វើដំណើរពី​តំបន់អាហ្វ្រិក​ឡើងវិញ។

យ៉ាងណាក៏ដោយចុះ បើតាម​អង្គការសុខភាពពិភពលោក បច្ចុប្បន្ននេះ មេរោគបំប្លែងថ្មី អូមីក្រុង កំពុងលុកលុយ​ទៅគ្រប់ខេត្ត​ទាំងអស់នៃប្រទេសអាហ្វ្រិកខាងត្បូងទៅហើយ ហើយបើតាម​ការព្យាកររបស់អ្នកជំនាញ ករណីឆ្លង​នៅប្រទេសនេះ នឹងកើនដល់ជាង​១ម៉ឺនករណី​​ក្នុងមួយថ្ងៃ នៅត្រឹមចុងសប្ដាហ៍នេះ​ ហើយនៅ​ប្រហែល ២ ទៅ៣សប្ដាហ៍ទៀត គេនឹងឃើញមានអ្នកជំងឺកាន់តែច្រើន​នឹងត្រូវចូលសម្រាក​នៅមន្ទីរពេទ្យ ដែលវានឹងដាក់សម្ពាធ​លើ​ប្រព័ន្ធសុខាភិបាលផងដែរ។

អង្គការសុខភាពពិភពលោក បាន​ប្រាប់​ទៅឲ្យ​រដ្ឋាភិបាល​ប្រទេសនានា គួរតែ​បង្កើន​ល្បឿន​​ចាក់វ៉ាក់សាំង ឲ្យបាន​លឿនបន្ថែមទៀត ពិសេស​សម្រាប់​ក្រុម​អ្នកងាយរងគ្រោះ ដូចជា​មនុស្សវ័យចំណាស់ជាដើម ពិសេសជាងនេះ គឺត្រូវ​ប្រកាន់ខ្ជាប់នូវវិធានសុខាភិបាល ពាក់ម៉ាស់ លាងដៃ និងបាញ់អាល់កុលជាដើម។

ប្រធាន​ទីប្រឹក្សាសុខាភិបាលអាមេរិក លោក អាន់តូនី ហ្វាស៊ី អះអាងថា បើទោះបីជាពេលនេះ គេមិនទាន់ដឹងច្បាស់ពីមេរោគបំប្លែងថ្មី អូមីក្រុងក៏ដោយចុះ ប៉ុន្ដែ អ្វីដែលគេដឹងច្បាស់នាពេលនេះ គឺ​អ្នកដែលបាន​ចាក់វ៉ាក់សាំងរួច គឺប្រសើរជាងអ្នកដែល​មិនបានចាក់វ៉ាក់សាំងសោះ ហើយវារឹតតែប្រសើរថែមទៀត សម្រាប់អ្នកដែលបាន​ចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនសន្យាបង្កើនការវិនិយោគ និងបន្តផ្តល់វ៉ាក់សាំងកូវីដ១៩ ចំនួន១ពាន់លានដូសទៀតដល់ទ្វីបអាហ្វ្រិក

ព័ត៌មាន
ថ្នាក់ដឹកនាំកំពូលចិន លោក ស៊ី ជីនពីង បាននិយាយថា ប្រទេសចិននឹងនាំយកវ៉ាក់សាំងបង្ការកូវីដ១៩ប្រមាណ ១ពាន់លានដូសទៀត ជួយដល់ប្រទេសនៅក្នុងទ្វី…

ដីព្រៃលិចទឹកបឹងទន្លេសាបមួយចំនួនបានដកហូតបណ្ដើរៗហើយ ខណៈអាជ្ញាធរកំពុងស្រាវជ្រាវរកមុខ ជនខិលខូចបន្ត

ព័ត៌មាន
មកទល់ពេលនេះក្រុមការងារចុះពិនិត្យនិងស្រាវជ្រាវការទន្ទ្រានដីព្រៃលិចទឹកនៅតំបន់បឹងទន្លេសាប បានចាប់ផ្ដើមដកហូតជាបណ្ដើរៗ នូវដីព្រៃលិចទឹកបឹងទន្ល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ