ទីផ្សារខុនដូ

តើទីផ្សារខុនដូនឹងអាចស្ទុះងើបខ្លាំងឡើងវិញនៅពេលណា?


ទីផ្សារខុនដូនៅកម្ពុជាបានកម្រើកឡើងវិញជាបណ្តើរៗហើយក្រោយពីរាជរដ្ឋាភិបាលកម្ពុជាប្រកាសបើកសកម្មភាពសង្គម និងសេដ្ឋកិច្ចលើគ្រប់វិស័យឡើងវិញ និងលើកលែងការធ្វើចត្តាឡីស័កចំពោះអ្នកដំណើរចូលមកកម្ពុជា ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ រួច។
វិស័យអចលនទ្រព្យនៅកម្ពុជា (រូបភាព៖ ហេង ភារម្យ)

ជាមួយគ្នានេះ អ្នកជំនាញអចលនទ្រព្យសង្កេតឃើញថា ទាំងវិនិយោគិនក្នុងស្រុក និងក្រៅស្រុក បានចាប់ផ្តើមមានក្តីសង្ឃឹម វិនិយោគលើវិស័យខុនដូនៅកម្ពុជាឡើងវិញហើយ បន្ទាប់ពីវិបត្តិកូវីដ-១៩ បានធ្វើឲ្យសកម្មភាពវិនិយោគនានាស្ងប់ស្ងាត់អស់រយៈពេលជាច្រើនខែកន្លងមក។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យរកស៊ីលើវិស័យនេះ ក៏ចាប់ផ្តើមមានប្រតិបត្តិការយ៉ាងផុសផុលឡើងវិញផងដែរ។ អ្នកជំនាញរំពឹងថា ទីផ្សារខុនដូ នឹងមានកំណើនល្អនៅឆ្នាំ២០២២ ជាពិសេសបន្ទាប់ពីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន។

នាពិធីសម្ពោធបើកការិយាល័យទី៣របស់ក្រុមហ៊ុនអចលនទ្រព្យ ERA Cambodia លោក ខន គង្គា អគ្គនាយកក្រុមហ៊ុន ERA Cambodia បានគូសបញ្ជាក់ថា ទោះបីពិភពលោករួមទាំងកម្ពុជា ស្ថិតក្នុងវិបត្តិកូវីដ-១៩ ប្រមាណពីរឆ្នាំកន្លងមកនេះ ទីផ្សារខុនដូនៅកម្ពុជានៅតែមានចរន្តទិញលក់ចំពោះគម្រោងដែលផ្តោតលើអតិថិជនក្នុងស្រុក ខណៈបច្ចុប្បន្នសកម្មភាពវិនិយោគ និងទិញលក់ដុនដូចាប់ផ្តើមមានសកម្មភាពល្អប្រសើរឡើងវិញជាបណ្ដើរៗហើយ។ លោកសង្កេតឃើញថា ភាពល្អប្រសើរនេះ គឺបន្ទាប់ពី​រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបើកប្រទេសឡើងវិញ និងលើកលែងការធ្វើចត្តាឡីស័កចំពោះអ្នកដំណើរចូលមកកម្ពុជា ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ រួច ហើយលោកសង្ឃឹមថា លំហូរវិនិយោគិនបរទេសនឹងចូលមកសំឡឹងមើលឱកាសវិនិយោគលើវិស័យខុនដូនៅកម្ពុជាកាន់តែច្រើនក្រោយមានការបើកជើងហោះហើរកាន់តែទូលំទូលាយ។ 

ជុំវិញទីផ្សារខុនដូនៅកម្ពុជានេះដែរ លោក ច្រឹក សុខនីម ប្រធានសមាគមទីភ្នាក់ងារ និងវាយតម្លៃអចលនវត្ថុកម្ពុជា​សង្កេតឃើញថា ក្រោយរាជរដ្ឋាភិបាលកម្ពុជាប្រកាសបើកប្រទេសឡើងវិញរួចមក អតិថិជនក្នុងស្រុកបានចាប់ផ្តើមសកម្មភាពដើរមើល និងរកទិញខុនដូតាមគម្រោងនានាបណ្តើរៗហើយ ដែលធ្វើឲ្យទីផ្សារខុននៅកម្ពុជាមានភាពល្អប្រសើរឡើងវិញមួយកម្រិត។ ប៉ុន្ដែ សម្រាប់ អតិថិជន និងអ្នកវិនិយោគបរទេសមិនទាន់មានសញ្ញាវិជ្ជមានជាដុំកំភួននៅឡើយទេសម្រាប់វិស័យខុនដូនៅកម្ពុជា ទោះបីមានការបើកប្រទេស និងលើកលែកការធ្វើចត្តាឡីស័កក៏ដោយ។ ទោះបីយ៉ាងនេះក្តីលោក ច្រឹក សុខនីម ជឿជាក់ថា វិស័យខុនដូនៅកម្ពុជានឹងមានភាពកំណើនខ្ពស់ក្រោយពិធីបុណ្យចូលឆ្នាំចិននៅឆ្នាំ២០២២ ខាងមុខ។ 

ពាក់ព័ន្ធ​ទីផ្សារ​ខុន​ដូ​នេះ​ដែរ ឧកញ៉ា ចេ​ង ខេ​ង អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ CPL បានលើកឡើងដែរថា ​ទីផ្សារ​ខុន​ដូ​នៅ​កម្ពុជា​បច្ចុប្បន្ន​ភាគច្រើន​ពឹងផ្អែក​លើ​ជនបរទេស ខណៈ​ទំនោរ​ជនជាតិ​ខ្មែរ​ចូល​ចិត្ត​រស់នៅ​តាម​ផ្ទះ​ដែល​មាន​ទីធ្លារ​ធំ​ទូលាយ និង​នៅ​ផ្ទាល់​ដី ដោយសារ​កម្ពុជា​នៅ​សល់​ដី​ទំនេរ​ច្រើន​។ ប៉ុន្តែ ​អ្នកជំនាញ​មានបទពិសោធន៍​ជាង​២០​ឆ្នាំ​ក្នុង​វិស័យ​អចលនទ្រព្យ​រូប​នេះ​ជឿជាក់​ថា ទៅ​ថ្ងៃ​អនាគត​ទីផ្សារ​ខុន​ដូ ដែល​អាច​នឹង​ជា​វិស័យ​ដ៏​មាន​សក្តានុពល​នៅ​កម្ពុជា នឹង​គ្រប់​ដណ្តប់​ភាគច្រើន​ដោយ​អ្នក​ប្រើប្រាស់​ក្នុងស្រុក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ តម្លៃ២ពាន់លានដុល្លារ នឹងបញ្ចប់នៅឆ្នាំ២០២៣ ខណៈបច្ចុប្បន្នសម្រចបាន៧០%

ព័ត៌មាន
គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ប្រវែង១៩០គីឡូម៉ែត្រ តម្លៃប្រមាណ២ពាន់លានដុល្លារ សម្រេចបានការសាង់សង់ ប្រមាណ ៧០ភាគរយហើយ គិតត្រឹម ខ…

អូស្ត្រាលី និង កូរ៉េខាងត្បូង ចុះកិច្ចព្រមព្រៀងក្នុងទំហំទឹកប្រាក់ ៦៨០លានដុល្លារ ទាក់ទងវិស័យការពារជាតិ

ព័ត៌មាន
ប្រទេសអូស្ត្រាលី និងកូរ៉េខាងត្បូងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទាក់ទងនឹងវិស័យការពារជាតិជាមួយគ្នា ដោយគិតជាទំហំទឹកប្រាក់ ៦៨០ លានដុល្លារ ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ