វ៉ាក់សាំងកូវីដ-១៩ចិន

ក្រុមអ្នកជំនាញឯករាជ្យ WHO៖ វ៉ាក់សាំងចិនទាំងពីរប្រភេទមានប្រសិទ្ធភាព ប៉ុន្តែស្ទើរទិន្នន័យ


ក្រោយពីមានការត្រួតពិនិត្យប្រសិទ្ធភាព និង គុណភាពរបស់វ៉ាក់សាំងចិនទាំងពីរប្រភេទ គឺ ស៊ីណូវ៉ាក់ និងស៊ីណូហ្វាម រួចមក ក្រុមអ្នកជំនាញឯករាជ្យ នៃអង្គការសុខភាពពិភពលោក WHO បានអះអាងឲ្យដឹងថា វ៉ាក់សាំងចិនទាំង២ប្រភេទ គឺ Sinovac និង Sinopharm នៅមិនទាន់មានទិន្នន័យជាក់លាក់គ្រប់គ្រាន់នោះទេ ប៉ុន្តែបានបញ្ជាក់ថា Sinovac និង Sinopharm អាចធានាបានពីប្រសិទ្ធភាពរបស់វា។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
វ៉ាក់សាំងកូវីដ១៩ផលិតនៅប្រទេសចិនទាំងពីរប្រភេទគឺ វ៉ាក់សាំង Sinopharm (លើ) និង វ៉ាក់សាំង Sinovac (ក្រោម) រូបភាព៖ Xinhua
ដោយ

យើង​ផ្តើមនិយាយ​ពី​លទ្ធផល​នៃ​ដំណើរការ​ត្រួតពិនិត្យ​របស់​វ៉ាក់សាំង ស៊ី​ណូ​ហ្វា​ម (Sinopharm)​ជា​មុន​សិន​។ ក្រុម​អ្នកជំនាញ​ឯករាជ្យ​នៃ​អង្គការ​សុខភាព​ពិភពលោក​បាន​ឲ្យ​ដឹង នៅ​ថ្ងៃ​ទី​៥​ឧសភា​ថា ពួក​គេ​ពុំ​សូវ​មាន​ជំនឿ​ចិត្ត​លើ​ទិន្នន័យ​ផ្នែក​ខ្លះ​របស់​វ៉ាក់សាំង ស៊ី​ណូ​ហ្វា​ម​នោះ​ទេ​។ តើ​អ្វី​ដែល​អ្នកជំនាញ​ពុំ​សូវ​មាន​ទំនុកចិត្ត?

ក្រុម​អ្នកជំនាញ​អង្គការ​សុខភាព​ពិភពលោក​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា ពួក​គេ​ពុំ​សូវ​មាន​ទំនុកចិត្ត​លើ​ទិន្នន័យ​ដែល​ថា «​ផល​រំខាន​សុខភាព​ធ្ងន់ធ្ងរ​របស់​វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម​លើ​មនុស្ស​ចាប់ពី​អាយុ ៦០​ឆ្នាំ​ឡើង​ទៅ មាន​កំរិត​ទាប​» និង មិនសូវ​មាន​ទំនុកចិត្ត​ផង​ដែរ ទៅ​លើ​ទិន្នន័យ​ដែល​ថា «​ផល​រំខាន​សុខភាព​ធ្ងន់ធ្ងរ​របស់​វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម​លើ​មនុស្ស​ដែល​មាន​ជំងឺ​ប្រចាំ​កាយ មាន​កំរិត​ទាប​»​។​។

គួរ​ជម្រាប​ជូន​ថា ទិន្នន័យ​ដែល​ក្រុម​អ្នកជំនាញ​នៃ​អង្គការ​សុខភាព​ពិភពលោក​យក​មក​បញ្ជាក់​អះអាង​ទាំង​អស់នេះ គឺ​យក​មក​ពី​ការ​ពិសោធន៍​សាកល្បង​លើក​ទី​៣ នៅ​តាម​មន្ទីរពិសោធន៍​ជា​ច្រើន​ដូច​ជា នៅ​ប្រទេស​ចិន បា​រ៉ែ​ន អេ​ហ្ស៊ី​ប និង​អា​រ៉ាប់​រួម​ជាដើម​។

ទោះ​យ៉ាងណា​ក៏​ដោយ ក្រុម​អ្នកជំនាញ​ឯករាជ្យ​នៃ​អង្គការ​សុខភាព​ពិភពលោក​ទាំង​អស់នោះ បាន​បង្ហាញ​ពី​ការ​ជឿជាក់​ខ្លាំង​ទៅ​លើ​វ៉ាក់សាំង​ចិន​ស៊ី​ណូ​ហ្វា​ម​ជុំវិញ​ប្រសិទ្ធភាព​របស់​វា​ចំពោះ​ការ​ការពារ​ការ​ឆ្លង​កូ​វី​ដ​-១៩ សម្រាប់​មនុស្ស​វ័យ​១៨ ដល់​៥៩​ឆ្នាំ​។

ប្រសិទ្ធភាព​នៃ​ការ​សាកល្បង​ដំណាក់កាល​ទី​៣​នៅ​ប្រទេស​ជា​ច្រើន បាន​បង្ហាញ​ថា ស៊ី​ណូ​ហ្វា​ម​មាន​ប្រសិទ្ធភាព​ក្នុង​បរិមាណ ៧៨% អាច​ទប់ទល់​នឹង​កូ​វី​ដ​-១៩ ក្រោយ​ចាក់​ដូ​ស​ទី​២​។

គួរ​បញ្ជាក់​ថា​ដែរ​ថា វ៉ាក់សាំង​ចិន​ស៊ី​ណូ​ហ្វា​ម ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ជាង ៤៥​ប្រទេស​និង​ដែនដី​ជុំវិញ​ពិភពលោក​សម្រាប់​មនុស្ស​ពេញវ័យ ហើយ​មក​ទល់​នឹង​ពេល​នេះ បាន​ប្រើប្រាស់​អស់ ៦៥​លាន​ដូ​ស​ហើយ​។

ដោយឡែក សម្រាប់​វ៉ាក់សាំង​ចិន​មួយ​ប្រភេទ​ទៀត គឺ ស៊ី​ណូ​វ៉ា​ក់ (Sinovac) ត្រូវ​បាន​ក្រុម​អ្នកជំនាញ​ឯករាជ្យ​នៃ អង្គការ​សុខភាព​ពិភពលោក​អះអាង​ស្រ​ដៀង​គ្នា​ដែរ​ថា វា​មាន​ប្រសិទ្ធភាព ប៉ុន្តែ​នៅ​ខ្វះខាត​ទិន្នន័យ​មួយ​ចំនួន​។

តើ​ទិន្នន័យ​អ្វី​ដែល​ក្រុម​អ្នកជំនាញ​ឯករាជ្យ WHO អះអាង​ថា ខ្វះខាត​នោះ?

ទិន្នន័យ​ដែល​ខ្វះខាត​នោះ គឺ​ចង់​សំដៅ​ដល់ ភស្តុ​តាង ដែល​បញ្ជាក់​ថា វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់​មិន​មាន​ផល​រំខាន​ដល់​សុខ​ខា​ព​ធ្ងន់ធ្ងរ​ក្រោយ​ពេល​ចាក់​។

ស្រ​ដៀង​ទៅ​នឹង​វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម​ដែរ វ៉ាក់សាំង​ចិន​ស៊ី​ណូ​វ៉ា​ក់​ត្រូវ​បាន​អ្នកជំនាញ​អង្គការ​សុខភាព​ពិភពលោក​អះអាង​ថា ពួក​គេ​មាន​ជំនឿ​ចិត្ត​កម្រិត​មធ្យម​ប៉ុណ្ណោះ​ទៅ​លើ​ទិន្នន័យ​ដែល​ថា   «​ផល​រំខាន​សុខភាព​ធ្ងន់ធ្ងរ​របស់​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់លើ​មនុស្ស ដែល​មាន​អាយុ​ក្រោម ៥៩​ឆ្នាំ មាន​កម្រិត​ទាប​»​។

លើស​ពី​នេះ​ក្រុម​អ្នកជំនាញ​ឯករាជ្យ WHO បន្ត​អះអាង​ថា ពួក​គេ មាន​ជំនឿ​ចិត្ត​តិចតួច​ទៅ​លើ​ទិន្នន័យ​ដែល​បង្ហាញ​ថា «​ផល​រំខាន​សុខភាព​ធ្ងន់ធ្ងរ​របស់​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់ លើ​មនុស្ស​ដែល​មាន​អាយុ​លើ​៦០​ឆ្នាំ មាន​កម្រិត​ទាប​»​។

គួរ​ជម្រាប​ជូន​ថា ទិន្នន័យ​ដែល​ក្រុម​អ្នកជំនាញ​អង្គការ​សុខភាព​ពិភពលោក​យក​មក​អះអាង​ទាំង​អស់នេះ គឺ​យក​មក​ពី​ការ​ពិសោធន៍​សាកល្បង​លើក​ទី​៣ នៅ​តាម​មន្ទីរពិសោធន៍​ជា​ច្រើន​ដូច​ជា នៅ​ប្រទេស​ចិន ប្រេ​ស៊ី​ល ឥណ្ឌូ​នេ​ស៊ី  តួ​គី និង​ឈី​លី​។

យ៉ាងណា​ក៏​ដោយ​អ្នកជំនាញ​បាន​ទទួលស្គាល់​ថា វ៉ាក់សាំង​ចិន​ស៊ី​ណូ​វ៉ា​ក់​ពិតជា​មាន​ប្រសិទ្ធភាព​អាច​ការពារ​អ្នកមាន​អាយុ​ក្រោម ៦០​ឆ្នាំ ពី​ការ​ឆ្លង​កូ​វី​ដ​-១៩​បាន​ពិតប្រាកដ​មែន​។

សូម​បញ្ជាក់​ថា វ៉ាក់សាំង​ចិន​ស៊ី​ណូ​វ៉ា​ក់​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​នៅ​ជាង ៣២​ប្រទេស និង​ដែនដី​ជុំវិញ​ពិភពលោក សម្រាប់​មនុស្ស​ពេញវ័យ ហើយ​មក​ទល់​នឹង​ពេល​នេះ បាន​ប្រើប្រាស់​អស់​ចំនួន ២៦០​លាន​ដូ​ស​ហើយ​។

បច្ចុប្បន្ន​អង្គការ​សុខភាព​ពិភពលោក​បាន​នឹង​កំពុង​ពិនិត្យ​វាយតម្លៃ​ពី​ប្រសិទ្ធភាព​វ៉ាក់សាំង​ទាំង​ពីរ​ប្រភេទ​របស់​ចិន​នេះ គឺ​វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម និង​ស៊ី​ណូ​វ៉ា​ក់​។ គេ​អាច​នឹង​សម្រេច​ថា តើ WHO នឹង​ទទួលស្គាល់ ឬ​មិន​ទទួលស្គាល់ លើ​គុណភាព​វ៉ាកសាំង​ចិន នៅ​ក្នុង​ពេល​ឆាប់​ៗ​នេះ​។ ប្រសិនបើ WHO ទទួលស្គាល់​មែន នោះ​វ៉ាក់សាំង​របស់​ចិន​នឹង​ត្រូវ​ចុះ​ក្នុង​បញ្ជី ប្រើប្រាស់​បន្ទាន់​របស់​អង្គការ​សុខភាព​ពិភពលោក​។ ប្រការ​នេះ​នឹង​ត្រួសត្រាយ​ផ្លូវ​ឲ្យ​វ៉ាក់សាំង​ចិន អាច​ប្រើប្រាស់​ក្នុង​ការ​រួមចំណែក​ដល់​យន្តការ​ជាស​កល COVAX បាន​។

ដោយឡែក ទីភ្នាក់ងារ​ឱសថ​សហភាព​អឺរ៉ុប បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​៤​ខែឧសភា​ដែរ​ថា ខ្លួន​នឹង​ចាប់ផ្តើម​នីតិវិធី​ត្រួតពិនិត្យ​គុណភាព សុវត្ថិភាព និង​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​ចិន ស៊ី​ណូ​វ៉ា​ក់ (Sinovac) ដើម្បី​ឈាន​ទៅ​ប្រើប្រាស់​វ៉ាក់សាំង​មួយ​ប្រភេទ​នេះ នៅ​លើ​ទឹកដី​អឺរ៉ុប​ផង​ដែរ​៕




អត្ថបទបន្ទាប់


ទំនាក់ទំនងអូស្ត្រាលី-ចិនប្រេះឆាកាន់តែខ្លាំង

ព័ត៌មាន
ទំនាក់ទំនងរវាងចិន និងអូស្ត្រាលីកាន់តែយ៉ាប់យ៉ឺនទៅៗហើយនៅមួយរយៈពេលចុងក្រោយនេះ ជួនចំពេលដែលប្រទេសចិន និងប្រទេសលោកខាងលិចក៏កំពុងប្រជែងឥទ្ធ…

រដ្ឋមន្ត្រីកសិកម្ម៖ កម្ពុជាអាចនឹងនាំចេញស្វាយស្រស់ចេញបានប្រហែល១០ម៉ឺនតោនប៉ុណ្ណោះ នៅចុងរដូវស្វាយនេះ

ព័ត៌មាន
នៅថ្ងៃទី ០៧ ខែឧសភា ឆ្នាំ២០២១នេះ ជាថ្ងៃដំបូង ដែលកម្ពុជា បាននាំចេញស្វាយស្រស់របស់ខ្លួនទៅកាន់ប្រទេសចិនដោយផ្ទាល់ ដោយការនាំចេញថ្ងៃនេះ គឺមានស្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ