បុគ្គលល្បីៗ

ឧកញ៉ា ហ៊ុន ឡាក់៖ មុខ​របរ​របស់​ខ្ញុំ​ដំបូង ជា​អ្នក​ទូល​នំ​លក់​តាម​ផ្ទះ!


«កើត​មក​ខ្លួន​ទទេ តែ​កុំ​រស់​ដោយ​ខ្លួន​ទទេ! ចាប់​ផ្ដើម​ពី​បាត​ដៃ​ទទេ ទើប​ដឹង​ថា ការ​តស៊ូ​មាន​អត្ថន័យ​សំខាន់​ប៉ុណ្ណា​សម្រាប់​ជីវិត» នេះ​គឺ​ជា​សម្ដី​ដ៏​មាន​ន័យ​មួយ​ឃ្លា​គ្រប់គ្រាន់​របស់អ្នក​ជំនួញ​ល្បី​បង្គួរ គឺ​លោក​ឧកញ៉ា ហ៊ុន ឡាក់ ដែល​ផ្តើម​មុខ​របរ​លើក​ដំបូង ជា​អ្នក​ទទួល​នំ​ពី​គេ យក​មក​ទូល​ពពាយ​នាយ​លក់​តាម​ទីសាធារណៈ។
លោក​ឧកញ៉ា ហ៊ុន ឡាក់ អគ្គនាយក​ក្រុមហ៊ុន Mekong Oryza Trading និងជា​អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា។ រូបភាព៖ ហេង ភារម្យ
ដោយ

បច្ចុប្បន្ន លោក​ឧកញ៉ា ហ៊ុន ឡាក់ ក្លាយ​ជា​អគ្គនាយក​ក្រុមហ៊ុន​រហូត​ដល់​ទៅ ៦​ក្រុមហ៊ុន​ឯណោះ។ មុខ​ជំនួញ​មួយ​ដែល​លេច​ធ្លោ​ជាង​គេ​ក្នុង​ចំណោម​មុខ​ជំនួញ​របស់​លោក​ទាំង ៦ គឺ​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​ដ៏​ធំ​មួយ​ដែល​មាន​ឈ្មោះ​ថា Mekong Oryza Trading

ស្ថិត​ក្នុង​ចំណោម​ឧកញ៉ា​ល្បីៗ​ជា​ច្រើន​រូប ដែល​កំពុង​មាន​ឈ្មោះ​បោះ​សំឡេង​ខ្លាំង​លើ​វិស័យ​ស្រូវ​អង្ករ លោក​ឧកញ៉ា ហ៊ុន ឡាក់ បច្ចុប្បន្ន​ក៏​មាន​តួនាទី​ជា​អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (CRF) ជា​តួនាទី​មួយ​ដ៏​​សំខាន់​ក្នុង​ការ​ត្រួស​ត្រាយ​ផ្លូវ​ដើម្បី​ស្វែងរក​ទីផ្សារ​អង្ករ​ដល់​កម្ពុជា​ផង​ដែរ។

សារព័ត៌មាន​អេឡិចត្រូនិក ខេមបូណូមីស សូម​លើក​ពី​ប្រវត្តិ​តស៊ូ​ជា​សង្ខេប​របស់​លោក​ឧកញ៉ា ហ៊ុន ឡាក់ ដើម្បី​ចែក​ជូន​មិត្ត​អ្នក​អាន​ដូច​ខាង​ក្រោម​នេះ​បន្តិច។

ចាប់​ផ្ដើម​ជីវិត​លើ​វិថី​ជំនួញ​ពី​បាត​ដៃ​ទទេ​សុទ្ធ​សាធ ដោយ​មិន​មែន​ជា​កូន​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​នោះ​ឡើយ ពោល​គឺ​រស់​នៅ​ក្នុង​ត្រកូល​សាញ្ញជន។ ថ្វី​ត្បិត​ក្រ​ទ្រព្យ ប៉ុន្តែ ហ៊ុន ឡាក់ មិន​ក្រ​គំនិត​ឡើយ ហើយ​​ពិសេស​ជាង​នេះ​ទៅ​ទៀត ទឹក​ចិត្ត​លោក​មិន​ទទេ​នោះ​ទេ ពោល​គឺ​គ្រប់​ជំហាន​នៃ​ការ​រកស៊ី​របស់​លោក ហ៊ុន ឡាក់ ពោរពេញ​ទៅ​ដោយ​ភាព​អំណត់​និង​តស៊ូ​យ៉ាង​ស្វិត​ស្វាញ ហើយ​លោក​បាន​បញ្ជាក់​ថា នៅ​ពេល​ដែល​​យើង​ម្នាក់ៗ មាន​ចំណុច​ពីរ​យ៉ាង​នេះ​នៅ​ក្នុង​ខ្លួន​ហើយ នោះ​អ្វីៗ​ក៏​អាច​នឹង​សម្រេច​បាន​ដែរ។

ឧកញ៉ា ហ៊ុន ឡាក់ ជា​ធុរជន​លេច​ធ្លោ​មួយ​រូប​ក្នុង​វិស័យ​ស្រូវ​អង្ករ និង​ជា​សមាជិក​នៅ​ក្នុង​សភាពាណិជ្ជកម្ម​កម្ពុជា​ផងដែរ។ (រូបភាព៖ ហេង ភារម្យ​)

មិន​មែន​កើត​នៅ​ជនបទ ស្រែចម្ការ​ទេ ហ៊ុន ឡាក់ មាន​សាច់​ឈាម​ជា​អ្នក​មាន​ស្រុក​កំណើត​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ ឧកញ៉ា ហ៊ុនឡាក់ មាន​ប្រវត្តិ​ជូរចត់​មិន​ខុស​ពី​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​ទេ​ក្នុង​របប​ខ្មែរ​ក្រហម ពោល​គឺ លោក​បាន​ឆ្លង​កាត់​នូវ​របប​ខ្មៅ​ងងឹត​ប៉ុលពត ហើយ​នៅ​ពេល​នោះ លោក​ត្រូវ​បាន​ជម្លៀស​ឲ្យ​ទៅ​រស់​នៅ​តំបន់​ដាច់​ស្រយាល​មួយ​ក្នុង​ខេត្ត​បាត់ដំបង។

ជា​ភ័ព្វ​សំណាង ដូច​ទទួល​បាន​ការ​ប្រោះព្រំ​មក​នូវ​ជីវិត​ថ្មី នៅ​ឆ្នាំ​១៩៧៩ របប​ខ្មៅ​ងងឹត​នេះ​ត្រូវ​បាន​ដួល​រលំ លោក​ ក៏​ដូចជា​ប្រជាពលរដ្ឋទូទៅ ត្រូវ​បាន​រំដោះ​ឲ្យ​រស់រាន​មាន​ជីវិត​និង​សេរី​ភាព​ឡើង​វិញ និង បាន​ផ្លាស់​​មក​រស់នៅ​ភ្នំពេញ​ដែល​ជា​ទឹកដី​កំណើត​វិញ។ 

ឧកញ៉ា ហ៊ុន ឡាក់ បាន​លើក​ឡើង​ថា ក្រោយ​ពី​រំដោះ​ខ្លួន​ចេញ​ពី​របរ​ខ្មែរ​ក្រហម​មក អ្វីៗ​គឺ​ត្រូវ​ចាប់​ផ្ដើម​ថ្មី​ទាំង​អស់ ក្រៅ​ពី​ជីវិត​ដែល​នៅ​សេស​សល់ លោក​គ្មាន​សល់​អ្វី​ដែល​ជា​ទ្រព្យ​ធន​នោះ​ទេ ខណៈ​ដែល​លោក​មាន​បង​ប្អូន​ក្នុង​គ្រួសារ​រហូត​ដល់​៨​នាក់។

ទោះ​បី​ជា ហ៊ុន ឡាក់ មិន​មាន​ទ្រព្យ​ធនក្ដី ប៉ុន្ដែ គំនិត​និង​ទឹក​ចិត្ត​តស៊ូ​របស់​លោក មិន​ទទេ​នោះ​ទេ លោក​បាន​ចាប់​ផ្ដើម​មុខ​របរ​ដំបូង ធ្វើ​ជា​អ្នក​ទូល​នំ​លក់ ពោល​គឺ​ទទួល​នំ​ពី​គេ​យក​មក​លក់​បន្ត​ប៉ុណ្ណោះ។ លោក​បញ្ជាក់​កន្លែង​នេះ​ថា «បើ​ខ្ញុំ​លក់​បាន​១០​នំ នោះ​​ខ្ញុំ​នឹង​ទទួល​បាន​ចំណេញ ២​នំ ពី​ម្ចាស់​នំ»។

ឧកញ៉ា ហ៊ុន ឡាក់ ថា នេះ​គឺ​ជា​អាជីវកម្ម​ដំបូង​បំផុត​របស់​លោក ហើយ​វា​ក៏​ជា​ស្ពាន​ចម្លង​លោក​ឲ្យ​បាន​រៀនសូត្រ​បន្ត​នៅ​សាលា និង​បណ្ដុះ​នូវ​គំនិត​សហគ្រិន​ភាព​ផង​ដែរ។ 

លោក​ឧកញ៉ា ហ៊ុន ឡាក់ បាន​គូស​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «ខ្ញុំ​គ្មាន​ទ្រព្យ ឬ​ទុន​អ្វី ដែល​បន្សល់​ទុក​ពី​ឪពុក​ម្ដាយ​នោះ​ទេ។ ត្បិត​ថា​ខ្ញុំ​មាន​តែ​ខ្លួន​ទទេ តែ​ខ្ញុំ​ជឿ​ថា ឲ្យ​តែ​មាន​ការ​តស៊ូ​អំណត់​ព្យាយាម រឿង​អ្វី​ក៏​អាច​ធ្វើ​ទៅ​បាន​ដែរ។ ហើយ​ចាប់​ផ្ដើម​ពី​បាត​ដៃ​ទទេ​នេះ​ហើយ ទើប​យើង​ដឹង​ថា ការ​តស៊ូ​មាន​អត្ថន័យ​សំខាន់​យ៉ាងណា​ចំពោះ​ជីវិត។ ដោយ​ឡែក អ្នក​ខ្លះ​ដែល​កើតមក​​មាន​ទ្រព្យ​សម្បត្តិ​ស្រាប់​នោះ នឹង​មិន​បាន​ដឹង​ពី​ការ​តស៊ូ​ពិត​ថា វាមាន​រស​ជាតិ​យ៉ាង​ម៉េច​នោះ​ទេ»។

ឧកញ៉ា ហ៊ុន ឡាក់ (រូប​ខាង​ស្ដាំ) អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា និង​លោក សុខ ពុទ្ធិវុធ ប្រធាន​សហព័ន្ធ​ស្រូវអង្ករ​កម្ពុជា។

គន្លឹះ​ជោគជ័យ​នៅ​ក្នុង​អាជីវកម្ម​ទាំង​៦ របស់​លោក​ឧកញ៉ា ហ៊ុន ឡាក់ មាន​អ្វី​ខ្លះ?

នៅ​ពេល​ដែល​អ្នក​សារព័ត៌មាន ខេមបូណូមីស សួរ​ថា តើ​អ្វី​ខ្លះ​ទៅ ដែល​ជា​គន្លឹះ​ដើម្បី​ប្រតិបត្តិ​ជោគជ័យ​នៅ​លើ​វិថី​អាជីវកម្ម? លោក​ឧកញ៉ា ហ៊ុន ឡាក់ ដែល​កំពុង​ក្តោប​ក្តាប់​មុខ​ជំនួញ​នៅ​ក្នុង​ក្រុមហ៊ុន​ធំៗ មិន​តិច​ជាង ៦​នោះ បាន​លើក​ឡើង​ថា ជា​សហគ្រិន ឬ​អ្នក​ជំនួញ​ពូកែ ចាំបាច់​បំផុត អ្នក​ត្រូវ​មាន​ទឹក​ចិត្ត​មុះមុត ស្រួច​ស្រាល់ និង​មាន​ចក្ខុ​វិស័យ​វែង​ឆ្ងាយ។ ក្នុង​នោះ​ដែរ ឧកញ៉ា ហ៊ុន ឡាក់ ផ្តល់​ជា​គន្លឹះ​អាជីវកម្ម​មួយ​ចំនួន​ដែល​លោក​តែងតែ​គោរព​ប្រតិបត្តិតាម​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ។  

គន្លឹះ​ជោគជ័យ​នៅ​ក្នុង​អាជីវកម្ម​ទាំង​៦ របស់​លោក​ឧកញ៉ា ហ៊ុន ឡាក់ មាន​ដូចជា៖

  1. មាន​ភាព​អត់ធ្មត់​ខ្ពស់  
  2. មាន​ការ​តស៊ូ​ឲ្យ​ដល់​ទីបំផុត
  3. ភាព​ស្មោះត្រង់​ជា​មូលដ្ឋាន​ដ៏​សំខាន់
  4. ស្វែងរក​ដៃគូ​ឲ្យ​បាន​ស័ក្ដិ​សម ឬ​ហៅ​ថា បង្កើត​ធនធាន​ប្រមូល​ផ្ដុំ
  5. មាន​ទស្សន​វិស័យ​វែងឆ្ងាយ​ចំពោះ​ទីផ្សារ
  6. មាន​ផែនការ​ជាក់លាក់​សម្រាប់​យក​ទៅ​អនុវត្ត និង​មាន​ការ​គ្រប់គ្រង​ហានិភ័យ

ក្រៅ​ការងារ​ជំនួញ​ដ៏​មមាញឹក​ប្រចាំ​ថ្ងៃ លោក​ឧកញ៉ា ហ៊ុន ឡាក់ បាន​ចូលរួម​ចំណែក​ដ៏​សំខាន់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម តាមរយៈ​ការ​កែប្រែ​ហេដ្ឋា​រចនា​សម្ព័ន្ធ​តភ្ជាប់​អំពូល​ភ្លើង​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ គឺ​ធ្វើឡើង​ក្នុង​គោល​បំណង​មួយ​ផ្នែក​ធំ គឺ​ជួយ​សន្សំ​សំចៃ​ថាមពល​អគ្គីសនី និង​ជួយ​លើក​សម្រស់​រាជ​ធានី​ភ្នំពេញ ក៏​ដូចជា​ជួយ​អភិវឌ្ឍ​សង្គម​ផង​ដែរ។ ចាប់​ពី​ខែ​កក្កដា ឆ្នាំ​២០១៦ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ បាន​សម្រេច​លទ្ធផល​ប្តូរ​អំពូល​ភ្លើង​បាន​ជាង ១​ម៉ឺន​៤​ពាន់​គ្រាប់​ហើយ។

សូម​ជម្រាប​ផង​ដែរ​ថា ក្រៅពី​មាន​មុខងារ​ជា​អ្នក​ជំនួញ​ផ្ទាល់​ខ្លួន លោក​ឧកញ៉ា ហ៊ុន ឡាក់ ក៏​បាន​បម្រើ​តួនាទី​ជា​អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ និង​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​សភា​ពាណិជ្ជ​កម្ម​កម្ពុជា​ផង​ដែរ។ 

លោក​ឧកញ៉ា ហ៊ុន ឡាក់ មាន​ទេព​កោសល្យ​នៅ​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​សហគ្រាស​ខ្នាត​តូច​និង​មធ្យម។ ហើយ​លោក​ជា​អ្នក​ផ្ដួច​ផ្ដើម​បង្កើត​ឲ្យ​មាន​សមាគម​សគ្រាស​ធុន​តូច​និង​មធ្យម​កម្ពុជា (SME) រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ផង​ដែរ៕

សូម​រង់ចាំ​តាមដាន​អាន​អំពី​សកម្មភាព​ជំនួញ​របស់​លោក​ឧកញ៉ា ហ៊ុន ឡាក់ ជា​បន្ត​បន្ទាប់​ទៀត តាមរយៈ សារព័ត៌មាន ខេមបូណូមីស។ សូម​​អរគុណ!

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជា​បង្ក្រាប​ជនជាតិ​ចិន​ជំរិត​ប្រាក់​តាម​អ៊ិនថឹណិត​ជា​ច្រើន​។ តើ​ពួកគេ​ធ្វើ​អ្វី​ខ្លះ?

ព័ត៌មាន
ជា​រឿយៗ គេ​ឃើញ​មាន​សេចក្ដី​រាយការណ៍​ពី​ជនជាតិ​ចិន​និង​ជនបរទេស​ដទៃ​ទៀត ដែល​ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា​ចាប់​ខ្លួន និង​និរទេស​ទៅស្រុ…

រដ្ឋាភិបាល​លើក​ទឹក​ចិត្ត​ដល់​ក្រុមហ៊ុន​សង់​លំនៅដ្ឋាន​សម្រាប់​អ្នក​ចំណូល​មធ្យម​និង​ទាប

ព័ត៌មាន
ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​សាងសង់​លំនៅដ្ឋាន​តម្លៃ​សមរម្យ​កាន់​តែ​ច្រើន ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​របស់​ប្រជា​ពលរដ្ឋ​ដែល​មាន​ចំណូល​ទា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ