ប្រទេសចិន-តំបន់អាហ្រ្វិក

ហេតុអ្វីចិនជំរុញការផ្ដល់ការអនុគ្រោះពន្ធគយដល់ប្រទេសក្រីក្រនៅតំបន់អាហ្វ្រិកខ្លាំងម្ល៉េះ?


ក្រោយពីបាននិយាយសន្យាកាលពីដើមខែមុន នៅទីបំផុតទៅប្រទេសចិនបានសម្រេចជាផ្លូវការហើយអំពីការមិនយកពន្ធទាល់តែសោះលើទំនិញប្រមាណ៩៨%ដែលខ្លួននាំចូលពីប្រទេសក្រីក្រចំនួន១៦ ភាគច្រើនជាប្រទេសស្ថិតនៅក្នុងទ្វីបអាហ្វ្រិក។ ការអនុវត្តវិធានការបន្ធូរបន្ថយពន្ធនេះ ត្រូវបានគេមើលឃើញថា នឹងជំរុញឲ្យប្រទេសចិនកាន់តែអាចមានឥទ្ធិពលទៅលើតំបន់នេះកាន់តែខ្លាំង។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន South China Morning Post។
ចិនមិនយកពន្ធលើការនាំចូលទំនិញពីប្រទេសក្រីក្រចំនួន១៦!

គោលនយោបាយថ្មីនេះ នៃការមិនយកពន្ធលើប្រទេសក្រីក្ររបស់ទីក្រុងប៉េកាំង បានចូលជាធរមានកាលពីថ្ងៃព្រហស្បតិ៍ទី០១ខែកញ្ញា ដែលវានឹងមានវិសាលភាពគ្របដណ្តប់លើការនាំចូលទំនិញប្រមាណ៩ពាន់មុខ មកពីប្រទេសក្រីក្រសរុបចំនួន១៦។ ក្នុងនោះរួមមានសាធារណរដ្ឋអាហ្រ្វិកកណ្តាល ឆាដ ជីប៊ូទី អេរីទ្រា ហ្គីណេ ម៉ូសំប៊ិក រវ៉ាន់ដា ស៊ូដង់ និងតូហ្គោ ព្រមទាំងប្រទេសមួយចំនួនទៀតមកពីតំបន់អាស៊ី និងប៉ាស៊ីហ្វិកខាងត្បូងផងដែរ។

គណៈកម្មការពន្ធគយនៃក្រុមប្រឹក្សារដ្ឋចិនធ្លាប់បានអះអាងថា គោលនយោបាយថ្មីនេះនឹងពង្រីកការធ្វើពាណិជ្ជកម្មទៅកាន់ប្រទេសមានការអភិវឌ្ឍន៍តិចតួចទាំងអស់ និងបង្កើនការនាំចូលពីទ្វីបអាហ្រ្វិកផងដែរ។ ប្រការនេះនឹងបើកផ្លូវឱ្យផលិតផលកសិកម្មពីតំបន់អាហ្វ្រិកអាជ្រៀតចូលទៅផ្សាររបស់ចិនបានច្រើនជាងមុន ស្របពេលដែលចិនតែងតែមានតម្រូវការកសិផលឥតឈប់ឈរសម្រាប់ប្រជាជនជាច្រើនលាននាក់របស់ខ្លួន។ គោលដៅរបស់ក្រុងប៉េកាំង គឺបង្កើនការនាំចូលពីអាហ្វ្រិកឲ្យបានដល់ ៣០០ពាន់លានដុល្លារក្នុងរយៈពេល៣ឆ្នាំខាងមុខ។

គួរកត់សម្គាល់ថា កន្លងមកអាហ្វ្រិកជាទីផ្សារសំខាន់សម្រាប់ការផ្គត់ផ្គង់វត្ថុធាតុដើមមួយចំនួន សម្រាប់ចិនមានដូចជា ប្រេង សារធាតុគីមីកូបាល(Cobalt) ស្ព័ននិងទង់ដែង។

យោងតាមទិន្នន័យគយរបស់ចិន ទំហំពាណិជ្ជកម្មជាមួយទ្វីបអាហ្រ្វិកបានកើនឡើង ៣៥%កាលពីឆ្នាំមុនដល់កម្រិតខ្ពស់បំផុតចំនួន ២៥៤ពាន់លានដុល្លារ ជាមួយនឹងការនាំចូលឈានដល់ ១០៦ពាន់លានដុល្លារ។

ទោះយ៉ាងណា អ្នកតាមដានបញ្ហានេះនិយាយថា ប្រទេសដែលនឹងទទួលបានការមិនគិតពន្ធទាំងនេះ អាចចំណាយពេលច្រើនឆ្នាំដើម្បីមានមូលដ្ឋាននៅក្នុងទីផ្សារប្រទេសចិន និងចំណាយពេលយូរបន្តិច មុននឹងអាចទាញប្រយោជន៍ពីគោលនយោបាយថ្មីនេះបាន ដោយហេតុថា ពួកគេត្រូវបំពេញតាមស្តង់ដារមួយចំនួន រួមទាំងស្តង់ដារអនាម័យដ៏តឹងរ៉ឹងបំផុតមួយរបស់ចិនផងដែរ។

សូមជម្រាបថា មែនទែនទៅនេះមិនមែនជាគំនិតផ្តួចផ្តើមថ្មីសន្លាងឡើយ ពោលប្រធានាធិបតីចិន ស៊ី ជីនពីង ធ្លាប់បានលើកឡើងពីរឿងនេះដំបូងតាំងតែពីខែវិច្ឆិកាឆ្នាំ២០២១ម្ល៉េះ នៅក្នុងវេទិកានៃកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក។ ការកាត់បន្ថយពន្ធទាំងស្រុងនេះ មិនត្រឹមតែអនុវត្តជាមួយប្រទេសនៅអាហ្វ្រិកប៉ុណ្ណោះទេ តែវាក៏នឹងមានសុពលភាពលើប្រទេសដែលមានការអភិវឌ្ឍន៍តិចតួចបំផុតផ្សេងទៀត ក្រៅពីតំបន់អាហ្វ្រិកដែរ៕




អត្ថបទបន្ទាប់


ហ្វីលីពីនអាចនឹងបើកភ្លើងខៀវ អនុញ្ញាតឲ្យយោធាអាមេរិក ប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួន ករណីជម្លោះនៅកោះតៃវ៉ាន់ផ្ទុះឡើង

ព័ត៌មាន
ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅសហរដ្ឋអាមេរិកបាននិយាយថា ហ្វីលីពីននឹងអនុញ្ញាតឱ្យទ័ពសហរដ្ឋអាមេរិក ប្រើប្រាស់មូលដ្ឋានយោធារបស់ខ្លួននៅក្នុងប្រទេស …

ប្រទេសថៃគ្រោងនឹងបង្កើនពាណិជ្ជកម្មឆ្លងដែនរបស់ខ្លួនឱ្យឡើងដល់ជិត៥០ពាន់លានដុល្លារនៅឆ្នាំនេះ

ព័ត៌មាន
ពាណិជ្ជកម្មឆ្លងកាត់ព្រំដែនរបស់ប្រទេសថៃជាមួយនឹងប្រទេសជិតខាងនឹងកើនឡើងយ៉ាងតិច ៥% នៅឆ្នាំនេះ គឺឡើងដល់ជិត៥០ពាន់លានដុល្លារ ដោយសារមានតម្រូវក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ