ខេត្តសៀមរាប

ហេតុអ្វីខេត្តសៀមរាប មិនអនុញ្ញាតឲ្យសង់អគារខ្ពស់បាន?


សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានមានប្រសាសន៍ថា ខេត្តសៀមរាប សម្បូរដោយសម្បត្តិបេតិកភណ្ឌ ដូច្នេះ ការអភិវឌ្ឍន៍អចលនទ្រព្យ ដោយការសាងសង់អគារខ្ពស់ៗ នៅខេត្តនេះ ត្រូវគោរពតាមលក្ខខណ្ឌបច្ចេកទេស របស់អង្គការយូណេស្កូ ដោយសម្ដេចបន្តថា ការអភិវឌ្ឍណាមួយ មិនមែនចេះតែធ្វើបំពាននោះទេ។
ទិដ្ឋភាពពីលើអាកាសនៃខេត្តសៀមរាបនាពេលបច្ចុប្បន្ន។ រូបភាព៖ រដ្ឋបាលខេត្តសៀមរាប

ការ​អះអាង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បែប​នេះ​បាន​ធ្វើ​ឡើង នៅ​ក្រោយ​ពេល​ដែល​ថ្មី​ៗ​នេះ មាន​អ្នកជំនួញ​ក្នុង​វិស័យ​អចល​ទ្រព្យ​ខ្លះ​បាន​និយាយ​រិះគន់​អំពី​ដំណើរការ​អភិវឌ្ឍ​នៅ​ក្នុង​ខេត្តសៀមរាប ដោយសារ​តែ​បញ្ហា​ការ​កំណត់​កម្ពស់​អគារ​សាងសង់ ដែល​វា​ជា​ពិបាក​សម្រាប់​អ្នក​វិនិយោគ​ក្នុង​ការ​សម្រេចចិត្ត​បោះទុន​វិនិយោគ​ក្នុង​ខេត្ត​នេះ​។ 

ថ្លែង​នា​ឱកាស​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវ ចំនួន​៣៨​ខ្សែ នៅ​ក្នុង​ក្រុង​សៀមរាប នៅ​ថ្ងៃ​ទី​៤ ខែមេសា សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ពន្យល់​ពី​មូលហេតុ​មួយ​ចំនួន ដែល​រាជរដ្ឋាភិបាល​កម្ពុជា មិន​អនុញ្ញាត​ឲ្យ​មានការ​សាងសង់​អគារ​ខ្ពស់​ៗ នៅ​ខេត្តសៀមរាប បន្ទាប់​ពី​មាន​អ្នកជំនួញ​ដីធ្លី​ខ្លះ បាន​រិះគន់​ទៅ​លើ​អាជ្ញាធរ ខេត្តសៀមរាប ដែល​បាន​រឹត​បន្តឹង​ការ​សាងសង់​អគារ​ខ្ពស់​ៗ នៅ​ក្នុង​ខេត្តសៀមរាប​នេះ​។

សម្ដេច​បាន​សង្កត់ធ្ងន់​ដូច្នេះ​ថា ខេត្តសៀមរាប ជា​តំបន់​អភិរក្ស ដែល​ត្រូវ​គោរព​នូវ​លក្ខខណ្ឌ​ទាំងឡាយ​នៃ​ផ្នែក​បេតិកភណ្ឌ​វប្បធម៌ ដែល​មានការ​ចូលរួម របស់​បារាំង ជប៉ុន និង​អង្គការ​យូ​ណេ​ស្កូ ក្នុង​កិច្ចការ​អភិរក្ស​តំបន់​អង្គរ​។ ក្នុង​ន័យ​នេះ សម្ដេច​ចង់​បញ្ជាក់​ថា រាល់​កិច្ចការ​អភិវឌ្ឍន៍​ទាំងអស់​មិនមែន​កម្ពុជា ចេះ​តែ​អាច​ធ្វើ​ទៅ​បាន​នោះ​ទេ ហើយ​ការ​អភិវឌ្ឍ​អចលនទ្រព្យ ដោយ​ការ​សាងសង់​អគារ​ខ្ពស់​ៗ នៅ​ខេត្តសៀមរាប ត្រូវ​គោរព​តាម​លក្ខខណ្ឌ​បច្ចេកទេស របស់​អង្គការ​យូ​ណេ​ស្កូ ដោយ​មិន​ចេះ​តែ​ធ្វើ​បំពាន​ស្រេច​តែ​ចិត្ត​នោះ​ទេ​។

បន្ថែម​លើ​នោះ សម្ដេច​តេ​ជោ ហ៊ុន សែន ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្តសៀមរាប បន្ត​រក្សា​នូវ​របៀបរៀបរយ​គោរព​ទៅ​តាម​គោលការណ៍ ដែល​ការពារ​បាន​នូវ​បេតិកភណ្ឌ​ប្រវត្តិសាស្ត្រ ដោយ​សម្ដេច​បន្ត​ថា ទឹកដី​ខេត្តសៀមរាប ពិតជា​មាន​ប្រាង្គ​ប្រាសាទ​ច្រើន ដែល​ត្រូវ​គោរព និង​ថែរក្សា​។ ជាមួយ​គ្នា​នោះ សម្ដេច​ក៏​បាន​ថ្លែង​បញ្ជាក់​ទៀត​ថា ទម្រាំ​រាជរដ្ឋាភិបាល អា​ចរក​កន្លែង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ ថ្មី មិនមែន​ជា​រឿង​ងាយស្រួល​នោះ​ទេ ដើម្បី​ធានា​ថា មិន​ឲ្យ​ប៉ះពាល់​ដល់​តំបន់​បេតិកភណ្ឌ​។ ដោយឡែក សម្តេច​បញ្ជាក់​ទៀត​ថា ប្រសិនបើ​កម្ពុជា សាងសង់​អគារ​ខ្ពស់​ៗ បំពាន​លក្ខខណ្ឌ​បច្ចេកទេស របស់​អង្គការ​យូ​ណេ​ស្កូ​នោះ អង្គរវត្ត​របស់​កម្ពុជា នឹង​ត្រូវ​ចេញពី​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ដែល​អាច​ធ្វើ​ឲ្យ​កម្ពុជា​ខាតបង់​ធំធេង​។

របាយការណ៍​ពី​ធនាគារជាតិ​នៃ​គ​ម្ពុ​ជា​បង្ហាញ​ថា វិស័យ​សំណង់​នៅ​ឆ្នាំ​២០២១​កន្លង​ទៅ​នេះ ត្រូវ​បាន​ប៉ាន់​ស្មានថា មាន​កំណើន​១,៤% ធៀប​នឹង​ឆ្នាំ​២០២០ ដែល​គាំទ្រ​ដោយ​គម្រោង​សំណង់​កំពុង​ដំណើរការ ក៏​ប៉ុន្ដែ ចំនួន​គម្រោង​សំណង់​ថ្មី​ៗ​បាន​ធ្លាក់​ចុះ ៧% និង​តម្លៃ​ទុន​វិនិយោគ​នៅ​ក្នុង​វិស័យ​នេះ​វិញ ធ្លាក់​ចុះ​ជិត​២៦%​។

អ្នកជំនាញ​នៅ​តែ​ជឿជាក់​ថា នៅ​ឆ្នាំ​២០២២​នេះ វិស័យ​សំណង់ និង​អចលនទ្រព្យ នឹង​ស្ទុះ​ងើបឡើង​កាន់តែ​ប្រសើរ​ជាង​មុន ដ្បិតថា រាជរដ្ឋាភិបាល​នៅ​មួយ​រយៈ​កន្លង​មកនេះ បាន​ដក​ចេញ​នូវ​វិធានការ​ទប់ស្កាត់​កូ​វី​ដ​១៩​កាន់តែ​ច្រើន ដែល​ជំរុញ​ដល់​សកម្មភាព​សេដ្ឋកិច្ច​កាន់តែ​ទូលំទូលាយ​ជាង​មុន​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


លីទុយអានី ជាប្រទេសសហភាពអឺរ៉ុបដំបូងគេ ដែលហ៊ានផ្ដាច់ការនាំចូលឧស្ម័នពីរុស្ស៊ី

ព័ត៌មាន
ប្រទេសលីទុយអានីបាននិយាយថា ខ្លួនបានកាត់ផ្តាច់ទាំងស្រុងនូវការនាំចូលឧស្ម័នពីប្រទេសរុស្ស៊ី ដែលបានធ្វើឲ្យប្រទេសមួយនេះ ក្លាយជាប្រទេសដំបូងគេក្នុ…

WTO កាត់បន្ថយការព្យាករកំណើនពាណិជ្ជកម្មសកលមកនៅត្រឹម២,៥% ដោយសារតែវិបត្តិសង្គ្រាមនៅអ៊ុយក្រែន

ព័ត៌មាន
វិបត្តិសង្គ្រាមនៅអ៊ុយក្រែន ដែលកំពុងអូសបន្លាយអស់ពេលជាង១ខែមកនោះ កំពុងដាក់សម្ពាធខ្លាំងមែនទែនទៅដល់ទស្សនវិស័យកំណើនសេដ្ឋកិច្ចពិភពលោក ក៏ដូចជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ