អាមេរិក-ចិន

ហេតុអ្វីបញ្ហាល្អក់កកររវាងក្រុមហ៊ុនអាមេរិក Boeing និងប្រទេសចិនកាន់តែអាក្រក់?


រឿងរ៉ាវរវាងប្រទេសចិនជាមួយក្រុមហ៊ុនយក្សអាមេរិកប៊ូអ៊ីង (Boeing)មានសភាពកាន់តែអាក្រក់ទៅៗហើយ ដោយនៅពេលថ្មីៗនេះ ដែលរដ្ឋាភិបាលទីក្រុងប៉េកាំង បានប្រកាសឡើងពីការដាក់ទណ្ឌកម្ម ទៅលើនាយកប្រតិបត្តិកំពូលៗរបស់ក្រុមហ៊ុន Boeing ដើម្បីឆ្លើយតបទៅនឹងទង្វើរបស់ក្រុមហ៊ុននេះ ដែលបានលក់សព្វាវុធទៅឱ្យកោះតៃវ៉ាន់តាមការអនុម័តយល់ព្រមពីរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោននាពេលកន្លងទៅ។ នេះបើតាមទីភ្នាក់ងារព័ត៌មានធំៗបានចេញផ្សាយនៅថ្ងៃនេះ។
ហេតុអ្វីបញ្ហាល្អក់កកររវាងក្រុមហ៊ុនអាមេរិក Boeing និងប្រទេសចិនកាន់តែអាក្រក់?

ប្រទេសចិនកាលពីថ្ងៃទី ១៦ ខែកញ្ញា បានប្រកាសដាក់ទណ្ឌកម្មទៅលើនាយកប្រតិបត្តិកំពូលៗចំនួន២រូប គឺលោក Ted Colbert ជា នាយកប្រតិបត្តិនៅក្រុមហ៊ុន Boeing Defense, Space, and Security និងលោក Gregory Hayes ជាប្រធានក្រុមហ៊ុន និងជានាយកប្រតិបត្តិនៅក្រុមហ៊ុន Raytheon Technologies។ ការដាក់ទណ្ឌកម្មពីសំណាក់ប្រទេសចិននេះ គឺធ្វើឡើងដើម្បីសងសឹកចំពោះក្រុមហ៊ុនទាំង២នេះ ដែលបានលក់សព្វាវុធទៅឱ្យតៃវ៉ាន់ក្នុងតម្លៃជាង ១ ពាន់លានដុល្លារ ដែលក្នុងនោះតៃវ៉ាន់បានទិញមីស៊ីល Harpoon របស់ក្រុមហ៊ុន Boeing ក្នុងតម្លៃ ៣៥៥ លានដុល្លារ និងមីស៊ីល Sidewinder របស់ក្រុមហ៊ុន Raytheon ក្នុងតម្លៃ ៨៥ លានដុល្លារ។

សូមរំលឹកថា រដ្ឋាភិបាលសហរដ្ឋអាមេរិកបានប្រកាសពីការលក់សព្វាវុធទៅឱ្យកោះតៃវ៉ាន់កាលពីសប្តាហ៍មុន ហើយបានបញ្ជាក់ថា សព្វាវុធទាំងនេះគឺជាការចាំបាច់សម្រាប់តៃវ៉ាន់ដើម្បី «រក្សាសមត្ថភាពការពារខ្លួនឱ្យបានគ្រប់គ្រាន់»នៅចំពេលមានការកើនឡើងសម្ពាធយោធាពីទីក្រុងប៉េកាំង។

រដ្ឋាភិបាលក្រុងប៉េកាំងបានពន្យល់ពីមូលហេតុនៃការដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនទាំង២នេះកាលពីថ្ងៃទី១៦ ខែកញ្ញាថា ប្រទេសចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ និងថ្កោលទោសយ៉ាងខ្លាំងចំពោះការលក់សព្វាវុធទៅឲ្យកោះតៃវ៉ាន់ ដោយទីក្រុងប៉េកាំងចាត់ទុកថា វាបានធ្វើឱ្យខូចអធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខរបស់ប្រទេសចិនយ៉ាងខ្លាំង ព្រមទាំងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងចិន-អាមេរិក និងសន្តិភាព ស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់យ៉ាងធ្ងន់ធ្ងរផងដែរ។ នេះបើតាមលោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទកាសែត។

ក្រុមហ៊ុន Boeing Co. គឺជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន Boeing Defense, Space, and Security ជាអង្គភាពមួយផ្គត់ផ្គង់ផលិតផលដូចជាគ្រឿងសព្វាវុធសម្រាប់វិស័យការពារជាតិ និងក្រុមហ៊ុន Boeing Commercial Airplanes ជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយ ដែលមានផលិតយន្តហោះដឹកអ្នកដំណើរ។

ក្រុមហ៊ុន Boeing មានប្រវត្តិលក់យន្តហោះរយៈពេល ៥០ ឆ្នាំមកហើយនៅក្នុងប្រទេសចិន ហើយយន្តហោះ Boeing មានចំនួនប្រហែលពាក់កណ្តាលនៃយន្តហោះដឹកអ្នកដំណើររបស់ប្រទេសចិន។ កាលពីឆ្នាំ២០១៨ទីផ្សារប្រទេសចិនបានផ្ដល់ប្រាក់ចំណូលចំនួន ២២% នៃប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុន Boeing ខណៈដែលចិន គឺជាទីផ្សារធំទី២របស់ក្រុមហ៊ុននេះបន្ទាប់ពីអាមេរិកដែលបានផ្ដល់ប្រាក់ចំណូល ២៩% សម្រាប់ក្រុមហ៊ុននេះ ប៉ុន្តែទំនាក់ទំនងជិតស្និទ្ធរវាងក្រុមហ៊ុន Boeing និងចិននាពេលនេះ គឺកាន់តែយ៉ាប់យ៉ឺនខ្លាំងឡើងហើយ៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


ម៉ាឡេស៊ីជំរុញអាស៊ានឱ្យពិនិត្យលក្ខខណ្ឌ៥ចំណុចរបស់មីយ៉ាន់ម៉ាឡើងវិញ ខណៈUN ពិចារណាចាត់វិធានការលើប្រទេសនេះ

ព័ត៌មាន
រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីលោក Saifuddin Abdullah បាននិយាយពីថ្ងៃចន្ទថាអាស៊ាន ត្រូវតែសម្រេចចិត្តថា តើពួកគេនឹងជំរុញទៅមុខនូវផែនការសន្តិភ…

ប្រមុខ UN ព្រមានប្រាប់មេដឹកនាំពិភពលោកថា «ពេលនេះពិភពលោកកំពុងស្ថិតក្នុងគ្រោះថ្នាក់ដ៏ធំបំផុត»

ព័ត៌មាន
ប្រមុខអង្គការសហប្រជាជាតិនៅថ្ងៃទី២០ ខែកញ្ញា បានថ្លែងជាលើកដំបូងរបស់លោក នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ ដោយបាននិយាយព្រមានប្រាប់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ