ការប្រើប្រាស់ប្រាក់រៀលកាន់តែមានសារៈសំខាន់

ហេតុអ្វីការប្រើប្រាស់ប្រាក់រៀលកាន់តែមានសារៈសំខាន់ ក្នុងការពង្រឹងភាពធន់នៃសេដ្ឋកិច្ចជាតិ?


នៅក្នុងស្ថានភាពប្រឈមនៃភាពមិនច្បាស់លាស់របស់ពិភពលោក មន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជាបានអះអាងថា ការរួមចំណែកប្រើប្រាស់ប្រាក់រៀលកាន់តែមានសារៈសំខាន់ដើម្បីពង្រឹងភាពធន់នៃសេដ្ឋកិច្ចជាតិ ដូចដែលប្រមុខរាជរដ្ឋាភិបាលបានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា នយោបាយរូបិយវត្ថុចាំបាច់ត្រូវពង្រឹង ដើម្បីរក្សាស្ថិរភាពថ្លៃ តាមរយៈការលើកកម្ពស់អំណាចទិញនៃប្រាក់រៀល។
ប្រាក់រៀល

នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយពីប្រាក់រៀលនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ នៅខេត្តកំពង់ធំ លោកជំទាវ ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា បានគូសបញ្ជាក់ថា តាមរយៈលទ្ធផលអង្កេតរបស់ធនាគារជាតិនៃកម្ពុជា សហការជាមួយនឹងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA កាលពីឆ្នាំ២០១៧ កន្លងមកបានបង្ហាញថា ប្រាក់រៀលបានទទួលការទុកចិត្តនិងការប្រើប្រាស់កាន់តែច្រើន ជាពិសេសចំពោះការចំណាយប្រចាំថ្ងៃ ហើយនៅតាមតំបន់ជនបទ ប្រាក់រៀលដើរតួនាទីចម្បងនិងទូលំទូលាយនៅក្នុងជីវភាពរស់នៅ មិនថាប្រាក់ចំណូល ចំណាយ ឬសន្សំនោះទេ។ ជាក់ស្តែង សម្រាប់ខេត្តកំពង់ធំ យោងតាមទិន្នន័យអង្កេត ៨០% នៃប្រជាពលរដ្ឋបានអះអាងថា យ៉ាងហោចណាស់ ៨០% នៃការចំណាយប្រចាំថ្ងៃត្រូវបានធ្វើឡើងជាប្រាក់រៀល។

លោកជំទាវ ជា សិរី បន្ថែមថា ចំណូល-ចំណាយប្រតិបត្តិការរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនៅខេត្តកំពង់ធំជាប្រាក់រៀល ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ដោយក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២២នេះ ចំណូល-ចំណាយប្រតិបត្តិការជាប្រាក់រៀលបានកើនឡើង ១៧៦% ធៀបនឹងរយៈពេលដូចគ្នាកាលពី៥ឆ្នាំមុន និងខ្ពស់ជាងប្រាក់ដុល្លារអាមេរិក ដែលបានកើនឡើងត្រឹមតែ ១២% ប៉ុណ្ណោះ។

ទន្ទឹមនេះ លោកជំទាវ ជា សិរី បានគូសបញ្ជាក់ថា នៅក្នុងស្ថានភាពប្រឈមនានានៅពេលបច្ចុប្បន្នដូចជា សង្រ្គាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន និងការកើនឡើងខ្លាំងនៃថ្លៃទំនិញទូទៅនៅលើពិភពលោកនោះ ការរួមចំណែកប្រើប្រាស់ប្រាក់រៀលកាន់តែមានសារៈសំខាន់ ដើម្បីពង្រឹងភាពធន់នៃសេដ្ឋកិច្ចជាតិ ដូចដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា នយោបាយរូបិយវត្ថុចាំបាច់ត្រូវពង្រឹង ដើម្បីរក្សាស្ថិរភាពថ្លៃ តាមរយៈការលើកកម្ពស់អំណាចទិញនៃប្រាក់រៀល។

សូមបញ្ជាក់ថា នៅរយៈពេល៤២ឆ្នាំកន្លងមកនេះ វត្តមានរបស់ប្រាក់រៀលបានរួមចំណែកយ៉ាងសំខាន់នៅក្នុងការស្តារនិងកសាងអធិបតេយ្យភាព សេដ្ឋកិច្ចនិងសង្គមជាតិ តាមរយៈតួនាទីជាខ្នាតតម្លៃ មធ្យោបាយទូទាត់ និងសន្សំផងដែរ។ ការប្រើប្រាស់ប្រាក់រៀលកាន់តែច្រើននឹងផ្តល់លទ្ធភាពដល់ធនាគារជាតិនៃកម្ពុជាក្នុងការអនុវត្តនយោបាយរូបិយវត្ថុនិងអត្រាប្តូរប្រាក់កាន់តែមានប្រសិទ្ធភាព ជាពិសេសការកំណត់អត្រាការប្រាក់គោល និងការផ្តល់សាច់ប្រាក់បន្ថែមដល់សេដ្ឋកិច្ច ដែលអាចមានឥទ្ធិពលទៅលើអត្រាការប្រាក់ទីផ្សារ ការវិនិយោគ ការប្រើប្រាស់ និងស្ថិរភាពថ្លៃផងដែរ៕




អត្ថបទបន្ទាប់


PEP Talks វេទិកាបណ្ដុំអាជីពការងារដំបូងគេបង្អស់នៅកម្ពុជានឹងមកដល់ក្នុងថ្ងៃស្អែកនេះ

ព័ត៌មាន
PEP Talks គឺជាវេទិកាដំបូងគេបង្អស់នៅកម្ពុជា ដែលស្ដីអំពីពលកម្មការងារក្នុងសង្គម និងវគ្គបណ្តុះបណ្ដាល នៅកន្លែងធ្វើការដោយផ្ដោតសំខាន់ទៅលើការហ្វឹ…

តើវាជាឱកាសសម្រាប់ការនាំចេញអង្កររបស់កម្ពុជា ឬយ៉ាងណា ក្រោយឥណ្ឌារឹតត្បិតការនាំចេញអង្ករ?

ព័ត៌មាន
អ្នកជំនាញក្នុងវិស័យស្រូវអង្ករកម្ពុជា មិនរំពឹងទទួលបានផលប្រយោជន៍ពីការរឹតត្បិតការនាំចេញអង្កររបស់ឥណ្ឌាទៅកាន់ទីផ្សារពិភពលោកនោះឡើយ។ មិនរំពឹង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ