ប្រជាជន​ជប៉ុន

ចំនួន​អ្នកនៅលីវ ក្នុងប្រទេសជប៉ុនបន្ដកើនឡើងកាន់តែច្រើន! ហេតុអ្វី បានជាពួកគេ​ចង់នៅលីវ ជាជាងរៀបការ?


ប្រជាជនជប៉ុនកាន់តែច្រើនឡើង មានទំនោរចង់រស់នៅម្នាក់ឯង ដោយមិនត្រូវការការរៀបការ និងការរួមភេទនោះទេ។ កត្តានេះ បានធ្វើឲ្យចំនួនប្រជាជនវ័យចំណាស់នៅជប៉ុនមានការកើនឡើងយ៉ាងលឿន ខណៈអត្រាកំណើតមានការធ្លាក់ចុះ និងចំនួនប្រជាជននៅលីវក៏មានកាន់តែច្រើនឡើងដែរ។ អ្នកជំនាញ បានអះអាងថា អារម្មណ៍ និងការរួមភេទរបស់ប្រជាជនជប៉ុន កំពុងធ្លាក់ចុះ ហើយប្រហែល ២៥% នៃជនជាតិជប៉ុន គឺអាចនឹងមិនរៀបការនោះទេនៅពេញមួយជីវិតរបស់ពួកគេ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានចិន SCMP។
ដឹងទេ! ហេតុអ្វី បានជាជនជាតិជប៉ុន ចង់នៅលីវ ជាជាងរៀបការ? (រូបភាព៖ SCMP)
ដោយ

ថ្លែងប្រាប់​សារព័ត៌មាន SCMP  អ្នកនាង Mariko ថា នាងកំពុង​តែព្រួយចិត្ត​នឹង​ជីវិត​ផ្លូវភេទ​​របស់​មិត្តភក្ដិរបស់នាង។ អ្នកនាង Mariko និយាយថា «នាង (មិត្តភក្ដិ) ចង់​មាន​កូន ប៉ុន្ដែ ប្ដីរបស់នាង និងនាង​​មិនដែល​រួមភេទ​ជាមួយគ្នាទេ»។ នាងបន្ថែមទៀតថា «ប្ដីរបស់នាង ស្រឡាញ់ងប់ងុល​នឹង​វីដេអូហ្គេម និង​ចំណីអាហារ ប៉ុន្ដែ គាត់​មិន​​ចាប់អារម្មណ៍​នឹង​រឿង​ផ្លូវភេទនោះទេ»។

អ្នកនាង Mariko ក៏មិនមាន​ដៃគូ​ផ្លូវភេទនោះដែរ ទោះបីជា​នាង​ចង់បាន​ស្វាមី​ និងកូន​មកជាយូរហើយ​ក៏ដោយ។ ពួកគេ នៅឆ្ងាយ​ឯការ ពីស្រុកកំណើត​ នៅក្នុងប្រទេសជប៉ុន ជាកន្លែង​ដែល​ទំនាក់ទំនង​ស្នេហា​កំពុង​ធ្លាក់ចុះ ហើយ​ប្រជាជន​វ័យចំណាស់​កើនឡើងលឿន​ជាង​ប្រទេស​ឧស្សាហកម្ម​ដទៃទៀត​នៅក្នុង​ពិភពលោក។

លោក Masahiro Yamada សាស្ត្រាចារ្យ​មកពី​សកលវិទ្យាល័យ Chuo បាន​ឲ្យដឹងថា មានប្រហែល​២៥% នៃ​យុវជន​ជប៉ុន​ សព្វថ្ងៃនេះ អាចនឹង​នៅ​លីវ មិនរៀបការពេញមួយជីវិត​របស់ពួកគេ។ សាស្ត្រាចារ្យនេះ បាន​បង្កើតពាក្យមួយថា «Parasite Singles» ដើម្បីពិពណ៌នា អំពីមនុស្ស​ពេញវ័យ​ជនជាតិជប៉ុន ដែលមិនទាន់រៀបការ និងរស់នៅ​ជាមួយ​នឹង​ឪពុកម្ដាយ​របស់ពួកគេដោយ​មិនចាំបាច់​ត្រូវ​ចេញជួលផ្ទះស្នាក់នៅ។ ចំនួន​មនុស្ស​នៅលីវ នៃចំនួន​ប្រជាជន​សរុប​ នៅក្នុងប្រទេសជប៉ុន​បានកើនឡើង​​ជាលំដាប់​នៅក្នុង​រយៈពេល ៣ទសវត្សរ៍​ចុងក្រោយនេះ។

នៅក្នុង​ឆ្នាំ​២០១៥ ការសិក្សាមួយ​ពី​សាកលវិទ្យាល័យ​តូក្យូ បាន​បង្ហាញថា មាន​ម្នាក់​ក្នុង​ចំណោម​ស្ត្រី៤នាក់​ និង​បុរសម្នាក់ ក្នុងចំណោម​បុរស​៣នាក់ នៅវ័យ​ជិត ៣០ គឺ​នៅលីវ។ មានពាក់កណ្ដាល​នៃពួកគេ គឺ​មិនចាប់អារម្មណ៍​នឹង​ទំនាក់ទំនង​ភេទផ្ទុយគ្នាទេ។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ជប៉ុន ក៏បាន​រាយការណ៍ដែរថា អត្រា​កំណើន​​នៃអ្នក​នៅព្រហ្មចារី​ គឺមានការកើនឡើង ហើយការ​ចាប់អារម្មណ៍ពី​ការរួមភេទ​ និងការណាត់ជួប​គ្នា​ក្នុងចំណោម​មនុស្សវ័យក្មេង​មានការធ្លាក់ចុះ។

ប៉ុន្ដែ តើនេះ​អាចជា​ការបាត់បង់​ចំណង់​ផ្លូវភេទ ទើបធ្វើឲ្យ​អត្រាកំណើតធ្លាក់ចុះទាប​មែនទេ? អ្នកស្រាវជ្រាវ និយាយថា បញ្ហា​គឺមាន​ភាព​ស្មុគស្មាញជាងនេះ។ លោក Yamada ដែលជាអ្នក​សរសេរ​សៀវភៅ​អំពី​យុវវ័យ​ និងតម្លៃ​អភិរក្ស បាន​និយាយថា «ប្រទេសជប៉ុន ពិតជា​ឈ្លក់វង្វេង នឹងប្រពៃណី​ ដែលក្រោម​រូបភាព​ជាគ្រួសារ»។

មនុស្ស​វ័យក្មេង​ជប៉ុនជាច្រើន មានបំណង​បំពេញតួនាទី​យេនឌ័របែបប្រពៃណី ដែលបុរស​ជាអ្នក​រកស៊ី​ចិញ្ចឹម​​គ្រួសារ ហើយស្ត្រី​ជាអ្នក​នៅមើលថែ​ផ្ទះ និងកូនៗ។ នៅក្នុង​ទសវត្សរ៍​ឆ្នាំ ៩០ ដែលជាឆ្នាំ​ផ្ទុះខ្លាំង វាគឺមានភាពងាយស្រួល​សម្រាប់​ស្ត្រីវ័យក្មេង​​​អាចរកបាន​បុរស​ដែលមាន​ប្រាក់ខែ​ល្អ ប៉ុន្ដែ សព្វថ្ងៃនេះ បើយោងតាម​​ស្ថានភាព​សេដ្ឋកិច្ចដ៏លំបាក របស់ប្រទេសជប៉ុន គឺមានស្ត្រី​​មិនច្រើនទេ ដែលអាច​ធ្វើបាន​ដូចនោះ។

ទោះយ៉ាងណា លោក Yamada ថា គំនិតបែបប្រពៃណី ដែលថា​បុរស ​គឺជា​អ្នកត្រូវរកស៊ីចិញ្ចឹមគ្រួសារ គឺនៅតែ​មានតម្លៃ។ ជាលទ្ធផល នារីវ័យក្មេង​ជប៉ុនជាច្រើន​បន្ដ​រស់​នៅជាមួយ​ឪពុកម្ដាយ និងរង់ចាំ​គូរស្រករ។

នៅឆ្នាំ ២០១៥ អ្នកស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ​តូក្យូ បាន​រាប់​ឃើញថា មាន​ស្ត្រី​នៅលីវ​ចំនួនច្រើ​នជាង ២លាន ២សែននាក់ និង​បុរសនៅលីវមានច្រើនជាង ១លាន​៧សែន​នាក់ ចន្លោះពី​អាយុ ១៨ ដល់​៣៩ឆ្នាំ បើធៀបនឹង​ចំនួន​អ្នក​នៅលីវ​កាលពីឆ្នាំ១៩៩២។

«បន្ទាប់ពី​អាយុ ៣០ទៅ មានមនុស្ស​តិចតួចណាស់​នៅក្នុង​ពេលវ័យចំណាស់​ ដែលមិនរៀបការ តែនៅ​មានទំនាក់ទំនង​ស្នេហាប្រុសស្រី»​។ នេះបើតាម​ការអះអាង​របស់​លោក Peter Ueda អ្នកជំនាញ​ខាង​ររោគរាតត្បាត​នៃសាកលវិទ្យាល័យ​តូក្យូរបស់ជប៉ុន។

លោក Peter បន្ថែមថា ដូច្នេះ វាសមហេតុផល​ក្នុងការ​សន្មតថា ទម្រង់នៃការ​ទទួលយក​ក្នុងសង្គម​នៃទំនាក់ទំនង​មនុស្ស​ពេញវ័យ គឺឧបសគ្គ​ចំពោះ​ការបង្កើត​ទំនាក់ទំនង​ស្នេហារ៉ូមែនទិក​នៅក្នុង​ប្រទេស​ជប៉ុន។

លោក Yamada និយាយថា ប្រជាជន​ជប៉ុន​វ័យក្មេង​កំពុង​បំពេញ​សេចក្ដី​ត្រូវការ​ខាង​ផ្លូវភេទ​របស់ពួកគេ ដោយ​ទៅដើរលេង​ក្លឹប​កម្សាន្ដ និងហាងកាហ្វេ​ដែល​មាន​នារីស្លៀកពាក់​ស៊ិចស៊ី ដែលកន្លែងទាំងនេះ ជារឿយៗ​បុរសៗ​អាច​ស្វែងរកសេវា​ផ្លូវភេទបាន។

លោកបន្ថែមថាទៀតថា មានអ្នកខ្លះទៀត មិនមានពេលវេលា​សម្រាប់​ទំនាក់ទំនង​ជិតស្និទ្ធ ឬបំណង​ប្រាថ្នា​របស់ពួកគេ ដើម្បី​រកប្រាក់ចំណូល​បានច្រើន ​លើសពី​បំណង​ដែល​ពួកគេច​ង់បាន​ស្នេហា។ ការវិភាគ​ថ្មីមួយ នៃ​ទិន្នន័យ ពី​វិទ្យាស្ថានជាតិ​ប្រជាជន និងការស្រាវជ្រាវ​សន្ដិសុខ​សង្គម សម្រាប់​ឆ្នាំ​១៩៨៧ ដល់ឆ្នាំ​២០១៥ បង្ហាញថា ប្រាក់ចំណូល​ទាប និងទីផ្សារការងារ​មិនទៀងទាត់ គឺជា​គុណវិបត្តិ​របស់បុរស​សម្រាប់​ការ​ស្វែងរក​ការណាត់ជួប​ដៃគូស្នេហា។

អ្នកជំនាញ​បាន​ពន្យល់ថា ប្រសិនបើគោលនយោបាយ​​រាជរដ្ឋាភិបាល​ ដោះស្រាយ​ផ្ទាល់​ទៅនឹង​ស្ថានភាព​នៃក្រុម​ប្រជាជន​ ដែលមាន​ប្រាក់ចំណូលទាប និងការអប់តិច ក៏ដូចជា​ដោះស្រាយ​បញ្ហា​មនុស្ស​ដែលមា​ន​ការងារ​មិនស្ថិតស្ថិរ ឬការ​ប្រភពហិរញ្ញវត្ថុមិនគ្រប់គ្រាន់ នោះអាច​ជាការ​​ជំរុញ​ឲ្យ​ប្រជាជន​នៅលីវ​ក្នុងប្រទេស​ជប៉ុន​អាច​នឹង​វិល​មករក​ការស្វែងរក​ដៃគូជីវិត​ឡើងវិញ។

ការស្ទង់មតិ​នៅក្នុង​ឆ្នាំ២០១៥ បង្ហាញថា មានជាងពាក់កណ្ដាល​នៃ​អ្នកដែលធ្លាប់​នៅលីវ និងធ្លាប់​និយាយថា ពួកគេ​​មិនមាន​ចំណាប់អារម្មណ៍​នឹង​ទំនងទំនង​ស្នេហានោះ បាន​និយាយថា ពួកគេ​នៅតែ​សង្ឃឹមថា នឹងអាច​រៀបការ​នៅ​ពេលវេលាណាមួយ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អង់គ្លេស​បញ្ជាទិញ​វ៉ាក់សាំងកូវីដ-១៩ ជាង ៣៥០លាន​ដូស; អាច​នឹង​ចាក់​ឲ្យ​ប្រជាជន​នៅមុនគ្រិស្តម៉ាស!

ព័ត៌មាន
នាយករដ្ឋមន្ត្រី​អង់គ្លេស​ លោក បូរីស ចនសុន (Boris Johnson) បាន​ប្រកាស​ថា ក្រុមការងារ​វ៉ាក់សាំង​របស់​ចក្រភពអង់គ្លេស បាន​បញ្ជាទិញ​រួចរាល…

អ្នកជំនាញ៖ ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ពុំជះឥទ្ធិពលអាក្រក់ធ្ងន់ធ្ងរដល់វិស័យមូលបត្រកម្ពុជាទេ!

ព័ត៌មាន
អ្នកជំនាញនៅក្នុងវិស័យមូលបត្រកម្ពុជា បានអះអាងថា ការផ្ទុះឡើងនូវរលកទី ២ នៃមេរោគកូវីដ-១៩នៅកម្ពុជា ឬហៅថា ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកានោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ