បុរសខ្លាំងទី២របស់ចិន លី ឃឺឈាំង

តើបុរសខ្លាំងទី២របស់ចិន លី ឃឺឈាំង នឹងបន្តវត្តមានក្នុងដំណែងកំពូលរបស់បក្សដែរទេ ក្រោយផុតអាណត្តិជានាយករដ្ឋមន្ត្រី?


នៅស្របពេលដែលបក្សកុម្មុយនីស្តចិនបានមកប្រមូលផ្តុំគ្នាជាមួយសមាជិករាប់ពាន់នាក់ ដើម្បីជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំថ្មីរបស់ខ្លួនក្នុងសប្តាហ៍នេះ ការចាប់អារម្មណ៍កំពុងបាញ់ផ្តោតលើបុរសខ្លាំងលំដាប់ទី២បន្ទាប់ពីលោកស៊ី ជីនពីង នោះគឺនាយករដ្ឋមន្ត្រីចិនលោក លី ឃឺឈាំង (Li Keqiang)។
ជីវិតនយោបាយលោក លី ឃឺឈាំងបន្តឬបញ្ចប់?

ចំណាប់អារម្មណ៍កំពុងផ្តោតលើនាយករដ្ឋមន្ត្រីផុតអាណត្តិរូបនេះ គឺថាតើលោក នឹងបន្តវត្តមាននៅលំដាប់កំពូល ពាក់ព័ន្ធនឹងការសម្រេចចិត្តនានា របស់ប្រទេសចិន ឬរបស់បក្សកុម្មុយនីស្តចិនដែរឬទេ ក្រោយពីលោក​ផុតអាណត្តិ​ទៅនោះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានសិង្ហបុរី Channel New Asia។​

លោក លី ឃឺឈាំង ធ្លាប់បានប្រាប់អ្នកសារព័ត៌មាន​កាលពីខែមីនាឆ្នាំនេះថា លោកនឹងចុះចេញពីតំណែងជាប្រធានក្រុមប្រឹក្សារដ្ឋ​របស់ប្រទេសចិន បន្ទាប់ពីរយៈពេលមួយទសវត្សរ៍ក្នុងដំណែងមួយនេះ ប៉ុន្តែមិនបានផ្តល់​ព័ត៌មានលម្អិត​បន្ថែមទៀតថា តើលោកនឹងបន្តនៅក្នុងឆាកនយោបាយ ឬចូលនិវត្តន៍ទាំងស្រុងនោះទេ។

នៅក្នុងសមាជបក្សលើកទី២០ចាប់ផ្តើម​កាលពីថ្ងៃអាទិត្យ ជាពេលដែលប្រធានាធិបតី ស៊ី ជីនពីង ឆ្ពោះទៅរកការកាន់ដំណែងអាណត្តិទីបី ដែលមិនធ្លាប់មានពីមុនមកនោះ ក្រុមអ្នកវិភាគព្រឹត្តិការណ៍នយោបាយអន្តរជាតិ​កំពុងងឿងឆ្ងល់អំពីការស្នងតំណែងកំពូលលំដាប់ទី​២រ​បស់លោកលឺ ខឺឈាំង​ និងកំពុងបារម្ភពីផលប៉ះពាល់ផងដែរ លើគោលនយោបាយសេដ្ឋកិច្ចរបស់ប្រទេសចិន​ ក្រោយអ្នកកាន់ដំណែងថ្មីចូលខ្លួនមក។ ជាទូទៅនៅប្រទេសចិន ប្រធានាធិបតីជាអ្នកចាត់ចែងគោលនយោបាយជាតិ និងកិច្ចការក្រៅប្រទេស ខណៈនាយករដ្ឋមន្ត្រី​ជាអ្នកចាត់ចែកគោលនយោបាយ​សេដ្ឋកិច្ច។

គួរជម្រាបថា លោកលី ឃឺឈាំង គឺជា​សេដ្ឋវិទូដែលបានទទួលការបណ្តុះបណ្តាល​ពី​លោកសេរី ហើយគោលនយោបាយ​របស់គាត់រួមមាន ផែនការសម្រាប់កំណែទម្រង់ដ៏ទូលំទូលាយ ដើម្បីជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសចិន ក្នុងពេល១០ឆ្នាំមកនេះ។ ទោះជាយ៉ាងណាក៏ដោយ អំណាចរបស់គាត់ត្រូវបានគេមើលឃើញថា ត្រូវបានកាត់បន្ថយម្តងបន្តិចៗ ដោយលោក ស៊ី ជីនពីង ព្យាយាមលូកដៃចូលក្នុងការចាត់ចែងសេដ្ឋកិច្ច តាមរយៈការបង្កើតក្រុម​ថ្មីមួយដែលឃ្លាំមើល​លើកំណែទម្រង់សេដ្ឋកិច្ច។

បើតាម​ក្រុមអ្នកវិភាគ​ ក្នុងពេលនេះ​សេណារីយ៉ូ​ដែលអាចកើតមាន នោះគឺក្រោយលោកផុតអាណត្តិជា​នាយករដ្ឋ​មន្ត្រីមែន តែលោកអាចនឹង​បន្តមាន​តួនាទី​ក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយបក្ស ដែលជាការិយាល័យអាចធ្វើ​សេចក្តីសម្រេចកំពូលមួយដែររបស់បក្ស។ នេះក៏ដោយសារតែលោកលី ខឺឈាំង ដែលស្ថិតក្នុងវ័យអាយុ ៦៧ ឆ្នាំនៅឡើយ នៅសល់ពេល១ឆ្នាំទៀត មុនចូលដល់អាយុចូលនិវត្តន៍ ដែលកំណត់សម្រាប់មន្រ្តីរបស់បក្ស។

អ្នកជំនាញ អះអាងថា គេមិនដកតំណែងមន្រ្តីបក្សកំពូលណាម្នាក់តែ​ផ្តេសផ្តាសនោះទេ បើរូបគេនោះ មិនបាន​ប្រព្រឹត្តអំពើពុករលួយ ឬមិនទាន់ដល់អាយុចូលនិវត្តន៍។ ហោចណាស់ លោក លី ឃឺឈាំងត្រូវបាន គេជឿថា អាច​ឡើង​កាន់​តំណែង​លំដាប់​ទី​បី​ក្នុង​នាម​​ជា​ប្រធាន​​សភា​​ប្រជាជន​ចិន ជា​ស្ថាប័ន​នីតិប្បញ្ញត្តិ​របស់​ប្រទេស​ចិន។

យ៉ាងណាក៏ដោយ ក៏មានដែរអ្នកតាមដានព្រឹត្តិការណ៍នៅប្រទេសចិន ដែលជឿថាបុរសវ័យ៦៧ឆ្នាំរូបនេះ នឹងជ្រើសរើសចូលនិវត្តន៍ពីគណៈកម្មាធិការអចិន្ត្រៃយ៍ ឬអាចនឹងសុំចូលនិវត្តន៍ពីឆាកនយោបាយចិនទាំងមូលតែម្តងក៏ថាបាន ដោយសារលោកយល់ថា លោកលែងមានឥទ្ធិពលអ្វីតទៅទៀត ពិសេសចាប់ពីពេលដែល លោកស៊ី ជីនពីង ផ្តើមលូកដៃចូលក្នុងកិច្ចការសេដ្ឋកិច្ចរបស់លោកមក។

ទោះយ៉ាងណា សមាជបក្សកុម្មុយនីស្តចិនដែលភាគច្រើនជាកិច្ចប្រជុំបិទទ្វារ ទំនងជាងបិទបញ្ចប់ការពិភាក្សានៅចុងសប្តាហ៍នេះ ឬដើមសប្តាហ៍ក្រោយ។ យើងនឹងរងចាំតាមដានថាតើក្បាលម៉ាស៊ីនថ្មីរបស់ចិន នឹងមានបេក្ខភាពរូបណាខ្លះ? និងថាតើលោក លី ឃឺឈាំង នឹងបន្តជិវិតនយោបាយរបស់លោក ក្នុងដំណែងលែងមានឥទ្ធិលដូចមុន ឬបញ្ចប់ត្រឹមនេះ? យើងនឹងអាចឆ្លើយសំណួរនេះក្នុងពេលឆាប់ៗ៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនរថយន្ដអគ្គិសនីយក្សចិន BYD ហក់ចូលទីផ្សារអឺរ៉ុបប្រជែងជាមួយ VW និង Tesla

ព័ត៌មាន
ក្រុមហ៊ុនរថយន្តអគ្គិសនីចិន BYD បានចាប់ផ្ដើមទន្ទ្រានចូលទៅប្រឡូកដណ្តើមទីផ្សារនៅតំបន់អឺរ៉ុបជាមួយគូប្រជែងធំៗរបស់ខ្លួនដូចជាក្រុមហ៊ុនយក្សអាមេរិ…

ហេតុអ្វីតំបន់អាស៊ីនឹងរះត្រដែតឡើងខ្លាំងជាងគេ ស្របពេលតំបន់ផ្សេងទៀតប្រឈមនឹងដាំក្បាលចុះសេដ្ឋកិច្ចនៅឆ្នាំក្រោយ?

ព័ត៌មាន
នៅពេលដែលសេដ្ឋកិច្ចសកលលោកស្ថិតក្នុងភាពមិនច្បាស់លាស់ ដោយសារតែបញ្ហានានា ពិសេសសង្គ្រាមអូសបន្លាយនៅអ៊ុយក្រែន ក្រុមសេដ្ឋវិទូមកពីជុំវិញពិភពលោកបា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ