ធនាគារ - ហិរញ្ញវត្ថុ - បច្ចេកវិទ្យា

វីង និង មរកត ថិកណឡជី សហការគ្នា​ដើម្បី​សម្រួល​ការប្រមូល​ប្រាក់​កម្ចី​របស់​មីក្រូហិរញ្ញវត្ថុ​និង​ធនាគារ


គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​និង​ធនាគារ​នៅទូទាំង​ប្រទេសកម្ពុជា​អាច​ប្រើប្រាស់​ប្រព័ន្ធ​អេកូឡូស៊ី​ហិរញ្ញវត្ថុ​របស់​ធនាគារ​ឯកទេស​វីង តាមរយៈ​ក្រុមហ៊ុន មរកត ថិកណឡជី ក្នុង​ការ​ប្រមូល​ប្រាក់​កម្ចី​ដែល​អាច​ជួយ​កាត់​បន្ថយ​ការចំណាយ​លើ​ប្រតិបត្តិការ​របស់​ពួកគេ។
វីង និង មរកត ថិកណឡជី សហការគ្នា​ដើម្បី​សម្រួល​ការប្រមូល​ប្រាក់​កម្ចី​របស់​មីក្រូហិរញ្ញវត្ថុ​និង​ធនាគារ

ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត បានចាប់ដៃគូជាមួយ ក្រុមហ៊ុនមរកត ថិកណឡជី បង្កើតប្រវត្តិសាស្ត្រថ្មីមួយទៀត ដើម្បីជួយដល់ស្ថាប័នមីក្រូហិរញ្ញវត្ថុ និងធនាគារក្នុងដំណើរការប្រមូលប្រាក់កម្ចី ដែលអាចជួយកាត់បន្ថយការចំណាយលើប្រតិបត្តិការរបស់ពួកគេ។

តាមរយៈភាពជាដៃគូនេះ ឥឡូវនេះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងធនាគារ អាចប្រមូលការបង់ប្រាក់កម្ចីរបស់ពួកគេតាមរយៈប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុរបស់វីងដោយប្រើប្រាស់ប្រព័ន្ធស្នូលធនាគាររបស់ក្រុមហ៊ុន មរកត ថិកណឡជី ដែលអាចធានាបាននូវភាពងាយស្រួលនិងការគ្រប់គ្រងការចំណាយបានយ៉ាងមានប្រសិទ្ធភាព។ ជាមួយគ្នានេះដែរ អតិថិជនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារអាចជ្រើសរើសវិធីសងប្រាក់កម្ចីរបស់ពួកគេបានយ៉ាងងាយតាមរយៈភ្នាក់ងារវីងដែលនៅក្បែរផ្ទះ ឬតាមរយៈកម្មវិធីស្មាតហ្វូនវីងដ៏ទំនើបដែលកំពុងធ្វើប្រតិបត្តការ២៤ម៉ោងនិង៧ថ្ងៃក្នុង១សប្តាហ៍។ 

លោក ឃួន សុភ័ទ្ទ អគ្គនាយក ក្រុមហ៊ុន មរកត ថិកណឡជី បានមានប្រសាសន៍ថា៖ «ខ្ញុំជឿជាក់ថាភាពជាដៃគូជាមួយធនាគារឯកទេសវីង នឹងជួយឱ្យអតិថិជនរបស់យើងអាចផ្តល់សេវាដល់អតិជនរបស់ពួកគេបានកាន់តែល្អប្រសើរ។ ឥឡូវនេះ អតិថិជនទាំងឡាយអាចបង់ប្រាក់កម្ចីរបស់ពួកគេជាមួយភ្នាក់ងារវីង ដោយមិនចាំបាច់ទៅបង់នៅសាខាធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុណាមួយក៏បាន។ នាពេលបច្ចុប្បន្ននេះ មានភ្នាក់ងារវីងជិត៨០០០កន្លែង ដែលកំពុងដំណើរការនៅទូទាំងប្រទេស។  ចាប់ពីពេលនេះតទៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារអាចផ្តោតលើការផ្តល់ប្រាក់កម្ចីដល់អតិថិជនថ្មីដែលអាចជួយបង្កើនផលិតភាពកាន់តែប្រសើរ ជាជាងចំណាយពេលទៅលើការប្រមូលប្រាក់កម្ចី »។

ដោយបានបង្កើតឡើងនាឆ្នាំ២០១៥ ក្រុមហ៊ុន មរកត ថិកណឡជី ជាអ្នកផ្តល់សេវាប្រព័ន្ធស្នូលធនាគារ នៅក្នុងប្រទេសកម្ពុជា។ ហើយនាពេលបច្ចុប្បន្ននេះ មរកត កំពុងផ្តល់សេវាដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងធនាគារចំនួន៤៥ស្ថាប័ន នៅក្នុងប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា។ 

ធនាគារឯកទេសវីង និងមរកត ថិកណឡជី មានគោលបំណងដូចគ្នាក្នុងការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុឌីជីថល សម្រាប់ការផ្លាស់ប្តូរសេវាកម្មហិរញ្ញវត្ថុនៅកម្ពុជា ជាពិសេសការលើកកំពស់បរិយាប័ន្នហិរញ្ញវត្ថុដោយរាប់ចាប់ពីប្រព័ន្ធស្នូលធនាគាររហូតដល់ធនាគារចល័ត។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត បានមានប្រសាសន៍ថា៖ «នៅវីង យើងបានប្តេជ្ញាចិត្តក្នុងការធានាឲ្យបានថា អតិថិជនរបស់យើងនឹងទទួលបានដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពងាយស្រួល ឆាប់រហ័ស និងមានសុវត្ថិភាព។ ការធ្វើសមាហរណកម្មប្រព័ន្ធហិរញ្ញវត្ថុរបស់វីងនិងមរកត ថិកណឡជី គឺជាមធ្យោបាយមួយដែលអាចជម្រុញការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុរបស់យើងដើម្បីផ្តល់ជាប្រយោជន៍ដល់ប្រជាជនដែលរស់នៅតាមខេត្តជនបទ ព្រមទាំងស្ថាប័នហិរញ្ញវត្ថុក៏ដូចជាធនាគារផងដែរ។ ប្រជាជនរបស់យើងមិនចាំបាច់ធ្វើដំណើរឆ្ងាយដើម្បីសងប្រាក់កម្ចីរបស់ពួកគេទេ ខណៈដែលស្ថាប័នហិរញ្ញវត្ថុអាចកាត់បន្ថយការចំណាយលើប្រតិបត្តិការរបស់ពួកគេផងដែរ»។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនដល់ ៥ភាគរយទេនៅកម្ពុជាដែលអាចមានលទ្ធភាពទិញកម្មវិធីស្តង់ដារមួយសម្រាប់ប្រើប្រាស់ ហើយកម្មវិធីភាគច្រើនត្រូវបានរចនាឡើងសម្រាប់ប្រើប្រាស់ដោយធនាគារ តែមិនមែនសម្រាប់ស្ថាប័នមីក្រូហិរញ្ញវត្ថុនោះទេ។ ហេតុដូច្នេះហើយកម្មវិធីទាំងនោះត្រូវមានការកែម្រួលជាច្រើនដើម្បីឲ្យស្របតាមតំរូវការជាក់ស្តែង ហើយការកែសម្រួលទាំងនោះបានធ្វើឱ្យមានការចំណាយថវិការជាច្រើនសម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ 

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមិនអាចមានលទ្ធភាពប្រើប្រាស់កម្មវិធីនេះ ពួកគេបានបន្តប្រើប្រាស់កម្មវិធី Excelដែលធ្វើកំណត់ត្រាដោយដៃ។ អ្នកខ្លះទៀត ថែមទាំងកត់ត្រាព័ត៌មានអតិថិជននៅលើក្រដាសទៀតផង។

ដោយមើលឃើញពីបញ្ហាប្រឈមនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងធនាគារក្នុងការគ្រប់គ្រងនិងបែងចែកឥណទាន ក្រុមហ៊ុន មរកត ថិកណឡជី ដែលត្រូវបានបង្កើតឡើងនាឆ្នាំ២០១៥ បានផ្តល់ជូនកម្មវិធីតាមដានប្រាក់កម្ចី និងដំណើរការគណនេយ្យ ដែលមាននៅលើបណ្តុំតែមួយសម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារតែម្តង។ មូលដ្ឋានទាំងនេះក៏ត្រូវបានដាក់បញ្ចូលប្រើប្រាស់នៅក្នុងទិន្នន័យការិយាល័យឥណទានដែលអាចជួយសំរួលដល់ដំណើរការនានា និងការធ្វើសេចក្តីសំរេចចិត្តលើប្រាក់កម្ចីឲ្យបានកាន់តែឆាប់រហ័ស។ 

ក្នុងនាមជាធនាគារចល័តឈានមុខគេនៅកម្ពុជា វីងបានផ្តល់ភាពងាយស្រួលដល់ប្រជាជនកម្ពុជាគ្រប់រូបក្នុងការទទួលបានសេវាកម្មហិរញ្ញវត្ថុនៅទូទាំងប្រទេសតាមរយៈបច្ចេកវិទ្យាចុងក្រោយនៃកម្មវិធីស្មាតហ្វូនវីង រួមទាំងមានបណ្តាញភ្នាក់ងារវីងជិត៨០០០កន្លែងនៅគ្រប់ស្រុក និងខេត្តនៃព្រះរាជាណាចក្រកម្ពុជា។ អស់រយៈពេល ១២ ឆ្នាំកន្លងមកនេះ វីង បានទទួលការជឿជាក់ក្នុងការផ្តល់ជូននូវការធ្វើប្រតិបត្តិការប្រកបដោយសុវត្ថិភាពនិងមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាពព័ត៌មាន។ សព្វថ្ងៃនេះ ស្លាកយីហោរបស់វីងជានិមិត្តសញ្ញានៃសុវត្តិភាព និងជាសេវាទូទាត់ប្រាក់ដែលមានតម្លៃសមរម្យដោយមានការជឿទុកចិត្តពីសំណាក់អ្នកប្រើប្រាស់ជិត ១០ លាននាក់ជារៀងរាល់ឆ្នាំ៕ 




អត្ថបទបន្ទាប់


តំណាង SME ស្នើឲ្យធនាគារ SME បញ្ចេញប្រាក់កម្ចីបន្ថែម

ព័ត៌មាន
ប្រធានសម្ព័ន្ធសហគ្រាសធុនតូច និងមធ្យមកម្ពុជាបានគូសបញ្ជាក់នាពេលថ្មីៗនេះថា ខ្លួននៅតែព្យាយាមជំរុញឲ្យធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME B…

កម្ពុជារកឃើញអ្នកមានកូវីដ-១៩ ចំនួន ៥នាក់ទៀតហើយ នៅថ្ងៃទី ១៦ខែកក្កដានេះ! ខណៈអ្នក​ឆ្លង​កូវីដ-១៩សរុប​កើនដល់ ១៧១នាក់

ព័ត៌មាន
នៅថ្ងៃទី ១៦ ខែកក្កដានេះ ក្រសួងសុខាភិបាល បានបង្ហាញពីការរកឃើញនូវករណីវិជ្ជមានកូវីដ-១៩ ថ្មី ចំនួន ០៥នាក់បន្ថែមទៀតហើយ ដែលសុទ្ធសឹងជាករណីនា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ