រូបថត​បង្ហាញ​ភាព​អស្ចារ្យ​នៃ​ទន្លេង​មេគង្គ

រូបថតទាំង​នេះ​បង្ហាញ​ពី​ភាព​អស្ចារ្យ​នៃ​ទន្លេ​មេគង្គ ដែល​អ្នក​គួរតែទស្សនា!


រាត្រី​កាល​ចូល​មក​ដល់ ថាមពលអគ្គិសនី​ចាប់​ផ្តើម​បំភ្លឺ​ភូមិ​នេសាទ​ដ៏​ល្បីល្បាញ​មួយ​កន្លែង ដែល​បណ្តែត​ខ្លួន​ក្នុង​ទីងងឹត លើ​ផ្លូវ​ទឹក គូឡុង (ឬ​មេគង្គ) នៃ​ប្រទេស​វៀតណាម។ ភ្លើង​អំពូល​ចាំង​ចញ្ចែង​ចិញ្ចាច ធ្វើ​ឱ្យ​គេ​មើល​ឃើញ​ពី​ការ​រស់​នៅ​តាម​ផ្ទះ​របស់​ប្រជាពលរដ្ឋ ដែល​ពឹង​អាស្រ័យ​លើ​ទន្លេ​មេគង្គ ដើម្បី​ចិញ្ចឹម​ជីវិត។
ទិដ្ឋភាព​ពេល​រាត្រី​នៃ​ភូមិ​នេសាទ​វៀតណាម នៅ​ Chau Doc ភាគ​ខាង​ត្បូង​វៀតណាម។ រូបថត​នេះ​ជាប់​ជ័យ​លាភី​លេខ​១ ក្នុង​ការ​ប្រកួត​រូបថត​រៀបចំ​ដោយ​គណៈកម្មការ​ទន្លេ​មេគង្គ។ រូបថត៖ Hieu Minh Vu/MRC
ដោយ

រូបថត​នេះ​ (រូប​នៅ​ខាង​ដើម​បំផុត​នៃ​អត្ថបទ​នេះ) បង្ហាញ​ពី​អត្ថន័យ​ជ្រាលជ្រៅ​នៃ​ខ្សែ​ជីវិត​លើ​ទឹក ដែល​ឆ្លុះ​បញ្ចំាង​ពី​ទំនាក់​ទំនង​ជា​ប្រវត្តិសាស្រ្ត​រវាង​មនុស្ស​និង​ទន្លេ។ លោក Hien Minh Vu បាន​ថត​ផ្តិត​យក​ទិដ្ឋភាព​ដ៏​អស្ចារ្យ​នេះ និង​បាន​ឈ្នះ​ជ័យ​លាភី​លេខ​មួយ ក្នុង​ការ​ប្រកួត​ប្រជែង​រូបថត​លើក​ដំបូង ដែល​រៀបចំ​ឡើង​ដោយ​គណៈកម្មការ​ទន្លេមេគង្គ (MRC)។

ក្នុង​កម្មវិធី​ដែល​រៀបចំ​ឡើង​នៅ​លេខាធិការដ្ឋាន​ MRC ក្នុង​ទីក្រុង​វៀងច័ន្ទ កាលពីដើមខែធ្នូ ដើម្បី​អបអរ​សាទរ​ភាព​សម្បូរ​បែប​នៃ​ទន្លេ​មេគង្គ ជាមួយ​នឹង​រូបថត​ដែល​ឈ្នះ​ជ័យ​លាភី អ្នក​ថតរូប​ដែល​ទទួល​បាន​ជ័យ​លាភី​រូប​នេះ និយាយ​ដោយ​ចិត្ត​ត្រេកអរ ថា “ការ​ចូលរួម​ក្នុង​ការ​ប្រកួត​ប្រជែង​នេះ គឺ​ជា​ឱកាស​ដ៏​អស្ចារ្យ​មួយ​សម្រាប់​ខ្ញុំ ដើម្បី​បញ្ជូន​សារ​ប្រាប់​ទៅ​សាធារណជន​ទូទៅ ថា យើង​ចាំបាច់​ត្រូវ​ពួត​ដៃ​គ្នា ការពារ​ទន្លេ​ដ៏​ស្រស់​បំព្រង​មួយ​នេះ ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ដែល​ពឹង​អាស្រ័យ​លើ​វា សម្រាប់​ម្ហូប​អាហារ​ផង និង​ការ​រក​ចំណូល​ផង”។

ដើម​ឈើ​ដុះ​ក្នុង​ទន្លេ​មេគង្គ ក្នុង​ខេត្ត​ស្ទឹង​ត្រែង។ រូបថត​នេះ​ស្ថិត​ក្នុង​ចំណោម​រូបថត​ជ័យ​លាភី​ក្នុង​កម្មវិធី​ប្រកួត​រូបថត​របស់​គណៈកម្មការ​ទន្លេ​មេគង្គ។ (Sokratana Hou/MRC)

រូបថត​ជ័យ​លាភី​របស់​លោក Vu  ត្រូវ​បាន​ជ្រើស​ចេញ​ពី​រូបថត​ចំនួន ១៦៥​សន្លឹក របស់​អ្នក​ថតរូបមិនមែន​អាជីព​ចំនួន ៤២​នាក់ មកពី​ប្រទេស​ចំនួន​បួន នៅ​អាង​ទន្លេ​មេគង្គ​ក្រោម រួមមាន កម្ពុជា ឡាវ ថៃ និង​វៀតណាម។ អ្នក​ថត​រូប​ទាំង​នេះ បាន​ចូលរួម​ក្នុង​ការ​ប្រកួត​ប្រជែង​រូប​ថត ក្រោម​ប្រធាន​បទ “ភាព​សម្បូរ​បែប​នៃ​ទន្លេ​មេគង្គ​ក្នុង​ខ្សែ​ភ្នែក​របស់​អ្នក” ដែល​ចាប់​ផ្តើម​ទទួល​ពាក្យ​ប្រកួត ពី​ថ្ងៃ​ទី​០៧ ខែ​កក្កដា ដល់​ថ្ងៃ​ទី ២៤ ខែ​កញ្ញា ឆ្នាំ​២០១៧។ 

រូបថត​ចំនួន ៣០​សន្លឹក​ផ្សេង​ទៀត ដែល​ឈាន​ដល់​វគ្គ​ជម្រុះ​ចុង​ក្រោយ ដែល​ផ្តិត​យក​ផ្ទាំង​ទស្សនីយភាព​ដ៏​ស្រស់​បំព្រង និង​សកម្មភាព​មនុស្ស សុទ្ធតែ​ស​បញ្ជាក់​ពី​រឿងរ៉ាវ​គួរ​ឱ្យ​ទាក់​ទាញ​ចិត្ត ស្រដៀង​គ្នា​នេះ ដូចជា ការ​បង្ហាញ​ពី​ប្រព័ន្ធ​បរិស្ថាន​សម្បូរ​បែប​នៃ​ទន្លេ​មេគង្គ ការ​ប្រើប្រាស់​ទឹក​តាម​បែប​ផែន​ផ្សេងៗ​គ្នា និង​មុខ​របរ​ចិញ្ចឹម​ជីវិត ដែល​មាន​លក្ខណៈ​ពិសេស​របស់​សហគមន៍​នៅ​តាម​ដង​ទន្លេ។

អ្នក​នេសាទ​ចាម​នៅតាមដង​ទន្លេ​មេគង្គ​ក្នុង​ប្រទេស​កម្ពុជា។ រូបថត​នេះ​ស្ថិត​ក្នុង​ចំណោម​រូបថត​ជ័យ​លាភី​ក្នុង​កម្មវិធី​ប្រកួត​រូបថត​របស់​គណៈកម្មការ​ទន្លេ​មេគង្គ។ (Phearith Phan/MRC)

លោកស្រី Catherine O’ Brine ដែល​ជា​ប្រធាន​គណៈកម្មាធិការ​រៀបចំ​កម្មវិធី​ប្រកួត​ប្រជែង​រូប​ថត​នេះ មាន​ប្រសាសន៍​ក្នុង​កម្មវិធី​ផ្តល់​រង្វាន់​ថា “រូបភាព​ទាំង​នេះ​មាន​លក្ខណៈ​ពិសេស​ម្យ៉ាង ដែល​ទាក់​ទាញ​ចិត្ត​អ្នក​ទស្សនា… វា​ជា​រូបភាព​ដែល​ផ្លាស់​ប្តូរ​ការ​យល់​ឃើញ និង​បទ​ពិសោធន៍​របស់​យើង”។

ពិធី​ប្រគល់​រង្វាន់​នេះ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ក្រុង​វៀងច័ន្ទ ធ្វើ​ឡើង​ទន្ទឹម​គ្នា​នឹង​ពិព័រណ៍​រូបថត​ដែល​ជាប់​ចំណាត់​ថ្នាក់​លើ​គេ​ចំនួន​៣០​សន្លឹក។ រូបភាព​ឈ្នះ​ជ័យ​លាភី​ចំនួន​១២​សន្លឹក បាន​ទទួល​រង្វាន់ ដែល​ក្នុង​នោះ រូប​ល្អ​លើស​គេ​ចំនួន​៨ ទទួល​បាន​រង្វាន់​ជា​សាច់​ប្រាក់​មាន​ចាប់​ពី ៥០​ដុល្លារ ទៅ ៥០០​ដុល្លារ។

កសិករ​ប្ដី​ប្រពន្ធ​ប្រមូល​ផល​ស្រូវ​នៅ​ខេត្ត​កណ្ដាល។ រូបថត​នេះ​ស្ថិត​ក្នុង​ចំណោម​រូបថត​ជ័យ​លាភី​ក្នុង​កម្មវិធី​ប្រកួត​រូបថត​របស់​គណៈកម្មការ​ទន្លេ​មេគង្គ។ (Rithy Kheurn/MRC)

ក្នុង​ចំណោម​រូបភាព​ឈ្នះ​ជ័យ​លាភី​ទំាង​១២ មាន​រូប​៣​សន្លឹក​ ថត​ដោយ​អ្នក​ថត​រូប​មក​ពី​កម្ពុជា ​គឺ​លោក ហ៊ូ សុខរ័ត្ននា ដែល​ឈ្នះ​រង្វាន់​រូបថត​ល្អ​ប្រចាំ​ប្រទេស ដោយ​បាន​ថត​រូប​ពណ៌នា​ពី​ដើម​ឈើ​ដុះ​បណ្តែត​ខ្លួន​ក្នុង​ទន្លេ​មេគង្គ​នៅ​ខេត្ត​ស្ទឹងត្រែង។ លោក ខឹម រិទ្ធី ឈ្នះ​រង្វាន់​រូបថត​ល្អ​សម្រាប់​គម្រោង​គ្រប់គ្រង​ធនធាន​ទឹក​ចម្រុះ ដែល​បាន​ថត​រូប​កសិករ​នៅ​តាម​ដង​ទន្លេ​មេគង្គ និង​លោក ផាន ភារិទ្ធ ដែល​ឈ្នះ​រង្វាន់​រូប​ថត​ល្អ​សម្រាប់​គម្រោង​ធនធាន​ទឹក​ចម្រុះ​ដែរ ពី​ការ​ថត​រូប​ការ​រស់​នៅ​តាម​ដង​ទន្លេ​របស់​ជន​ជាតិ​ចាម នៅ​កម្ពុជា។ 

កម្មវិធី​ប្រកួត​រូបថត និង​ការ​តាំង​ពិព័រណ៍​រូបថត​នេះ គឺជា​ផ្នែក​មួយ​នៃ​គម្រោង​គ្រប់​គ្រង​ធនធាន​ទឹក​ចម្រុះ​ទន្លេ​មេគង្គ​នៃ​គណៈកម្មការ​ទន្លេ​មេគង្គ ក្រោម​ជំនួយ​ហិរញ្ញវត្ថុ​ពី​ធនាគារ​ពិភព​លោក ដែល​បាន​សម្រប​សម្រួល​កិច្ច​សហប្រតិបត្តិការ​ឆ្លង​ដែន ជុំវិញ​ការ​ប្រើ​ប្រាស់​និង​ការ​គ្រប់គ្រង​ធនធាន​ទឹក​រវាង​ប្រទេស​មេគង្គ​ទាំង​បួន៕

សូម​អញ្ជើញ​ទស្សនារូបថត​ជា​ច្រើន​ផ្សេង​ទៀត ដោយ​ចុច​លើ​តំណ​នេះ >>>




អត្ថបទបន្ទាប់


ការ​នាំ​ចេញ​របស់​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំង​១១​នៅ​កម្ពុជា កើន​ឡើង​១២%​ក្នុង​ឆ្នាំ​២០១៧

ព័ត៌មាន
ការ​នាំ​ចេញ​របស់​តំបន់​សេដ្ឋកិច្ច​ពិសេស ទាំង​១១ របស់​កម្ពុជា​ ក្នុង​រយៈពេល​មួយ​ឆ្នាំ​ពេញ​ ឆ្នាំ​២០១៧​នេះ មាន​ទឹក​ប្រាក់​ជិត ១ពាន់ ២…

ពាក់​កណ្ដាល​ដើម​ឆ្នាំ​ក្រោយ​វិស័យ​កាត់ដេរ​នៅ​តែ​ល្អ តែ​បន្ទាប់​ពី​នោះ​​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ?

ព័ត៌មាន
ការវិវត្ត​នៃ​បរិយាកាស​នយោបាយ​នៅ​ចុង​ក្រោយ​នេះ បាន​ធ្វើ​ឲ្យ​វិស័យ​កាត់​ដេរ​កម្ពុជា បាន​ដើរ​មក​ដល់​ចំណុច​មួយ​​ដែល​អ្នក​តាមដាន​គ្រប់​គ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ