សេដ្ឋកិច្ចពិភពលោក២០២៣

ធនាគារពិភពលោក៖ សេដ្ឋកិច្ចពិភពលោក២០២៣កំពុងឈរនៅមាត់ជ្រោះនៃវិបត្តិហើយ


សេដ្ឋកិច្ចពិភពលោកនៅឆ្នាំ២០២៣នេះ ត្រូវបានស្ថានអន្តរជាតិធំៗ ព្យាករពីស្ថានភាពកាន់តែយ៉ាប់យ៉ឺនជាងឆ្នាំ២០២២ទៅទៀត។ យ៉ាងណាមិញ បើតាមការព្យាករថ្មីចុងក្រោយមួយរបស់ធនាគារពិភពលោក ដែលបានចេញផ្សាយនៅថ្ងៃទី ១០ ខែមករាឆ្នាំ២០២៣ បានគូបញ្ជាក់កាន់តែច្បាស់ជាងមុនថា ស្ថានភាពសេដ្ឋកិច្ចពិភពលោកនៅឆ្នាំ២០២៣ កំពុងស្ថិតនៅមាត់ជ្រោះនៃការធ្លាក់ចូលទៅក្នុងវិបត្តិមែនទែនហើយ។ តើអ្វីខ្លះដើមចមធំៗនឹងរុញសេដ្ឋកិច្ចពិភពលោកឲ្យធ្លាក់ចុះទៅក្នុងវិបត្តិនៅឆ្នាំនេះ?
ធនាគារពិភពលោកព្រមានពីវិបត្តិសេដ្ឋកិច្ចក្នុងឆ្នាំ២០២៣!
ដោយ

បើតាមធនាគារពិភពលោក បញ្ហាផលប៉ះពាល់នៃវិបត្តិសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ការដំឡើងអត្រាការប្រាក់កាន់តែខ្ពស់ឡើងនៅតាមធនាគារកណ្ដាលនៃប្រទេសជាច្រើន រួមទាំងសេដ្ឋកិច្ចរបស់ប្រទេសសេដ្ឋកិច្ចធំៗដែលជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចកំពុងមានទំនោរថមថយចុះនោះ គឺសុទ្ធសឹងកត្តាចម្បងៗដែលនឹងរុញទម្លាក់សេដ្ឋកិច្ចពិភពលោកឲ្យដាំក្បាលចូលទៅក្នុងវិបត្តិនៅឆ្នាំនេះ។

យោងតាមរបាយការណ៍ការព្យាករពីកំណើនសេដ្ឋកិច្ចសកល ដោយធនាគារពិភពលោក ដែលបានធ្វើឡើងកាលពីថ្ងៃអង្គារទី១០ខែមករាបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចនៅបណ្ដាប្រទេសជាច្រើនទូទាំងពិភពលោក មានទំនោរកំណើនថមថយចុះជាបន្ដបន្ទាប់ ខណៈដែលធនាគារកណ្តាលសម្រុកដំឡើងអត្រាការប្រាក់គោលយ៉ាងខ្ពស់ ស្របពេលដែលសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែននៅតែបន្ត ជិតគំរប់មួយឆ្នាំទៅហើយនោះ។

World Bank រំពឹងថាកំណើន GDP របស់ពិភពលោកនឹងមានប្រមាណ ១,៧%ប៉ុណ្ណោះនៅក្នុងឆ្នាំ ២០២៣ ដែលវាជាកំណើនមួយយឺតបំផុតនៅប៉ុន្មានឆ្នាំចុងក្រោយ។ ការរំពឹងចុងក្រោយរបស់ធនាគារពិភពលោក គឺបានបន្ទាបអស់ជិតពាក់កណ្តាល បើធៀបនឹងរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចសកល ដែលខ្លួនធ្លាប់បានបញ្ចេញកាលពីខែមិថុនាឆ្នាំ២០២២ ដែលកាលនោះ World Bank បានរំពឹងថា កំណើនសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៣នឹងកើនឡើងដល់ ៣%។

ជាមួយគ្នានេះ របាយការណ៍ថ្មីចុងក្រោយរបស់ធនាគារពិភពលោកដដែលនេះ បានព្យាករថា សម្រាប់ឆ្នាំ២០២៤ កំណើនសេដ្ឋកិច្ចសកល នឹងកើនឡើងមកដល់មកដល់ ២,៧% ខណៈកាលពីឆ្នាំមុនធ្លាប់បានប៉ាន់ស្មានថានឹងមានកំណើន២,៩%។ ការព្យាករណ៍បានបង្ហាញផងដែរ ថាកំណើនសេដ្ឋកិច្ចសកលជាមធ្យមសម្រាប់ចន្លោះឆ្នាំ ២០២០-២០២៤ នឹងស្ថិតនៅក្រោមរង្វង់២%ប៉ុណ្ណោះ ដែលនេះជាកំណើនតិចបំផុតសម្រាប់ចន្លោះពេល៥ឆ្នាំ បើគេគិតពីឆ្នាំ ១៩៦០មក។

ធនាគារពិភពលោកជឿថា ភាពរីកច្រើនយឺតនៃប្រទេសដែលជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចពិភពលោក ដូចជា ប្រទេសចិន សហរដ្ឋអាមេរិក និងតំបន់ចាយប្រាក់អឺរ៉ូ សុទ្ធតែកំពុងរុញឱ្យសេដ្ឋកិច្ចសកលទៅកៀកនឹងមាត់ជ្រុះនៃវិបត្តិ។ ជាក់ស្តែង World Bank បានកាត់បន្ថយកំណើនសេដ្ឋកិច្ចអាមេរិក និងតំបន់អឺរ៉ុប ០,៥%ដូចគ្នា ខណៈចិនកាលពីឆ្នាំមុនមានកំណើនត្រឹម ២,៧% ដែលវាជាកំណើនតិចបំផុតរាប់ចាប់ពីទសវត្សរ៍ឆ្នាំ១៩៧០មក។

បើតាមអ្នកជំនាញរបស់ធនាគារពិភពលោក ដោយសារតែលក្ខខណ្ឌសេដ្ឋកិច្ចពិភពលោកកំពុងផុយស្រួយ ដូចនេះការផ្លាស់ប្ដូរជាអវិជ្ជមានណាមួយក៏ដោយ គឺសុទ្ធតែអាចទាញឲ្យពិភពលោកធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចបានទាំងអស់ ឧទាហរណ៍ដូចជា អតិផរណាខ្ពស់ជាងការរំពឹងទុក ការកើនឡើងនៃអត្រាការប្រាក់គោលភ្លាមៗ ការរីករាលដាលនៃជំងឺកូវីដ១៩ ឬការកើនឡើងនូវភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយជាដើម។ នៅក្នុងលក្ខខណ្ឌសេដ្ឋកិច្ចមិនអំណោយផលបែបនេះ វានឹងប៉ះពាល់ខ្លាំងបំផុតសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ព្រោះប្រទេសទាំងនេះកំពុងរ៉ាប់រងបន្ទុកបំណុលដ៏ធ្ងន់ស្រាប់ទៅហើយ បូករួមនឹងការប្រែប្រួលនៃតម្លៃរូបិយប័ណ្ណថែមទៀត។

ឆ្លើយតបនឹងបញ្ហានេះ ធនាគារពិភពលោកបានអំពាវនាវឱ្យបង្កើនការគាំទ្រពីសហគមន៍អន្តរជាតិដើម្បីជួយប្រទេសដែលមានប្រាក់ចំណូលទាប ក្នុងការដោះស្រាយវិបត្តិស្បៀងអាហារ និងការកើនឡើងនៃវិបត្តិបំណុលជាដើម៕

អត្ថបទ ​៖ សារៀម លក្ខិណា




អត្ថបទបន្ទាប់


វិបត្តិគ្រោះធម្មជាតិលេបត្របាក់ទ្រព្យសម្បត្តិអាមេរិកអស់១៦៥ពាន់លានដុល្លារ កាលពីឆ្នាំ២០២២

ព័ត៌មាន
របាយការណ៍របស់រដ្ឋាភិបាលសហរដ្ឋអាមេរិកចេញផ្សាយនៅថ្ងៃអង្គារទី១០មករា បានឱ្យដឹងថា ខ្យល់ព្យុះធំៗ ខ្យល់គួច ព្យុះព្រិល ភ្លើងឆេះព្រៃ និងភាពគ្រោះរាំ…

WHO ទទូចឲ្យអ្នកដំណើរពាក់ម៉ាសឡើងវិញ ក្រោយបារម្ភពីការលុកលុយរបស់មេរោគកូវីដ១៩បំប្លែងខ្លួនថ្មី

ព័ត៌មាន
អង្គការសុខភាពពិភពលោក បានជំរុញឱ្យបណ្តាប្រទេសនានា ណែនាំទៅអ្នកដំណើរទាំងអស់ឱ្យពាក់ម៉ាស់ការពារឡើងវិញ នៅចំពោះមុខនៃការរីករាលដាលជំងឺកូវីដ១…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ