ធនាគារពិភពលោកសម្រេចបង្កកគម្រោង

ធនាគារពិភពលោកសម្រេចបង្កកគម្រោងតម្លៃ ៦០០លានដុល្លារ នៅអាហ្វហ្គានីស្ថាន


ធនាគារពិភពលោកបានផ្អាកគម្រោងចំនួន ៤ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលគម្រោងទាំងបួននេះមានតម្លៃជាទឹកប្រាក់ ៦០០ លានដុល្លារអាមេរិក។ ការផ្អាកគម្រោងនេះ ចំពេលមានការព្រួយបារម្ភអំពីការសម្រេចចិត្តរបស់មេដឹកនាំឥស្លាមដែលកំពុងកាន់អំណាចរបស់ប្រទេសអាហ្វហ្គានីស្ថាន ដែលបានហាមប្រាមក្មេងស្រីមិនឱ្យត្រឡប់ទៅរៀននៅសាលាថ្នាក់វិទ្យាល័យឡើងវិញ ដែលវាបានបង្កឱ្យមានការស្រងាកចិត្តក្នុងចំណោមម្ចាស់មូលនិធិ ដែលផ្ដល់ទៅឲ្យប្រទេសនេះ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
ធនាគារពិភពលោកសម្រេចបង្កកគម្រោងតម្លៃ ៦០០លានដុល្លារ នៅអាហ្វហ្គានីស្ថាន

គម្រោង​ដែល​នឹង​ត្រូវ​បាន​ផ្តល់​មូលនិធិ​ក្រោម​មូលនិធិ​ទំនុកបម្រុង​អា​ហ្វ​ហ្កា​នី​ស្ថាន ដែល​ហៅ​កាត់​ថា ARTF ដែល​កំពុង​ត្រូវ​បាន​ត្រៀម​រួចរាល់​សម្រាប់​ការ​អនុវត្ត​ដោយ​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ ដើម្បី​គាំទ្រ​គម្រោង​ក្នុង​វិស័យ​កសិកម្ម ការ​អប់រំ សុខភាព និង​ជីវភាព​រស់នៅ​ក្នុង​ប្រទេស​នេះ​។ ប៉ុន្តែ​ការ​ណែនាំ​របស់​ធនាគារពិភពលោក​តម្រូវ​ឱ្យ​គ្រប់​សកម្មភាព​ដែល​ផ្តល់​ហិរញ្ញប្បទាន​ដោយ ARTF ដើម្បី​គាំទ្រ​ដល់​ការ​ទទួល​បាន និង​សមធម៌​សម្រាប់​ស្ត្រី និង​កុមារី​នៅ​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ហើយ​ក៏​បាន​លើក​ឡើង​ពី​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ហាមប្រាម​របស់​ពួក​តា​លី​បង់​លើ​ក្មេង​ស្រី​មិន​ឱ្យ​ចូល​រៀន​នៅ​វិទ្យាល័យ​ផង​ដែរ​។

សូម​រំឭក​ថា ក្រុមប្រឹក្សា​ប្រតិបត្តិ​របស់​ធនាគារពិភពលោក​កាលពី​ថ្ងៃ​ទី ១ ខែមីនា​បាន​អនុម័ត​ផែនការ​ប្រើប្រាស់​កញ្ចប់​ទឹកប្រាក់​ជាង ១ ពាន់​លាន​ដុល្លារ​ពី​មូលនិធិ ARTF ដើម្បី​ផ្តល់​ហិរញ្ញប្បទាន​ដល់​ការ​អប់រំ កសិកម្ម សុខភាព និង​កម្មវិធី​គ្រួសារ ដោយ​ថវិកា​នេះ ប៉ុន្ដែ​ថវិកា​មិន​បាន​ផ្ដល់​ជូន​ដល់​អាជ្ញាធរ​តា​លី​បង់​នោះ​ទេ គឺ​បាន​បែងចែក​ទៅ​ឲ្យ​ទីភ្នាក់ងារ និង​ជំនួយ​របស់​អង្គការសហប្រជាជាតិ​វិញ​។ គម្រោង​មូលនិធិ ARTF​របស់​ធនាគារពិភពលោក​សម្រាប់​ផ្ដល់​ជូន​អា​ហ្វ​ហ្គា​នី​ស្ថាន ត្រូវ​បាន​ជាប់​គាំង​តាំង​តែ​ខែសីហា​ឆ្នាំ​មុន​មក​ម្ល៉េះ ពោល​គឺ​ចាប់តាំងពី​ពេល​ដែល​ពួក​តា​លី​បង់​ឡើង​កាន់​អំណាច ខណៈ​ដែល​កងទ័ព​អន្តរជាតិ ដែល​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​បាន​សម្រេច​ចាក​ចេញពី​ប្រទេស​នេះ​។ ក្រោយ​ពី​ដកទ័ព​ចេញ​រដ្ឋាភិបាល​បរទេស​ដែល​ធ្លាប់​ជួយ​អា​ហ្វ​ហ្គា​នី​ស្ថាន​ទាំង​អស់នេះ ក៏​បាន​កាត់​បន្ថយ​ចំនួន​ហិរញ្ញវត្ថុ​ទាំងអស់ ដែល​មាន​ប្រហែល​៧០% នៃ​ការ​ចំណាយ​របស់​រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន ដែល​វា​រឹតតែ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ប្រទេស​ដែល​ខ្ទេចខ្ទាំ​ដោយសារ​សង្គ្រាម​មួយ​ដួល​រលំ​កាន់តែ​លឿន​។

សូម​ជម្រាប​ថា នៅ​ក្នុង​ស​ប្ដា​ហ៍​នេះ​ក្រសួងការបរទេស​ចិន​បានឱ្យ​ដឹង​ថា អ្នកការទូត​កំពូល​របស់​សហរដ្ឋអាមេរិក​នឹង​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​ប្រទេស​ចិន​ដើម្បី​ពិភាក្សា​អំពី​បញ្ហា​នៅ​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ជាមួយ​សម​ភាគី​ចិន រុ​ស្ស៊ី និង​ប៉ា​គី​ស្ថាន​ផង​ដែរ​។ កិច្ចប្រជុំ​នេះ​នឹង​ត្រូវ​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ការ​បរទេស​ចិន​លោក Wang Yi និង​មានការ​ចូលរួម​ដោយ​រដ្ឋមន្ត្រី​ការ​បរទេស​ស្តីទី​អា​ហ្វ​ហ្គា​នី​ស្ថាន Amir Khan Muttaqi និង​អ្នកការទូត​មក​ពី​ប្រទេស​ជា​ច្រើន​ផ្សេង​ទៀត​ផង​ដែរ​៕

អត្ថបទ៖ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាជ្ញាធរៀតណាមចេញដីការចាប់ខ្លួនមហាសេដ្ឋីម្ចាស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាម Bamboo Ariways

ព័ត៌មាន
អាជ្ញាធរវៀតណាម នៅថ្ងៃទី ២៩ ខែមីនា បានចេញដីកាចាប់ខ្លួនមហាសេដ្ឋីម្នាក់ ដែលគេស្គាល់ថា ជាម្ចាស់ក្រុមហ៊ុន FLC Group ដែលវិនិយោគពហុវិស័យនៅវ…

ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា

ព័ត៌មាន
ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល ធ្វើឡើង នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ