ធនាគារពិភពលោក

ធនាគារពិភពលោកបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចវៀតណាមឆ្នាំ២០២១កាន់តែទាបជាងឆ្នាំ២០២០


គេនៅចាំបានថា កាលពីឆ្នាំ២០២០ ស្របពេលដែលប្រទេសភាគច្រើននៅទូទាំងពិភពលោកមានតួលេខកំណើនសេដ្ឋកិច្ច«ដក»នោះ បែរជាវៀតណាមក្លាយជាតួឯកប្រចាំតំបន់ ដោយនៅតែរក្សាបានកំណើនរឹងមាំនៃសេដ្ឋកិច្ចរបស់ខ្លួន ២,៩%។ ប៉ុន្ដែ សម្រាប់ឆ្នាំ២០២១នេះវិញ កំណើនសេដ្ឋកិច្ចវៀតណាម ត្រូវបានធនាគារពិភពលោកព្យាករចុងក្រោយថ្មីនេះថា នឹងមានកំណើនត្រឹមតែប្រមាណ ២% ទៅ២,៥% ប៉ុណ្ណោះ ពោលគឺជាអត្រាកំណើនទាបជាងឆ្នាំ២០២០ទៅទៀត។ តើកត្តាចម្បងៗអ្វីខ្លះ ដែលធ្វើឲ្យសេដ្ឋកិច្ចវៀតណាមកើនយឺតដល់ថ្នាក់នេះ?
ធនាគារពិភពលោកបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចវៀតណាមឆ្នាំ២០២១កាន់តែទាបជាងឆ្នាំ២០២០
ដោយ

វៀតណាម ត្រូវបានគេមើលឃើញថា គឺជាប្រទេសមួយដែលបានឆ្លងផុតការរងគ្រោះខ្លាំងដោយសារកូវីដ១៩ នៅឆ្នាំ២០២០ ប៉ុន្ដែ នៅឆ្នាំ២០២១នេះ វៀតណាមហែលឆ្លងមិនផុតព្យុះរលកកូវីដ ដូចលើកមុននោះទេ ពោលគឺ ករណីឆ្លងកូវីដ១៩ នៅប្រទេសវៀតណាម ចាប់ផ្ដើមស្ទុះងើបឡើងខ្លាំងតាំងពីខែមិថុនាមកម្ល៉េះ រហូតដល់ដើមខែកញ្ញាតួលេខឆ្លងកូវីដ១៩នៅវៀតណាម បានកើនឡើងដល់ចំណុចកំពូលមិនធ្លាប់មាននោះឡើយ ដែលមានករណីឆ្លងជាង១ម៉ឺន៣ពាន់នាក់ក្នុងមួយថ្ងៃ ហើយក៏បានស្រកចុះមកវិញជាបន្តបន្ទាប់ ដោយមកទល់ពេលនេះ នៅមានករណីឆ្លងថ្មីនៅមានត្រឹមជាង៣ពាន់នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ។

បើទោះបីជា តួលេខឆ្លងប្រចាំថ្ងៃហាក់ស្រកចុះបន្ដិច និងមានការបន្ថូរបន្ថយវិធានការរឹតបន្ដឹងជាងមុនក្ដី ប៉ុន្ដែ ចំពោះទស្សនវិស័យសេដ្ឋកិច្ចវៀតណាម គឺនៅតែស្ថិតក្នុងភាពមិនច្បាស់លាស់នៅឡើយទេ។

ជាក់ស្ដែង របាយការណ៍របស់ធនាគារពិភពលោកថ្មីចុងក្រោយនេះ បានព្យាករថា សេដ្ឋកិច្ចវៀតណាមនឹងកើនត្រឹមតែ ២ ទៅ២,៥ភាគរយប៉ុណ្ណោះ នៅឆ្នាំនេះ ដោយសារតែនៅត្រីមាសទី៣ សេដ្ឋកិច្ចវៀតណាមបានរងផលប៉ះពាល់ខ្លាំងដោយសារតែរលកទី៤ នៃការឆ្លងរាតត្បាតជំងឺកូវីដ១៩។ ការព្យាកររបស់ធនាគារពិភពលោកចុងក្រោយនេះ គឺមានទាបជាងអ្វីដែលធ្លាប់បានព្យាករកាលពីខែកក្កដាកន្លងទៅ ដែលបានរំពឹងទុកថា សេដ្ឋកិច្ចវៀតណាមនឹងកើន៤,៨%។ ធនាគារពិភពលោកទម្លាក់ការព្យាករនៅទាបជាងមុននេះ គឺផ្អែកទៅលើទំហំផលិតផលក្នុងស្រុកសរុប GDP របស់វៀតណាម នៅត្រីមាសទី៣ គឺមានការដាំក្បាលចុះដល់ទៅជាង៦%ឯណោះ។

នៅអំឡុងត្រីមាសទី៣នៅឆ្នាំនេះ ដោយមានការអនុវត្តវិធានការគម្លាតសង្គម វិស័យសេវាកម្មវៀតណាមបានដាំក្បាលចុះ ៩,៣% ខណៈឧស្សាហកម្មធ្លាក់ចុះ ៥%។ 

ប៉ុន្ដែ ក៏មានវិស័យមួយចំនួននៅតែរក្សាបានកំណើនវិជ្ជមានដែរ ដូចជាការវិនិយោគផ្ទាល់ពីបរទេសរបស់វៀតណាមនៅ៩ខែឆ្នាំ២០២១នេះ សម្រេចបានទំហំទុនវិនិយោគជាង ២២ពាន់លានដុល្លារ កើនឡើង កើនជាង៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទោះយ៉ាងណា រដ្ឋាភិបាលវៀតណាមគួរតែផ្ដល់អាទិភាពក្នុងការជួយដល់ការកាត់បន្ថយឧបសគ្គទាក់ទងនឹង ការដឹកជញ្ជូន ឡូជីស្ទិក និង បន្ដធ្វើតេស្ដកូវីដ១៩ និងការចាក់វ៉ាក់សាំងការពារឲ្យបានលឿនជាដើម។

សូមបញ្ជាក់ថា បើតាមការព្យាករពីក្រសួងផែនការ និងវិនិយោគវៀតណាម នៅឆ្នាំ២០២១នេះ សេដ្ឋកិច្ចវៀតណាមនឹងកើន ៣ ទៅ ៣,៥ភាគរយ ហើយនឹងបន្ដកើន ៦, ទៅ៦,៥ភាគរយ នៅឆ្នាំ២០២២៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សិង្ហបុរីរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ ខណៈGDPក្នុងត្រីមាសទី ៣ កើនឡើង ៦,៥%

ព័ត៌មាន
ធនាគារកណ្តាលសិង្ហបុរីនៅថ្ងៃព្រហស្បតិ៍នេះបានរឹតបន្តឹងគោលនយោបាយរូបិយវត្ថុរបស់ខ្លួនជាលើកដំបូងក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ ដែលនេះ គឺជាជំហ…

កម្ពុជានាំចេញផលិតផលកាត់ដេរជាង ៨ពាន់លានដុល្លារ កើន១១% ទោះស្ថិតក្នុងបរិបទកូវីដ-១៩

ព័ត៌មាន
បើទោះបី វិបត្តិកូវីដ-១៩ បន្តអូសបន្លាយនៅកម្ពុជា និងបានជះឥទ្ធិពលដល់វិស័យនាំចេញមួយចំនួនក៏ដោយចុះ តែសម្រាប់វិស័យកាត់ដេរនៅកម្ពុជា ត្រូវបាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ