សេដ្ឋកិច្ចសកល-ធនាគារពិភពលោក​

ធនាគារពិភពលោក៖ភាពមិនស្មើគ្នានៃការងើបឡើងវិញនៃសេដ្ឋកិច្ចសកលអាចធ្វើឲ្យប៉ះពាល់ដល់ប្រទេសក្រីក្រ


ធនាគារពិភពលោក នៅសប្តាហ៍នេះបានឲ្យដឹងថា យុទ្ធនាការចាក់វ៉ាក់សាំងនៅទូទាំងពិភពលោក ទោះតិចក្តី ច្រើនក្តី បាននិងកំពុងរួមចំណែកធ្វើឲ្យសេដ្ឋកិច្ចសកលស្ទុះងើបឡើងវិញ ប៉ុន្តែស្ថាប័នហិរញ្ញវត្ថុអន្តរជាតិមួយនេះ បានព្រមានផងដែរចំពោះបញ្ហា ដែលបង្កជាក្តីព្រួយបារម្ភដល់ប្រទេសក្រីក្រ ដោយហេតុថា ប្រទេសក្រីក្រទាំងនោះ មិនមានវ៉ាក់សាំងចាក់ច្រើន ដូចប្រទេសអ្នកមាននោះទេ ដូច្នេះហើយវានឹងធ្វើឲ្យការស្ទុះងើបឡើងនៃសេដ្ឋកិច្ចពិភពលោក គឺមិនមានស្មើភាពគ្នានោះទេ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានបារាំង AFP។
លោក David Malpass ប្រធានធនាគារពិភពលោក (រូបភាព៖ Reuters)
ដោយ

ធនាគារពិភពលោក​បាន​បញ្ចេញ​របាយការណ៍​ចុង​ក្រោយ​មួយ​របស់​ខ្លួន ស្ដី​ពី​ទស្សនវិស័យ​សេដ្ឋកិច្ច​សកល ដោយ​ក្នុង​នោះ ធនាគារពិភពលោក​បាន​បង្ហាញ​ការ​រំពឹង​ទុក​នៃ​សេដ្ឋកិច្ច​សកល​ថា នឹង​មាន​កំណើន​ប្រមាណ ៥,៦% នៅ​ក្នុង​ឆ្នាំ​២០២១ ដែល​អត្រា​នេះ​បាន​កើន​លើស​ការ​ព្យាករ​កាលពី​ខែមករា ដល់​ទៅ ១,៥%​។

របាយការណ៍​ធនាគារពិភពលោក​ដដែល​បង្ហាញ​ថា នេះ​ជា​កំណើន​ខ្ពស់​ជាងគេ​មួយ​ក្នុង​រយៈពេល ៨០​ឆ្នាំ​ចុង​ក្រោយ ក្នុង​ប្រវត្តិសាស្ត្រ​កំណើនសេដ្ឋកិច្ច​សកល ក្រោយ​ពិភពលោក​ជួប​វិបត្តិ​ធ្ងន់ធ្ងរ​។

យ៉ាងណាមិញ ធនាគារពិភពលោក បាន​ទាញ​សញ្ញា​ព្រមាន​ចំពោះ​ប្រទេស​ជា​ច្រើន ក្នុង​នោះ​បាន​សង្កត់ធ្ងន់​លើ​ប្រទេស​ក្រីក្រ ដែល​កំពុង​ត្រូវ​បាន​គេ​មើល​រំលង ជា​ហេតុ​ធ្វើ​ឲ្យ​ប្រទេស​ក្រីក្រ​ទាំងអស់​នោះ ត្រូវការ​ពេល​ជា​ច្រើន​ឆ្នាំ សម្រាប់​ការ​ស្តារ​សេដ្ឋកិច្ច​ឡើង​វិញ ឲ្យ​ស្មើ​ទៅ​នឹង​អត្រាកំណើន​នៅ​មុន​ពេល​មាន​មេរោគ​កូ​វី​ដ​១៩ រាតត្បាត​។

ប្រធាន​ធនាគារពិភពលោក លោក ដេ​វី​ដ ម៉ា​ល់​ផាស់ បាន​គូសបញ្ជាក់​នៅ​ក្នុង​របាយការណ៍​ថា ប្រទេស​ធំ​ៗ ដែល​ជា​ប្រទេស​អ្នកមាន ក្រសោប​បាន​វ៉ាក់សាំង​ក្នុង​ចំនួន​ដ៏​ច្រើន​លើសលុប ស្ទើរតែ​លើស​ពី​តម្រូវការ ដែល​វា​បាន​អនុញ្ញាត​ឲ្យ​ប្រទេស​ទាំងនោះ អាច​ឈាន​ជើង​ចេញពី​វិបត្តិ​បាន​ឆាប់រហ័ស ពោល​គឺ​សកម្មភាព​សេដ្ឋកិច្ច​បាន​វិល​មក​រក​សភាព ស្ទើរតែ​ធម្មតា​ឡើង​វិញ​។ ខណៈ​ពេល​ដែល​ប្រទេស​ក្រីក្រ នៅ​ត្រដរខ្យល់​មិន​មាន​វ៉ាក់សាំង​ប្រើប្រាស់​គ្រប់គ្រាន់ ហើយ​ថែម​ទាំង​ដើរ​អូស​ជើង​ក្នុង​រលក​ឆ្លង​នៅឡើយ​ទេ​។ ប្រការ​នេះ បាន​និង​កំពុង​បង្កក្តី​ព្រួយ​បា​ម្ភ​ថា ប្រទេស​ក្រីក្រ​នឹង​ត្រូវ​បាន​គេ​មើល​រំលង និង​ទុក​ឲ្យ​ពួក​គេ​ប្រឈម​នឹង​ហានិភ័យ​ជា​ច្រើន ដូច​ជា ការ​ជួប​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ និង រលក​ឆ្លង​កូ​វី​ដ​១៩​ដែល​ពិបាក​នឹង​ទប់ទល់​។

ជាក់ស្តែង នៅ​ក្នុង​របាយការណ៍​ទស្សនវិស័យ​សេដ្ឋកិច្ច​សកល​របស់​ធនាគារពិភពលោក​ដដែល​បាន​ព្យាករ​ទម្លាក់​សេដ្ឋកិច្ច​ក្នុងឆ្នាំនេះ និង ឆ្នាំ​ក្រោយ របស់​ក្រុម​ប្រទេស​មាន​ប្រាក់​ចំណូល​ទាប មក​នៅ​ត្រឹម​ប្រមាណ ២,៩% ដែល​កំណើន​នេះ​ជា​កំណើន​យឺត​បំផុត ក្នុង​រយៈពេល ២​ទស​វត្ស​ចុង​ក្រោយ​។

សូម​បញ្ជាក់​ផង​ដែរ​ថា គិត​មក​ដល់​ពេល​នេះ​មាន​តែ​ជាង ០,៣% នៃ​ពលរដ្ឋ​ស្ថិត​ក្នុង​ក្រុម​ប្រទេស​អ្នកមាន​ប្រាក់​ចំណូល​ទាប​ប៉ុណ្ណោះ ដែល​ទទួល​បានការ​ចាក់​វ៉ាក់សាំង​យ៉ាង​ហោច​ណាស់ ចំនួន​មួយ​ដូ​ស​។ ជាមួយ​គ្នា​នេះ បើ​តា​មកា​របាយការណ៍​ធនាគារពិភពលោក នៅ​ត្រឹម​ចុងឆ្នាំ​២០២១​នេះ មនុស្ស​ជាង ១០០ លាន​នាក់​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ធ្លាក់​ចូល​ក្នុង​ភាព​ក្រីក្រ​ខ្លាំង ដោយសារ​តែ​រង​ផល​ប៉ះពាល់​ពី​កូ​វី​ដ​-១៩៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃហាក់សង្ឃឹមតិចតួចក្នុង​ការចាប់យកភ្ញៀវទេសចរចិននៅចុងឆ្នាំនេះ

ព័ត៌មាន
ប្រទេសថៃកំពុងមានក្ដីសង្ឃឹមតិចតួចមែនទែន ចំពោះការស្រូបទាញបានភ្ញៀវទេសចរចិន តាមរយៈផែនការពិសេសសម្រាប់ការស្ដារវិស័យទេសចរណ៍ឡើងវិញ ពិសេសក្នុ…

អូស្ត្រាលីចង់ឲ្យមានកំណែទម្រង់អង្គការ WTO ចំពេលជម្លោះពាណិជ្ជកម្មចិន-អូស្ត្រាលីបន្តឆេះឆួល

ព័ត៌មាន
ប្រទេសអូស្ត្រាលី បានបង្ហាញពីជំហរចង់ឲ្យអង្គការពាណិជ្ជកម្មពិភពលោក WTO មានការកែទម្រង់ប្រព័ន្ធដោះស្រាយជម្លោះពាណិជ្ជកម្មថ្មី ឲ្យមានប្រសិទ្ធិភាព ក្រោយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ