ប្រទេសបង់ក្លាដេស

ក្រុមហ៊ុនម៉ាកលំដាប់ពិភពលោក Zara និង H&M រងការចោទប្រកាន់ថា កេងប្រវ័ញ្ចកម្លាំងពលកម្មនៅប្រទេសបង់ក្លាដេស


ការសិក្សាថ្មីមួយបានបង្ហាញថា ក្រុមហ៊ុនច្នៃម៉ូតសម្លៀកបំពាក់លំដាប់ពិភពលោកមួយចំនួនរួមមានក្រុមហ៊ុន Zara, H&M និង GAP ជាដើម ត្រូវបានជាប់សង្ស័យថា កំពុងតែកេងប្រវ័ញ្ចលើកម្លាំងពលកម្មកម្មករក្នុងឧស្សាហកម្មកាត់ដេរនៃប្រទេសបង់ក្លាដេសយ៉ាងខ្លាំង។ ក្នុងនោះមានក្រុមហ៊ុនខ្លះ បានជាប់ពាក់ព័ន្ធក្នុងការអនុវត្តលក្ខខណ្ឌការងារយ៉ាងអយុត្តិធម៌ និងធ្វើការទូទាត់ប្រាក់ឱ្យរោងចក្រអ្នកផ្គត់ផ្គង់នៅក្រោមតម្លៃទីផ្សារផលិតកម្មទៀតផង។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Al Jazeera។
ក្រុមហ៊ុនច្នៃម៉ូតសម្លៀកបំពាក់លំដាប់ពិភពលោកមួយចំនួនកេងប្រវ័ញ្ចកម្លាំងពលកម្មកម្មករ!

តាមរយៈការសិក្សាដោយសាកលវិទ្យាល័យ Aberdeen របស់ចក្រភពអង់គ្លេស និងក្រុម និងអង្គការក្រុមតស៊ូមតិ Transform Trade ដែលបានស្ទង់មតិពីរោងចក្រចំនួន ១០០០ កន្លែងនៅ​ប្រទេស​បង់ក្លាដែស ​​ដែលជាអ្នក​ផលិតសម្លៀកបំពាក់​សម្រាប់ម៉ាកយីហោល្បីៗ​ក្នុង​ពិភពលោក​បានរកឃើញថា រោង​ចក្រ​ជា​ច្រើន​​​ទទួលបានប្រាក់ ​ក្នុង​តម្លៃ​ដដែល ​​បើ​ទោះ​បីជាកំពុងស្ថិតក្នុងការលំបាកនៃជំងឺរាតត្បាតជា​សកល ដែលធ្វើឱ្យ​ការ​ចំណាយថ្លៃដើមផលិត មានខ្ពស់ជាងរាលដងក៏ដោយ។

ក្រៅពីនេះមានករណីអយុត្តិធម៌ជាច្រើនទៀតដូចជា​ ការលុបចោល​ការបញ្ជាទិញ ការមិនទូទាត់ប្រាក់ ការកាត់បន្ថយ ទម្លាក់តម្លៃ ឬការពន្យារពេលការទូទាត់ថ្លៃទំនិញ ដែលរោងចក្រផលិតសំលៀកបំពាក់ជាងពាក់កណ្តាលនៅបង់ក្លាដេសបានជួបប្រទះ ​យ៉ាងហោចណាស់​មួយករណីក្នុងចំណោម​ករណី​ទាំងនេះ​។​

ការស្រាវជ្រាវនេះ​បានរកឃើញដែរថា ការ​អនុវត្ត​​ពាណិជ្ជ​កម្ម​អយុត្តិធម៌បែបនេះ​ បានប៉ះពាល់ដល់ការ​អនុវត្ត​ការងាររបស់​ក្រុម​អ្នកផ្គត់ផ្គង់​​ ដែលបណ្តាលឱ្យមានការផ្លាស់ប្តូរកម្មករ​ ការបាត់បង់ការងារ​ ការកាត់បន្ថយម៉ោងធ្វើការ និងប្រាក់​ឈ្នួល​​ទាប​ជាងធម្មតាជាដើម។

នៅ​ក្នុងចំណោមម៉ាក​យីហោ ​ឬ​អ្នកលក់រាយសរុបចំនួន ១ ១៣៨កន្លែងដែលមានឈ្មោះក្នុងការសិក្សា​ស្រាវ​ជ្រាវ​នេះ​ មានប្រមាណ៣៧​%​​ត្រូវបានរាយការណ៍ថា​ ​បានរួមចំណែកក្នុងការអនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌​​រួមទាំង​ម៉ាក Inditex របស់​ក្រុម​ហ៊ុន​​​ Zara, ម៉ាក​ H&M, GAP, New Yorker, Primark, Next និងយីហោ​ផ្សេងៗ​ទៀត។

ការសិក្សានេះ​ក៏បានរកឃើញដែរ​ថា រោងចក្រមួយក្នុងចំណោមរោងចក្រចំនួន៥ បានជួបការលំបាកក្នុងការទូទាត់ប្រាក់ឈ្នួលអប្បបរមាស្របច្បាប់ ចាប់តាំងពីពួកគេបានបើកដំណើរការឡើងវិញ​បន្ទាប់​ពីការបិទខ្ទប់​ដោយ​សារ​ជំងឺ​កូវីដ​តាំង​ពី​​ខែមីនា និងខែមេសាឆ្នាំ២០២០​​។

ទោះ​យ៉ាង​ណា​ ក្រុម​ហ៊ុន​ច្នៃម៉ូតម៉ាក​​ Inditex បានច្រានចោលការសិក្សានេះ ដោយបាននិយាយថា ខ្លួនមាន​ការធានាទូទាត់សម្រាប់ការបញ្ជាទិញទាំងអស់​ ​ហើយ​បាន​ធ្វើការជា​មួយ​ស្ថាប័នហិរញ្ញវត្ថុ ដើម្បីជួយសម្រួលដល់ការផ្តល់ប្រាក់ដល់​ក្រុម​អ្នកផ្គត់ផ្គង់​តាម​លក្ខ​ខណ្ឌ​ដែលអំណោយ​ផល​។

ក្រុម​ហ៊ុន​ច្នៃម៉ូតម៉ាក ​ លីដ(Lidl) របស់​អាល្លឺម៉ង់​​បាននិយាយថា ខ្លួន​ទទួលខុសត្រូវ ចំពោះកម្មករនៅប្រទេសបង់ក្លា​ដេស​ និងប្រទេសផ្សេងទៀតដែលជាអ្នកផ្គត់ផ្គង់របស់ពួកគេយ៉ាងយក​ចិត្តទុកដាក់ ​ហើយ​ប្តេជ្ញា​ចិត្ត​ធានា​ថា ស្តង់ដារការងារត្រូវបានអនុវត្តយ៉ាងត្រឹមត្រូវ នៅពេញមួយខ្សែចង្វាក់ផ្គត់ផ្គង់​នៃម៉ាក​យីហោ​របស់ខ្លួន។

សូមជម្រាបថា ការសិក្សានេះ​បានផ្តល់អនុសាសន៍ឱ្យបង្កើតក្រុមអ្នកឃ្លាំមើល ក្រុមហ៊ុនម៉ាកទាំងនេះ ​ដើម្បី​​ជួយទប់ស្កាត់​ការអនុវត្តពាណិជ្ជកម្មដែលអយុត្តិធម៌ និងត្រូវធានា​ឱ្យបាន​ថាអ្នកបញ្ជាទិញឬ​អ្នកលក់រាយ មិនអាចដាក់សម្ពាធណាមួយលើរោងចក្រអ្នកផ្គត់ផ្គង់បានឡើយ ទោះស្ថិតក្នុងលក្ខខណ្ឌណាក៏ដោយ៕

អត្ថបទ ៖ សុខ ជា




អត្ថបទបន្ទាប់


សាច់ប្រាក់របស់ចិនកំពុងពូនផ្ដុំនៅធនាគារកាន់តែច្រើន ខណៈទំហំប្រាក់បញ្ញើកើនលើសទំហំឥណទាន ៦,៥ទ្រីលានដុល្លារ

ព័ត៌មាន
កាលពីចុងឆ្នាំ២០២២ សាច់ប្រាក់នៅក្នុងប្រទេសចិនបាននិងកំពុងគរពូនសាច់ប្រាក់នៅក្នុងធនាគារកាន់តែច្រើន ដោយសារតែមានគម្លាតខ្លាំងពេករវាងទំហំប្រាក…

២០២២ ជាឆ្នាំដែលមានអាកាសធាតុក្ដៅបំផុតលើកទី៥ នៃកំណត់ត្រាភពផែនដី

ព័ត៌មាន
ឆ្នាំ២០២២គឺជាឆ្នាំដែលក្តៅជាងគេបំផុតជាលើកទី៥ មិនធ្លាប់មាននៅលើភពផែនដីយើងនេះ ក្នុងចំណោមឆ្នាំណាៗទាំងអស់ ដែលគេធ្លាប់កត់ត្រាទុក។ នេះបើតាមរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ