កិច្ចប្រជុំអង្គការ WTO ហាក់គ្មានវឌ្ឍនភាពឡើយ

កិច្ចប្រជុំអង្គការ WTO ហាក់គ្មានវឌ្ឍនភាពឡើយ ខណៈភាពមិនចុះសម្រុងគ្នារវាងប្រទេសជាសមាជិកកំពុងកើតមានឡើងកាន់តែខ្លាំង


ដូចអ្វីដែលជាក្ដីបារម្ភរបស់ប្រធានអង្គការពាណិជ្ជកម្មពិភពលោកអ៊ីចឹង កិច្ចប្រជុំ ថ្នាក់រដ្ឋមន្ត្រីពាណិជ្ជកម្មរបស់អង្គការពាណិជ្ជកម្មពិភពលោកនៅសប្ដាហ៍នេះ ហាក់មិនសូវមានវឌ្ឍនភាពទាល់តែសោះ ដ្បិតថា ដោយការអនុម័តកិច្ចព្រមព្រៀងត្រូវបានជាប់គាំង នៅគ្រាដែលប្រទេសជាសមាជិកភាគច្រើនមិនចុះសម្រុងគ្នាក្នុងការដោះស្រាយពីបញ្ហាការរំខានខ្សែចង្វាក់ផ្គត់ផ្គង់សកល និង វិបត្តិស្បៀងអាហារ ដែលបណ្តាលមកពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែននោះឡើយ។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Reuters។
ប្រធាន WTO ព្រមានពីផលប៉ះពាល់នៃការមិនចុះសម្រុងគ្នារវាងប្រទេសជាសមាជិក ចំពេលកំពុងប្រឈមវិបត្តិសកល

ការ​បើក​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​ទី ១២​ខែមិថុនា និង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី ១៥​ខែមិថុនា ជាមួយ​តំណាង​មក​ពី​ប្រទេស​សមាជិក​ជាង​១៦០ បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​ដ៏​សំខាន់​មួយ​នេះ នៅ​ក្នុង​រយៈពេល​ជាង ៤ ឆ្នាំ​មកនេះ​។

កិច្ចប្រជុំ​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ដែល​កំពុង​បន្ដ​ធ្វើ​ឡើង​នៅ​ទីក្រុង ហ្សឺ​ណែ​ល ក្នុង​ប្រទេស​ស្វី​ស គឺ​ផ្តោត​សំខាន់​ទៅ​លើ​ផល​ប៉ះពាល់​នៃ​សង្គ្រាម រួម​ទាំង​ការ​បិទផ្លូវ​ចូល​របស់​អ៊ុយ​ក្រែ​ន​ទៅ​កាន់​សមុទ្រ​ខ្មៅ ដែល​កំពុង​ធ្វើ​ឱ្យ​មាន​ហានិភ័យ​យ៉ាងធ្ងន់ធ្ងរ​ដល់​ការ​ផ្គត់ផ្គង់​ស្បៀងអាហារ​ទៅ​កាន់​ផ្នែក​ងាយ​រង​គ្រោះ​បំផុត​មួយ​ចំនួន​នៃ​ពិភពលោក និង ហានិភ័យ​ដែល​ជំរុញ​ឱ្យ​មនុស្ស​រាប់​លាន​នាក់​ធ្លាក់​ចូល​ទៅ​ក្នុង​អសន្តិសុខ​ស្បៀងអាហារ​។

ក៏​ប៉ុន្តែ ចំនួន​តំណាង​ប្រទេស​នៃ​សមាជិក WTO ប្រហែល​មួយ​ភាគ​បី​បាន​អវត្តមាន​ក្នុង​កិច្ចប្រជុំ ខណៈ​ចិន​ដែល​ប្រឆាំង​នឹង​ការ​ដាក់​ទណ្ឌកម្ម​របស់​លោក​ខាងលិច​លើ​រុ​ស្ស៊ី និង ឥណ្ឌា ដែល​ជា​មិត្ត​ជិត​ស្និត​ជាមួយ​ក្រុង​ម៉ូ​ស្គូ​ក៏​មិន​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​ដែរ​។

ទន្ទឹម​នឹង​នោះ នៅ​ក្នុងអំឡុងពេល​នៃ​កិច្ចប្រជុំ ភាព​មិន​ចុះសម្រុង​គ្នា​ជា​ខ្លាំង​បាន​កើតឡើង​រវាង​ប្រទេស​អភិវឌ្ឍន៍ និង​ប្រទេស​កំពុង​អភិវឌ្ឍន៍​។

ប្រធាន WTO លោកស្រី ង៉ូ​ហ្ស៊ី អ៊ូ​កុន​ចូ អ៊ី​វៀល​ឡា (Ngozi Okonjo Iweala) បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​បើក​កម្មវិធី​ថា នៅ​ពេល​ដែល​ពិភពលោក​ជួប​ប្រទះ​នឹង​ភាព​មិន​ប្រាកដប្រជា និង វិបត្តិ​លើ​វិស័យ​ជា​ច្រើន វា​ពិតជា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​សហ​ការណ៍​រួបរួម​គ្នា ដើម្បី​ដោះស្រាយ​បញ្ហា​។

មែនទែន​ទៅ នៅ​មុន​ពេល​កិច្ចប្រជុំ​ចាប់ផ្តើម លោកស្រី អ៊ី​វៀល​ឡា ក៏​ធ្លាប់​បាន​បង្ហាញ​សញ្ញា​ខ្លះ​ៗ​រួច​ហើយ នៃ ភាព​មិន​ចុះសម្រុង​គ្នា​រវាង​ប្រទេស​ជា​សមាជិក​នឹង​កើត​មាន​ឡើង​មុន​នឹង​អាច​ឈាន​ដល់​ការ​បង្កើត​កិច្ច​សហ​ប្រតិបត្តិ​ព្រមព្រៀង​នីមួយ​ៗ​បាន ពី​កិច្ចប្រជុំ​នេះ​។

ដោយសារ​សមាជិក​ចូលរួម​ប្រជុំ មានការ​ប្រកាន់​បក្សពួក ហើយ​មិន​ចុះសម្រុង​ជាមួយ​គ្នា​ជា​ខ្លាំង បាន​ធ្វើ​ឱ្យ​កិច្ចព្រមព្រៀង​ទាំងនោះ​ស្ថិត​នៅ​ក្នុង​ភាព​ជាប់​គាំង ខណៈ​ការ​ឯកភាព​គ្នា​ជា​ឯកច្ឆន្ទ​ក្នុង​ចំណោម​សមាជិក​ទាំង ១៦៤ ប្រទេស គឺ​ចាំបាច់​ណាស់​សម្រាប់​ការ​សម្រេចចិត្ត​លើ​កិច្ចព្រមព្រៀង​ណាមួយ​នៅ​អង្គការ WTO ។

គួរ​ជម្រាប​ថា ការ​លុកលុយ​របស់​រុ​ស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​បាន​រំខាន​ដល់​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់ ដែល​ធ្វើ​ឱ្យ​មាន​ភាព​តានតឹង​ជា​ខ្លាំង​សម្រាប់​ពិភពលោក​។ WTO នៅ​ក្នុង​ខែមេសា​បាន​ចេញផ្សាយ​ការ​ព្យាករណ៍​របស់​ខ្លួន​ដែល​ប៉ាន់​ប្រមាណ​ថា ទំហំ​ពាណិជ្ជកម្ម​ទំនិញ​សកល​នឹង​កើនឡើង​ត្រឹម ៣% ប៉ុណ្ណោះ​ក្នុង​ឆ្នាំ ២០២២ ដែល​ទាប​ជាង​អ្វី​ដែល​បាន​ព្យាករ​ពី​មុន​របស់​ខ្លួន ដែល​ថា​នឹង​កើនឡើង ៤,៧% ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ហេតុអ្វីវិស័យពុះដីឡូតិ៍លក់បាត់បង់ប្រជាប្រិយភាពនៅមួយរយៈចុងក្រោយនេះ?

ព័ត៌មាន
វិស័យពុះដីឡូតិ៍លក់ធ្លាប់មានការរីកដុះដាល និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជននៅប៉ុន្មានឆ្នាំមុន។ ប៉ុន្តែនៅមួយរយៈចុងក្រោយនេះ ជាពិសេ…

ការប្រមូលចំណូលដោយពន្ធដារសម្រេចបាន ១,៧ពាន់លានដុល្លារ នៅ ៥ខែ ឆ្នាំ២០២២

ព័ត៌មាន
អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ និងអាករគ្រប់ប្រភេទ បានដល់ប្រមាណ ១,៧ពាន់លានដុល្លារអាមេរិក នៅ៥ខែដំបូងនៅឆ្នាំ២០២២ កើនឡើងប្រមាណ២៨% បើធ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ