ប្រទេសចិន

លោក ស៊ី ជីនពីង បង្ហាញក្តីបារម្ភពីរលកឆ្លងកូវីដ១៩ខ្លាំងក្លា អំឡុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិន


ប្រជាជនរាប់រយលាននាក់ក្នុងប្រទេសចិន បានសម្រុកចាកចេញទៅស្រុកកំណើតរៀងៗខ្លួន ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន នៅរយៈពេលជាង១០ថ្ងៃមកនេះ។ ប្រការនេះធ្វើឱ្យប្រធានាធិបតីចិន លោក ស៊ី ជីនពីង មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការផ្ទុះឆ្លងកូវីដ១៩ ថានឹងអាចកើនឡើងកាន់តែច្រើន នៅក្រោយបិទបញ្ចប់រដូវកាលឈប់សម្រាកដ៏វែងមួយនេះ។
មេដឹកនាំចិនបារម្ភថានឹងមានករណីឆ្លងកូវីដកើនឡើងពេលពលរដ្ឋទៅចូលឆ្នាំថ្មី!
ដោយ

កង្វល់​របស់លោក ស៊ី ជីនពីង ធ្លាក់មកនៅក្រោយពេល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បានលុបចោលនូវគោលនយោបាយសូន្យកូវីដ លែងត្រូវឱ្យ​ពលរដ្ឋ​ធ្វើតេស្ត និងធ្វើចត្តាលីស័ក​ដូចចូល​ឆ្នាំ​ថ្មីនាឆ្នាំមុនៗ​ទៀតហើយ។ យ៉ាងណាក៏ដោយ មេដឹកនាំចិនរូបនេះ​ បាន​ដាក់ចេញ​បញ្ជាឱ្យតាមដាន​យ៉ាងដិត​ដល់​​បំផុត ដើម្បីគ្រប់គ្រងបញ្ហា​នៃការឆ្លងរាតត្បាតនេះ​ឱ្យមាន​​ប្រសិទ្ធភាព។​

អាជ្ញាធរនៃក្រសួង​​ដឹកជញ្ជូន​​របស់​ប្រទេសចិនបាន​​ទស្សន៍ទាយថា នៅក្នុងខែមករានេះ និងខែកុម្ភៈ ចរន្តធ្វើដំណើររបស់ពលរដ្ឋចិន​​នឹងមានដល់ជាង២ពាន់លានជើង ដែល​ជាចលនាបម្លាស់ទីដ៏ធំបំផុត​​ក្នុងពិភពលោក។ យ៉ាងណាមិញ ការបម្លាស់ទី​របស់​ប្រជាជនចិន​​ចេញពីបណ្តាទីក្រុង​ដែលកំពុងមានកំណើនករណីឆ្លងកូវីដ១៩ ត្រូវបានគេ​រំពឹង​ថា នឹងនាំជំងឺនេះ​ទៅកាន់ទីជនបទ​ទៀតផង។

មន្រ្តីចិនបាន​ឱ្យដឹងទៀតថា គិតចាប់តាំងពីថ្ងៃទី៧​ខែមករា​ដល់ត្រឹមថ្ងៃទី១៨មករា ប្រជាជនចិន​ប្រមាណ៤៨០លាននាក់​ បានធ្វើដំណើរ​​នៅទូទាំងប្រទេស ដែលនេះជាកំណើនខ្ពស់មួយធៀប​នឹងរយៈពេលដូចគ្នាកាលពីឆ្នាំ​២០២២។ ការណ៍នេះបាន​ធ្វើឱ្យ​មេដឹកនាំចិន លោក ស៊ី ជិនពីង​ មានក្តីបារម្ភ​ជាពន់ពេក​ពី​ផលប៉ះពាល់​ធ្ងន់ធ្ងរ​នៃជំងឺ​កូវីដ១៩​ មិនថាតែនៅ​ទីក្រុងឡើយ រួមទាំងនៅ​តាមតំបន់​​ជនបទផងដែរ​។ លោក ស៊ី បារម្ភថា អ្នកនៅទីក្រុង​នឹងនាំយកកូវីដ១៩ទៅឱ្យអ្នកផ្ទះរបស់ពួកគេ។ បុរសខ្លាំងរូបនេះ បានដាក់បញ្ជាឱ្យបង្កើនការយកចិត្តទុកដាក់លើសុខាភិបាលនៅតំបន់ជនបទ អំឡុងពេលនេះ។

សូមជម្រាបថា បើតាម​ក្រុមហ៊ុន Airfinity ដែល​ជាក្រុមហ៊ុន​ព្យាករណ៍​​ឯករាជ្យ​មួយ បាន​ប៉ាន់ស្មាន​ថា ការ​ស្លាប់ដោយសារកូវីដ​ជាប្រចាំថ្ងៃ​នៅក្នុងប្រទេសចិន នឹង​ឈាន​ដល់​ចំណុចកំពូល​ប្រហែល ៣ម៉ឺន៦ពាន់នាក់​ក្នុង១ថ្ងៃ នៅក្រោយថ្ងៃបុណ្យចូលឆ្នាំចិន។ ក្រុមហ៊ុន​នេះ ក៏បាន​ព្យាករ​ដែរថា ចាប់តាំងពីចិនដកចេញ​គោលនយោបាយ​សូន្យ​កូវីដមក អាច​នឹងមានមនុស្សសរុបជាង៦០ម៉ឺននាក់​ហើយ ​ដែល​ស្លាប់​ដោយសារមួយជំងឺនេះ៕




អត្ថបទបន្ទាប់


រដ្ឋាភិបាលអាមេរិកប្រឈមនឹងវិបត្តិអស់សាច់ប្រាក់ជាថ្មី ខណៈលទ្ធភាពខ្ចីប្រាក់ក៏ដល់កំរិតកំណត់

ព័ត៌មាន
រដ្ឋាភិបាលសហរដ្ឋអាមេរិក កំពុងប្រឈមហានិភ័យនៃបញ្ហាខ្វះសាច់ប្រាក់ជាថ្មីទៀតហើយ ខណៈដែលការខ្ចីប្រាក់របស់រដ្ឋាភិបាលបានឈានដល់កម្រិតកំណត់នៃពិដាន…

រុស្ស៊ី និងចិននឹងធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នានៅលើទឹកដីអាហ្វ្រិកខាងត្បូង ចំពេលស្ថានការតំបន់ និងពិភពលោកកាន់តែក្តៅ

ព័ត៌មាន
សម្ព័ន្ធមិត្តរុស្ស៊ី និងចិននឹងត្រៀមធ្វើសមយុទ្ធកងទ័ពជើងទឹកនៅមហាសមុទ្រឥណ្ឌា ដែលនៅក្បែរនឹងឆ្នេរសមុទ្ររបស់ប្រទេសអាហ្វ្រិកខាងត្បូងនៅខែក្រោយនេះ ដើម្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ