យុវជនវៀតណាម

ក្មេងៗអាយុ១៥ ទៅ២២ឆ្នាំនៅវៀតណាម រកលុយបានតិច តែចាយលុយច្រើនលើការញ៉ាំចំណីក្រៅផ្ទះ


យុវជនវ័យក្មេងវៀតណាម ដែលមានវ័យចន្លោះពី១៥ឆ្នាំ ដល់២២ឆ្នាំ ត្រូវបានការស្រាវជ្រាវមួយរកឃើញថា មានការចាយវាយធំលើការហូបចុកនំចំណីនៅក្រៅផ្ទះ ដោយមិនខ្វល់ថាពួកគេរកចំណូលបានតិច ឬក៏ច្រើននោះទេ ពិសេស គឺការចាយវាយចូលញ៉ាំអាហារនៅហាងល្បីៗតែម្ដង។ អ្នករកស៊ី ក្នុងវិស័យភោជនីយដ្ឋាន និងភេសជ្ជៈនៅវៀតណាម បានចាត់ទុកថា យុវជនវ័យក្មេងទាំងនេះ គឺជាអតិថិជនដ៏មានសក្ដានុពលសម្រាប់អាជីវកម្មរបស់ខ្លួន ទោះបីជាគេដឹងថា មនុស្សវ័យក្មេងទាំងអស់នោះ មិនសូវជារកចំណូលបានច្រើនក៏ដោយ។
យុវជនវៀតណាម កំពុងសម្រុកចូលទិញភេសជ្ជៈនៅហាងកាហ្វេមួយកន្លែង នៅប្រទេសវៀតណាម
ដោយ

តាមការ​ស្ទង់មតិ​នៃសំឡេង​១៦,០០០សំឡេង នៅទីក្រុង​ធំៗ​បីរបស់​វៀតណាម គឺ​ហាណូយ ដាណាង និង​ហូជីមិញ បានឲ្យ​ដឹងថា យុវជន​វ័យក្មេង​ដែល​កើតនៅ​ចន្លោះឆ្នាំ ១៩៩៥ ដល់​ឆ្នាំ​២០០២នេះ ឬហៅថា Generation Z  គឺមាន​ការ​ចំណាយ​ជាមធ្យម​ លើការ​ទទួលទាន​អាហារខាង​ក្រៅផ្ទះ​ប្រមាណ ៨៩ម៉ឺនដុង ឬស្មើនឹង​៤០ដុល្លារ ក្នុងមួយខែ ខណៈដែល​យុវជនវ័យក្មេង​ទាំងនេះ មានចំនួន​រហូតដល់១៥%​នៃប្រជាជន​សរុប ៩៣លាន​នាក់។

យោងតាម​ការស្រាវ​ជ្រាវ​របស់​ក្រុមហ៊ុន​មួយទៀត ដែលមាន​មូលដ្ឋាន​នៅទីក្រុង​ហូជីមិញ បានរកឃើញថា មាន​៥៦%ហើយ នៃអ្នកចូល​រួមបញ្ចេញ​មតិ គឺមិន​ទាន់មាន​ចំណូលនៅ​ឡើយ ពោល​គឺនៅ​ចាយលុយ​ឪពុកម្ដាយ ឬមាន​អ្នកខ្លះ​ទៀត រកចំណូល​បានតិចជាង​៣លានដុង ឬតិច​ជាង ១៣២ដុល្លារក្នុង​មួយខែ។ ដោយឡែក មាន៣៥%​ផ្សេងទៀត អាចរក​ចំណូល​បានចន្លោះពី​៣លានដុង ទៅ៧,៥លានដុង​ក្នុងមួយខែ។ 

ហាងអាហារ​ Fast Food ជាច្រើន​នៅវៀត​ណាម បាននិងកំពុង​មានភាព​មមាញឹក និងពង្រីក​ខ្លួនយ៉ាង​ផុសផុល ដោយ​ក្នុងនោះ មាន២៥%​ជាជម្រើស​របស់យុវជន​វ័យក្មេង​ទាំងនោះ បន្ទាប់មកមាន ១៨% ជាប្រភេទ​ហាងអាហារ​តាមដងផ្លូវ និងហាង​លក់ទំនិញ ដូចជាម៉ាត មាន១៧% ក៏ជាជម្រើស​របស់ពួកគេ​ផងដែរ។

ក្នុងនោះ​ដែរ តែគុជ ត្រូវបាន​ស្គាល់ថា ជាភេសជ្ជៈ​ដ៏ពេញនិយម​បំផុត​សម្រាប់​ពួកគេ ខណៈដែលកាហ្វេ និង​គ្រឿងស្រវឹង​ គឺជាជម្រើស​របស់មនុស្ស​វ័យចាស់​ជាងពួកគេ​បន្តិច។

ងាកមក​មើលកម្ពុជា​យើង​វិញ ទំនោរ​នៃការ​ចាយវាយ​របស់មនុស្ស​វ័យក្មេងៗ​ល្បាក់អាយុ ​១៥ ដល់២២ឆ្នាំ​នេះ ក៏មិនសូវជាខុសអី​ពីវៀតណាម​ប៉ុន្មានដែរ​។ បើសិន​ជាល្ងាច​ឡើង យើងជិះដើរ​មើលហាងអាហារ​តាមដង​ផ្លូវ និងផ្សារទំនើប ឃើញថា ពោរពេញ​ទៅដោយ​យុវវ័យ​​សម្រុកចូល​ទៅញ៉ាំ​អាហារ​នៅទីនោះ ​ដោយមិនសូវ​មានមនុស្ស​វ័យចំណាស់​ច្រើននោះ​ឡើយ។ តួយ៉ាង ហាងអាហារ​ដែលមាន​ការរចនា និងអាហារប្លែកៗ និងហាងកាហ្វេ​ម៉ាកល្បីៗ​ ឬហៅថា ប្រ៊េនៗជាដើម។ ទន្ទឹមនឹងនេះ ម្ចាស់អាជីវកម្ម​​ជាច្រើន​ ដែលបាន​បង្កើត​ឡើងថ្មីៗ ភាគច្រើន​ក៏បាននាំ​គ្នាតម្រង់​មុខព្រួញ​សម្ដៅ​ចាប់យក​អតិថិជន​គោលដៅ ជាប្រភេទ​មនុស្ស​វ័យក្មេង​នេះផងដែរ ព្រោះថា​យុវវ័យ ងាយក្នុង​ការចាប់​យក ប្រសិនបើអាជីវកម្ម​នោះមាន​លក្ខខណៈប្លែក។ 

យុវជនវៀតណាម កំពុងឈរតម្រង់ជួរ ទិញអាហារនៅហាងមួយកន្លែង នៅប្រទេសវៀតណាម

យ៉ាងណា​ក៏ដោយចុះ អ្នកជំនាញ​ជើងចាស់​ក្នុងវិស័យ​ជំនួញ​ជាច្រើន ធ្លាប់បាន​អះអាងថា អតិថិជន​ដែលជា​ប្រភេទមនុស្ស​វ័យក្មេង​នេះ ពិតជាងាយ​ក្នុងការ​ចាប់យកមែន ហើយក៏មាន​ម្ចាស់អាជីវកម្ម​ជាច្រើនកំពុង​ចាប់យក​ផងដែរ ប៉ុន្ដែអតិថិជន​ប្រភេទនេះ ពិបាក​ក្នុងការថែ​រក្សាណាស់​ឲ្យនៅ​ស្ថិតថេរចីរកាល​ណាស់ ព្រោះពួកគេ​និយមអ្វី​ដែលថ្មីៗ មួយឆ៉ាវៗ មិនភាពស្មោះស្ម័គ្រ (Loyalty) ដូចអតិថិជន​ដែលមាន​វ័យចាស់​ទុំនោះទេ។ អារម្មណ៍​មនុស្ស​វ័យក្មេងនេះៗ ​គឺប្រៀបបាន​នឹងភ្លើង​ចំបើង ដែលឆេះឆួល​បានតែមួយគ្រាៗ​ប៉ុណ្ណោះ ឬហៅថា​អតិថិជន​ចិត្តចុងស្រល់៕​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


លោក សន សៀប សុំគេធ្វើការអត់យកប្រាក់ខែ រហូតក្លាយជា CEO ក្រុមហ៊ុនអចលនទ្រព្យ

ព័ត៌មាន
ខណៈវិស័យអចលនទ្រព្យកំពុងមានសន្ទុះខ្លាំងនៅកម្ពុជា មានអ្នកមានមិនតិចទេ ដែលមានបានដោយសារវិស័យមួយនេះ។

ម្ចាស់​ចម្ការ​ស្វាយ​ចន្ទី​មាន​ទឹក​មាត់​លេប​វិញ​ហើយ! ខណៈ​ដែល​ទីផ្សារ​នៅ​ឆ្នាំ​នេះ​ហាក់​មាន​ពន្លឺ​ប្រសើរ​ជាង​មុន

ព័ត៌មាន
ការ​ប្រមូល​ផល​គ្រាប់​ស្វាយចន្ទី នៅ​ឆ្នាំ​នេះ កាន់តែ​កៀក​ខិត​ចូល​មក​ដល់​ហើយ ពោលគឺ​នៅ​ចន្លោះ​ខែ​ធ្នូ​ដល់​ខែ​មេសា ស្រប​គ្នា​នេះ​ដែរ ទីផ្ស…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ