ទស្សនកិច្ចពីរថ្ងៃរបស់លោក ពូទីន ទៅកាន់ក្រុងប៉េកាំងនេះមានអត្ថន័យជានិមិត្តរូប និងមានសារសំខាន់ណាស់សម្រាប់ការទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ហើយនេះគឺជាទស្សនកិច្ចដំបូងរបស់លោកពូទីន ទៅកាន់បរទេសចាប់តាំងពីលោកបានបន្តតំណែងសម្រាប់អាណត្តិទីប្រាំរបស់លោកកាលពីមួយសប្តាហ៍មុន ដូចគ្នានឹងប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដែលបានសម្រេចចិត្តជ្រើសយកក្រុងម៉ូស្គូជាគោលដៅដំបូងរបស់លោកបន្ទាប់ពីបានចាប់ផ្តើមអាណត្តិទីបីកាលពីឆ្នាំមុនអ៊ីចឹងដែរ។
ទស្សនកិច្ចរបស់លោក ពូទីន នេះបានធ្វើឡើងតាមពីក្រោយទស្សនកិច្ចរបស់មន្ត្រីកំពូលអាម៉េរិកពីររូបគឺរដ្ឋមន្ត្រីក្រសួងរតនាគារលោកស្រី Janet Yellen និងរដ្ឋមន្ត្រីការបរទេសលោក Antony Blinken ដែលពួកគេទាំងពីរបានជំរុញឱ្យចិនទប់ស្កាត់ការនាំចេញដែលគាំទ្រវិស័យការពារជាតិ និងឧស្សាហកម្មរបស់រុស្ស៊ី។ ថ្មីៗនេះសហរដ្ឋអាម៉េរិក បានដាក់ទណ្ឌកម្មទៅលើអង្គភាពចិនមួយចំនួនដែលមានទំនាក់ទំនងនឹងរុស្ស៊ី និងបានបង្វែរគោលដៅរបស់ខ្លួនទៅលើធនាគារចិនដែលត្រូវបានចាត់ទុកថាកំពុងជួយដល់សង្រ្គាមនៅអ៊ុយក្រែនផងដែរ។
ទស្សនកិច្ចនេះក៏បានកើតឡើងបន្ទាប់ពីលោក ស៊ី បានទៅកាន់ទ្វីបអឺរ៉ុបជាទីដែលលោកបានអំពាវនាវឱ្យមានបទឈប់បាញ់សម្រាប់សង្គ្រាមពិភពលោកក្នុងពេលប្រារព្ធព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសក្នុងខែកក្កដា និងខែសីហា និងបានកើតឡើងក្រោយពេលការធ្វើដំណើររបស់លោក Blinken ទៅកាន់ប្រទេសអ៊ុយក្រែនផងដែរ។
លោក Christopher Weafer នាយកប្រតិបត្តិនៃក្រុមហ៊ុនប្រឹក្សាយោបល់ Macro-Advisory បានសង្កេតឃើញថា គ្មានអ្វីគួរឆ្ងល់ទេថាចិនមានអំណាចនៅក្នុងទំនាក់ទំនងនេះ ប៉ុន្តែក្រុងប៉េកាំងមានបញ្ជីទំនិញដែលខ្លួនចង់បានពីទីក្រុងម៉ូស្គូ ហើយរុស្ស៊ីត្រូវការចិន ដើម្បីរួចផុតពីទណ្ឌកម្ម និងជាការទប់ទល់នឹងជម្លោះជាមួយនឹងបស្ចិមលោក។
ទោះជារងសម្ពាធពីបស្ចិមលោកយ៉ាងណាក៏ដោយ ទំនាក់ទំនងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរបស់ប្រទេសទាំងពីរបានរីកចម្រើនគួរឱ្យកត់សម្គាល់ចាប់តាំងពីសង្គ្រាមនៅអ៊ុយក្រែន បានចាប់ផ្តើមផ្ទុះឡើង។ បើយោងតាមទិន្នន័យគយរបស់ចិនបានបង្ហាញថា ចំណូលពាណិជ្ជកម្មបានកើនឡើងដល់ ២៤០ ពាន់លានដុល្លារក្នុងឆ្នាំ២០២៣។
បន្ទាប់ពីសហភាពអឺរ៉ុប បានហាមឃាត់ការនាំចូលប្រេងឆៅរបស់រុស្ស៊ីមក រុស្ស៊ីក៏បានបង្វែរគោលដៅរបស់ខ្លួនទៅកាន់ប្រទេសចិន ដើម្បីជួយទ្រទ្រង់ប្រាក់ចំណូលនាំចេញរបស់រុស្ស៊ី ខណៈដែលពាណិជ្ជកម្មជាមួយនឹងចិន បានជួយឱ្យរុស្ស៊ីទទួលបានគ្រឿងម៉ាស៊ីន ឧបករណ៍ និងទំនិញប្រើប្រាស់ដទៃទៀតសម្រាប់កម្មវិធីយោធាដ៏មានសក្តានុភាពប្រកបដោយស្ថិរភាព៕
អត្ថបទ៖ សុខ មង្គល