ទិវាសន្សំអាស៊ានត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់សាធារណជន ជាពិសេសយុវជន សំដៅជួយកែប្រែពួកគេឱ្យមានទម្លាប់ចេះសន្សំប្រាក់ ក៏ដូចជាចេះគ្រប់គ្រងហិរញ្ញវត្ថុ។ ការសន្សំប្រាក់មិនត្រឹមតែជួយការពារហានិភ័យដែលអាចកើតមានឡើងជាយថាហេតុ និងលើកកម្ពស់ជីវភាពរបស់អ្នកសន្សំប៉ុណ្ណោះទេ តែវាជាផ្នែកមួយដ៏សំខាន់ក្នុងការរួមចំណែកជួយការពារ និងរក្សាស្ថិរភាពប្រព័ន្ធធនាគារ ក៏ដូចជាជួយជំរុញកំណើនសេដ្ឋកិច្ច។
លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានអះអាងថា ការសន្សំប្រាក់ជាមួយគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុស្របច្បាប់មិនត្រឹមតែជាសំណាញ់ជួយការពារហិរញ្ញវត្ថុពីហានិភ័យផ្សេងៗ និងជួយលើកកម្ពស់ជីវភាពរបស់អ្នកសន្សំប៉ុណ្ណោះទេ តែវាជាផ្នែកមួយដ៏សំខាន់ក្នុងការរួមចំណែកជួយទ្រទ្រង់ និងរក្សាស្ថិរភាពប្រព័ន្ធធនាគារនៅកម្ពុជា ក៏ដូចជាជួយជំរុញកំណើនសេដ្ឋកិច្ច។ ជួយរក្សាស្ថិរភាពប្រព័ន្ធធនាគារ ក៏ដោយសារតែប្រាក់បញ្ញើរបស់អតិថិជន គឺជាប្រភពទុនមួយផ្នែករបស់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ដើម្បីយកទៅផ្តល់កម្ចីឱ្យអតិថិជនសម្រាប់ពង្រីក ឬបើកអាជីវកម្ម ដែលជាផ្នែកមួយក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ច។
បើតាមការអះអាងរបស់លោកជំទាវ ឌិត នីតា ការដាក់បញ្ញើរបស់អតិថិជនជាមួយគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ មានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ជាពិសេសនៅមួយចុងក្រោយ បន្ទាប់ពីអត្រាការប្រាក់សម្រាប់បញ្ញើមានការកើនឡើង ដែលនេះសបញ្ជាក់ឱ្យពីការជឿជាក់របស់អតិថិជនមកប្រព័ន្ធធនាគារ។
ជាមួយគ្នានេះ លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា បានគូសបញ្ជាក់ថា ការសន្សំគឺជាការបែងចែកបំណែកនៃប្រាក់ចំណូល ឬធនធានរបស់ពលរដ្ឋ សម្រាប់ប្រើប្រាស់នាពេលអនាគត។ ទន្ទឹមនឹងនេះ ការសន្សំប្រាក់បានផ្តល់ឱ្យពលរដ្ឋនូវសំណាញ់សុវត្ថិភាព និងស្ថិរភាពផ្នែកហិរញ្ញវត្ថុ ដោយសារប្រាក់សន្សំដែលពលរដ្ឋមាន គឺជាប្រភពទុនបម្រុងដ៏សំខាន់និងចាំបាច់ សម្រាប់ឆ្លើយតបទៅនឹងតម្រូវការហិរញ្ញវត្ថុ ឬហេតុការណ៍ ដែលមិនបានព្រៀងទុកនាពេលអនាគត ដូចជាពេលមានជំងឺ ការជួបគ្រោះថ្នាក់ចៃដន្យ និងការបាត់បង់ចំណូលបណ្តោះអាសន្ន ក៍ដូចជាដោះស្រាយបញ្ហាបន្ទាន់ដែលកើតឡើងជាយថាហេតុ។ សម្រាប់អ្នកជំនាញរូបនេះ ការសន្សំប្រាក់នៅតាមគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ក៏ជាផ្នែកមួយជំរុញការអភិវឌ្ឍន៍វិស័យធនាគារ និងសេដ្ឋកិច្ចកម្ពុជា ផងដែរ។
យ៉ាងណាមិញ បើតាមការលើកឡើងរបស់លោកជំទាវ ឌិត នីតា ការជំរុញឱ្យកុមារចេះសន្សំប្រាក់តាំងពីក្មេង គឺជាការបង្កើតទម្លាប់សន្សំមួយដ៏ល្អសម្រាប់ពួកគេ ហើយក៏ជាការបណ្តុះគំនិតឱ្យពួកគេចេះគ្រប់គ្រង និងប្រើប្រាស់ហិរញ្ញវត្ថុផងដែរ ជាពិសេសអាចជួយឱ្យពួកគេទទួលបានថវិកាច្រើនពេលពួកគេធំឡើង។
ពាក់ព័ន្ធការសន្សំប្រាក់នេះដែរ នៅព្រឹកថ្ងៃទី៣១ តុលា ឆ្នាំ២០២៤ ធនាគារជាតិនៃកម្ពុជា សហការជាមួយសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុ រៀបចំសិក្ខាសាលា ស្តីពីសន្សំអាស៊ានក្រោមប្រធានបទ«សារៈសំខាន់នៃការសន្សំប្រាក់តាំងពីវ័យកុមារ»។ បើតាមការលើកឡើងរបស់លោកជំទាវ ឌិត នីតា គោលបំណងនៃការរៀបចំទិវានេះដើម្បីបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់សាធារណជន ជាពិសេសយុវជន សំដៅជួយកែប្រែពួកគេឱ្យមានទម្លាប់ចេះសន្សំប្រាក់ ក៏ដូចជាចេះគ្រប់គ្រងហិរញ្ញវត្ថុ។ ហើយការយក«សារៈសំខាន់នៃការសន្សំប្រាក់តាំងពីវ័យកុមារធ្វើប្រធានបទ» គឺដើម្បីបំផុសគំនិត និងចង់ក្មេងមានទម្លាប់សន្សំតាំងតូច និងចង់បង្ហាញថា ការសន្សំប្រាក់ គឺត្រូវការពេលយូរទើបអាចទទួលបានផល៕