ចម្ការទំពាំងបាយជូ

កសិករអូស្ត្រាលី បំផ្លាញដំណាំទំពាំងបាយជូទាំងចម្ការៗ ក្រោយតម្លៃចុះថោកខ្លាំងពេក


ដំណាំទំពាំងបាយជូទាំងចម្ការៗនៅក្នុងប្រទេសអូស្ត្រាលី កំពុងត្រូវបានកសិករខ្លួនឯងបំផ្លាញចោលគួរឱ្យសោកស្ដាយ ខណៈដំណាំនេះជោរជន់ខ្លាំងពេក ដែលបានធ្វើឱ្យតម្លៃចុះថោកខ្លាំង និងគំរាមកំហែងដល់អ្នកផលិតស្រានៅក្នុងប្រទេសនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN។
ចម្ការទំពាំងបាយជូ
ដោយ

ការធ្លាក់ចុះតម្រូវការស្រាទូទាំងពិភពលោក បានជះផលប៉ះពាល់ដល់អូស្ត្រាលី យ៉ាងធ្ងន់ធ្ងរ នៅពេលតម្រូវការស្រាក្រហមតម្លៃថោក ដែលជាផលិតផលដ៏សំខាន់បំផុតរបស់ខ្លួនធ្លាក់ចុះលឿនបំផុតមិនធ្លាប់មាន រួមទាំងនៅទីផ្សារប្រទេសចិន ដែលខ្លួនបានពឹងផ្អែកសម្រាប់កំណើនរហូតមកទល់នឹងប៉ុន្មានឆ្នាំចុងក្រោយនេះ។

តួលេខចុងក្រោយបំផុតបង្ហាញថា ប្រទេសអូស្ត្រាលី ដែលជាអ្នកនាំចេញស្រាធំបំផុតទី៥ របស់ពិភពលោកមានស្រាក្នុងស្តុករហូតដល់ទៅជាង២ពាន់លានលីត្រ នៅពាក់កណ្តាលឆ្នាំ២០២៣ ហើយដោយសារតែជោរជន់ខ្លាំងពេក ម្ចាស់ស្រាទាំងនោះកំពុងលក់វាចេញយ៉ាងតក់ក្រហល់ក្នុងតម្លៃថោកៗ។

កសិករម្នាក់ឈ្មោះ ជេមស៍ គ្រីម៉ាស្កូ (James Cremasco) ដែលជាអ្នកដាំដំណាំទំពាំងបាយជូជំនាន់ទី៤ នៅក្នុងទីក្រុងហ្គ្រីហ្វីហ្វ (Griffith) បានត្អូញត្អែរថា ជាយូរមកហើយដែលពួកគេបន្តដាំទំពាំងបាយជូទាំងខាតដើម។

ប្រហែល២ភាគ៣នៃដំណាំទំពាំងបាយជូរបស់ប្រទេសអូស្ត្រាលី ត្រូវបានដាំដុះនៅក្នុងតំបន់ដែលមានការរៀបប្រព័ន្ធធារាសាស្រ្តត្រឹមត្រូវដូចជាទីក្រុងហ្គ្រីហ្វីហ្វ (Griffith) ជាដើម។ ​ខណៈពេលដែលក្រុមហ៊ុនផលិតស្រាធំៗដូចជា ត្រេសឺរី វ៉ាញស៍ (Treasury Wines) និងក្រុមហ៊ុន អាខូឡេត វ៉ាញស៍ (Accolade Wines) ជាដើម ផ្តោតឡើងវិញលើដបស្រាដែលមានតម្លៃថ្លៃជាងមុន ដើម្បីលក់បានថ្លៃជាងមុន តំបន់ជុំវិញក្រុងហ្គ្រីហ្វីហ្វ (Griffith) កំពុងជួបការលំបាកដោយទំពាំងបាយជូទុំជ្រុះពេញចម្ការ ព្រោះគ្មានអ្នកទិញ ឬលក់មិនចេញ។ ​

កសិករម្នាក់ទៀតឈ្មោះ អែនឌ្រូ ខាឡាប្រៀ (Andrew Calabria) ដែលជាម្ចាស់ចម្ការទំពាំងបាយជូរជំនាន់ទី៣ និងជាអ្នកផលិតស្រានៅក្រុមហ៊ុន ខាឡាប្រៀ វ៉ាញស៍ (Calabria Wines) បានត្អួញត្អែរថា ពួកគេពិបាកចិត្តខ្លាំងណាស់ ​និងមានអារម្មណ៍ថា សម័យកាលទំពាំងបាយជូររីកចម្រើនបានឈានដល់ទីបញ្ចប់ហើយ។ ​

យោងតាមទិន្នន័យពី Wine Australia ដែលជាស្ថាប័នគ្រប់គ្រងឧស្សាហកម្មស្រារបស់អូស្ត្រាលី បង្ហាញថា ស្រាក្រហម​បានទទួលរងផលប៉ះពាល់ខ្លាំងបំផុត។ នៅតំបន់ដូចជា ហ្គ្រីហ្វីហ្វ (Griffith) ជាដើម ទំពាំងបាយជូបានធ្លាក់ចុះខ្លាំងមកនៅជាមធ្យមត្រឹម២០០ដុល្លារអាម៉េរិក ក្នុងមួយតោនកាលពីឆ្នាំមុន ដែលជាតម្លៃទាបបំផុតមិនធ្លាប់មានក្នុងរយៈពេលរាប់ទសវត្សរ៍មកនេះ និងធ្លាក់ចុះពី៤៣៨ដុល្លារអាម៉េរិក ក្នុងមួយតោនក្នុងឆ្នាំ២០២០៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើមានកត្តាអ្វីធ្វើឱ្យទុនបម្រុងអន្តរជាតិរបស់ឥណ្ឌូនេស៊ីធ្លាក់ចុះប្រមាណ១ពាន់លានដុល្លារត្រឹមតែ១ខែ?

ព័ត៌មាន
ឥណ្ឌូនេស៊ី ដែលមានប្រជាពលរដ្ឋច្រើនជាងគេបំផុតលំដាប់ទី៤ នៅលើពិភពលោក ពោលគឺប្រមាណ២៧០លាននាក់ តែប្រជាជាតិនេះមានទុនបម្រុងអន្តរជាតិ ត្រឹមតែ១៤៤…

អេស៊ីលីដា ដាក់ឱ្យដំណើរការការទូទាត់ប្រាក់ឆ្លងដែន តាមឃ្យូអរកូដ ជាមួយកម្មវិធី “WeChat Pay” ជាផ្លូវការ

ព័ត៌មាន
ក្រុមហ៊ុន NETSTARS Co., Ltd. របស់ប្រទេសជប៉ុន ដែលដឹកនាំដោយ លោក Tsuyoshi Ri តំណាងឱ្យក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិ បានប្រកាសជាផ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ