វិស័យអាកាសចរណ៍

កម្ពុជា-ឥណ្ឌា បានភ្ជាប់ជើងហោះហើរត្រង់ជាង២ខែហើយ តែចំនួនភ្ញៀវទេសចរឥណ្ឌាមកកម្សាន្តនៅកម្ពុជា នៅមានកម្រិត តើមកពីមូលហេតុអ្វី?


គិតមកទល់ពេលនេះមានរយៈពេលជាងពីរខែហើយ ដែលកម្ពុជា និងឥណ្ឌាបានតភ្ជាប់ជើងហោះហើរត្រង់ជាមួយគ្នា ដើម្បីជំរុញពាណិជ្ជកម្ម និងទេសចរណ៍។ ប៉ុន្តែអ្នកជំនាញក្នុងវិស័យទេសចរណ៍កត់សម្គាល់ឃើញថា នៅក្នុងរយៈពេលជាង២ខែនៃការតភ្ជាប់ជើងហោះហើរត្រង់កន្លងមកនេះ កម្ពុជាទទួលបានភ្ញៀវទេសចរឥណ្ឌាតិចតួចនៅឡើយខុសពីការរំពឹងទុក។ កត្តានេះទាមទារភាគីពាក់ព័ន្ធត្រូវខិតខំកែលម្អចំណុចខ្វះខាតមួយចំនួន ដើម្បីធ្វើប្រសើរឡើងនូវទាក់ទាញរបស់កម្ពុជា។ តើមានបញ្ហាប្រឈមអ្វីខ្លះធ្វើឱ្យការទាក់ទាញភ្ញៀវទេសចរឥណ្ឌារបស់កម្ពុជា នៅមានកម្រិតយ៉ាងដូច្នេះ?
វិស័យអាកាសចរណ៍
ដោយ

លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា សង្កេតឃើញថា ក្រោយកម្ពុជានិងឥណ្ឌាភ្ជាប់ជើងហោះហើរជាមួយគ្នាជាង២ខែកន្លងមកនេះ ចំនួនអ្នកទេសចរឥណ្ឌាចូលមកម្ពុជា មានការកើនឡើងប្រមាណ៤០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ ប៉ុន្តែចំនួននេះមិនទាន់ឈានដល់កម្រិតដូចអ្វីដែលប្រតិបត្តិកររកស៊ីក្នុងវិស័យនេះចង់បាននៅឡើយទេ។

យ៉ាងណាមិញ អ្នកជំនាញរូបនេះបានលើកហេតុផលសំខាន់មួយ ដែលអាចធ្វើឱ្យចំនួនភ្ញៀវទេសចរឥណ្ឌាមកកម្សាន្តនៅកម្ពុជានៅមានកម្រិតនោះ គឺដោយសារភ្ញៀវទេសចរឥណ្ឌាមកដល់កម្ពុជា ក្នុងរង្វង់ម៉ោង៣ទៀបភ្លឺ ដែលតម្រូវឱ្យភ្ញៀវបង់តម្លៃបន្ថែម ដើម្បីចូលស្នាក់នៅក្នុងសណ្ឋាគារជាហេតុធ្វើឱ្យសេវាទេសចរមានតម្លៃថ្លៃ។ តែយ៉ាងណាបញ្ហានេះត្រូវបានកែសម្រួល ហើយលោកជំទាវរំពឹងថា ចំនួនភ្ញៀវទេសចរឥណ្ឌាមកកម្ពុជានឹងមានភាពល្អប្រសើរបន្ថែមទៀត។

​ដោយឡែកលោក ធួន ស៊ីណាន ប្រធានសមាគម​ទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា យល់ឃើញថា មកទល់ពេលនេះ ជើងហោះហើរត្រង់រវាងកម្ពុជា ឥណ្ឌា មានចំនួនជាង២ខែប៉ុណ្ណោះ ខណៈការបើកច្រកនីមួយៗត្រូវការការគាំទ្រពីរដ្ឋាភិបាលនៃប្រទេសទាំងពីរ និងត្រូវការផ្សព្វផ្សាយគោលដៅនានាយ៉ាងតិចចំនួន៨ខែជាមុនដែរ។ តែយ៉ាងណា អ្នកជំនាញរូបនេះ ចាត់ទុកប្រតិបត្តិការហោះហើរត្រង់រវាងកម្ពុជានិងឥណ្ឌាក្នុងឆ្នាំ២០២៤នេះ គឺជាជោគជ័យមួយ និងទាមទារឱ្យមានការអត់ធ្មត់បន្ថែមទៀត។

បើតាមអ្នកជំនាញរូបនេះក្រសួងទេសចរណ៍ត្រូវតែនាំមុខក្នុងការផ្សព្វផ្សាយនៅតាមគោលដៅនានាក្នុងប្រទេសឥណ្ឌា ដោយជំរុញការផ្សព្វផ្សាយឱ្យបានច្រើន និងត្រូវកែប្រែនូវរាល់ចំណុចខ្វះខាតដែលកម្ពុជាមាន។

​បើតាមលោក ធួន ស៊ីណាន នៅពេលដែលកម្ពុជា ត្រូវការអ្នកទេសចរ គឺជាពេលវេលាដ៏សំខាន់ដែលត្រូវធ្វើការផ្សព្វផ្សាយទៅកាន់បណ្ដាគោលដៅនានា ខណៈនៅក្នុងរយៈពេលកន្លងមកនេះ វិស័យឯកជនបានចូលរួមចំណែកយ៉ាងខ្លាំងក្នុងការផ្សព្វផ្សាយពីវិស័យទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក។

សូមបញ្ជាក់ថា កម្ពុជា-ឥណ្ឌា បានសម្ពោធជើងហោះហើរទី១ ជាប្រវត្តិសាស្ត្រលើការតភ្ជាប់ជើងហោះហើរត្រង់រវាងប្រទេសកម្ពុជា និងឥណ្ឌា នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីជួយសម្រួលការធ្វើដំណើរ និងកាត់បន្ថយការចំណាយរបស់អតិថិជន។ កម្ពុជារំពឹងថា តាមរយៈជើងហើរត្រង់នេះ វានឹងរួមចំណែកជួយអភិវឌ្ឍន៍វិស័យអាកាសចរណ៍ ទេសចរណ៍ និងជំរុញការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរបន្ថែមទៀត៕

អត្ថបទ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មិត្តហ្វូនចូលរួមក្នុងសកម្មភាពកីឡាដើម្បីបរិស្ថានបៃតងចំកណ្តាលក្រុងអង្គរនៃព្រឹត្តិការណ៍ Cycling Green Wonderland & Glow Run Wonderland

ព័ត៌មាន
កាលពីចុងសប្តាហ៍កន្លងទៅនេះ (23-24/សីហា) មិត្តហ្វូន សហការជាមួយអាជ្ញាធរជាតិអប្សរា និងដៃគូផ្សេងៗទៀតដូចជា ក្រុមហ៊ុនឆេមពាន ហាយតិច Nham 24 …

តម្លៃពោតក្រហមមានការធ្លាក់ចុះ តែមន្ត្រីអះអាងថា កសិករនៅតែទទួលបានផលចំណេញ

ព័ត៌មាន
ពោតក្រហមរបស់កសិករខ្មែរក្នុងខេត្តបាត់ដំបង នៅតែមានទីផ្សារសម្រាប់ការនាំចេញទៅប្រទេសជិតខាង ដើម្បីផលិតជាចំណីសត្វ ប៉ុន្តែតម្លៃហាក់មានការធ្លាក់ច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ