កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី

តើគម្រោងសិក្សាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ឥណ្ឌា ត្រូវបានរាំងស្ទះដោយសារកូវីដ-១៩មែនទេ?


មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មកម្ពុជាបានបញ្ជាក់ថា គម្រោងសិក្សាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និង ឥណ្ឌា ដែលនឹងត្រូវបន្ដដំណើរការទៅតាមកាលវិភាគកំណត់ នោះ ពេលនេះកំពុងត្រូវបានរាំងស្ទះ ដោយសារតែប្រទេសទាំងពីរបានទទួលរងនូវការឆ្លងរីករាតត្បាតកូវីដ-១៩ កាន់តែខ្លាំង កិច្ចការងារពាក់ព័ន្ធមួយចំនួន ទាក់ទងគម្រោងសិក្សាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ។ ទោះយ៉ាងណា ក្រសួងពាណិជ្ជកម្មរំពឹងថា ដំណើរការទាំងអស់នេះ នឹងប្រសើរឡើងវិញនៅក្រោយពេលកូវីដ-១៩ស្ងប់ស្ងាត់ទៅវិញ។
នាយករដ្ឋមន្ត្រីកម្ពុជា (ឆ្វេង) និងនាយករដ្ឋមន្ត្រីឥណ្ឌា (ស្ដាំ) (រូបភាព៖https://www.narendramodi.in)

ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យឆ្លាស់វេននៃក្រសួងពាណិជ្ជកម្ម បានប្រាប់ក្រុមការងារខេមបូណូមីសតាមតេឡេក្រាមថា ការសិក្សាលទ្ធភាពជាក់ស្តែង (Feasibility Study) នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ឥណ្ឌាកំពុងបន្តប្រព្រឹត្តទៅតាមកាលវិភាគដែលបានគ្រោងទុក ដោយកិច្ចការនេះត្រូវបានអនុវត្តដោយវិទ្យាស្ថានឯករាជ្យមួយរួមសហការជាមួយស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា។

ក៏ប៉ុន្តែ ឯកឧត្តម គូសបញ្ជាក់ថា កិច្ចការពាក់ព័ន្ធមួយចំនួនដូចជាកិច្ចប្រជុំពិគ្រោះយោបល់ (Consultative meeting) ការធ្វើសិក្ខាសាលានិង ការពិភាក្សាលើសេចក្តីព្រាងលិខិតបទដ្ឋានផ្សេងៗ ជាដើមត្រូវបានពន្យាពេលដោយសារភាគីកម្ពុជា ពិសេសរាជធានីភ្នំពេញកំពុងជួបនឹងការរាំងស្ទះដោយវិបត្តិកូវីត-១៩ ចំណែក ភាគីឥណ្ឌាក៏ជួបបញ្ហានេះដូចគ្នា។

ឯកឧត្តម ប៉ែន សុវិជាតិ បានគូសបញ្ជាក់ថា ការងារនេះនឹងត្រូវបានពន្លឿនឡើងវិញក្រោយពីវិបត្តិកូវីត-១៩នេះបានធូរស្រាលវិញ ដោយក្រសួងពាណិជ្ជកម្មសង្ឃឹមថា ការចរចាអាចនឹងត្រូវដំណើរការក្នុងពេលសមស្របណាមួយបើពុំមានអ្វីកែប្រែនោះទេ។ 

បើតាមឯកឧត្តម ប៉ែន សុវិជាតិ មុននឹងឈានដល់ការចរចាពាណិជ្ជកម្មណាមួយ គូភាគីត្រូវធ្វើការសិក្សាលទ្ធភាពជាក់ស្តែងជាមុនដើម្បីធ្វើការវាយតម្លៃអោយដឹងជាមុននូវចំណុចខ្លាំង និងខ្សោយ, ចំណេញឬខាត មុននឹងរៀបចំយុទ្ធសាស្រ្តសមស្របដើម្បីឈានទៅសំរេចការងារពាក់ព័ន្ធនីមួយៗ។

សូមជម្រាបថា កាលពីឆ្នាំ២០២០ កម្ពុជា និងឥណ្ឌា បានសម្រេចទំហំពាណិជ្ជកម្មទ្វេភាគី ក្នុងរង្វង់ទឹកប្រាក់ប្រមាណជាង ១៩០លានដុល្លារអាមេរិក កើនឡើងជាង២៥% បើធៀបនឹងឆ្នាំ២០១៩ដោយក្នុងនោះ ការនាំចេញពីកម្ពុជាទៅកាន់ប្រទេសឥណ្ឌាមានប្រមាណតែជាង៦០លានដុល្លារ ខណៈដែលការនាំចូលពីឥណ្ឌាមកកម្ពុជាវិញមានដល់ជិត ១៣០លានដុល្លារ៕

© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សេដ្ឋកិច្ចតំបន់អាស៊ីអាគ្នេយ៍ កំពុងត្រូវបានបង្អាក់ដោយសារកូវីដ-១៩ផ្ទុះរាលដាលជាថ្មី

ព័ត៌មាន
ផលប៉ះពាល់នៃរលកឆ្លងថ្មីនៃជំងឺកូវីដ-១៩ ដែលបានអូសបន្លាយពេលយូរមកហើយនោះ បានបន្ដបង្អាក់ដំណើរការងើបឡើងវិញនៃសេដ្ឋកិច្ចបណ្តាប្រទេសនៅតំបន់អាស៊ី…

អន្តរជាតិអំពាវនាវឲ្យមានបទឈប់បាញ់ រវាងអ៊ីស្រាអែលនិង ក្រុមហាម៉ាស់ប៉ាឡេស្ទីន

ព័ត៌មាន
សហរដ្ឋអាមេរិកបាននិយាយទៅកាន់កិច្ចប្រជុំបន្ទាន់មួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ថា ខ្លួនបានត្រៀមរួចជាស្រេចក្នុងការផ្តល់ការគាំទ្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ