រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី

រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីដ៏ធំបំផុតរបស់កម្ពុជា គ្រោងដាក់ឱ្យដំណើរការចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ


រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីដ៏ធំបំផុតនៅកម្ពុជា របស់ក្រុមហ៊ុនសិង្ហបុរី CSNC គ្រោងបញ្ចប់ការសាងសង់ និងដាក់ឱ្យដំណើរនៅចុងឆ្នាំ២០២៤ ឬដើមឆ្នាំ២០២៥ ខាងមុខនេះ ខណៈបច្ចុប្បន្នការសាងសង់ស្ទើរបញ្ចប់១០០%ហើយ នៅសល់តែបំពាក់បរិក្ខារ និងសម្ភារតិចតួចប៉ុណ្ណោះ។ អ្នកជំនាញជឿជាក់ថា តាមរយៈរោងចក្រដែលមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅជាមធ្យមបានរហូតដល់១ម៉ឺន២ពាន់តោនក្នុង១ឆ្នាំនេះ វានឹងជួយទាក់ទាញអ្នកវិនិយោគពីបណ្ដាប្រទេសជឿនលឿនផ្សេងៗទៀតឱ្យមកចូលរួមកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា។
រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី
ដោយ

លោក ស៊ុយ កុកធាន អនុប្រធានសមាគមស្វាយចន្ទីកម្ពុជា បានគូសបញ្ជាក់ប្រាប់ខេមបូណូមីសដឹងថា មកទល់ពេលនេះ ការសាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីដ៏ធំបំផុតនៅកម្ពុជា របស់ក្រុមហ៊ុនសិង្ហបុរី CSNC សម្រេចបានលទ្ធផលស្ទើរ១០០% ដោយនៅសល់តែការបំពាក់បន្ថែមនូវឧបករណ៍មួយចំនួនទៀតប៉ុណ្ណោះ។ បើតាមអ្នកជំនាញរូបនេះ ការសាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនាពេលកន្លងទៅបានជួបឧបសគ្គខ្លះដោយសារតែមានភ្លៀងធ្លាក់ច្រើនពេក។ តែយ៉ាងណាលោកគូសបញ្ជាក់ថា រោងចក្រនេះគ្រោងបញ្ចប់ការសាងសង់នៅអំឡុងចុងឆ្នាំ២០២៤ ហើយគ្រោងដាក់ឱ្យដំណើរនៅចុងឆ្នាំនេះ ឬដើមឆ្នាំ២០២៥ ខាងមុខ។

​អនុប្រធានសមាគមស្វាយចន្ទីកម្ពុជា រូបនេះ រំពឹងថា តាមរយៈរោងចក្រដែលមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅជាមធ្យមបានរហូតដល់១ម៉ឺន២ពាន់តោនក្នុង១ឆ្នាំនេះ វានឹងជួយទាក់ទាញអ្នកវិនិយោគពីបណ្ដាប្រទេសជឿនលឿនផ្សេងៗទៀតឱ្យមកចូលរួមកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា សម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ ឱ្យកាន់តែច្រើនបន្ថែមទៀត។

រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីរបស់ក្រុមហ៊ុនសិង្ហបុរី CSNC មានទំហំជាង១ម៉ឺន២ពាន់ម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតក្នុងឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ត្រូវបានអភិវឌ្ឍន៍លើផ្ទៃដីសរុបជាង៦០ហិកតាជាមួយទុនវិនិយោគក្នុងជំហានដំបូងចំនួន១២លានដុល្លារ។ រោងចក្រនេះ ត្រូវបានវិនិយោគរួមគ្នារវាងក្រុមហ៊ុនសិង្ហបុរី CSNC ជាមួយភាគហ៊ុនិកកម្ពុជា។

គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានកន្លែងកែច្នៃ និងរោងចក្របកគ្រាប់ស្វាយចន្ទីចំនួន៤២កន្លែង ក្នុងនោះមានរោងចក្រធុនមធ្យមចំនួន៣ ស្ថិតនៅក្នុងខេត្តកំពង់ចាម ត្បូងឃ្មុំ ព្រះវិហារ និងកំពង់ធំ។ យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅឆមាសទី១ ឆ្នាំ២០២៤នេះ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅកាន់ទីផ្សារអន្តរជាតិ បានជាង៥៤ម៉ឺនតោន មានការកើនឡើងប្រមាណ៥០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ បើតាមទិន្ន័យពីសមាគមនស្វាយចន្ទីកម្ពុជា បច្ចុប្បន្នកម្ពុជា មានផ្ទៃដីដាំស្វាយចន្ទីប្រមាណ៧០ម៉ឺនហិកតាប៉ុណ្ណោះ ខណៈនៅឆ្នាំ២០២១ មានប្រមាណ៨០ម៉ឺនហិកតា៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


តើការចិញ្ចឹមសត្វនៅកម្ពុជា មានការប្រែប្រួលយ៉ាងណាដែរ ក្រោយរាជរដ្ឋាភិបាល បិទការនាំចូលបំណែកសាច់បង្កកប្រភេទគ្រឿងក្នុងជាច្រើនខែកន្លងមកនេះ?

សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានវាយតម្លៃថា ស្ថានភាពនៃការចិញ្ចឹមសត្វនៅកម្ពុជា នៅក្នុងរយៈពេល៩ខែឆ្នាំ២០២៤នេះ ហាក់មានស្ថានភាពល្អប្រសើរឡើងវិញហើយ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ