វិស័យសេដ្ឋកិច្ច

តើសកម្មភាពសេដ្ឋកិច្ច និងអត្រា GDP របស់អាស៊ាន ពិតជាអាចវ៉ាមហាយក្សចិនមែនឫនៅក្នុងរយៈពេល១០ឆ្នាំខាងមុខ?


របាយការណ៍សិក្សាថ្មីមួយបានព្យាករថា អត្រាកំណើនផលិតផលក្នុងស្រុកសរុប (GDP) និងលំហូរទុនវិនិយោគផ្ទាល់ពីបរទេសរបស់បណ្តាប្រទេសចំនួន៦ នៅអាស៊ីអគ្នេយ៍ នឹងមានទំហំធំជាងមហាយក្សចិននៅក្នុងរយៈពេល១០ឆ្នាំខាងមុខ។ របាយការណ៍នេះ បានវាយតម្លៃថា នៅឆ្នាំ២០៣៤ កំណើន GDPរបស់អាស៊ីអគ្នេយ៍អាចកើនឡើងដល់ទៅ៥,១% ខណៈដែលមហាយក្សចិន អាចទទួលកំណើនត្រឹមតែពី៣,៥% ទៅ៤,៥% ប៉ុណ្ណោះ។ តើសកម្មភាពសេដ្ឋកិច្ច និងអត្រា GDP របស់អាស៊ានពិតជាអាចវ៉ាមហាយក្សចិន មែនឫនៅក្នុងរយៈពេល១០ឆ្នាំខាងមុខ?
វិស័យសេដ្ឋកិច្ច
ដោយ

សារព័ត៌មាន Nikkei បានរាយការណ៍ថា បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ទំនងជាមានកំណើនសេដ្ឋកិច្ចខ្ពស់ ហើយលំហូរទុនវិនិយោគផ្ទាល់ពីបរទេស ក៏មានទំហំធំជាងមហាយក្សចិនផងដែរ ក្នុងរយៈពេល១០ឆ្នាំខាងមុខ ដោយសារកំណើនប្រជាសាស្រ្ត និងការផ្លាស់ប្តូរខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក។

របាយការណ៍ទស្សនវិស័យអាស៊ីអាគ្នេយ៍ឆ្នាំ២០២៤-២០៣៤ ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុនដោយក្រុមហ៊ុនប្រឹក្សាយោបល់របស់សហរដ្ឋអាម៉េរិក Bain & Co និងធនាគារ DBS របស់សិង្ហបុរីបានព្យាករណ៍ថា ទំហំ GDP សរុបរបស់ប្រទេសចំនួន៦រួមមានឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ និងប្រទេសវៀតណាមនឹងមានទំហំធំជាងចិន។

យោងតាមការសិក្សាបានបង្ហាញថា ទំហំ GDP របស់ប្រទេសទាំង៦នេះ ត្រូវបានគេរំពឹងថា នឹងកើនឡើងជាមធ្យម៥,១% ជារៀងរាល់ឆ្នាំរហូតដល់ឆ្នាំ២០៣៤ ដែលលើសពីកំណើនដែលបានព្យាករ​សម្រាប់ប្រទេសចិន ត្រឹម៣,៥% ទៅ៤,៥%។ ប្រទេសវៀតណាម ត្រូវបានគេរំពឹងថា នឹងមានកំណើន GDP នាំមុខគេ គឺ៦,៦% តាមពីក្រោយដោយហ្វីលីពីន៦,១% ខណៈសិង្ហបុរីនឹងមានកំណើនទាបជាងគេត្រឹម២,៥%។

លោក ឆាល អ័រមីស្តុន ( Charles Ormiston ) ដែលជាដៃគូប្រឹក្សានៅក្រុមប្រឹក្សា Bain និង Angsana បានសន្មតថា ការជំរុញដល់កំណើនក្នុងស្រុកដ៏រឹងមាំរបស់តំបន់ និងក្រុមហ៊ុនដែលធ្វើពិពិធកម្មផលិតកម្មនៅប្រទេសទាំង៦ខាងលើ គឺសកម្មជាងអ្វីដែលមាននៅក្នុងប្រទេសចិន។ លោកបានបន្តថា ការវិនិយោគចម្រុះនឹងមានការប្រកួតប្រជែងខ្លាំង ដោយការប្រកួតប្រជែងរវាងប្រទេសនីមួយៗ នឹងធ្វើឱ្យប្រសើរឡើងនូវលទ្ធផលសម្រាប់អាជីវកម្ម និងអ្នកប្រើប្រាស់។ បើទោះបីរបាយការណ៍នេះ មិនបានព្យាករ​ពីតួលេខនៃលំហូរទុនវិនិយោគផ្ទាល់ពីបរទេស ក៏ពិតមែន តែការសិក្សានេះបានព្យាករ​ថា លំហូរមូលនិធិពីក្រៅប្រទេសចូលអាស៊ីអាគ្នេយ៍នឹងរក្សាបាននូវសន្ទុះកំណើនដ៏រឹងមាំ។

កាលពីឆ្នាំមុនទំហំសេដ្ឋកិច្ចរបស់ប្រទេសទាំង៦ខាងលើ បានទាក់ទាញមូលធនបរទេសច្រើនជាងប្រទេសចិន ជាលើកទី១ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។ កាលពីឆ្នាំ២០២៣ ការវិនិយោគផ្ទាល់ពីបរទេសទៅក្នុងប្រទេសទាំង៦ មានទំហំសរុប២០៦ពាន់លានដុល្លារ ខណៈនៅចិនមានត្រឹមតែជិត៤៣ពាន់លានដុល្លារតែប៉ុណ្ណោះ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើក្រុមហ៊ុនសហគ្រាសប្រព្រឹត្តកំហុសអ្វី ទើចអាចរងបទចោទព្រហ្មទណ្ឌពាក់ព័ន្ធនឹងពន្ធដារ?

ព័ត៌មាន
មកទល់ពេលពេលនេះមានក្រុមហ៊ុន សហគ្រាសមួយចំនួនកំពុងស្ថិតក្នុងការស៊ើបអង្កេតជុំវិញបទល្មើសព្រហ្មទណ្ឌលើបទប្បញ្ញត្តិស្តីពីពន្ធដារ ខណៈមានក្រុមហ៊ុន សហ…

អាជ្ញាធរបង្រ្កាបទីតាំងល្បែងខុសច្បាប់បានជិត៦ពាន់កន្លែង ក្រោយមានការបញ្ជាពីប្រមុខរាជរដ្ឋាភិបាល

ព័ត៌មាន
ទីតាំងល្បែងស៊ីសងខុសច្បាប់ ជាពិសេសតាមប្រព័ន្ធអេឡិចត្រូនិក មានការរីកដុះដាលគួរឱ្យកត់សម្គាល់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ តែយ៉ាងណាអាជ្ញាធរមានស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ