រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្ដាលរបស់ចិន

រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្ដាលរបស់ចិន នឹងចូលរួមប្រជុំតុមូលស្ដីអំពីបំណុល នៅប្រទេសឥណ្ឌាក្នុងខែនេះ


រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្ដាលរបស់ចិន នឹងចូលរួមប្រជុំក្នុងវេទិកាតុមូលមួយ ជាមួយនឹងប្រទេស ស្ថាប័នម្ចាស់បំណុល និងប្រទេសជាកូនបំណុលមួយចំនួននៅក្នុងទឹកដីប្រទេសឥណ្ឌានៅក្នុងខែកុម្ភៈនេះ។ នេះបើតាមការអះអាងរបស់លោកស្រី Kristalina Georgieva អគ្គនាយិកាអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ ដែលបានលើកឡើងនៅក្នុងកិច្ចសម្ភាសន៍មួយជាមួយនឹងទូរទស្សន៍ CBS របស់អាមេរិក។
រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្ដាលរបស់ចិន នឹងចូលរួមប្រជុំតុមូលស្ដីអំពីបំណុល នៅប្រទេសឥណ្ឌាក្នុងខែនេះ

លោក ស្រី ក៏បានគូសបញ្ជាក់ទៀតថា ប្រទេសចិនត្រូវតែផ្លាស់ប្ដូរនូវគោនយោបាយរបស់ខ្លួនឲ្យបានឆាប់ ព្រោះថាពេលនេះ ប្រទេសប្រាក់ចំណូលទាបកាន់តែច្រើនមិនអាចសងបំណុលតាមការកំណត់បាននោះឡើយ។ បញ្ហាទាំងនេះ ត្រូវបានអ្នកជំនាញមើលឃើញថា វាអាចនឹងបង្កឲ្យមានវិបត្តិបំណុលជាប្រព័ន្ធ ប្រសិនបើគ្មានការដោះស្រាយប្រកបដោយប្រសិទ្ធភាពទេនោះ។

លោកស្រី Kristalina អគ្គនាយិកាមូលនិធិរូបិយវត្ថុអន្តរជាតិ បាននិយាយថា អ្វីដែល IMF កំពុងធ្វើ គឺដើម្បីនាំម្ចាស់បំណុលចាស់ថ្មីទាំងអស់ មកពីបណ្ដាប្រទេសអភិវឌ្ឍន៍ ក៏ដូចជាប្រទេសចិន អារ៉ាប់ប៊ីសាអូឌីត ឥណ្ឌា និងវិស័យឯកជនផងដែរ មកអង្គុយពិភាក្សាគ្នារកដំណោះស្រាយជាមួយនឹងប្រទេសដែលជាកូនបំណុលរបស់ខ្លួនទាំងអស់។

បើតាមថ្នាក់ដឹកនាំ IMF រូបនេះ ធ្លាប់បានគូសបញ្ជាក់ថា ការជួបជុំពិភាក្សាគ្នានេះ នឹងត្រូវធ្វើឡើងនៅខាងក្រៅកិច្ចប្រជុំមន្ត្រីហិរញ្ញវត្ថុ G20 នៅក្នុងប្រទេសឥណ្ឌា ដែលគ្រោងរៀបចំឡើងនៅថ្ងៃទី ២៣-២៥ខែកុម្ភៈ។ លោកស្រីបន្ថែមថា ការបន្ធូរបន្ថយបំណុល គឺពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់ប្រទេសជំពាក់បំណុលច្រើន ដើម្បីជួយឲ្យប្រទេសទាំងនោះជៀសវាងបាននូវការការបន្ថយសេវាសង្គម និងផលវិបាកផ្សេងៗទៀត ដែលសេវាទាំងនេះ គឺសំខាន់ណាស់ក្នុងការជួយដល់ពលរដ្ឋក្រីក្រ និងងាយរងគ្រោះ។

សូមបញ្ជាក់ថា បច្ចុប្បន្ន ប្រទេសក្រីក្រកាន់តែច្រើនកំពុងជួបបញ្ហាបំណុលកាន់តែខ្លាំងឡើង ពិសេសប្រទេសនៅតំបន់អាហ្វ្រិក និងអាស៊ី។ ជាក់ស្ដែង នៅឆ្នាំ២០២៣ ប្រទេសកំពុងអភិវឌ្ឍទូទាំងពិភពលោកមានជំពាក់បំណុលទាំងដើមទាំងការសរុបប្រមាណជាង ៣៨០ពាន់លានដុល្លារ នៅក្នុងក្របខណ្ឌរយៈពេលមធ្យម និងវែង។ នេះបើតាមរបាយការណ៍ពីស្ថិតិបំណុលអន្តរជាតិរបស់ធនាគារពិភពលោក។ ក្នុងចំណោមប្រទេសជំពាក់បំណុលទាំងនោះ មាន៥៣ប្រទេស គឺមានចំណាត់ថ្នាក់ឥណទាន ដែលមានក្នុងកម្រិតប្រថុយប្រថានខ្ពស់ (highly Speculative) ឬកម្រិតអាក្រក់។ ជាមួយគ្នានោះ ប្រទេសជំពាក់បំណុលច្រើនជាងគេបំផុតចំនួន១០ គឺមានចំណែកដល់ទៅ ៦០% នៃសេវាបំណុលសរុប ឬស្មើនឹង១ភាគ៤នៃសេវាបំណុលសរុប ដែលជំពាក់ដោយប្រទេសកំពុងអភិវឌ្ឍន៍។

យ៉ាងណាមិញ អ្នកជំនាញព្រមានថា ភាពគ្មានប្រសិទ្ធភាពនៃការដោះស្រាយបញ្ហាតាមករណីនីមួយៗ នឹងជំរុញឲ្យប្រទេសកំពុងអភិវឌ្ឍកាន់តែច្រើននឹងបាត់បង់លទ្ធភាពទទួលបានទីផ្សារមូលធនឯកជន ហើយឆ្នាំ២០២៣ គេនឹងអាចមើលឃើញពីការវិលត្រឡប់ទៅរកវិបត្តិបំណុលជាប្រព័ន្ធផងដែរ។ ដោយមើលឃើញពីបញ្ហាទាំងអស់នេះហើយ ទើបកន្លងមក ក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២០ ឬG20 បាននាំគ្នាជំរុញបង្កើតឲ្យមានយន្ដការក្នុងការជួយសម្រួលបន្ទុកបំណុលដល់ប្រទេសកំពុងអភិវឌ្ឍន៍ ប៉ុន្ដែ គេមិនទាន់មានឃើញការអនុវត្តទទួលបានប្រសិទ្ធភាពនោះឡើយ ដ្បិតថា ប្រទេសមួយចំនួនមានការខ្វែងគំនិតគ្នាច្រើនលើបញ្ហាបំណុលនេះ។ ពិសេស គឺប្រទេសចិន ដែលជាម្ចាស់បំណុលដ៏ធំមួយនោះ ហាក់មិនសូវចូលរួមជាមួយនឹងបណ្ដាប្រទេសផ្សេងទៀត ក្នុងការជំរុញការដោះស្រាយបញ្ហាបំណុលនេះទេ រហូតធ្វើឲ្យមន្ត្រីជាន់ខ្ពស់អាមេរិកខ្លះ បាននិយាយតិះតៀនចិនថា ជាបញ្ហារាំងស្ទះក្នុងការឈានទៅដោះស្រាយរឿងបំណុលនេះផងដែរ។

យ៉ាងណាក៏ដោយចុះ គេមិនទាន់ដឹងថា តើកិច្ចប្រជុំរវាងប្រទេសម្ចាស់បំណុល និងប្រទេសកូនបំណុល រួមទាំងវិស័យឯកជន ដែលគ្រោងរៀបចំឡើងនៅប្រទេសឥណ្ឌានៅក្នុងខែនេះ នឹងទទួលបានលទ្ធផលផ្លែផ្កាកម្រិតណានោះទេ ប៉ុន្ដែ វាជាក្ដីសង្ឃឹមមួយដែរ ដ្បិតថា ប្រទេសចិន ដែលមានរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្ដាលចិនក៏នឹងចូលរួមក្នុងកិច្ចប្រជុំតុមូលនេះដែរ។ នេះបើតាមការអះអាងរបស់លោកស្រី Kristalina ៕




អត្ថបទបន្ទាប់


តើនរណាខ្លះជាបុគ្គលសក្ដានុពលអាចជំនួសតំណែងប្រធានាធិបតីថ្មីរបស់វៀតណាម ក្រោយការលាលែងរបស់លោក ង្វៀន សួនហ្វុក?

ព័ត៌មាន
ការប្រណាំងប្រជែងដើម្បីបំពេញមុខតំណែងនយោបាយដ៏កំពូលរបស់វៀតណាម បាននិងកំពុងចាប់ផ្តើមហើយ បន្ទាប់ពីលោក ង្វៀន សួនហ្វុក(Nguyen Xuan Phuc) បា…

កត្តាអ្វីជំរុញឲ្យឥណ្ឌូនេស៊ីសម្រេចបានកំណើនសេដ្ឋកិច្ច ៥,៣% នៅឆ្នាំ២០២២ ជាអត្រាខ្ពស់ក្នុងរយៈពេល៩ឆ្នាំចុងក្រោយនេះ?

ព័ត៌មាន
ឥណ្ឌូនេស៊ី ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេបំផុតនៅតំបន់អាស៊ីអាគ្នេយ៍សម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ដល់ទៅ ៥,៣% នៅឆ្នាំ២០២២ ជាកម្រិតកំណើនខ្ពស…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ