លោក ជា សុធា អគ្គនាយក និងជាអភិបាលនៃក្រុមហ៊ុនមូលបត្រ ភីភី លីង បានគូសបញ្ជាក់ថា តម្លៃមាសតែងប្រែប្រួលនៅពេលដែលពិភពលោកមានការប្រឈមមុខនឹងភាពតានតឹង។ ជាក់ស្ដែងភាពតានតឹងដែលបង្កឡើងដោយសង្រ្គាមរវាងរុស្ស៊ី-អ៊ុយក្រែន និងអ៊ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីន បានធ្វើឱ្យមាសឡើងថ្លៃខ្ពស់ជាប្រវត្តិសាស្រ្តក្នុងរយៈពេល២០ឆ្នាំមកនេះ។ ស្ថិតក្នុងស្ថានការណ៍បច្ចុប្បន្នអ្នកជំនាញរូបនេះរំពឹងថា មាសដែលជាលោហៈធាតុមានតម្លៃ និងកំពុងមានតម្រូវការខ្ពស់នៅលើទីផ្សារពិភពលោកអាចនឹងឡើងថ្លៃដល់២,៥០០ដុល្លារ ក្នុង១អោននៅឆ្នាំនេះ ខណៈបច្ចុប្បន្នមានតម្លៃជាង២ពាន់៣រយដុល្លារក្នុង១អោន។ ការរំពឹងបែបនេះ ដោយសារអ្នកជំនាញរូបនេះផ្អែកទៅលើការកើនឡើងនៃអតិផរណា និងការកើនឡើងកម្តៅសង្គ្រាម និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយនានា ដែលនឹងធ្វើឱ្យតម្លៃប្រាក់ដុល្លារធ្លាក់ចុះ ហើយតម្លៃមាសនឹងកើនឡើង។
សូមបញ្ជាក់ថា ហាងឆេងមាសនៅលើទីផ្សារបានហក់ឡើងថ្លៃជាថ្មី កាលពីដើមខែមេសា និងខែឧសភាឆ្នាំ២០២៤ នេះ ពោលគឺមាសមួយតម្លឹងត្រូវបានលក់ចេញក្នុងតម្លៃជាង២ពាន់៨រយដុល្លារ។ ការហក់ឡើងខ្ពស់នៃហាងឆេងមាសនៅលើទីផ្សារនេះ ត្រូវបានអ្នកជំនាញអះអាងថា វាបានកើតឡើងដោយសារតែការប្រែប្រួលស្ថានភាពភូមិសាស្រ្តនយោបាយរបស់ពិភពលោក។ទន្ទឹមគ្នានេះ អ្នកជំនាញបានព្រមានដែរថា បញ្ហានេះអាចនឹងធ្វើឱ្យអាជីវករទិញលក់មាស ប្រឈមមុខនឹងហានិភ័យមួយចំនួន ប្រសិនបើពួកគេគ្មានការគិតគូរ និងប្រយ័ត្នប្រយែងខ្ពស់ក្នុងការទិញលក់មាសនៅក្នុងអំឡុងពេលនេះ៕
អត្ថបទ៖ បូ ដូឡា