ល្បែងស៊ីសងខុសច្បាប់

ល្បែងស៊ីសងខុសច្បាប់ហាក់កម្រើកឡើងវិញ ខណៈអាជ្ញាធរគ្រោងស្នើឱ្យរៀបចំសេចក្តីព្រាងច្បាប់ថ្មី ដើម្បីបង្កើនទម្ងន់ផាកពិន័យ


យើងសង្កេតឃើញថា នៅមួយរយៈចុងក្រោយនេះល្បែងស៊ីសងខុសច្បាប់ដូចជាការចាក់ភ្នាល់ឆ្នោតឡូតូ ជល់មាន់តាមប្រព័ន្ធអនឡាញ និងល្បែងស៊ីសងមួយចំនួនទៀតហាក់ចាប់ផ្ដើមកម្រើកឡើងវិញនៅតាមទីតាំងលក់កាហ្វេ និងកន្លែងលក់ដូរមួយចំនួនទៀតរហូតដល់ទីជនបទ។ ការកម្រើកឡើងវិញនូវល្បែងចាក់ភ្នាល់តាមអនឡាញនេះ បានកើតឡើងក្រោយពេលសកម្មភាពបង្រ្កាបរបស់អាជ្ញាធរនៅមួយរយៈចុងក្រោយហាក់មិនសូវសកម្មដូចមុន។
ល្បែងស៊ីសងខុសច្បាប់
ដោយ

តើការកម្រើងឡើងវិញនៃល្បែងស៊ីសងទាំងនោះវាបានបង្កផលប៉ះពាល់យ៉ាងណាដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល និងជីវភាពរបស់ប្រជាពលរដ្ឋកម្រិតណា? តើរាជរដ្ឋាភិបាលគួរធ្វើវិសោធនកម្មច្បាប់ក្នុងការគ្រប់គ្រង និងបង្ក្រាបល្បែងទាំងនេះដែរ ឬទេ?

លោកបណ្ឌិត ឈត ប៊ុនថង មន្ត្រីស្រាវជ្រាវវប្បធម៌ អប់រំ និងទេសចរណ៍ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ការកម្រើកឡើងវិញនូវល្បែងចាក់ភ្នាល់តាមអនឡាញ កំពុងបង្កជាក្តីបារម្ភ និងភាពស្មុគស្មាញដល់ប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល ដ្បិតសមត្ថភាពនៃប្រតិបត្តិការបង្រ្កាបរបស់អាជ្ញាធរនៅមានកម្រិត។ ពាក់ព័ន្ធការកម្រើងឡើងវិញនូវល្បែងស៊ីសងខុសច្បាប់នេះ បានជំរុញឱ្យអ្នកជំនាញរូបនេះ លើកជាចម្ងល់ថា តើអាចមានដែរឬទេ ថាការកម្រើកឡើងវិញនូវល្បែងស៊ីសងទាំងនោះមានការសមគំនិតពីអាជ្ញាធរមួយចំនួន? លោកបណ្ឌិត ឈត ប៊ុនថង ជឿថា អាជ្ញាធរពាក់ព័ន្ធនឹងអាចលុបបំបាត់សកម្មភាពល្បែងស៊ីសងខុសច្បាប់ទាំងនោះ ប្រសិនបើពួកគេមានគោលដៅតែមួយ និងមិនប្រព្រឹត្តអំពើពុករលួយ។ សម្រាប់អ្នកជំនាញរូបនេះការលេងល្បែងស៊ីសងមិនត្រឹមតែធ្វើមនុស្សញៀនប៉ុណ្ណោះទេ ថែមទាំងអាចបង្កជាបញ្ហាដល់សេដ្ឋកិច្ចគ្រួសារ និងសង្គមផងដែរ។ ជាមួយគ្នានេះ លោកបណ្ឌិត ឈត ប៊ុនថង បានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធត្រូវពិនិត្យមើលរចនាសម្ព័ន្ធ និងបញ្ហាផ្លូវច្បាប់ ហើយប្រសិនបើពិនិត្យឃើញមានបញ្ហានោះគួរកែសម្រួលនិងធ្វើវិសោធនកម្មច្បាប់ឡើងវិញ។

ពាក់ព័ន្ធនឹងការកម្រើកឡើងវិញនូវល្បែងចាក់ភ្នាល់តាមអនឡាញនេះដែរ ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការ នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាបានគូសបញ្ជាក់ថា រាល់ល្បែងស៊ីសងតាមអនឡាញទាំងអស់សុទ្ធតែជាល្បែងខុសច្បាប់ ដ្បិតច្បាប់កម្ពុជាមិនអនុញ្ញាតឱ្យផ្តល់អាជ្ញាបណ្ណឱ្យល្បែងប្រភេទនេះនោះទេ។ បើតាមមន្រ្តីជំនាញរូបនេះ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា នឹងជំរុញដល់ស្ថាប័នពាក់ព័ន្ធ ដើម្បីជួយរៀបចំសេចក្ដីព្រាងច្បាប់ ស្ដីពីការបង្រ្កាបល្បែងស៊ីសងឡើងវិញ ដោយសារច្បាប់ដែលរាជរដ្ឋាភិបាលបានអនុន័តកន្លងមក មានកំណត់ទោសទណ្ឌ ឬពិន័យជាប្រាក់តិចពេក ហើយបង្កជាបញ្ហាសតិអារម្មណ៍ដល់អាជីវកម្មល្បែងពាណិជ្ជកម្ម ដែលទទួលបានសិទ្ធិអនុញ្ញាតស្របច្បាប់ពីរដ្ឋាភិបាល។

ការរីកដុះដាល់នៃល្បែងស៊ីសងអនឡាញខុសច្បាប់នេះ កំពុងបង្កការរំខាន និងប៉ះពាល់ដល់ល្បែងពាណិជ្ជកម្មស្របច្បាប់ តាមរយៈការធ្វើឱ្យប្រាក់ចំណូលមានការធ្លាក់ចុះ និងប៉ះពាល់ដល់ការចំណាយប្រតិបត្តិការ។ លើសពីនេះ បញ្ហានេះ ក៏បានធ្វើឱ្យប៉ះពាល់ដល់ផែនការប្រមូលចំណូលក្នុងវិស័យល្បែងពាណិជ្ជកម្មចូលរដ្ឋផងដែរ។ ជាក់ស្ដែងកាលពីឆ្នាំ២០២១ កន្លងទៅ រដ្ឋទទួលបានចំណូលពីវិស័យនេះ តែជាង៩លានដុល្លារប៉ុណ្ណោះ។ ជាមួយគ្នានេះ រដ្ឋបានដាក់គោលដៅប្រមូលចំណូលពីវិស័យនេះ ឲ្យបានគ្រប់ផែនការ៣៥លានដុល្លារ បន្ទាប់ពីទម្លាក់២៥% នៃផែនការប្រមូលចំណូលក្នុងវិស័យនេះ។

សូមរំលឹកថា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានចេញបញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធធ្វើការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទរាប់តាំងពីឡូតូ និងកន្ទុយលេខជាដើម ដោយភ្ជាប់សារព្រមានដកតំណែងអភិបាលរាជធានី ខេត្ត ខណ្ឌ ក្រុង ស្រុកផងដែរ។ ការដាក់បញ្ជាបែបនេះ ធ្វើឡើងក្រោយសម្ដេចតេជោ កត់សម្គាល់ថា ការរីកសាយភាយនៃបនល្បែងស៊ីសងគ្រប់ប្រភេទបណ្ដាលមកពីភាពអសកម្មរបស់អាជ្ញាធរមូលដ្ឋាន និងកង្វះការទទួលខុសត្រូវពីសំណាក់ចៅហ្វាយខេត្ត ចៅហ្វាយស្រុកនៅទូទាំងប្រទេស៕

អត្ថបទ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនជប៉ុនជាច្រើនបានបង្ហាញបំណងចង់វិនិយោគនៅកម្ពុជា ខណៈបច្ចុប្បន្នការវិនិយោគរបស់ជប៉ុនមានទំហំជិត៣ពាន់លានដុល្លារ

ព័ត៌មាន
ជប៉ុនគឺដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏ធំមួយរបស់កម្ពុជា ហើយក៏ជាប្រទេសដែលបានផ្តល់ជំនួយដ៏ធំជាងគេមួយក្នុងចំណោមម្ចាស់ជំនួយដទៃ ក្នុងការរួមចំណ…

តើយើងត្រូវដោះស្រាយបំណុលដោយរបៀបណា នៅពេលជួបបញ្ហាធ្លាក់ចុះប្រាក់ចំណូល?

ព័ត៌មាន
អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានគូសបញ្ជាក់ថា វិបត្តិសេដ្ឋកិច្ចសកល និងបញ្ហាសង្រ្គាម ដែលនៅបន្តកើតមាននៅលើសកលលោកបច្ចុប្បន្ននេះ ចង់ ឬ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ