ផែក្រុងព្រះសីហនុ

តើចំណតផែក្រុងព្រះសីហនុថ្មី ដែលទើបដាក់ឱ្យប្រើប្រាស់នឹងផ្តល់អត្ថប្រយោជន៍យ៉ាងណាខ្លះសម្រាប់សេដ្ឋកិច្ចជាតិ?


សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកចំណតផែកុងតឺន័រថ្មី ប្រវែង២៥៣ម៉ែត្រ តម្លៃជាង៣៧លានដុល្លាររបស់កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ដែលទើបសម្ពោធដាក់ឱ្យប្រើប្រាស់នេះ វានឹងផ្តល់ជាជម្រើស និងជួយពង្រីកសមត្ថភាព និងធ្វើទំនើបកម្មកំពង់ផែនេះឱ្យកានតែប្រសើរថែមទៀត ដើម្បីឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់នាពេលបច្ចុប្បន្ន មុននឹងទទួលបានសមិទ្ធផលចំណតផែកុងតឺន័រទឹកជ្រៅថ្មីទាំង៣ជំហាននាពេលអនាគត។
ផែក្រុងព្រះសីហនុ
ដោយ

ថ្លែងនាពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការចំណតផែកុងតឺន័រថ្មីប្រវែង២៥៣ម៉ែត្ររបស់កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកការពង្រីកសមត្ថភាពកំពុងផែស្វយ័តក្រុងព្រះសីហនុ គឺជាការពង្រឹងមូលដ្ឋានសេដ្ឋកិច្ចរបស់កម្ពុជា ពោលគឺការពង្រីកនេះ វានឹងជួយបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា ជាមួយប្រទេសជិតខាង តាមរយៈការបង្កើនជម្រើសបន្ថែមទៀតក្នុងការទាក់ទាញនាវាដឹកទំនិញធំៗមកកាន់កម្ពុជា ឱ្យបានកាន់តែច្រើន។

​ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុន ឡាញហល អេចប្រេស ខេមបូឌា បានចាត់ទុកការពង្រីកចំណតផែកុងតឺន័របន្ថែមនេះ គឺជាអ្វីដែលអ្នករកស៊ីក្នុងវិស័យដឹកជញ្ជូន ចង់បានជាយូរមកហើយ ដ្បិតការពង្រីកនេះវានឹងផ្តល់ភាពងាយស្រួល ក៏ដូចជាផលចំណេញបន្ថែមទៀតដល់វិស័យដឹកជញ្ជូនកម្ពុជា។ ព្រោះតាមរយៈចំណតផែថ្មីនេះ អាចអនុញ្ញាតឱ្យនាវាចូលចតបានច្រើនជាងមុន ដោយមិនចាំបាច់ចំណាយពេលវេលាច្រើនសម្រាប់រង់ចាំ ហើយវាក៏នឹងជួយដល់ការកាត់បន្ថយថ្លៃដើមផងដែរ។

​ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ​កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកគាំទ្រដល់ការរីកចម្រើន នឹងការអភិវឌ្ឍរបស់ប្រទេសជាតិ តាមរយៈផលចំណូលអាជីវកម្មដែលទទួលបានពីកំណើនបរិមាណទំនិញ និងកុងតឺន័រឆ្លងកាត់ជារៀងរាល់ថ្ងៃ។ ​តាមរយៈចំណតផែកុងតឺន័រថ្មីនេះ វានឹងជួយបំពេញបន្ថែមនូវមុខងាររបស់កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ដែលធ្វើឱ្យសមត្ថភាពផែសរុបកើនឡើងពី៥៥ម៉ឺនTEUs ក្នុង១ឆ្នាំ ទៅដល់១លាន TEUs ក្នុង១ឆ្នាំ និងអាចអនុញ្ញាតឱ្យនាវាកុងតឺន័រអាចចូលចតបានប្រមាណ ៣៨% នៃនាវាដែលធ្វើនាវាចរក្នុងពិភពលោក និងប្រមាណ៤៩% សម្រាប់នាវាដែលមានផ្លូវរត់ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

បន្ថែមពីនេះ ថ្នាក់ដឹកនាំរូបនេះបញ្ជាក់ថា កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ក៏​កំពុងជំរុញការអនុវត្តគម្រោងសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅជំហានទី១ ប្រវែង៣៥០ម៉េត្រ ជម្រៅទឹក ១៤,៥ម៉ែត្រ ដែលនឹងជំរុញសមត្ថភាពផែសរុបឱ្យកើនឡើងដល់ ១លាន៤៥ម៉ឺន TEUs ក្នុង១ឆ្នាំ និងអនុញ្ញាតឱ្យនាវាកុងតឺន័រក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកប្រមាណ៩៣% អាចចូលចតបាន និងអាចកាត់បន្ថយថ្លៃដឹកជញ្ជូនតាមផ្លូវទឹកប្រមាណ ២០០ដុល្លារ ក្នុង១TEUផងដែរ។

ជាមួយគ្នានេះ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ិ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ចាត់ទុកកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ គឺជាចំណុចកណ្តាលនៃកិច្ចសហប្រតិបត្តិការរវាងជប៉ុន-កម្ពុជា ហើយកំពង់ផែនេះមិនត្រឹមជាកំពង់ផែសម្រាប់កម្ពុជានោះទេ ប៉ុន្តែគឺជាកំពង់ផែស្នូលនៅក្នុងតំបន់។ នៅចំពោះមុខសម្តេចធិបតី ហ៊ុន ម៉ាណែត ឯកអគ្គរាជទូតជប៉ុនរូបនេះសន្យាថា រដ្ឋាភិបាលជប៉ុននឹងបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្នុងការពង្រឹង និងរៀបចំកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ឱ្យក្លាយជាមជ្ឈមណ្ឌលភស្តុភាកម្មប្រចាំតំបន់ ដើម្បីពង្រឹងមូលដ្ឋានឱ្យរឹងមាំសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័របន្ថែមប្រវែង២៥៣ម៉ែត្រនេះ បានប្រើប្រាស់រយៈពេលសាងសង់ចំនួន១៧ខែ និងបានបញ្ចប់ការសាងសង់ជាស្ថាពរនៅក្នុងអំឡុងខែសីហា ឆ្នាំ២០២៤ ដោយបានចំណាយថវិកាសរុបប្រមាណ៣៧លានដុល្លារ ក្នុងនោះថវិកាឥណទានសម្បទានពីរដ្ឋាភិបាលនៃប្រទេសជប៉ុន ប្រមាណ១០លានដុល្លារ, ថវិការបស់កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ប្រមាណ២៧លានដុល្លារ រួមទាំងថវិកាបដិភាគមួយចំនួនរបស់រាជរដ្ឋាភិបាល សម្រាប់ការដោះស្រាយពន្ធអាករផ្សេង​ៗ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជាបន្តបិទការនាំចូលបំណែកសាច់បង្កក៦ខែបន្ថែមទៀត ដើម្បីសង្គ្រោះវិស័យចិញ្ចឹមសត្វ

ព័ត៌មាន
រដ្ឋាភិបាលកម្ពុជាបានសម្រេចបន្តវិធានការហាមឃាត់ការនាំចូលជាបណ្តោះអាសន្ននូវគ្រឿងក្នុង និងបំណែកសាច់បង្កករយៈពេល៦ខែបន្ថែមទៀត ក្រោយការអនុវត្តវិធ…

តើមានកត្តាអ្វីជំរុញឱ្យកសិករភាគច្រើននៅតែប្រើពូជស្រូវ OM មិនប្រើពូជសែនក្រអូប ដែលលក់បានតម្លៃថ្លៃ?

ព័ត៌មាន
ការជ្រើសរើសពូជសម្រាប់ដាំដុះគឺជាកត្តាកំណត់ដ៏សំខាន់មួយសម្រាប់កសិករដ្បិតថាប្រសិនបើកសិករជ្រើសរើសពូជមិនបានត្រឹមត្រូវវាអាចផ្តល់ទិន្នផលទាបឬអាច…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ