អង្គការសហប្រជាជាតិ

មេ UN ត្រូវប្រមុខកាទូតអ៊ីស្រាអែល ចង្អុលមុខ និងឱ្យលាលែងពីតំណែង


នៅឯកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារ ទី២៤ ខែតុលា ជម្លោះពាក្យសម្តីបានផ្ទុះឡើងជុំវិញបញ្ហាសង្គ្រាមនៅហ្កាហ្សា បន្ទាប់ពីលោក អាន់តូនីអូ ហ្គូតឺរេស ប្រធានអង្គការសហប្រជាជាតិ បានចោទប្រកាន់អ៊ីស្រាអែលថា បានរំលោភច្បាប់អន្តរជាតិ ចំពោះការវាយប្រហារទៅលើប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា។ ក្រោយមានការលើកឡើងបែបនេះ ប្រមុខការទូតអ៊ីស្រាអែល បានចង្អុលមុខប្រធានអង្គការសហប្រជាជាតិ និងឱ្យលាលែងពីតំណែង។
អង្គការសហប្រជាជាតិ
ដោយ

នៅពិធីបើកកិច្ចប្រជុំ លោក ហ្គូតឺរេស អគ្គលេខាធិការអង្គការសហប្រជាជាតិ បាននិយាយថា វាជារឿងដែលមិនអាចលើកលែងឱ្យបានឡើយ សម្រាប់អំពើហិង្សាដ៏គួរឱ្យរន្ធត់ដោយពួកសកម្មប្រយុទ្ធហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ប៉ុន្តែក៏មិនអាចឈរឱបដៃមើលការដាក់ទោសរួមគ្នាទៅលើប្រជាជននៅហ្កាហ្សាដែរ។

លោកបានសង្កត់ធ្ងន់ថា លោកមើលឃើញពីការរំលោភច្បាប់មនុស្សធម៌អន្តរជាតិ យ៉ាងច្បាស់នៅក្នុងតំបន់ហ្កាហ្សា តែមិនបានរំលេចឈ្មោះថា អ៊ីស្រាអែលនោះទេ។ លោក ហ្គូតឺរេស បានគូសបញ្ជាក់ថា គ្មានភាគីណា ឬប្រទេសណាមួយក្នុងជម្លោះអាចអង្គុយលើច្បាប់មនុស្សធម៌អន្តរជាតិ បានឡើយ។

លោកបាននប្រាប់ក្រុមប្រឹក្សាសន្តិសុខថា ប្រជាជនប៉ាឡេស្ទីន បានស្ថិតនៅក្រោមការគ្រប់គ្រងកាន់កាប់សឹងតែដកដង្ហើមពុំរួចក្នុងរយៈពេល៥៦ឆ្នាំមកនេះ ហើយវាពិតជាសំខាន់ណាស់ ដែលត្រូវដឹងថា ការវាយប្រហារដោយហាម៉ាស មិនមែនកើតឡើងដោយគ្មានមូលហេតុនោះទេ។

ភ្លាមៗក្រោយការលើកឡើងបែបនេះពីសំណាក់ប្រមុខ UN រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Eli Cohen ដែលមានវត្តមានក្នុងអង្គប្រជុំនោះបានបង្ហាញការខឹងសម្បារយ៉ាងខ្លាំង និងចង្អុលមុខលោក ហ្គូតឺរេស ដោយនិយាយថា «លោកអគ្គលេខាធិការ តើលោកកំពុងរស់នៅក្នុងពិភពលោកអ្វី?»។

លោក ខូហេន បានរំលេចឡើងវិញពីការស្លាប់ដ៏រន្ធត់មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រអ៊ីស្រាអែល ក្រោមស្នាដៃរបស់ពួកហាម៉ាសកាលពីថ្ងៃទី ៧តុលា។ ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូតរបស់អ៊ីស្រាអែលប្រចាំនៅអង្គការសហប្រជាជាតិលោក Gilad Erdan បានពណ៌នាសុន្ទរកថា របស់លោក Guterres ថា«ជារឿងដ៏ភ្ញាក់ផ្អើល»។ លោកបានសរសេរសារនៅលើបណ្តាញសង្គម Twitter ឱ្យលោក Guterres លាលែងពីតំណែងទៅ។

ទន្ទឹមគ្នានេះ លោក អាន់តូនី ប្លីនខេន រដ្ឋមន្ត្រីការបរទេសអាម៉េរិក បានប្រាប់អង្គប្រជុំកាលពីថ្ងៃអង្គារ នោះដែរថា ខ្លួនមិនចង់ស្វែងរកជម្លោះជាមួយអ៊ីរ៉ង់ឡើយ ប៉ុន្តែលោកថា អាម៉េរិកនឹងឆ្លើយតបវិញឱ្យស័ក្តិសម និងម៉ឺង​ម៉ាត់បំផុត ប្រសិនបើអ៊ីរ៉ង់ ឬក្រុមប្រយុទ្ធផ្សេងទៀតនៅមជ្ឈិមបូព៌ា វាយប្រហារលើកងទ័ពអាម៉េរិក។

ការលើកឡើងបែបនេះរបស់ លោក ប្លីនខេន មិនមែនជារឿងចៃដន្យឡើយ ព្រោះកាលពីពេលថ្មីៗនេះមានការរាយការណ៍មកថា មូលដ្ឋានទ័ពអាម៉េរិកនៅស៊ីរី និងអ៊ីរ៉ាក់បានរងការវាយប្រហារផ្ទួនៗដោយរ៉ុក្កែត និងដ្រូន។ មន្ទីរបញ្ចកោណអាម៉េរិក បានចោទការវាយប្រហារទាំងនោះថា គឺជាស្នាដៃរបស់ក្រុមសកម្មប្រយុទ្ធ ដែលមានអ៊ីរ៉ង់គាំទ្រពីក្រោយ។

ទោះជាយ៉ាងណាក៏ដោយ ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្រចាំនៅអង្គការសហប្រជាជាតិ លោក អាមែ សៀដ អាយរ៉ាវ៉ានី (Amir Saeid Iravani) បានប្រាប់អង្គប្រជុំកាលពីថ្ងៃអង្គារ ថា ការលើកឡើងរបស់លោក ប្លីនខេន គឺមានបំណងទម្លាក់កំហុសមកលើអ៊ីរ៉ង់ ក្នុងសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស។ លោកថា អ៊ីរ៉ង់នៅតែបន្តការប្តេជ្ញាការពារសន្តិភាព និងស្ថិរភាពតំបន់ ផ្ទុយពីអាម៉េរិកដែលរឹតតែធ្វើឱ្យជម្លោះកើនឡើងបន្ថែមទៀត ដោយឈរជាមួយពួកឈ្លានពានប្រឆាំនឹងជនស៊ីវិលស្លូតត្រង់ប៉ាឡេស្ទីន នៅហ្កាហ្សា។

នៅអង្គការសហប្រជាជាតិ សហរដ្ឋអាម៉េ​រិក និងរុស្ស៊ី បានដាក់ចេញផែនការរួមគ្នាមួយ ឱ្យមានជំនួយមនុស្សធម៌សម្រាប់ជនស៊ីវិលប៉ាឡេស្ទីន និងផ្អាកឱ្យមានបទឈប់បាញ់។ សម្រាប់ទីក្រុងវ៉ាស៊ីនតោនបានអំពាវនាវឱ្យផ្អាក ខណៈរុស្ស៊ីចង់បានបទឈប់បាញ់មនុស្សធម៌តែម្តង។

ក្នុងន័យនេះ អាម៉េ​រិកចង់ឱ្យមានបទឈប់បាញ់ក្នុងរយៈពេលខ្លីប៉ុណ្ណោះ ដើម្បីទុកពេលឱ្យខ្លួនចរចារដោះលែងចំណាប់ខ្មាំងបន្ថែមទៀតពីក្រុមហាម៉ាស ដែលផ្ទុយពីការចង់បានរបស់ប្រទេសជាច្រើនផ្សេងទៀត ឱ្យមានបទឈប់បាញ់ជាបន្ទាន់ និងឥតលក្ខខណ្ឌ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន Vinfast ប្តេជ្ញាជ្រៀតរថយន្តអគ្គិសនីនៅទីផ្សារអាម៉េរិក ទោះមានបញ្ហាប្រឈម

ព័ត៌មាន
ក្រុមហ៊ុនផលិតរថយន្តរបស់វៀតណាម វីនហ្វាស (Vinfast) បានប្ដេជ្ញាចិត្តថា ខ្លួននឹងជម្នះរាល់បញ្ហាប្រឈមទាំងអស់ ដើម្បីនាំយករថយន្តអគ្គិសនីខ្លួនទៅលក់…

ជម្លោះរវាងអ៊ីស្រាអែល-ហាម៉ាស បង្កក្ដីបារម្ភដល់ការស្តារវិស័យទេសចរណ៍នៅថៃ

ព័ត៌មាន
សមាគមទីភ្នាក់ងារទេសចរណ៍ថៃ កំពុងព្រួយបារម្ភថា ឥទ្ធិពលនៃជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ធ្វើឱ្យប៉ះពាល់ដល់ទាក់ទាញ និងស្តារវិស័យទេសចរណ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ