ទឹកប្រាក់រហូតដល់១០០ពាន់លានដុល្លារ

ទឹកប្រាក់រហូតដល់១០០ពាន់លានដុល្លារត្រូវបានគេលាងសម្អាត ហើយលួចបញ្ចេញពីបង់ក្លាដែសក្រោមរបបលោកស្រី ហ្សេក ហាស៊ីណា


ប្រទេសបង់ក្លាដែស ដែលកំពុងគ្រប់គ្រងដោយរដ្ឋាភិបាលបណ្តោះអាសន្នអះអាងថា ខ្លួននឹងសហការជាមួយទីភ្នាក់ងារអន្តរជាតិនានា ដើម្បីប្រមូលទឹកប្រាក់ប្រមាណ១០០ពាន់លានដុល្លារ ដែលត្រូវបានគេលាងហើយលួចបញ្ចេញពីប្រទេសក្នុងរយៈពេល១៥ឆ្នាំចុងក្រោយ ក្រោមការគ្រប់គ្រងរបស់នាយករដ្ឋមន្ត្រី ហ្សេក ហាស៊ីណា (Sheikh Hasina) ដែលត្រូវបានបណ្តេញចេញពីតំណែងកាលពីពេលថ្មីៗត្រឡប់មកវិញ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
ទឹកប្រាក់រហូតដល់១០០ពាន់លានដុល្លារ
ដោយ

មន្ត្រីជាន់ខ្ពស់នៃគណៈកម្មការប្រឆាំងអំពើពុករលួយ (ACC) របស់ប្រទេសបង់ក្លាដែស នៅក្នុងសប្តាហ៍នេះ បានជួបជាមួយមន្ត្រីមកពី FBI និងការិយាល័យអង្គការសហប្រជាជាតិ ទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) ដើម្បីជជែកគ្នាលើបញ្ហាមួយចំនួនជាពិសេសពាក់ព័ន្ធនឹងសាច់ប្រាក់ដែលបានហូរចេញពីបង់ក្លាដែសយ៉ាងច្រើនសន្ធឹកសន្ធាប់នៅជាង១០ឆ្នាំចុងក្រោយ។ នៅក្នុងជំនួបនោះ ស្ថាប័នជំនាញខាងប្រឆាំងអំពើពុករលួយ និងឧក្រិដ្ឋកម្មទាំងពីរបានសន្យាជួយមន្ត្រីជំនាញ និងបណ្តុះបណ្តាលជំនាញដល់មន្ត្រីបង់ក្លាដែស ដើម្បីប្រមូលប្រាក់ដែលត្រូវបានគេលាងសម្អាត ហើយលួចបញ្ចូនចេញក្រៅប្រទេសកាលពី១៥ឆ្នាំកន្លងមកត្រឡប់មកវិញ។

លោកស្រី ខសេដា យ៉ាស្មិន (Khorsheda Yasmeen) លេខាធិការនៃគណៈកម្មការប្រឆាំងអំពើពុករលួយបង់ក្លាដែស បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា មន្ត្រី FBI បានសាកសួរអំពីរបៀប និងសកម្មភាពស៊ើបអង្កេត ក៏ដូចជាការធ្វើចារកម្មនៅក្នុងប្រទេសបង់ក្លាដែស​ដែលគេកំពុងអនុវត្ត។ លោកស្រីបាននិយាយថា ពួកគេបើកផ្លូវឱ្យបង់ក្លាដែស អាចស្វែងរកជំនួយណាមួយពី FBI បាន ប្រសិនបើចាំបាច់ក្នុងការប្រមូលប្រាក់ដែលលាងជម្រះ ហើយត្រូវគេបង្ហូរចេញកន្លងមកត្រឡប់មកវិញ។

លោក អាតារុល អ៊ីស្លាម ( Aktarul Islam ) អនុប្រធាននៃគណៈកម្មការប្រឆាំងអំពើពុករលួយបង់ក្លាដែស បានប្រាប់ Nikkei Asia ថា ក្រុមមន្រ្តី FBI នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសបង់ក្លាដែសក្នុងពេលឆាប់ៗនេះ ដើម្បីពិភាក្សាបន្ថែមអំពីវិធីក្នុងការផ្តល់ជំនួយបច្ចេកទេស។

ភ្នាក់ងារ FBI បានបដិសេធមិនធ្វើអត្ថាធិប្បាយទៅកាន់ Nikkei នៅពេលត្រូវបានសួរតាមអ៊ីមែលសម្រាប់ព័ត៌មានលម្អិតអំពីកិច្ចសហប្រតិបត្តិការ ដែលអាចធ្វើទៅបានជាមួយគណៈកម្មការប្រឆាំងអំពើពុករលួយបង់ក្លាដែស នោះទេ។ មកដល់ពេលនេះការិយាល័យរបស់ទីប្រឹក្សារដ្ឋាភិបាលបណ្តោះអាសន្នរបស់បង់ក្លាដែសបានប៉ាន់ស្មានថា ទឹកប្រាក់សរុបប្រមាណ១០០ពាន់លានដុល្លារត្រូវបានគេលួចបញ្ចេញពីប្រទេសក្នុងអំឡុងពេល១៥ឆ្នាំចុងក្រោយនេះ។

ទឹកប្រាក់ទាំងនេះវាត្រូវបានគេជឿថា ត្រូវគេលួចបញ្ចេញក្រោមរូបភាពផ្តល់មូលនិធិផ្សេងៗ ក៏ដូចជាតាមរយៈការធ្វើពាណិជ្ជកម្មខុសច្បាប់ និងក្រៅប្រព័ន្ធធនាគារ។ យោងតាមរបាយការណ៍ Global Financial Integrity ដែលបានចេញផ្សាយនៅឆ្នាំ២០២១ បានប៉ាន់ប្រមាណថា ជាមធ្យមទឹកប្រាក់ប្រហែល៨,៣ ពាន់លានដុល្លារត្រូវបានលាងសម្អាតពីប្រទេសបង់ក្លាដែសជារៀងរាល់ឆ្នាំពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៨៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិន ផ្ដល់កម្ចីច្រើងជាងគេបំផុត និងច្រើនជាងសហរដ្ឋអាម៉េរិក ជិត១០ដង លើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទូទាំងពិភពលោក

ព័ត៌មាន
យោងតាមរបាយការណ៍ថ្មីចេញដោយការិយាល័យឃ្លាំមើលមួយរបស់រដ្ឋាភិបាលអាម៉េរិក បានបង្ហាញគួរឱ្យភ្ញាក់ផ្អើលថា មហាយក្សចិន ដែលជាមហាអំណាចសេដ្ឋកិច្ចធំប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ